Friday, March 25, 2011

កួយសោកា

by Tararith


ខ្យល់បក់វូៗស្ទើរល៉ើងប៉ើងផ្ទះរបស់អ្នកស្រុកព្រៃភ្នំ ដើមឈើតូចៗឱនក្បាលរាប ដល់ដី ឯផ្ទៃមេឃាវិញ ពពកខ្មៅងងឹតពាសរកមើលអ្វីមិនយល់។ ដំណក់ភ្លៀងគ្រាប់ ធំៗ ខុសធម្មតា បាចធ្លាក់ប្រាវៗ ធ្វើ​ឲ្យទឹកជោរជន់មួយរំពេច។

ឱ ព្រះអើយ! ក្នុងព្រៃនេះទើបតែចប់សង្រ្គាម ទើបនឹងរលត់សំឡេងប្រយុទ្ធ​មិន​យូរ​ប៉ុន្មានផង គ្រោះ​ធម្មជាតិដ៏កំណាច បានដាក់ទ័ណ្ឌកម្មយើងទៀត។ ព្រៃឡង់ដ៏ធំកំពុង ផ្ដុំដោយទុក្ខវេទនា ទាំងមនុស្សទាំងព្រៃឈើ និងសត្វព្រៃកំពុងរងការបំផ្លាញដូចគ្នា។

អ្នកនយោបាយថ្នាក់ទាបខ្លះ ប្រកាសកោកៗ ប្រាប់ប្រជាពលរដ្ឋថា៖“បងប្អូនប្រជា ជនយើង សូមរួមគ្នារក្សាបរិស្ថានស្រុកយើង សូមបងប្អូនបង្កើតជាព្រៃសហគមន៍ សមាគម ដើម្បីការពារព្រៃ រក្សាព្រៃឈើ រក្សាសត្វព្រៃ កុំកាប់ឈើ កុំសម្លាប់សត្វ ព្រោះព្រៃឈើ អាចជួយរក្សាបរិស្ថានស្រុកយើងបាន។ ពិភពលោកនេះកំពុងរាត ត្បាត ដោយការប្រែប្រួលអាកាសធាតុ តំបន់ខ្លះទៅជាក្ដៅរាំងស្ងួត និងមានរលក យក្ស ស៊ូណាមី ដូចជានៅស្រុកសៀម នៅប្រទេសជប៉ុន ព្រោះ តែប្រទេសមួយចំនួន លើពិភពលោកនេះ កាប់បំផ្លាញព្រៃអស់...”។

អ្នកប្រកាស ប្រកាសផ្សាយគ្មានលោះថ្ងៃ តែបែរជាអនុញាតឲ្យឈ្មួញបរទេសចូល មករុករានទន្រ្ទានកាប់ព្រៃទៅវិញ មិនដឹងថា នេះជារបៀបគ្រប់គ្រងដឹកនាំយ៉ាង ម៉េចទេ បានជាមិនគោរពសម្ដីសោះអីចឹង។ ម្ដងថាអភិរក្សព្រៃឈើ ម្ដងថាដាំកៅស៊ូ ទើបអាចរកការងារឲ្យប្រជាជនបាន ម្ដងនិយាយពីបរិស្ថាន ដែលត្រូវការដើមឈើ ជាចាំបាច់ ម្ដងនិយាយថា កៅស៊ូសំខាន់ជាង ឬមួយប្រាក់កាសពុករលួយហូរចូល ហោប៉ៅខ្លួន និងក្រុមគ្រួសារសំខាន់ជាង?

ភ្លៀងមួយមេធំ ធ្វើឲ្យអ្នកនៅទំរីងភិតភ័យ ព្រោះមានខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង មកជាមួយផង... គួរអាសូរ អ្នកនៅតំបន់នេះ រងគ្រោះ ជួនក្ដៅ ជួនភ្លៀង ពិសេស ខ្យល់ព្យុះបោករលំផ្ទះក៏មាន។ នៅខ្ទមមួយ ដែលចាស់បន្ដិចទៅហើយ ដំបូលមាន ជួសដោយស្បូវកណ្ដបដោយកន្លែង ជញ្ជាំងពុក រនាបក៏បាក់ខ្លះ បង្ហាញពីភាពគ្មាន ជំហរច្បាស់លាស់ក្នុងគ្រួសារ។ នៅក្នុងខ្ទមឆ្ងាយពីគេឯង ម្ដាយ និងកូន ភ័យខ្លាចនឹង សំឡេងផ្គររន្ទះ ស្រ្តីជាម្ដាយសម្ងំលួងលោមកូននាង៖

កូនស្រី កូនកុំយំអី ភ្លៀងមិនគួរឲ្យខ្លាចដូចកាំបិតផ្គាក់ ព្រួញស្នា ឬគ្រាប់កាំភ្លើងទេ បន្តិចទៀត ភ្លៀងនឹងរាំង... កូនយំ​បែប​នេះ​ កូនពិតរងារហើយ។ សម្ងំគេងទៅ ចាំម៉ែ យកសារុងមកដណ្តប់ថែមឲ្យ។

ម្តាយរបស់ទារកនិយាយលួងលោមកូន ហើយបីរលាក់ តិចៗនៅក្នុងរង្វង់ដៃរបស់ នាង។ ដៃម្ខាងបីបំពេរកូន ដៃ ម្ខាងទៀតទាញយកសារុងពីក្នុងហិប មកដណ្តប់បន្ថែម ភាពកក់ក្តៅឲ្យដល់កូន។

ទោះបីម្តាយអង្វរកយ៉ាងណាក្តី ទារកដែលទើបតែ មានអាយុ១១​ខែ នៅតែយំឥត ឈប់ ព្រោះនាងរងារ ដោយអាកាសធាតុត្រជាក់ខ្លាំងពេក និងដោយភ័យខ្លាចនឹង សំឡេងផ្គររន្ទះ ដែលលាន់ឮខ្លាំង​ពេក។ ស្រ្តីជាម្តាយអភ័ព្វ នាងនៅឱបកូនច្រៀង បំពេរផង និយាយ​លួង​លោមផង តែសំឡេងនាងមិនឮ សំឡេងផ្គររន្ទះ និងផ្លេក បន្ទោលជះរស្មីឆ្វាចៗ ព្រួស​ភ្លើងរន្ទាលភ្លឺអស់ព្រឹក្សព្រៃ។ ដំណក់ទឹកហូរចាក់ច្រោក  ពីដំបូលស្បូវធ្លុះធ្លាយចូលក្នុងផ្ទះ ភ្លើងចន្លុះដែលដុតទុកក្បែរសសរ​ ទ្រាំនឹងកម្លាំង ខ្យល់បក់ពុំបាន ក៏​រលត់​ទៅដែរ ធ្វើឲ្យក្នុងផ្ទះងងឹតពពើម។ ស្រ្តីជាតិកួយម្ចាស់ផ្ទះនេះ នាងជួបរឿងភ័ព្វជា​ច្រើន នាងប្រឹងទប់ស្មារតីបន្ដលួងលោមកូន ទាំងចិត្តក្តុកក្តួល៖

កូនមាសម្តាយក្លាហានឡើង មានម៉ែនៅជិតកូនហើយ កូនកុំភ័យ ម្តាយទេដែលត្រូវ ភ័យព្រួយព្រួយ​ ព្រោះគិតពីកូន គិតពីអនាគតរបស់កូន។ កូនស្រីម៉ែ ម៉ែមានឈាម ជ័រជាកួយ ជាជនជាតិម្ចាស់​ជ្រលងព្រៃនេះ រាប់តំណរមកហើយ ឯកូន កូនមាន ឈាមពាក់កណ្តាលជាកួយ កូនត្រូវក្លាហាន ថ្លៃថ្នូរ និងមានការចេះដឹងជាងម៉ែ កុំ​អភ័ព្វ​ដូច​ម៉ែ ណាកូនណា៎! អើ អើ... កុំខ្លាច... កុំខ្លាចអីកូន...

