Tuesday, January 6, 2015

កូនស្រី

By Tararith

ឃ្លាតពីភូមិស្រុកធ្លាប់សុខសាន្ដ        ក្ដីក្ររំខានឲ្យចាកឆ្ងាយ
បែកព្រាត់ស្នេហាកូននិងម្ដាយ         សែនស្ដាយអាណិតពេកកន្លង។
ធ្វើជាកម្មករនៅម៉ាឡេ                   ម៉ែជាខ្ញុំគេសែនសៅហ្មង
ការងារម្ហាធ្ងន់គ្មានលោះម្ដង            នឹកដល់កូនផងស៊ូព្យាយាម។
កូនអើយជីវិតស្រីមេម៉ាយ               ការងារទាំងឡាយទោះក្រំក្រៀម
ម៉ែតស៊ូធ្វើទោះហូរឈាម               ឬគេគម្រាមដូចសត្វធាតុ។
ធ្វើម៉េចបើម៉ែជាអ្នកក្រ                    មានតែត្រដរមានតែឆ្លៀត
រត់រកការងារទោះចង្អៀត                ម៉ែដាច់ចិត្តឃ្លាតពីកូនម្ដាយ។
រាល់ថ្ងៃម៉ែនឹកៗកូនស្រី                   មិនទាន់ដឹងក្ដីម៉ែចេញឆ្ងាយ
កូនពិតមានទុក្ខហើយឆោមឆាយ     កូនមិនសប្បាយបាត់មុខម៉ែ។
កូនអើយពេលខ្លះម៉ែងុយងោក        ទឹកភ្នែកស្រក់ជោករាល់ដងដែរ
នឹកកូនសំឡាញ់ធ្លាប់មើលថែ          ទោះស្រមោចក្បែរក៏មិនបាន។
ទ្រូងនឹកទឹកភ្នែកហូរជ្រែកចិត្ត           កូនម៉ែអាណិតដល់ល្អងប្រាណ
ថ្ងៃយប់បន់ព្រះសុំសុខសាន្ដ            កុំមានរំខានដល់កូនស្រី។
ពន្លកម៉ែធ្លាប់តែថ្នមថ្នាក់                 មិនឲ្យប្រលាក់ធូលីដី
ទោះក្លិនមិនល្អផ្សែងបារី                 ម៉ែចៀសលកលៃប្ដូរទីឋាន។
ឥឡូវនៅឆ្ងាយពីមាសមុំ                 ទ្រូងពេញពូតផ្ដុំទុក្ខមិនស្រាន្ដ
ថៅកែជាតិគេចិត្តមិនបាន               ម្ដងម្កាលសាមាន្យវាយដំម៉ែ។
គេជេរដៀលត្មិះដល់ជាតិសាសន៍     ឮហើយអាម៉ាស់ខ្លាំងណាស់ដែរ
កូនស្រីយើងកើតជាជាតិខ្មែរ           មោទនៈពូកែម៉ែធ្លាប់ឮ។
ឯឪពុកកូនស្លាប់អសារ                   សៀមបាញ់ប្រហារយ៉ាងរន្ទឺ
គាត់រងរបួសរ៉ាំរៃឈឺ                      ជីវិតព្រួចព្រឺលុះមរណា។
ជាស្រីមេម៉ាយអត់ទីពឹង                 ម៉ែខំសម្លឹងទៅរកការ
បម្រើតាមផ្ទះម៉ាលេស្យា                 ម៉ែមានទុក្ខម្ហាធំក្រៃពេក។
ទុក្ខមួយនឹកកូនសំណព្វចិត្ត             លើសគេប្រឌិតម៉ែសង្វេគ
បែកកូនទ្រូងម៉ែពិតយំយែក             គ្រប់ពេលដើរដេកជ្រែកអារម្មណ៍។
នឹកអើយសែននឹកដល់ពន្លក           នឹងយកពាក្យណាថ្លែងឲ្យចំ
ឲ្យបានរសាយចិត្តក្រៀមក្រំ             មិនផុតសម្ងំគន់រំពៃ។
ពេលឃើញកូនគេម៉ែនឹកព្រួច          លន្លោចនឹកទៅកូនលលៃ
ប្រសិនផុតក្រពិតប្រពៃ         កូនស្រីពិតបានជួបសុខសាន។
ពេលខ្លះម៉ែសែនណែនឧរ៉ា             ខ្លោចផ្សារកថាក៏ពុំបាន
ការងារម៉ែធ្វើមិនស្រាកស្រាន្ដ          សង្ឃឹមថាបានស្បើយល្ហើយចិត្ត។
តែមិនដែលមានថ្ងៃណាសោះ          ចិត្តរឹតក្រៀមក្រោះណាវរមិត្រ
គឺកូនតែម្នាក់ម៉ែរែងគិត                   ជួនយប់ងងឹតក្រោកខ្សឹកខ្សួល។
ពេលខ្លះម៉ែគេងស្រែកម្នាក់ឯង         សង្រែងកណ្ដែងហួលរមួល
ដូចភ្លើងរលាកសាច់ឈឺឆួល           ចិត្តកាយមិនស្រួលម្ដងឡើយណា។
កូនអើយកូនស្រីបណ្ដូលចិត្ត           កាយឆ្ងាយកូនពិតទ្រូងឯកា
កូននៅក្មេងខ្ចីគិតម្ដេចម្ដា                កូនរឹតខ្លោចផ្សាយំរកម៉ែ។
កូនទប់ទឹកភ្នែកពិតមិនបាន             កូនពិតរំខានខ្វះអ្នកថែ
ម្ង៉ៃៗម៉ែបន់ឆាប់ដាច់ខែ                   វិលជួបមាសស្នេហ៍ទីសង្ឃឹម។
