By Tararith
មានរូបតែរូបឥតព្រលឹង បានអីរំពឹងបន់រាល់ដង
រឹតតែឲ្យទុក្ខដេញចាប់ចង នេះហើយអាយ៉ងគេបង្វឹក។
មើលរូបស្រស់ថ្លាដូចកញ្ចក់ ចិត្តកករល្អក់សម្លាប់ថ្លឹក
សម្ដីសម្ដៅដូចប្រមឹក សន្យាឡើងសឹកមិនធ្វើសោះ។
សន្យាថាការពារព្រៃព្រឹក្សា ហ៊ានកាត់សិរិសារបើព្រៃអស់
ថាបានតែមាត់បាត់ទាំងកោះ ត្រល់ធំស្រណោះពេកកន្លង។
មានរូបតែរូបជាគំនូរ មិនដែលគិតគូរសូម្បីម្ដង
ព្រំដែនដីទឹកគូសកាត់កង ខ្មែរជាប់ចំណងចងគ្មានច្បាប់។
មានរូបៗនោះដូចជាខ្លែង នៅខ្ពស់ម្នាក់ឯងតែងរ៉ាយរ៉ាប់
តែរឿងល្អល្អះឲ្យរាស្រ្តស្ដាប់ រាស្រ្តត្អូញឈឺចាប់-ស្ដាប់មិនបាន។
មានរូបក៏ពិតឥតវិញ្ញាណ លុកលុយទន្រ្ទានឥតមានស្រាន
ធនធានបស់ជាតិទាំងប៉ុន្មាន ប្រមូលយកថ្កានច្រានជាតិក្រ។
មានរូបៗអើយដូចជាសេក រូបឆោមល្អពេកឆើតបវរ
មើលពីចម្ងាយផូរផង់ល្អ នៅជិតខ្មៅសបែងចែកបាន។
រូបល្អនោះល្អគ្មានអ្វីប្រៀប នៅជិតបើធៀបមិននឹកស្មាន
ខាងក្នុងពិតផ្ទុយនឹងសណ្ដាន បន្សល់ទុកដានខ្មៅងងឹត។
មានរូបដូចធូបកំពុងឆេះ ចុងក្រោយជាផេះនេះជីវិត
មានរូបសម្រួចចិត្តគំនិត រូបអើយគូរគិតជាតិខ្លះផង៕
មានរូបសម្រួចចិត្តគំនិត រូបអើយគូរគិតជាតិខ្លះផង៕
No comments:
Post a Comment