ស្រ្តីជាមាតាឱបកូនផង ទឹកភ្នែកនាងហូរស្រក់មកជាមួយផង។ យប់ងងឹតក៏ពិតមែន តែចិត្តនាងមុះមុត​ភ្លឺថ្លា​ណាស់ នាងស្ទុះស្ទារយកកន្ទេលមកគ្របខ្លួន និងកូន ការពារ ទឹកភ្លៀង និងឲ្យបានកក់ក្តៅ រំពេចនោះ សត្វក្អែបធំមួយ វាលើដៃរបស់​នាង​គើមៗ នាងមិនហ៊ានរើទេ ខ្លាចធ្លាក់កូន នាងកួយលើកដៃថ្នមៗ គ្រវាសសត្វចង្រៃនោះចេញ ហើយបន្ត​ក្រសោប​ឱបកូនពេញទ្រូង ដោយក្តីស្រឡាញ់បំផុត ហើយនាងបន្តលួង លោម បំពេរទៅកូនទៀត៖

កូនស្រី! កូនជាមនុស្ស ជាមនុស្សដ៏មានតម្លៃបំផុត សម្រាប់ម៉ែ។ ផ្ទុយពីពុករបស់ឯង ដែលគាត់​ចាត់​ទុក​កូន ដូចទៅនឹងសត្វ អីចឹងហើយបានគាត់មិនទទួលខុសត្រូវ ចំពោះកូន ក៏ដូចចំពោះម៉ែដែរ។ ឳពុកកូន​ពេល​ដឹងថា កូនមានកំណើតក្នុងផ្ទៃម៉ែ ហើយ គាត់បានចាកចេញពីម្តាយទៅ ទៅរហូតបាត់ស្រមោល ទៅរហូតមិនមាន ដំណឹង អ្វីសូម្បីបន្តិច គាត់បំភ្លេចម៉ែ បំភ្លេចអ្វីៗទាំងអស់ ដែលគាត់ និងម៉ែ មានជា មួយ​គ្នាក្នុងជ្រលងព្រៃទំរីងនេះ។ អនុស្សាវរីយ៍ទាំងអស់ជាមួយឪពុកឯង ធ្វើឲ្យម៉ែ រងទុក្ខ រងកម្ម ទ្រាំៗពពោះកូនរបស់ម៉ែតែម្នាក់ឯង ទោះបីញាតិមិត្តនៅជ្រលងនេះ ពេបជ្រាយយ៉ាងណា ក៏ម៉ែស៊ូទ្រាំ ម៉ែទ្រាំដើម្បីកូនដែរ។ កូនម្តាយ! ​ឳពុក​កូន ម៉ែ​ស្រឡាញ់ស្ទើរលេប ឳពុកកូន ម៉ែប្រៀបនឹងកែវភ្នែករបស់ម៉ែ ម៉ែហ៊ាន​កន្លង​ប្រពៃ ណីខ្លះ ហ៊ាន​លះបង់កេរ្តិ៍ឈ្មោះជាស្រីកួយ ដែលអ្នកផងក្នុងដងព្រឹក្សព្រៃនេះរាប់រក ផ្ដល់កិត្តិយសឲ្យ ម៉ែដាក់ខ្លួនទៅរកឳពុកកូន ជាអ្នកបរិស្ថាន អភិរក្សសត្វព្រៃ គ្មាន ឫសគល់ គ្មានប្រវត្តិ រសាត់ខ្លួនមកដល់ទំរីង ជ្រកក្នុងដែនដីនេះ...

ផ្គរលាន់ក្ឌុងៗ នាងកួយទ្រឹងឪបកូនកុំឲ្យនាងភិតភ័យ កុំឲ្យនាងស្លុតនឹងសំឡេងធម្ម ជាតិមួយនេះ មួយស្របក់ នាងក៏និយាយទៅកាន់កូននាង ព្រមទាំងយកម្រាមដៃ បបោសអង្អៀលក្បាលទារកថ្នមៗផង៖

ពេលនេះ ជីវិតម៉ែ សល់វត្ថុពីរ​ជាកេរ​ពីឳពុកកូន ដែលសំខាន់មួយ​ គឺ​​ឯង ជាកូនម៉ែ ជាកូនដែលគ្មានទោស កើតពីសាច់ឈាម ពីសេចក្ដីស្នេហាដ៏ផ្អែមល្ហែម មួយទៀត គឺការឈឺចាប់ដែលពុកឯងបានបន្សល់ទុកឲ្យម៉ែ។
   
និយាយដល់ចំណុចនេះ នាងកាន់តែខ្សឹកខ្សួលអួល ដើម ក និងបន្តនិយាយទៅកាន់ កូនទៀតពុំកើត នាងយំ កូននាងក៏យំ ទឹកភ្នែកនាងស្រក់លើកូនរបស់នាង នាងឪន ថើបកូន ផ្ដល់ភាពកក់ក្ដៅឲ្យកូន​និងចង់ឲ្យកូនដឹង ថានាងកំពុងបីបមគេ គេគួរតែបាន ស្រាកស្រានក្នុងចិត្ត ព្រោះមានម្ដាយនៅនែបនិត្យជិតបង្កើយ។

សំឡេងផ្គររន្ទះនៅខាងក្រៅ មិនប្រណីដល់ស្រ្តីទុគ៌តឡើយ​ នាងទើតអើត​មើល​ទៅ លើ ចំពេលដែលផ្លេក បន្ទោលជះភ្លឺរស្មីមកស្ទើរតែខ្វាក់ភ្នែក។ ពន្លឺភ្លែតៗជះ ចូល តាមចន្លោះប្រហោង​ដំបូលស្បូវ តាមចន្លោះជញ្ជាំងក្តាដែលពុកផុយ ចូល​ក្នុងខ្ទម លាយឡំនឹងដំណក់ទឹកភ្លៀង ហូរស្រក់ពាសបន្ទះរនាប​ឫស្សី។ សម្លៀកបំពាក់នាង សើមរអួត ដោយត្រូវទឹកភ្លៀង ឯ​កូនស្រីនាង ដែលរុំវ័ណ​ដោយកន្ទប ក៏ទទឹក​ដូចគ្នា​ ដែរ។ ក្មេងស្រី ដែលម្តាឪបជាប់នឹងទ្រូង យំមិន​ឈប់ទេ នាំឲ្យនាងកួយជាម្ដាយ រឹត តែខ្សឹកខ្សួលអាណិតកូន ហើយរាយរ៉ាប់ប្រាប់ទៅកូន ដែលមិនទាន់ដឹងក្តីទៀត​ថា៖

