Saturday, August 4, 2018

ប្រេងអណ្ដែត

by Tararith

ពួកអ្នកស្មោះត្រង់         មិនដែលបោះបង់       ចិត្តភក្តីភាព
តែងតែបង្ហាញ             គំនិតរបៀប              ដើម្បីយកប្រៀប
កសាងសង្គម។
បញ្ចេញគំនិត              និយាយការពិត          ពីពួកនិគម
ជាតិគេដទៃ                 កាន់កាប់ភូមិឃុំ          រៀបរាប់ហើយយំ
អាណិតដល់ជាតិ។
គំនិតរិះគន់                  មិនដែលទោរទន់        ស្ដាប់ឮចង្អៀត
តែតាមការពិត             គិតរឿងខ្លះទៀត         បញ្ចេញអស់ស្នៀត
ជួយជាតិខេមរា។
អ្នកយកគួរគាប់           ទាក់ទងយើងជាប់       ក៏តាំងនាំសារ
នាំជាតិនិយម              ឲ្យចូលទ្រុងខ្លា           ហើយវាប្រហារ
បំបាក់ស្មារតី។
ខ្មែរស្នេហាជាតិ            ខ្មែរខ្លះភ្លាត់ស្នៀត       ជួបមិត្តអប្រីយ
ឈ្មួញនយោបាយ        កំចាយរាល់ថ្ងៃ           ឲ្យខ្មែរភិតភ័យ
លែងទុកចិត្តគ្នា៕

Monday, June 25, 2018

អរគុណ

by C write

សូមអរគុណយួនជាអណែក            ខ្ញុំសូមបែងចែកដីឲ្យខ្លះ
សងគុណគឺខ្ញុំបានដឹងច្បាស់              មិនចេះបោកប្រាសជាតិជាខ្មែរ។
តបគុណទៅមិត្តជិតខាងយើង           គឺពួកអាសឺងយើងហៅឆ្កែ
ពេលនេះមានគុណ គុណធ្ងន់ដែរ        រំដោះដែនខ្មែរឲ្យរស់រាន។
បើគ្មានវត្តមានពួកស្រកី                   ខ្មែរទាំងប្រុសស្រីដីក៏គ្មាន
កុំថាឡើយទ្រព្យសព្វធនធាន            អំណាចខ្ញុំមានប្រើមិនបាន៕

Monday, May 28, 2018

អប្សរា

By Tararith

អច្ចរាល្អឯកលេចសំរស់                       ប៉ប្រិមសែនស្រស់រាំសំដែង
តាមផ្ទះសិលាពទ្ធខ្វាត់ខ្វែង                   ល្វត់ល្វន់តាមល្វែងផ្ទាំងសិលា។
អប្សរកេសីស្រីសួគ៌ា                            គ្រប់ៗអង្គាគួរស្នេហា
សោភ័ណរឹតខ្ចោះគ្រប់ប្រាង្គប្រា            ក្បូរក្បាច់រចនាល្អពន់ពេក
អង្គរតូចធំផ្គុំទាំងអស់                           រូបកាយឆោមស្រស់ឃើញនឹងភ្នែក
រវើករវន់ដូចយំយែក                            ខ្លះហាក់ចង់ជ្រែកចេញពីថ្ម។
ចំណែកសត្វសឹង្ហដ៏រឹងមាំ                      បែកបាក់ខ្ទេចខ្ទាំអស់លម្អ
ផ្ដែរខឿនរោងទ្រុឌទាំងសសរ               បដិមាករនៅរាយប៉ាយ។
លំពែងលង្ហិនហិនហិលអស់                 ធ្លាប់ជារបស់ស្ដេចទាំងឡាយ
កំចាត់សត្រូវរត់ខ្ចាត់ខ្ចាយ                    ពុកផុយមិនឆ្ងាយពីដៃខ្មែរ។
យក្សមារការពារដែននគរ                    ប្រែទៅជាគថ្លង់ផងដែរ
ឈរធ្មឹងខ្លួនទ្រឹងមិនមើលថែ                 សត្រូវមកក្បែរក៏មិនក្លា។
សូម្បីឈើព្រៃរានហ៊ានដុះ                    វល្លិព័ទ្ធឡើងចុះរឹតប្រាង្គប្រា
ដូចគុកច្រវ៉ាក់ចាក់កាយា                      អ្នកថែរក្សានៅកន្ទើយ។
អ្នកថែមិនស្គាល់សាវតាខ្លួន                  បំផ្លាញផ្ទួនៗចុងបង្ហើយ
លក់ព្រលឹងជាតិមិនស្ដាយឡើយ          រលាយម្លឹងហើយគិតយ៉ាងណា?
បែរទៅទឹកដីមិនខ្ចីថែរ                          ពុះកាត់ដីខ្មែរខុសមាត្រា
នឹងចាប់ដាក់គុករាល់ខ្មែរណា               ចេញមុខតវ៉ារឿងទាំងអស់។
ធម្មជាតិទាំងឡាយដែលខ្មែរមាន          លុកលុយទន្រ្ទានគ្មានចន្លោះ
ទឹកដីព្រៃប្រេងរែងស្រណោះ                គឺជារបស់អ្នកមានយស។
ពេលព្រលឹងជាតិឃ្លាតពីចិត្ត                 ប្រជាភ័យភិតមិនសង្រ្គោះ
គិតតែអំណាចរុងរឿងខ្ពស់                   ហើយបែរមកឈ្លោះនឹងប្រជា។
អាណិតទឹកដីធ្លាប់ល្អស្អាត                    អ្នកមុនសង្វាតជ្រោងជួយគ្នា
ឥឡូវនៅតូចកម្ពុជា                              នរណាធានាឲ្យគង់នៅ។
ចង់នៅជាខ្មែរលើទឹកដី                        អង្គរបុរីស្រស់ឆ្អិនឆ្អៅ
ដូនតាតែងតែដង្ហោយហៅ                   ហៅខេមរជនក្រោកតស៊ូ។
អប្សរាញញឹមក៏មែនពិត                       តែនៅក្នុងចិត្តត្អូញរអ៊ូ
ព្រោះឃើញទុក្ខសោកខ្មែរជាយូរ          នៅមិនស្បើយធូរលុះឥឡូវ៕

