By C write
កូនខ្ទមនៅក្បែរផ្លូវរថភ្លើង គឺលំនៅយើងនេះឯងហើយ
គ្មានស្រែគ្មានភ្លឺធ្វើសោះឡើយ ចម្លើយគឺប្រឹងរស់រៀងខ្លួន។
ដីធ្លីគេរឹបទន្រ្ទានយក យើងអស់ជម្រករត់ភៀសខ្លួន
គេដេញចាប់វាយគ្រោះផ្ទួនៗ ចិនយួនអង្រួនផែនដីខ្មែរ។
ឥឡូវគេដេញសារជាថ្មី យើងម្ចាស់ទឹកដីយំឥតល្ហែ
ជ្រកតាមប្រទេសជិតខាងក្បែរ ធ្វើការផងដែរសម្រាប់រស់។
ឆ្លងដល់ស្រុកសៀមស្ងៀមស្ងាត់ឈឹង ចម្ការល្វើយល្វឹងពឹងផុតគ្រោះ
ប្រទេសមួយនេះល្បីសមឈ្មោះ សង្ឃឹមសង្រ្គោះជីវិតបាន។
ខ្មែររាប់សែននាក់ពឹងពាក់គេ គ្មានពេលទំនេរគ្មានសុខសាន្ដ
ការងារធ្វើសព្វហួសប្រមាណ ជីវិតរំខានគុកច្រវ៉ាក់។
យើងទៅស្រុកគេគ្មានទេច្បាប់ ប៉ូលីសតាមចាប់ជាឧបសគ្គ
ដឹងដែរតែជម្នះព្រោះប្រាក់ ដើម្បីឋានៈជាជាតិខ្មែរ។
ជួនសៀមមើលងាយពេបជ្រាយថា ប្រមាថដួនតាប្រៀបនឹងឆ្កែ
បានឮបានដឹងហើយនៅតែ រំពឹងប្រាក់ខែជាតិមួយនេះ។
រដ្ឋខ្មែរនិយាយគ្នាមិនបាន រុញច្រានរំខានវាយជាន់ជិះ
រំលោភបំពានគ្មានត្រិះរិះ ទុកដូចជំនិះពេលត្រូវការ។
អ្នកក្រត្រដររកទីជ្រក ទ្រាំរស់សៀតសូកព្រាត់ខ្លោចផ្សា
ទីរស់ទោះបីទៅទិសណា ស្រមោលទុក្ខាអន្ទោលតាម៕
No comments:
Post a Comment