ទីពីរកូនម្ដាយៗរងទុក្ខ                    កាយមិនដែលសុខប្រឹងញញឹម
ជាអ្នកបម្រើដូចគេទឹម                    លើ-កមាននឹមជាប់ប្រចាំ។
ការងារម៉ែធ្វើគ្មានឈរឈប់            ព្រលឹមព្រលប់លាងដួសដាំ
ពេលម៉ែឈឺជាគ្មានទេថ្នាំ                ម៉ែមានតែខាំមាត់អត់ធន់។
ធ្លាប់ឮគេថាពួកទាសករ                 រស់គ្មានលម្អក្រជោរជន់
ការងារដែលធ្វើមហាធ្ងន់                 ញើសឈាមជោរជន់ចេញពីកាយ។
ម៉ែក៏ដូចគ្នាដែរកូនស្រី                    គេបន្ទោសស្ដីលេងសប្បាយ
ជួនគេវាយដំយ៉ាងអន្តរាយ              គេបង្អត់បាយម្ហូបចំណី។
ពេលខ្លះគេទាញកាំបិតកាប់            មានស្លាកស្នាមស្រាប់សល់ពីរបី
ជួនរងទឹកក្តៅដួលលើដី                 គ្មានឡើយប្រណីក្ដីមេត្តា។
ធ្វើជាកម្មករនៅម៉ាឡេ                   លំបាកម្ល៉េះទេមកធ្វើការ
ពីមុនសង្ឃឹមមានផ្លែផ្កា                  រួចពីទុក្ខាផុតក្រក្រី។
តែផ្ទុយស្រឡះពីបំណង                ម្ង៉ៃៗបន់ផ្សងសុំសេរី
ឲ្យផុតពីកម្មអន្យតិរ្ថិយ                   បានជួបកូនស្រីសំណព្វចិត្ត។
ជីវិតមិនខុសពីសត្វធាតុ                 ម្ចាស់ចិត្តចង្អៀតមិនអាណិត
វាយដំច្រំធាក់ដូចប្រឌិត                 តែនេះការពិតជីវិតខ្ញុំ។
ពេលខ្លះម្ចាស់ផ្ទះជាតិម៉ាឡេ           មិនឲ្យដើរទេចាប់ម៉ែឃុំ
ទុកក្នុងបន្ទប់ម៉ែទួញយំ                   ម្នាក់ឯងជ្រងំគ្មានសំឡេង។
កូនអើយម៉ែយំស្ទើររាល់ថ្ងៃ              ស្រម៉ៃទៅរកអ្នកជួយជ្រែង
តែរកមិនឃើញម៉ែវង្វេង                 ឈឺចាប់ក្រៃលែងកម្មលោកីយ៍។
ម្ដងៗចង់តែសម្លាប់ខ្លួន                   គាប់ជួនគិតដល់ស្ងួនពិសី
ម៉ែទ្រាំរស់រងទុក្ខអប្រិយ                 ជីវិតវែងខ្លីដ៏ចម្បែង។
ប្រសិនម៉ែស្លាប់នៅម៉ាឡេ               ជីវិតទទេការប្រឹងប្រែង
ម៉ែត្រូវតែរស់យូរអង្វែង                   ត្រាំត្រែងជីវិតផុតសង្ខារ។
បានត្រឹមតែគិតៗរំពឹង                    មិនដឹងជីវិតទៅយ៉ាងណា
កូនអើយរាល់ថ្ងៃហួសខ្លោចផ្សា        គ្មាននរណាដឹងជាងខ្លួនឯង។
ម៉ែជាកម្មករនៅស្រុកគេ                 ទុក្ខក៏មានទ្វេរហួសនឹងថ្លែង
មានតែមេឃដីជួយចំបែង              ពេលម៉ែសង្រែងឈឺឬព្រួយ។
ជួនកាលម្ចាស់ផ្ទះដំច្រំធាក់             ស្នាមជាំប្រទាក់ផ្លែមួយៗ
ស្នាមខ្លះដំបៅជ្រៅរលួយ               មានកូនជាត្រួយថ្នាំព្យាបាល។
ម៉ែបានតាំងចិត្តរួចរាល់ហើយ          កូនអើយត្រូវរស់ទោះអន្ធកាល
ទៅជួបកូនវិញបានសម្រាល           កូនគឺជាថ្នាលក្ដីសង្ឃឹម។
ពេលម៉ែនឹកដល់កូនមាសមេ           ព្រួចទ្វេរក្នុងទ្រូងម៉ែញញឹម
ក្ដីសុខនេះមានគ្មានអ្វីផ្ទឹម                ដូចរួចពីនឹមនៃទាសករ។
ទុក្ខសោកម៉ែមានរាប់មិនអស់          ចិត្តម៉ែស្រណោះកូនបវរ
មិនទាន់ដឹងក្ដីម៉ែចេញចរ                ចោលកូនព្រោះក្រណាកូនស្ងួន។
ឥឡូវដូចនៅក្នុងទន្លេ                     ឈឺចាប់ម្ល៉េះទេឈឺផ្ទួនៗ
ទាំងចិត្តទាំងកាយស្នាមពេញខ្លួន     គេទាញអង្រួនក្បាលផ្ទប់ដី។
ម៉ែមិនដឹងត្រូវធ្វើយ៉ាងណា              រំដោះបញ្ហាទេកូនស្រី
មានតែទ្រាំតាមកម្មជាថ្មី                 ម៉ាឡេដែនដីទុក្ខទារុណ៕

                                        

No comments:

Post a Comment