Friday, May 1, 2015

អារ៉ែង

By Tararith

សម្បត្តិល្អឯកដូចនិម្មិត                     បំព្រងជីវិតហួសប្រាថ្នា
ព្រលឹមព្រលប់ជប់ចិន្តា                     ឲ្យលង់រក្សាមិនស្ដាយខ្លួន
ដើមឈើធំខ្ពស់រស់ឯកា                    ក្រពើសឹង្ហខ្លាសម្ងំពួន
ត្រីនាគទាំងហ្វូងខ្លាចលាក់ខ្លួន           អារ៉ែងអង្រួនបេះដូងខ្ញុំ[i]
ធម្មជាតិប្រពៃទឹកដីខ្មែរ                     ស្រណោះតែប្រែលែងក្រពុំ
បក្សីដំរីត្រីតូចធំ                               មិនបានសុខុមរលំឋាន។
ម្ដងព្រួយព្រៃព្រួយរលស់អស់            ទឹកក៏រីងសោះពឹងពុំបាន
ស្រឡាញ់ស្ម័គ្រស្មោះបែររំខាន           រសាត់ទាំងប្រាណឆ្ងាយដែនខ្មែរ។
អាឡោះអាល័យដីអារ៉ែង                  ព្រៃដាច់សង្វែងខ្វះអ្នកថែ
អ្នកប៉ងរំលាយមានហូរហែ                ស្នាដៃពូកែខាងគាស់កាប់។
ខ្មែរណាប៉ុនប៉ងអភិរក្ស                     ពិតជាប់អន្ទាក់អ្នកកាន់ច្បាប់
ឃ្លាតពីមាតុភូមិជាប្រញាប់                អ្នកបំផ្លាញឆាប់ ងារឧកញ៉ា។
ថ្ងៃមួយពិតអស់របស់ទ្រព្យ               សម្បត្តិជាតិគាប់ដែនព្រឹក្សា 
ជាខ្មែរពិតព្រួយស្ដាយសាវតា            អារ៉ែងទុក្ខា មនុស្សដូចគ្នា៕ 
 

No comments:

Post a Comment