Tararith
ឪសង្សារអើយ អានកាព្យនេះហើយ យល់ចិត្តរៀមរ៉ា
អូនស្ដីអូនជេរ អូនខឹងយ៉ាងណា ក៏ចិត្តស្នេហា
នៅជាប់នឹងល្អង។
បងបានសន្យា ច្បាំងចប់កាលណា ទៅជួបទងវង
ដណ្ដឹងតាមច្បាប់ ចាប់ដៃអូនឆ្លង ឲ្យផុតរបង
ផុតពាក្យនិន្ទា។
អូនអើយអូនស្រី ដាច់ចិត្តមានប្ដី ចោលបងកំព្រា
ទាហានព្រំដែន ចិត្តសែនគ្រាំគ្រា ដួងចិត្តជរា
រងារាល់ថ្ងៃ។
អូនដាច់ចិត្តណាស់ បងនៅចាំច្បាស់ ពាក្យពេជថ្លើមថ្លៃ
អូនថារង់ចាំ បងរហូតក្ស័យ តែឆោមពិសី
មានថ្មីចោលបង។
រូបថតការអូន បានឃើញហើយសូន្យ រលាយបំណង
ប្រាក់ខែសន្សំ ទុកជាចំណង ដណ្ដឹងនួនល្អង
ជាគូជីវិត។
ប្រាក់ខែទាហាន សន្សំអត់ឃ្លាន ចាយវាយគូគិត
ព្រោះស្រឡាញ់ អូន បងត្រូវខំខិត ឪព្រហ្មលិខិត
ម្ដេចខុសប្រាថ្នា។
ទាហានកម្ពុជា ដែនព្រះវិហារ រងាម្ល៉េះណា
រងាទាំងកាយ ទាំងចិត្តឯកា បាត់ឆោមជីវ៉ា
ជីវិតគ្មានន័យ។
អូនក៏ដឹងថា ទីដែនសីមា បងជ្រកក្នុងព្រៃ
ការពារប្រាសាទ ការពារទឹកដី តែបេះដូងស្រី
បងទប់មិនបាន។
អូនអើយអូនដឹង ទាហានបងហ្នឹង ស្មោះនឹងកណ្យាណ
ផុតពីឆ្នាំនេះ សង្ឃឹមក្សេមក្សាន តែបែររំខាន
ព្រោះអូនបានគេ។
ឬបងមិនល្អ សម្បុរមិនល្អ ឬមិនទំនេរ
ជូនអូនកម្សាន ទៅប្រទេសគេ ទើបអូនស្ម័គ្រគេ
ជំនួសរូបបង។
ត្រូវធ្វើយ៉ាងណា ទើបកន្និដ្ឋា យល់ពីបំណង
អានកាព្យនេះហើយ មេត្តាឆ្លើយផង ឲ្យទ្រូងសៅហ្មង
បានស្បើយទុក្ខា។
អូនអើយចិត្តរាម មិនដែលស្ងប់ស្ងៀម ការពារសីមា
ប្ដូរស្លាប់ប្ដូររស់ ក៏ព្រោះស្នេហា ជាតិនិងជីវ៉ា
ឲ្យរួញផុតទុក្ខ។
No comments:
Post a Comment