កូនស្រីរាល់ដងពេលកូនយំ​ រាល់លើកមុនពេលកូនចូលកេង ម្តាយតែងច្រៀង បំពេរកូន នាំកូនលែង និទានរឿងព្រេងបុរាណ ឬសូត្រកំណាព្យឲ្យកូនស្តាប់ កូន ស្តាប់ដោយមិនធុញទ្រាន់ រហូតឈប់យំ និងគេងលង់លក់ទៅ តែពេលនេះកូនយំ ឥតឈប់ ខ្យល់ខ្លាំង ផ្គរខ្លាំង សូររន្ទះផាំងៗ កូនខ្លាច កូនព្រួយ ម៉ែដឹង ឯម៉ែក៏ដូចកូន ដែរ។ កូនព្រួយ កូនខ្លាច មានម៉ែនៅឳបក្រសោបលួងលោមកូន ឯម៉ែវិញ ម៉ែ​មិនមាន អ្នកណានៅអង្វរលួងលោមទេ។ កាលពីមុន មានឪពុកកូន ឪពុកកូនផ្តល់សេចក្តី ស្រឡាញ់មកម៉ែ ថ្នាក់ថ្នម​ម៉ែ តែទង្វើទាំងនោះខ្លីពេក​ លើសពីនេះ ពាក្យផ្អែមល្ហែម ដែលឪពុកកូនទុកឲ្យម៉ែ ទុកលើសក្តីឈឺចាប់​មួយ​ទៀត។ នេះជាអ្វីដែល ម៉ែ​មិនចង់ រែកពុនទាល់តែសោះ ក្នុងមួយជីវិតនេះ។
   
កូនម៉ែ! កាលពីមុន កាលពុកឯងនៅជាមួយម៉ែ ផ្គររន្ទះ ខ្លាំងយ៉ាងណាក្តី ពុកកូនតែង នាំម៉ែកំសាន្ត ចាប់​ត្រី ឆ្លុះសត្វ ម៉ែមិនតក់ស្លុតឡើយ។ តែពេលនេះ ពេលនេះមិនដូច គ្នាទេ បាត់មនុស្សម្នាក់ដែលខ្លួនស្រឡាញ់ បាត់មនុស្សម្នាក់ដ៏ជិតស្និទ បាត់ដួងចិត្ត ជាទីសង្ឃឹម ម៉ែពិតជាទន់ខ្សោយ ខ្សោយរហូតខ្លួនម៉ែស្ទើរតែទៅជាអង្កត់ឧសទៅ ហើយ បើកុំមានកូនរបស់ម៉ែ​ ម៉ែប្រហែលជារស់ នៅមិនបានទៀតឡើយ។ ឱ ជីវិត! កើតនៅក្នុងព្រៃស្មសានលំបាកណាស់ទៅហើយ មានថែមចិត្តភិតក្បត់ មកលាយ ឡំក្នុងបេះដូង ឲ្យរឹតតែខ្លោចផ្សាទៀត ឬមួយកើតមកជាជនជាតិកួយ ត្រូវតែទទួល ទរុណកម្មទាំងនេះ?
   
រនោជរាត្រីស្រីអភ័ព្វ ខ្លួននៅជាប់ក្នុងអន្ទាក់ ជាអន្ទាក់ ដែលគេមិនបានដាក់ គឺកួយ ស្រីនៅគិត នៅ​ស្រឡាញ់ នៅខ្នាន់ខ្នាញ់ លើបុរសជាឪពុករបស់កូននាង។ នាងរៀប រាប់ប្រាប់ទៅកូនរងំៗថា៖
   
កូនស្រី ម្តាយស្រឡាញ់កូន និងឳពុកកូនស្មើគ្នា ការលះបង់ដែលឪពុកកូនធ្វើមកលើ លើម៉ែ ម៉ែមិនដែលភ្លេចទេ ហើយម៉ែនៅតែ​រង់ចាំឪពុកកុនរហូត បើគេត្រឡប់មក វិញ ជីវិតម៉ែកូនយើងមិនត្រូវការអ្វីទៀតទេ។
   
ប្ដីសម្លាញ់! ដឹងថាអូនក្តុកក្តួលប៉ុនណាទេ កូនយើងត្រូវការបង អូនក៏ត្រូវការបង ដែរ កាលមុនបង​បាន​​សន្យា ស្បថស្បែចំពោះព្រលឹងដូនតាអូន ថាបងស្មោះនឹងអូន តែម្នាក់ ស្មោះលុះអស់ជីវិត។ តែរហូតដល់ពេលនេះ​ បាត់បងជាងមួយ​ឆ្នាំហើយ អូន តែងទៅកន្លែងសក្ការៈបូជា អង្វរ ក ដូនតា កុំឲ្យយកទោសពៃរ៍បង កុំឲ្យលោកដ៏មាន ឫទ្ធិតាម​ព្យាបាទបង អូនរំពឹងក្នុងចិត្ត ថាបងពិត ជាវិលមករកអូនវិញ យ៉ាងណា ក៏ ដោយ បងជាប្តីរបស់ អូនទៅហើយ ជាឳពុក​របស់កូនស្រីយើង ដែលកំពុងទួញ សោកជាមួយម្តាយរបស់គេ។ កូនយើងមិនដែល យំដូចយប់នេះទេ ជិត​ពេញមួយ​​យប់ទៅហើយ ដែលអូន និងកូនរងារ ភ័យព្រួយ​​ សូម្បីសម្រែកនៃធម្មជាតិ ក៏ពួកយើង រន្ធត់ដែរ ចុះបើមានជនអប្រិយ៍ មកយាយីពួកយើង តើបងមានវិប្បដិសារយ៉ាងណា? បើម៉ែកូនយើងរងគ្រោះ​ដល់ជីវិត តើបងខកចិត្តយ៉ាងណា?
   
ជ្រលងទំរីងដ៏ធំនេះ តាំងពីខ្ញុំធំដឹងក្តីកាលណាមក មិនដែលជួបនឹងមហន្តរាយធម្ម ជាតិ​ ដូចឆ្នាំ​នេះ​ឡើយ។ ទោះបីធ្លាប់មានទឹកជំនន់ម្តងម្កាល ទោះបីមានភ្លើងឆេះព្រៃ និងរាំងស្ងួតយ៉ាងណាក្តី កង្វល់របស់​អូនមិនដែល ពិបាកដោះស្រាយយ៉ាងនេះសោះ ប្តីសម្លាញ់! ថ្ងៃណា ក៏ចិត្តអូនគួចនឹកដល់បងដែរ ថ្ងៃណាក៏អូនបន់ស្រន់ ឲ្យឆាប់បាន ជួបបងវិញដែរ។ ម្ចាស់ទឹកម្ចាស់ដីនៅភូមិនេះ អ្នករក្សាព្រៃភ្នំនេះ ទទួល​សំណែន ទទួលពាក្យអង្វរ ក អូនរាល់លើក ឃើញទឹកភ្នែកអូនស្រក់រាល់ដង ដឹងថាអូនក្រៀម ក្រំរាល់​វេលា តែមិនដឹងជាកម្មអ្វី បានជាអារក្សអ្នកតាទាំងនេះ មិនប្រាប់អូន ថាបង នៅទីណា មិននាំចិត្តនឹក​របស់អូនទៅប្រាប់បង មិននាំបងមកជួបអូនវិញផង...
   
