By Tararith
រលកគ្រាំៗ បក់បោកឲ្យខ្ទាំ គ្រាំអស់ចិន្ដា
ពីកើតដល់ស្លាប់ ឈឺចាប់ម្ល៉េះណា កោះកេរ្ដិ៍ដូនតា
វាសនាប្រួលប្រែ។
ប្រែក្រឡាប់ចាក់ យួនលេបត្របាក់ បែស្លាក់អ្នកថែ
អ្នកហ៊ានការពារ ងារអ្នកទោសដែរ ឱខ្មែរអើយខ្មែរ
បែរមើលក្រោយផង។
ពីមុនធ្លាប់បាត់ ទឹកដីស្ងាត់ៗ បាត់ទាំងរបង
ឥឡូវបន្ដ គាបកចាប់ចង ខ្មែរណាឆ្លើយឆ្លង
ទាមទារដីទឹក។
កោះអើយកោះត្រល់ ម្ចាស់ឥតបើខ្វល់ សូម្បីនានឹក
កោះជាទឹកដី ល្បាញល្បីពន្លឹក កណ្ដាលដែនទឹក
កម្ពុជារដ្ឋ។
បើទូកលិចបាត់ ម្ចាស់អ្នកប្រយ័ត្ន ប្រឹងស្ដារមិនភ្លាត់
នេះជាតិជ្រ ង បណ្ដោយឲ្យព្រាត់ ឃ្លាតផុតពីរដ្ឋ
ដែនអាណាចក្រ។
ប្រជាធម្មតា ក្នុងទ្រូងខ្លោចផ្សា បើហារទៅស្លាក់
សួរនាំមិនបាន ច្រានទៅឧបសគ្គ ជាប់គុកច្រវ៉ាក់
ឡើងសក្តិអ្នកចាប់។
អ្នកស្នេហាជាតិ ម្ដងមួយព្រាត់ឃ្លាត ជាតិរលាយឆាប់
ភាសាតែមួយ មិនស្ទួយមិនស្តាប់ តម្កើងកណ្ដាប់
ដៃដែកពិឃាត។
ជនពុករលួយ ឫកជាអ្នកស្ទួយ ស្រឡាញ់ណាស់ជាតិ
អែបអបយកមុខ ឲ្យទុក្ខដល់ញាតិ ចង្រៃថែមទៀត
លក់ជាតិទឹកដី។
អាសូរម្ល៉េះខ្មែរ ជាតិធ្លាប់ពូកែ រុងរឿងល្បាញល្បី
មិនគួរឡើយសោះ ស្ទើអស់ផែនដី តេជោចក្រី
ល្បីណាស់ផ្ដាច់ការ។
មនោគមវិជ្ជា គេសាបព្រោះវា បានជាផ្លែផ្កា
រហូតសព្វថ្ងៃ ចង្រៃមហា ខ្មែរបង់សាវតា
អស់អនាគត។
បើមិនប្រឹងស្ដារ មិនប្រឹងសិក្សា ជាតិពិតរលត់
បាត់ពីទ្វីបលោក ជម្រកទុគត គ្រានោះរន្ធត់
ក៏ហួសពេលដែរ។
ដីបាត់ម្ដងម្ដុំ ជាស្ដែងតូចធំ រលំហូរហែ
នៅបាត់ថែមទៀត គឺជាតិជាខ្មែរ បើមិនប្រឹងថែ
ជាតិប្រែប្រាកដ៕
No comments:
Post a Comment