Saturday, April 21, 2018

អ្នកនេសាទ


By Tararith

លើផ្ទៃទឹកថ្លាឆ្វង់                      អ្នកបង់ផ្ចង់ចាប់មច្ឆា
ត្រីអើយហែលឆ្លេឆ្លា                 អ្នកប្រហារច្របល់ចិត្ត។
សំណាញ់នៅក្នុងដៃ                 រៀបលកលៃតែអាណិត
មច្ឆាវិញភ័យភិត                      កម្មរួតរឹតតាមផ្តន្ទា។
អ្នកនាសាទកម្សត់                   ខំសង្កត់ប្រាណជរា
នេត្រាធ្លុះគង្គា                         ចិត្តរេរាគិតជាថ្មី។
គិតអាណិតដល់សត្វ                ហែលច្រវ៉ាត់រកសេរី
នឹកដល់ខ្លួនឯងនៃ                    កាលមុនភ័យគេចងពារ។
មានអ្នកប៉ងបៀតបៀន              លុកទន្រ្ទានដល់ជន្មា
ប្រមាថតាមចិត្តវា                     ្យរងាសែនរន្ធត់។
ត្រីអើយហែលទៅៗ                 មានហើយផ្លូវត្រូវតែរត់
អ្នកនេសាទពន្លត់                     កំហឹងលត់ដោយមិនតប។
សំណាញ់មិនរលាស់               ត្រីមិនទាស់ហែលស្រស្រប
តាមទឹកមាត់ម្ហបៗ                    ដោយរណបសន្ដិភាព៕

        

Thursday, March 15, 2018

មេឃុំដុះស្លែ


By Noreyutt

មេឃុំខ្ញុំនេះ                    គេថាសំគិះ                              រាល់តែអាណត្តិ
ឈរឈ្មោះម្ដងៗ            រាស្រ្តប៉ងបំបាត់                       គុណបុណ្យរសាត់
ជាប់មកហូរហែ។                                                                   
គេថាមេឃុំ                    នៅយូរដូចខ្ញុំ                           ឡើងចាងដុះស្លែ
ថែមពុករលួយ              មិនជួយឡើយខ្មែរ                   សម្លឹងឃើញតែ
លុយកាក់ត្រីមុខ។
មេឃុំដុះស្លែ                  ស្គាល់ច្បាស់ណាស់ខ្មែរ           តែមិនស្គាល់ទុក្ខ
ជាប់ឆ្នោតជាថ្មី               តក្ដីដាក់គុក                             ជនអំពល់ទុក្ខ
ងើបមុខតតាំង។
ខ្ញុំស្ដាប់តែបក្ស               សង្វាតលុយកាក់                    យសស័កកម្លាំង
ជាខ្នងបង្អែក                  បំបែកបិទបាំង                         ចាប់អ្នកប្រឆាំង
ខ្លាំងធ្វើបាតុកម្ម។
នៅអាណត្តិថ្មី                 លក់បង្ហើយដី                          កាប់ព្រៃសូមផ្ដាំ
តាមបញ្ជាបក្ស               ស្មោះស្ម័គ្ររាប់ឆ្នាំ                    ធ្វើតាមប្រចាំ
បណ្ដាំសម្ដេច៕

Wednesday, March 7, 2018

ក្លែងក្លាយ

By Tararith


គ្រប់គ្នាបានឮចេញពីមាត់                ម្ចាស់រដ្ឋប្រកាសជួយប្រជា
ប្រជាគ្រប់គ្នាត្រូវការពារ                   មិនឲ្យផ្តន្ទាបាញ់ប្រហារ។
លោកបានដឹងដែរខ្មែរមានទុក្ខ          ឈ្មួញរឹតសម្រុកមិនស្ដាប់ការ
ណែនាំពីម្សិលដែលជាសារ             ប្រាប់ឲ្យឧកញ៉ាងាករកច្បាប់។
ឬថាឲ្យរួចតែពីមាត់                          នៅតែវាយវាត់តាមចងចាប់
ឯណាសម្ដីដ៏ឆុតឆាប់                        សូមលោកប្រញាប់ចេញបញ្ជា។
បញ្ជាឲ្យគេឈប់វាយដំ                    ហើយឈប់បង្ខំឈប់ផ្តន្ទា
បុរីកីឡាទុក្ខដូចគ្នា                             បឹងកក់គ្រាំគ្រាគ្មានពេលល្ហែ។
អ្នកដីក្រហមជួបលំបាក                   បណ្ដេញប្រាសចាកច្បាប់ហូរហែ
រាប់សិបកន្លែងទៀតជាតិខ្មែរ            ជួបដូចគ្នាដែរមិនដោះស្រាយ។
ការពិតប្រឌិតយកសំឡេង               ព្រមានលេងៗឲ្យសប្បាយ
បញ្ឆោតប្រជាពាក្យក្លែងក្លាយ          ឮឡើងជិនណាយលោកប្ដេជ្ញា៕