មិនមាននរណាមកលួងលោមចិត្តស្រីកួយ ឲ្យរសាយពីទុក្ខកង្វល់បានទេ ខ្យល់ព្យុះ រឹតតែបក់បោក រឹត​តែនាំ​ចិត្ត នាងឲ្យខ្លោចផ្សាទ្វេរឡើង រន្ទះបាញ់ផាំងៗ លាន់សូរដូច ធ្លាយជើងមេឃ ផ្លេកបន្ទោរបាចរស្មីឆ្វាចៗស្ទើរ​ស្រវាំង​ភ្នែក ធ្វើឲ្យស្រ្តីម្ចាស់ខ្ទមបាក់ បែក រឹតតែបាក់ទឹកចិត្ត គិត តស៊ូជំនះភាពត្រជាក់ និងសម្រែកធម្មជាតិលែងបាន ពីរ នាក់ម៉ែកូននៅឱប​គ្នាទួញសោក ដូចជាកំពុងទទួលទណ្ឌកម្ម ដែលមិនបានគ្រោង ទុក។ យប់យន់កាន់តែជ្រៅ កូននាងជួនយំជួនឈប់ ព្រោះនាងងងុយគេង ឯនាង ជា ម្ដាយ មិនហ៊ានបិទភ្នែកទេ ទោះងងុយយ៉ាងណា នាងខ្នះខ្នែងពង្រឹងស្មារតីបង្កក់កូន ក្នុងរង្វង់ដៃ ដោយប្រយ័ត្នបំផុត។ ភ្លៀងនៅបង្អុរខ្លាំងដដែល រាត្រីថ្មើនេះ ពុំឮសំឡេង មាន់ព្រៃរងាវទេ ព្រោះផ្គរព្យុះ នៅតែបញ្ចេញសូរស័ព្ទពាស​ពេញអាកាសវេហាស៍នៅ ឡើយ។ បីបមថ្នមថែកូនបណ្ដើរ នាងកួយនឹកមមៃទោប្ដីបណ្ដើរ៖
   
កំពូលស្នេហ៍​របស់អូន អូនមិនបន្ទោសបងទេ អូនក៏មិនស្តាយក្រោយដែរ ធ្វើម៉េច បើ អូនជាស្រ្តីកួយ ជាស្រីដែល​រស់នៅក្នុងព្រៃភ្នំ ជាស្រីដែលបានលះបង់ដើម្បីបង។ បង ទៅហើយ បងមិនអាល័យអូន​សោះ បងមិន​ដឹងថា កូនស្រីនេះជាកូនរបស់បង ឬមួយ បងមើលស្រាលអូន បងបោះសេចក្តីសេ្នហា​របស់​បងមកលើ​ទ្រូងអូន គ្រាន់តែដើម្បី សប្បាយ។ អូនមិនជឿទេ អូនមិនជឿថា បងគិត​ដូចនេះឡើយ បើបងមានចិត្តក្បត់ នឹងអូនមែន បងប្រហែលមិនស្បថស្បែ ភ្នាល់ដាក់ជីវិតបងចំពោះមុខម្ចាស់ទឹកដីនេះ ទេ។ នៅ​មុខអ្នកតាក្បាលប្រាំបី បងធ្លាប់បានសច្ចាប្រាប់អូនថា៖ “យ៉ាឌីន!បង ស្រឡាញ់អូន បង ស្រឡាញ់អូនណាស់ មានអ្នកតាក្បាលប្រាំបីជាសាក្សី ថ្ងៃ នេះ​បង​សូមសច្ចាចំពោះមុខលោកថា បងមិនបោះបងអូនចោលទេ អូនជឿចិត្តបងចុះ។ ប្រសិនជា​បង​ក្បត់អូន ប្រសិនជាបងមានចិត្តមិនទៀង វៀចវេក្បត់ចិត្តអូន ចាកចោល អូន បងសុខចិត្តស្លាប់ សូម​លោតាម្ចាស់ភូមិ ម្ចាស់ព្រៃដែនទំរីង ជួយចាំជួយជាសាក្សី ពាក្យសន្យានេះ ខ្ញុំមិនសុំលោះលាវិញឡើយ។ អ្នកតាដ៏​សក្កិសិទ្ធ ខ្ញុំធ្លាប់ខ្លោចផ្សាដួង ចិត្តម្តងហើយ ពេលដែលមេភូមិនេះជំទាស់ មិនឲ្យខ្ញុំសែនព្រែនតាម​ ប្រពៃណីជន ជាតិ កួយជាមួយយ៉ាឌីន”។ បងអើយ! ទោះបីបងស្មោះ នឹងអូនយ៉ាងណាក្ដីរឿងរ៉ាវ បងទៅចោលអូន បានកើតឡើងទៅហើយ ឬមួយបងភ្លេចសម្ដី?

គោរពតាមប្រពៃណីសំខាន់ណាស់សម្រាប់ស្រីដូចនាង តែ​យ៉ាឌីននាងប្រាប់ទៅ បុរសជាទីស្រឡាញ់របស់នាង ថានាងមិនទាមទារអ្វីទេ ប្រការសំខាន់គឺសុំតែបុរស ដែលនាងស្រឡាញ់ ផ្តល់ឲ្យនាងវិញ នូវសេចក្តីស្មោះត្រង់ មិនវៀចវេមានស្រីថ្មី និង ការទទួលខុសត្រូវ នាងសុខចិត្តកាត់ក្តីអៀនខ្មាស ឆ្គងនឹងប្រពៃណីខ្លះ សុខចិត្តចេញ ឆ្ងាយពីភូមិបន្តិចរួមរស់​ជាមួយគេ។ ប្តីរបស់នាង ព្រមតាមសំណើរដួងចិត្តនេះ នាយ បន់ស្រន់ទៅម្ចាស់ ទឹកដីទំរីងព្រៃឡង់ទៀតថា៖

លោក​​​តាជាសាក្សី សូមលោកមេត្តាកុំពង្រាត់ខ្ញុំទាំងពីរអី កុំឲ្យពួកយើងជួបសេចក្តី​ ព្រាត់ប្រាស កុំឲ្យពួកយើង​បែកគ្នា។ ខ្ញុំសន្យាថា រក្សាប្រពន្ធខ្ញុំលុះអស់ជីវិតរៀងៗ ខ្លួន យើងសុំពីលោក​នូវក្តីសណ្តោស​ប្រណីតែ​ប៉ុណ្ណឹងទេ លោកពិតជាព្រម ពេលក្រោយ ខ្ញុំ និងប្រពន្ធខ្ញុំ នឹង មកបែរបន់សែនថ្វាយជូនទៀត។

បងអើយ! ថ្ងៃដែលយើងចាប់ស្គាល់ចិត្តគ្នា អូនរីករាយណាស់ អូននឹកក្នុងចិត្តថា ស្រី ជនជាតិ​ដូចអូន មិនមានសំណាងមានប្តីជាបុរសមានគុណធម៌ ចំណេះដឹង និងមាន រូបស្អាតបាតដូចបងទេ ក្រោយមកពេលដែលមេភូមិជំទាស់ មិនឲ្យ​យើងបានគ្នាជាប្តី ប្រពន្ធ រូបអូនរឹតតែអាល័យ រឹតស្រឡាញ់បង ខ្លាចបាត់បង តែនៅចំពោះមុខអ្នកតា​ ក្បាលប្រាំបី បងដឹងទេ ពេលអូនបានឮពាក្យសម្បថ ដែលបងថា ព្រមរែកអម្រែក​ទាំង ប៉ុន្មាន​ដើរ​លើផ្លូវ​តែមួយជាមួយអូន អូនសែនរំភើប និងស្រឡាញ់បងទ្វេដង ថ្ងៃនោះ ហើយ ដែល​ជីវិតអូនមាន​សុភមង្គលបំផុត ថ្ងៃនោះហើយ ដែលអូនអស់ប្រាថ្នាអស់​​​សង្ស័យ និងជឿយ៉ាងប្រាកដលើ​បង។

