Friday, May 13, 2016

ផែនទី

By Tararith

ផែនទីញាំញីទឹកចិត្តខ្មែរ                    បំភ្លៃបំបែរកែតម្រូវ
ផែនដីក្រឡៅដៅយកទៅ                 បង្កើតជាផ្លូវទៅតម្រា។
ដីខ្មែរបាត់បង់អស់ច្រើនណាស់         កាឡៃបោកប្រាស់ច្រាសមាត្រា
បំបិទទាំងសិទ្ធិហាមតវ៉ា                    ខ្មែរណាក្លៀវក្លាក្លាយជាខ្មាំង។
ប្រសិនប្រកែកស្រែកទាមទារ            នឹងមានឈ្មោះជាអ្នកប្រឆាំង
ឈ្មោះនេះអ្នកមានអំណាចខ្លាំង        ពិតចាប់បង្ខាំងបង្ខំហើយ។
បង្ខំឲ្យឆ្លើយថាត្រឹមត្រូវ                     អស់ដីអស់ទៅណាខ្មែរអើយ
នយោបាយនេះមាននៅឡើយ           ច្រើនជំនាន់ហើយគំវាតទី។
គេវាតទាំងដីវាតទាំងទឹក                  វាតយកសន្ធឹកយ៉ាងវក់វី
វប្បធម៌សាសនាក៏ញាំញី                   ខ្លោចដោយអគ្គីពីគ្រប់ទិស។
សព្វថ្ងៃភ្លើងឆេះដល់ទីក្រុង               ទាំងក្រៅទាំងក្នុងពុលដោយពិស
មិនយូរពិសនេះស៊ីដល់ឫស              បាតគ្រឹះអង្គរឈរលែងនឹង។
ភ្នំពេញគេធ្លាប់ហៅណាំយ៉ាង            ផែនទីគេសាងយ៉ាងមាំរឹង
ផែនដីមានអ្វីមិនខ្ទេចខ្ទាំ                   បើអ្នកដឹកនាំគេសាងដែរ៕

No comments:

Post a Comment