ក្រពើមួយក្បាលរកជំនួយ ត្រាំត្រែងរំអួយក្នុងទន្លេ
ចរឹតវាកោងកាចម្ល៉េះទេ ពួនខាំកកេរមិនរើសមុខ។
ក្រពើមួយនេះស្លែរួមរឹត ទាំងចិត្តគំនិតរលួយពុក
ជួបជុំម្ដងណាសារស័ព្ទទុក្ខ ជួនក៏វាយលុកស្រាយកំហឹង។
រស់តែក្នុងទឹកទន្លេសាប ពោលពាក្យឆ្អេះឆ្អាបលាន់ទ្រហឹង
នរណារិះគន់ក្រពើហ្នឹង វាស្ទុះហក់វឹងទៅផ្តន្ទា។
ក្រពើដុះស្លែកាន់ខែឆ្នាំ អាងយ៉ាងប្រចាំក្នុងគង្គា
រហូតជិតស្លាប់អំណាចវា ត្រួតទាំងចន្រ្ទាលើវេហា។
ខ្លួនស្លែដុះកាន់រើមិនរួច នៅលបលាក់លួចស៊ីមច្ឆា
បំប៉នឲ្យធំម្ហាគ្រួសារ ម្ង៉ៃៗអួតថាខ្លាមិនខ្លាច។
ថ្ងៃមួយខ្លាចូលលុកក្នុងបឹង ក្រពើដេកធ្មឹងមិនអង់អាច
ញ៉បៗបោះបង់ចិត្តកំណាច អំណាចដែលមានមិនបានការ។
ខ្លាឲ្យធ្វើអ្វីក្រពើព្រម ដកទាំងចង្កូមឲ្យពិការ
ក្រពើដុះស្លែទ្រាំឈឺផ្សា បែរក្បាលប្រហារកូនចៅឯង ៕
No comments:
Post a Comment