នឹកឃើញអនុស្សវរីយ៍ទាំងនេះរាល់តែលើក ធ្វើឲ្យចិត្តអូនសប្បាយ ហើយកង្វល់ទាំង ប៉ុន្មាន រលាយបាត់​ទៅបន្តិចម្តងៗ។ ប្តីអើយ! តែពេលនេះកូនយើង ដែលមិនទាន់ដឹង ក្តី កូនស្រីមិនមានអ្វីលួងលោម ទប់ចិត្តកូនមិន ឲ្យយំបានសោះ។ ពេលកូនយំមិន ព្រមបៅ ពេលកូនយំ កូនបានអន្ទងចិត្តអូន​ឲ្យខ្នាន់​ខ្នាញ់​ស្អប់បង ស្អប់ព្រោះតែបង ចាកចោលអូន ទុកឲ្យអូនរស់ជាមួយកូន បាត់មុខប្ដី មុខឳពុក។ ប្តីអើយ! នៅ​ក្នុងព្រៃ នេះមិនមានអ្នកណានឹកនា ធានារំលែកទុក្ខនេះទេ អ្នកនៅក្នុងភូមិណោះវិញ មានតែ​ការពេប​ជ្រាយ ពិសេស​មេភូមិ គាត់ត្មិះតិះដៀលតាមខ្យល់ ធ្វើឲ្យអូនកាន់តែចម្បែង ចិត្ត ពេលណាដែលអូនជួប​នឹងបងប្អូនញាតិ​មិត្ត។ មានតែបងទេ មានតែបងម្នាក់គត់ ដែលមានគុណសម្បត្តិ និងសមត្ថភាពពេញលេញ រំលែក​ភាព​សោកសៅពីទ្រូងអូន បាន។ បើបងមិនវិលវិញ ធ្វើម៉េច អូននឹងបានស្បើយពីកង្វល់នេះ បើបង​មិន​ត្រឡប់ មកទេ អ្នកភូមិពិតជាចំអកឲ្យយើង រហូតដល់ជីវិតចុងក្រោយរបស់អូន និងកូន។

យ៉ាដានកូនស្រីសំណព្វរបស់នាងជួនយំ ជួនឈប់ នាងនៅតែយំ ពេលមានសំឡេង ផ្គរខ្លាំងម្ដងៗ។ យ៉ាឌីន​នាងល្ហិតល្ហៃ អស់​​កម្លាំង ប្តូរដៃផ្អោបកូនលើទ្រូង ថែថើប អង្រួន បំពេរកូនសម្លាញ់ថ្នមៗ ដោយសេចក្ដីស្រឡាញ់បំផុត។ យប់យន់កាន់តែជ្រេ ជ្រៅទៅហើយ ដោយអស់កម្លាំងខ្លាំងពេក នាងផ្អែកខ្នងទៅ​នឹងជញ្ជាំងស្លឹកតិចៗ បិទ ភ្នែក ព្រោះតែងងុយងោក ច្រៀងបំពេរកូនរបស់នាង។ សំឡេងនាងឮខ្សាវៗ មិនខ្លាំង ដូចសូរ​ដំណក់ទឹកភ្លៀង ដែល​ហូរស្រក់ចូលក្នុងខ្ទម ដូចទឹកបាក់ទំនប់នោះទេ នាង ច្រៀងថា “កូនអើយកូនកួយ កូនស្រី​តែ​មួយ ម្តាយបំពេរ ឈប់យំទៅកូន នាងនឹងល្ហែ ម្តាយនៅក្បែរ នៅក្បែរកូននេះទេ។ កូនស្រីសម្លាញ់​មាស​ម្តាយ​អើយ ម្តាយនៅ​កៀក កើយនឹងមាសមេ ឈប់យំទៅណាសំណព្វម៉ែ កូនធំពូកែ ពូកែដូច​ម្ចាស់​ព្រៃ ភ្នំ ទីទំ ទី ទំ... រីង”។

ម្តាយលួងលោមកូនឲ្យឈប់យំ ទន្ទឹមនោះទឹកភ្នែកនាង នៅតែហូរមក ឯកូននាងនៅ តែយំ​ម្ដងៗដដែល ធ្វើឲ្យនាងទុក្ខរឹតទ្វេរឡើង។

កាលមុននាងសប្បាយ កាលមុននាងមិនមានទុក្ខកង្វល់អ្វីទេ តែចាប់​តាំងពីមាន សេចក្តីស្នេហា ការស្រឡាញ់ជាមួយបុរសចំណូលស្រុកមក នាងមានសេចក្តីសុខខ្លី ណាស់ កួយស្រីតែងតែរងនូវទារុណកម្ម​ផ្លូវចិត្តឥត​ស្រាក​ស្រាន។ នាងនឹកដល់អនុ ស្សាវរីយ៍ទាំងនោះ៖

ពេលមុន, នៅក្នុងព្រៃនៃដែនទំរីងនេះ នាងមិនដែល លំបាកអ្វីទេ ពួកប្រុសកម្លោះ​នាំ គ្នាមកជួយ​យកអាសារ ឯចាស់ទុំវិញ តែងតែផ្តល់ឱវាទដល់នាងជារៀងៗមក។ កួយ ក្រមុំ គិតតែខំរៀនសូត្រ​ពី​ប្រពៃណីទំនៀមទម្លាប់ របស់​ជនជាតិ ដែលចាស់ទុំផ្តល់ឲ្យ គូព្រេង ព្រេងនិស្ស័យ បាននាំនាងឲ្យ​យក​អាសារបុរសអ្នកអភិរក្សបរិស្ថាន និងសត្វ ព្រៃម្នាក់។ នាងជួយ​បុរសពីការតាម ប្រហាររបស់សត្រូវ ជាអ្នកកាប់បំផ្លាញព្រៃឈើ នាងមិនយល់អ្វីទេ ឃើញអ្នករ​ង​គ្រោះ​មាន​ចិត្ត​សង្រ្គោះភ្លាម។ មិនយូរប៉ុន្មាន បុរសរង គ្រោះបានជាសះស្បើយ ស្នាមរបួសក៏បាត់ទៅដែរ។ ជាការ​តបស្នង​សងគុណ បុរស នោះសុខចិត្តនៅបម្រើអ្នកភូមិម្ចាស់ជ្រលងព្រៃនេះ ឲ្យសមនឹងទឹកចិត្តរបស់ពួកគេ។  

មេភូមិដែលមានកូនប្រុសតែមួយ បំរុងដណ្តឹង​កួយកញ្ញាឲ្យកូនរបស់ខ្លួន តែត្រូវអា ម៉ាស់ ដោយ​នាងស្រីបដិ សេធដាច់ខាត មិនយកកូនមេភូមិធ្វើជាប្ដីរបស់នាង។ នាង លើកហេតុផលតែ​មួយ​ថា៖

ខ្ញុំមិនស្រឡាញ់កូនប្រុសពូទេ ព្រោះគេមិនគ្រប់លក្ខណៈជាបុរសកួយ មិនមានសមត្ថ ភាពអាច​ការពារខ្ញុំបាន មិនមានគុណសម្បត្តិធ្វើជាប្តី និងជាឳពុករបស់កូនខ្ញុំ ទៅអនា គត កូនប្រុសពូផឹក​ស្រាពេក ស្រវឹងរាល់ថ្ងៃ មានសេពគប់ស្រីកំណាន់នៅខាងក្រៅ ជាងនេះទៀត មិនមានកិត្តិយស​គ្រប់គ្រាន់ជាប្រុសដូចគេឯង អាងតែពូជាមេកើយ របស់យើង កូនពូមិនគិតប្រឹងធ្វើ ការសោះ កូនពូមិនត្រឹមតែ​មិនរកកិត្តិយសសម្រាប់ ខ្លួន ឯងទេ ថែមទាំងធ្វើឲ្យពូអាមាស ឲ្យក្រុមកួយភូមិយើងអាមាស ព្រោះតែទង្វើមិន គម្បីរបស់គេទៀត អ្វីដែលខ្ញុំនិយាយគឺពូបានឃើញ បានដឹងខ្លួនឯងស្រាប់ហើយ បុរសបែបនេះ ធ្វើម៉េចនឹងខ្ញុំអាចទទួលយកជាប្តីបាន។

