By Tararith
ទប់ណាស់មិនចង់ផឹកទេស្រា តែអ្នកឃោសនាគេប្រសប់
ស្រីស្រានឹងល្បែងគួរឲ្យស្អប់ នៅទីបញ្ចប់មានពាសពេញ។
បនបាហាងខារ៉ាអូខេ រីកច្រើនម្ល៉េះទេក្រុងភ្នំពេញ
ស្រីខ្មែរមានពូជគេលក់ទិញ តើយ៉ាងម៉េចវិញសម័យនេះ?
បនល្បែងរដ្ឋឲ្យមានស្របច្បាប់ រុងរឿងកើតឆាប់គួរត្រិះរិះ
លេងចាញ់រឿងអីមិនជាន់ជិះ ប្រទេសជាតិនេះទៅយ៉ាងណា?
ឯគ្រឿងស្រវឹងរាប់ជំពូក អាសូរម្ចាស់ទូកចូលចិត្តស្រា
ដឹកនាំប្រជាកាត់ជលសា អាចជួបសុខាឬទុក្ខព្រួយ។
ព្រះពុទ្ធសាសនាចារទុកច្បាស់ ល្បែងស្រីស្រាក្រាស់ព្រះមិនជួយ
គ្រឿងស្រវឹងចូលស្រុកម្ដងមួយ ជាតិពិតរលួយស្រាយមិនបាន។
សង្គមសព្វថ្ងៃមានគ្រោះកាច ខ្មែរស្លាប់ប្រសាចមិនស្រាកស្រាន
ព្រោះល្បែងពាលាស្រារុញច្រាន គ្រប់ទីកម្សាន្ដមានមេរោគ។
ស្រាបៀរបង្ហាញមោទនភាព ពីខ្ពស់មកទាបស្រវឹងជោក
ដែនដីគេលួចច្រិបច្បិចយក គ្រាដែលអស់លោកជោកពាលា៕
No comments:
Post a Comment