ទូកអើយលឿនទៅមុខ បន្សល់ទុក្ខអ្នកលង់លិច
ម្ចាស់ទូកហ៊ានបំភ្លេច ជាតិខ្ទាំខ្ទេចរាប់ខែឆ្នាំ។
ពណ៌ខ្មៅៗគ្រប់ទិស បញ្ចេញពិសឲ្យរកាំ
ឈឺផ្សាកាយជាប់កម្ម គាបប្រចាំនាំបញ្ហា។
មានក្ដួច និងគល់ចេក លាយទឹកភ្នែកជាអាហារ
ខ្សោះខ្សោយអស់កាយា ក្ស័យសង្ខាខ្មែររាប់លាន។
ទូកទៅមិនដល់ច្រាំង អស់កម្លាំងកាយស្រេកឃ្លាន
ប្រទេសគេរុករាន ទន្រ្ទានយកដោយកម្លាំង។
សម្លាប់ខ្មែរដូចគ្នា រួចដាក់ងារថាជាខ្មាំង
សត្រូវពិតមិនច្បាំង អំណាចខ្លាំងរលាយរដ្ឋ៕
No comments:
Post a Comment