សំដីនេះធ្វើឲ្យមេភូមិច្រឡោត ក្នុងចិត្តខឹងខ្លាំងណាស់ មុខគាត់ឡើងក្រហម តែគាត់ អត់ធ្មត់ សួរនាំទៅនាងកួយ កំព្រាថែមទៀតថា៖

បុរសក្មេងជំទង់ក្នុងភូមិនេះ មិនមាននរណាម្នាក់ មានសមត្ថភាពលើសកូនខ្ញុំទេ។ កូន ខ្ញុំ​ កូនតែ​មួយ រៀនមិនបានច្រើនមែន តែវាអាចយល់បានវប្បធម៌រាក់ជ្រៅ ឯការបរ បាញ់ក៏ត្រង់ ធ្វើស្រែចម្ការ​ក៏​បាន​ភោគផលច្រើន ម៉ាតំបន់ទំរីង ព្រៃឡង់នេះ មានតែ យើងទេ ដែលមានដីចំការរាប់ សិបហិកតា មានគោ ក្របីរាប់សិប​ក្បាល ផ្ទះសម្បែង ក៏ធំជាង​គេ។ ទ្រព្យខ្ញុំ នឹងក្លាយជាសម្បត្តិរបស់កូនប្រុសនេះ បើកូនសុខចិត្តយកវាធ្វើ​ ប្តី អ្វីៗដែលពូរៀបរាប់ កូន​នឹងបានរបស់ទាំងនេះទៅគ្រប់គ្រង រក្សាថែកូនមិនចាំបាច់ នឿយហត់រក​ចិញ្ចឹមខ្លួនលំបាក បោចវល្លិ៍ ផ្តៅ រកជ័រ ដកផ្សិតលក់ ក្ររហាមដូចសព្វ ថ្ងៃឡើយ។

ញាតិកួយចាស់ទុំ នាំគ្នាបញ្ចុះបញ្ជូលកួយក្រមុំ ឲ្យព្រមទទួលជាកូនប្រសារមេភូមិទៅ នឹង​បានស្រណុកកាយ សប្បាយចិត្ត មិនចាំបាច់ខំរកតត្រុក តែនៅមិនគ្រប់នេះ ហៅ ថាសំណាង​របស់​នាងហើយ ដែលមេភូមិយកចិត្ត ទុកដាក់លើរូបនាងដូច្នេះ។ ចាស់ ទុំម្នាក់មានក្តីមួរហ្មង នឹងភាពឆោតល្ងង់របស់ក្មេងស្រី ចាស់ខ្លះអន្ទះសារចង់ ឆ្លើយថា ព្រមជំនួស ខ្លះរីករាយពេលបានបញ្ចេញយោបល់កោកៗ គាំទ្រមេក្រុមខ្លួន។ ទិដ្ឋភាព ក្នុងផ្ទះទាបស្ទើរតែដល់ដី ជួបរឿងរ៉ាវដ៏លំបាកដោះស្រាយ។

កួយស្រីញឹមៗ តបទាំងទឹកមុខមាំថា៖ “ខ្ញុំអរគុណហើយ នឹងសណ្តានចិត្តរបស់ពូ យើងរស់នៅ​ក្នុងរង្វង់ញាតិកួយ ច្រើនជំនាន់ហើយ ម៉ែខ្ញុំមុនស្លាប់ទៅ មិនបានទទួល ការ យកអាសារពីអ្នកមានទ្រព្យ​ណាម្នាក់ទេ គាត់ត្រូវពស់ចិក គ្រុនក្តៅសន្ធុំ ឈឺខ្លាំង ប្រឹងស្រែកហៅរកអ្នកសង្រ្គោះ តែភូមិយើងដែល​សុទ្ធតែជាកួយ ចេះ​ស្តាប់​ភាសាគ្នា មិនមាន​អ្នកណាឮ។ ខ្ញុំមកទាន់ដង្ហើមម៉ែ ម៉ែផ្តាំថា ឲ្យខ្ញុំខំរក្សាខ្លួន បើនឹងមានប្តីត្រូវ​ មើលប្រុស​ណា​ដែលមាន​ចិត្តថ្លើម ឲ្យខ្ញុំចេញពីព្រៃទំរីងនេះក៏បាន ទៅរស់នៅទីណា ក៏បាន បើខ្ញុំទៅទីនោះបាន​សប្បាយ មានសុភមង្គល។ ខ្ញុំចាំពាក្យរបស់ម៉ែខ្ញុំ”។

ជជែកគ្នាដល់ត្រឹមនេះ បុរសចំណូលស្រុក​ ដែលស្នាក់នៅនឹងផ្ទះមេភូមិមកដល់ ពេលនោះ​នាងកួយប្រាប់ទៅចាស់ៗថា៖ “គាត់ជាបុរសដែលខ្ញុំពេញចិត្ត ដែលខ្ញុំ ស្រឡាញ់។ បើកូនប្រុសលោកមេភូមិ មានគុណសម្បត្តិដូចគាត់ ប្រហែលលោក មិន មកដណ្តឹងខ្ញុំទេ”។

កម្លោះដែលមិនដឹងរឿងអ្វីសោះ លើកដៃជម្រាបសួរ អ្នកនៅក្នុងផ្ទះ៖ “ជំរាបសួរពូ អ៊ុំ មីង មា(បុរសនិយាយ ទៅកាន់ភ្ញៀវកួយទាំងឡាយ)។ ស្របពេលនោះ មេភូមិស្រែក សួរខ្លាំងៗទៅបុរសចំណូលស្រុក៖

អាអន្ទិត, យើងមកដណ្តឹងយាឌីនឲ្យឯង ម៉េចឯងពេញ ចិត្តទេ?

បុរសចំណូលស្រុកស្រឡាំងកាំង និយាយតតាក់តតុប ទៅហ្វូងមនុស្ស៖“អើ... ខ្ញុំ...”

តាមពិតទៅ បុរសមានបំណងមកហៅមេភូមិទៅផ្ទះ ព្រោះមានលោកឧកញ៉ា និង ក្រុមហ៊ុនវិនិយោគមកពីបរទេស ចង់ជួបពិភាក្សា ពីបញ្ហាព្រៃនៅតំបន់ទំរីងនេះ។ តែពេលគេតាមរកមេភូមិ ក៏ជួបនឹងរឿងស្ដីដណ្ដឹង។ នាយមិននិយាយទេ ព្រោះខ្មាស អៀន។ នាងកូយក្រមុំឃើញដូច្នេះ ប្រញាប់ប្រាប់ទៅបុរសភ្លាម៖ “ម៉េចក៏បងមិនឆ្លើយ ថាពេញចិត្តទៅ”។

កួយចាស់ទុំ ម្នាក់ៗមើកភ្នែកសម្លឹងគ្នា បន្តាប់ពីបានឮសម្ដីនាងយ៉ាឌីន ប្រាប់ទៅបុរស ចំណូលស្រុកឲ្យឆ្លើយថា ព្រមតាមនាង។

