Saturday, November 13, 2010

ប្រាប់ដូចមិនប្រាប់

by Tararith

ឃើញខ្មៅប្រាប់ទៅអ្នកដឹកនាំ                 បើដំបៅជាំឆាប់ព្យាបាល

បើមិនកាពារវារាលដាល                        ស៊ីអស់ទាំងក្បាលគ្មានមេត្តា។

ឃើញស្នាមប្រឡាក់ប្រាប់ឲ្យជូត               លាងបោកគក់ពូតទីត្រង់ណា

ដែលពុករលួយឲ្យធម្មតា                         ប្រាប់ឲ្យរក្សាសម្បត្តិជាតិ។

ប្រាប់ហើយបង្ហាញដល់ទីដៅ                   ឃើញខ្មៅប្រាប់ផ្លូវកែមាយាទ

ប្រជាត្រូវការសេរីទៀត                            មិនគួរចង្អៀតយុត្តិធម៌។

បើដឹកនាំគេដឹកឲ្យល្អ                                រាស្រ្ដអង្វរ ក ទាំងរញ័រ

ស្រែកសុំក្ដែងៗយុត្តិធម៌                            ដល់អស់ជំនឿលើអ្នកហើយ។

ប្រាប់ដូចមិនប្រាប់ឈឺចាប់ណាស់              អ្នកធំដឹងច្បាស់តែមិនឆ្លើយ

បង្កើតទុក្ខទោសខ្មែរឥតល្ហើយ                   កើតជាខ្មែរហើយមានទោសឬ?

No comments:

Post a Comment