By Tararith
ខ្មែរអើយខ្មែរបាត់ធនឈើព្រៃ លានហិកតាផ្ទៃរលាយបង់
សត្វព្រៃកម្រសត្វស្លូតត្រង់ ហោចហើយកន្លង់ព្រោះអស់ផ្កា។
អាសូរទឹកបឹងសឹងរីងរាក់ សត្វធ្លាប់ពឹងពាក់ដូចមច្ឆា
រកទីពួនជ្រកគ្មានឡើយណា ហែលទៅជលសាប្រទេសផ្សេង។
ឯរ៉ែដែលកប់ជ្រៅក្នុងដី ជីករូងធ្លុះផ្ទៃមិនលើកលែង
បុរាណប្រាសាទខ្លះដួលគ្រេង ម្ដេចឡើយវង្វេងបំផ្លាញជាតិ។
ព្រំដែនព្រំដីថ្មីទាំងអស់ បាត់ដីបាត់កោះត្រល់ថែមទៀត
ដែនធំទូលាយធ្លាយចង្អៀត ឧបាយគ្រប់ស្នៀតវាតលេបខ្មែរ។
លក់ដីលក់ព្រៃរ៉ែនិងខ្សាច់ លក់ដូរប្ដូរផ្ដាច់រាល់ថ្ងៃខែ
ខ្សាច់បាតទន្លេសមុត្រដែរ ឃ្លាតពីដែនខ្មែរទៅដែនឆ្ងាយ។
ធម្មជាតិរសាត់ស្ងាត់ពីស្រុក ប្រជាមិនសុខមិនសប្បាយ
ភៀសចេញពីភូមិដ៏អន្តរាយ ជាតិខ្មែររាយប៉ាយរត់រករស់។
ខ្លះទៅប្រទេសគេសេរី ខ្លះជីវិតខ្លីជួបនឹងគ្រោះ
គេជេរប្រមាថឈ្លីទាំងឈ្មោះ ជាខ្មែរអាប់យ៌សព្រោះសង្គម។
សង្គមសព្វថ្ងៃលក់គ្រប់សព្វ ជួញដូរប្រសប់ឲ្យរាស្រ្តយំ
សូម្បីគ្រាប់ខ្សាច់ក៏អ្នកធំ ជញ្ជូនពូនផ្ដុំលក់ទ្រព្យជាតិ៕
No comments:
Post a Comment