ឯបុរសដែលជាសះពីជម្ងឺមិនទាន់បានស្រួលបួលផង ដូចត្រូវម្ចាស់ទឹកដីទាញមាត់ ឲ្យ និយាយតាមកូយស្រី។ តាមពិតខ្លួនក៏មានចិត្ត​ស្រឡាញ់​នាងណាស់ដែរ ក្នុងពេល ដែលមករស់នៅក្នុងទំរីងមួយរយៈនេះ តែដោយបានឮ លោកមេភូមិពិគ្រោះគ្នានឹង កូនប្រពន្ធ ថាដណ្តឹងយ៉ាឌីន មកធ្វើជាកូនប្រសារ នាយក៏សម្រាលចិត្តស្នហា មកវិញ ដឹងអី​គូព្រេងបានមក​ដោយមិន​ព្រៀងទុក គឺជាគូដែលធ្លាប់ប្រាថ្នាសោះ។

​ចាស់ទុំ ដែលមកដណ្តឹង បន្ទាប់​ពីស្រឡាំងកាំង​នឹងមេភូមិ នាំគ្នាសប្បាយ បង្កើតកម្ម វិធីផឹកស៊ីគគ្រឹកគគ្រេង ក្នុងពេលនោះទៅ។

ឯលោកមេភូមិ មិនសប្បាយសោះ ក្តីអាម៉ាសនៅមានពេញខ្លួន។ តាំងពីណាពីណីមក មិនដែលមាន​កួយ​ណាម្នាក់ហ៊ានជំទាស់នឹងបំណងរបស់គាត់ឡើយ រួមទាំងប្រពន្ធ គាត់ផង។

ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងមនុស្ស ទាំងសត្វ និងធម្មជាតិ បានផ្លាស់ប្ដូរផ្ទុយគ្នា ព្រៃ ឈើត្រូវឈ្មួញកាប់រានយកដី ដាំកៅស៊ូ អ្នកស្រុកចេញចូលទៅក្នុងព្រៃដូនតាមិនបាន រកជ័រ រកឃ្មុំ បេះផ្សិត និងសត្វព្រៃក៏ពិបាក ដល់មែនទែនទៅ សូម្បីប្រជាជន កាប់ឈើ ធ្វើផ្ទះ ក៏ត្រូវគេហាមឃាត់ដែរ ដែលទង្វើទាំងនេះ ធ្វើឲ្យជីវភាពរបស់ប្រជាជនកាន់តែ ក្រទៅៗ ព្រោះតែក្រុមហ៊ុនបរទេសគេ មកធ្វើវិនិយោគលើដីព្រៃនេះ។


លោកមេភូមិ ដែលធ្លាប់តែវាតទីលើអាណាចក្រព្រៃទំរីង ក៏អស់អំណាចដែរ ប្រជាជន មកប្ដឹង គាត់ដោះស្រាយមិនបាន ព្រោះគាត់ជាអ្នកសមគំនិតជួយវាស់វែង តាម បញ្ជាររបស់ថ្នាក់លើ ឲ្យគេបោះទុនកាប់ឈើដាំកៅស៊ូ។ លោកមេភូមិទ័លគំនិត រក ដោះស្រាយអ្វីមិនបាន រិតតែ​មានកំហឹងក្នុងខ្លួន មិនយូរប៉ុន្មាន គាត់បានបំបែររឿង រ៉ាវ ចៀសវាងកុំឲ្យអ្នកស្រុកស្អប់ខឹងនឹងគាត់ ហើយបញ្ចុះ​បញ្ជូលអ្នកភូមិ ដោយចោទ រឿងរ៉ាវដែលកើតលើទឹកដីទំរីងថា មកពីនាង​កួយ​ ថាយ៉ាឌីនជាស្រី​ចង្រៃ លួចមាន សាហាយស្មន់ជាមួយប្តីនាង មុនសែនព្រែន ទើបអារក្សអ្នតាខឹងសម្បា មិនជួយរក្សា នាំឲ្យគេមក បំផ្លាញធនធានធម្មជាតិទាំងនេះ។ មេភូមិទាញអំណះអំណាងផ្សេងៗ ជាច្រើន ធ្វើម៉េច​ឲ្យ​អ្នកភូមិស្របតាម ថានាងយ៉ាឌីន ពិតជាបានធ្វើខុស ប្រពៃណី​កួយ រកលេសបណ្តេញនាង និង​ប្តីឲ្យចេញពីភូមិ ព្រោះអាចនាំឧបទ្រុបចង្រៃ មកជ្រលងភ្នំ នេះក្នុងថ្ងៃណាមួយ ដែលនឹងអាចឲ្យភូមិ​នេះជួបអន្តរាយជាងនេះទៀត។

អ្នកភូមិដែលមិនមានការយល់ដឹង សម្លក់សម្លឹង ឌឺដង បញ្ឆិតបញ្ឆៀង មិនរាប់រក មិន ហៅរក មិន​ទាក់ទងជាមួយនាង និងប្តីនាងទេ។ ចិត្តឈ្នានីសរាលដាលកាន់តែធំ ទៅៗ សូម្បីក្មេងតូចៗ ក៏មិន​គោរព ឬហៅរកនាង ដូចមុនដែរ។ ក្នុងស្ថានភាពបែបនេះ បុរសជាប្តីនាង បានលោងលោមនាង នាំ​នាង​ឲ្យ​ទៅរស់នៅក្នុងភូមិស្រុករបស់ខ្លួន តែ នាងនៅមិនដាច់ចិត្តចាកចោលទីកំណើត មិនចង់ទៅ​ឆ្ងាយ​ពីផ្នូរ​ម្តាយ ក៏តាំងចិត្តរស់ នៅ ដោយប្តូរ ទីកន្លែងទៅនៅឯចុងជ្រលង ឆ្ងាយពីគេឯងវិញ។

ខ្ទម​សុភមង្គល​ថ្មីមួយកើតមាន កួយស្រីចាប់មានផ្ទៃពោះ នាងរីករាយណាស់ បុរស​ ជាប្តី​ក៏​សប្បាយ​ចិត្ត​ណាស់ដែរ ទាំងពីរនាក់ប្តីប្រពន្ធខំរានដីដាំដុះចិញ្ចឹមសត្វសម្រាប់ ផ្គត់ផ្គង់ជីវភាព។

នេះហើយជាជីវិតដែលបងធ្លាប់ប្រាថ្នា(បុរសនិយាយទៅប្រពន្ធ)។

តែអូនមិនចង់ឲ្យបងអស់ប្រាថ្នាត្រឹមនេះទេ អូនសុំឲ្យបង ជួយបងប្អូនកួយយើងផង អូនដឹង​ថាបងមានគំនិត ចេះច្នៃប្រឌិតច្រើន សូមបងជួយធ្វើម៉េច ឲ្យជ្រលងនេះរួចផុត ពីក្តីក្រ រួចផុតពីការផ្សងព្រេងក្នុងព្រៃដើម្បីរស់ អូនចង់ឲ្យពួកគេរស់ដូចយើង មិនខ្វះ មុខខ្វះក្រោយរាល់ថ្ងៃ។

បងមិនជំទាស់នឹងគំនិតអូនទេ តែមិនដឹងថា ពួកគេពេញចិត្តឲ្យយើងជួយដែរឬអត់។​ 

អូនក៏នៅបារម្ភដែរ ពិសេសគិតធ្វើយ៉ាងណា កុំឲ្យអ្នកភូមិស្អប់ខ្ពើមយើងដូចពេល នេះ។ បង​ដឹងទេ ប៉ុន្មានថ្ងៃមុន បងក្រឹង កូនពូមេភូមិចេះតែមកក្រវែលៗជិតៗផ្ទះ យើង គាត់មិនឃើញខ្ញុំទេ។

តាមបងដឹងក្រឹងមិនហ៊ានធ្វើអីយើងទេ តែយើងត្រូវប្រយ័ត្ន ព្រោះទីណាក៏មិនមាន សន្តិសុខ​គ្រប់គ្រាន់ដែរ ពិសេសក្នុងជ្រលងដែលមិនមានច្បាប់ក្រម រិតតែយើងត្រូវ ប្រយ័ត្នទៀត។

កួយស្រីនាងពេញចិត្តនឹងស្វាមីណាស់ ឯបុរសចំណូល ស្រុកក៏បេតីនាងណាស់ដែរ គឺនាយ​លួចស្រឡាញ់នាង តាំងពីខ្លួននៅមានរបួសម្ល៉េះ ក្នុងចិត្តគិតថានឹងនាំម្តាយ មកដណ្តឹងនាងធ្វើជា​ប្រពន្ធ។ តែពេលនេះបាននាងជាប្រពន្ធហើយ​ នាយនឹកគិត ដល់ម្តាយដ៏គួរឲ្យគោរព និងប្អូនៗជាទីស្រឡាញ់។ មិនដឹងថាម្តាយ​គិតមកលើខ្លួន ប៉ុនណា ព្រោះក្នុងគ្រួសារកូនប្រុសមានតែម្នាក់ ជាប់ភារៈ​ក្នុងការងារ។ ខេត្តកំពង់ ឆ្នាំងមិនឆ្ងាយទេ តែច្រើនខែហើយ ម្ដាយកូនមិនដែលបានទទួលដំណឹងពីគ្នាសោះ។ សេចក្តីស្នហា រវាង​ស្រីកួយ និងបុរសខ្មែរកាត់ចិន ពោរពេញដោយឧបសគ្គ ធ្វើឲ្យគូ ស្នេហ៍មួយគូនេះ លង់​ក្នុង​សមុទ្រទុក្ខ។

គ្រាមួយ... ខ្យល់រដូវក្តៅបោកបក់យ៉ាងខ្លាំង ហើយគួច យកផ្ទះ​សម្បែងរបស់ជាតិ កួយខ្លះទៅ​ជាមួយផង។ អ្នកស្រុកដែលបាត់បង់លំនៅ មានសេចក្តីក្តៅក្រហាយ ​ខ្លាំង ណាស់ ពួកគេមានជំនឿថា អារុក្ខអារក្សរក្សាព្រៃភ្នំនេះ នៅតែខឹងសម្បានឹងយ៉ា ឌីនហើយ ទើបដាក់បណ្តាសារ ដល់ភូមិរបស់គេយ៉ាង​នេះ។

នាងនេះពិតជាចង្រៃមែន លោកមេភូមិ ថាអីចេះខុស (កួយម្នាក់និយាយទាំងក្នុងចិត្ត ពេញ​ដោយកំហឹងចំពោះយាឌីន)។ មិនបានប៉ុន្មានខែផង ជ្រលងភ្នំនេះរង​វិនាសកម្ម ដោយ សាវា(បុរសចំណាស់ម្នាក់បន្ថែម។ ធ្វើឲ្យមនុស្សក្នុងព្រៃទំរីងមួយចំនួន គិត ឡើងវិញពីរឿងដែល​រលុបបាត់ពីអារម្មណ៍របស់គេទៅ​ហើយ)។ កួយស្រីមិនតបតអ្វី នឹងញាតិទេ នាងនៅស្ងៀមរង់ចាំប្តី ដែលចេញទៅរកពូជ បន្លែបង្ការ​តាំង​ពីព្រលឹមម្ល៉េះ មិនឃើញមកវិញសោះ មួយស្របក់អ្នកភូមិដែលនៅជុំគ្នា ខ្សឹបខ្សៀវពីម្នាក់ទៅម្នាក់ ហើយ​ក៏បែកគ្នាទៅផ្ទះរៀងៗខ្លួនដោយមិនទាំងអើពើលាម្ចាស់ផ្ទះផង។

យ៉ាឌីន នាងរង់ចាំផ្លូវប្តីពីមួយថ្ងៃទៅមួយថ្ងៃ ចាំរាល់រាត្រី រហូតដល់ឆ្លងទន្លេម្នាក់ឯង និងពេល​នេះ​កូនស្រីនាង មានអាយុដប់ខែទៅហើយ នៅតែមិនបានទទួលដំណឹង អ្វីបន្តិចសោះ ពីកំពូលដូងចិត្ត​របស់នាង។ ទឹកភ្នែកនាងហូរមកសស្រាក់ អារម្មណ៍ នាងអណ្តែតអណ្តូង នាងគិតៗដល់ប្តីនាងរាល់​វេលា។ ការរង់ចាំរបស់នាង ធ្វើឲ្យ នាងរឹតតែអស់សង្ឃឹមទៅៗ។ រាងកាយនាងស្គមស្គាំង អស់លម្អរ​ជាស្រី ដែលធ្លាប់ ធ្វើឲ្យបុរសកួយរាប់សិបនាក់លង់ស្នហ៍។​ ម្យ៉ាងនាងរែកពុនការងារសព្វយ៉ាង ដើម្បី​ជីវភាពរស់នៅ ម្យ៉ាងត្រូវមើលថែថួនកូន​ផង ជាងនេះទៀត ក្រុមហ៊ុនអភិឌ្ឍន៍ព្រៃ ទំរីង បានបង្ខំឲ្យនាង និងអ្នកភូមិប្ដូរលំនៅ ព្រោះគេត្រូវការដាំកៅស៊ូតាមផែនការ របស់គេ ដែលធ្វើឲ្យយ៉ាឌីនរឹតតែលំបាកចិត្តថែមទៀត។

ឯប្តីរបស់នាងវិញ។ ប្តីរបស់នាងស្លាប់ទាំងវេទនា ស្លាប់ទាំងបិទភ្នែកមិនជិត ព្រោះ តែអាល័យ​ប្រពន្ធ គិតដល់​ប្រពន្ធជាទីស្នេហា។ ថ្ងៃនោះ បុរសប្តីនាងកួយបានសុំនាង ទៅទិញថ្នាំសង្កូវ ពូជបន្លែបង្កានៅឯ​ផ្សារដ៏សែនឆ្ងាយ រៀបលាប្រពន្ធទៅនាយ បាន ផ្តាំនាង៖

អូនបងទៅផ្សារមិនយូរទេ បងប្រញាប់ស្រូតមកវិញ អូនកុំទៅណា កុំធ្វើការងារ អីធ្ងន់ ព្រោះ​ពោះកាន់តែធំហើយ មើលរក្សាសុខភាពខ្លួនឯងឲ្យមែនទែនណា៎ ថ្នាំបងដាំទុក អស់ហើយ អូនប្រឹងញ៉ាំ​ទៅ ទោះជាល្វីងបន្តិចមែន តែវាជួយអូននៅពេលឆ្លងទន្លេ កុំ កុះភ្លេចញ៉ាំថ្នាំ ជាតិដែកផង។

អូនដឹងហើយ! បងប្រញាប់ទៅចុះ។

អូនស្អប់បងហើយនេះ បានជាដេញបងអីចឹង។

អត់ទេ អូនដេញព្រោះចង់ឆាប់បានឃើញបងត្រឡប់ មកវិញ នេះបាយអូនខ្ទប់ ជាមួយសាច់​មាន់ព្រៃ...។

អីចឹងបងទៅហើយណា កុំភ្លេចរក្សាខ្លួនផង។

ពេលប្តីនាងចេញទៅ នាងដូចជាស្រាលខ្លួនស្កើក នាងចង់ហាមាត់ឃាត់ប្តី នាងចង់ រត់តាមប្តី​សុំទៅជាមួយ។ អ្វីដែលនាងចង់ បានត្រឹមតែគិតប៉ុណ្ណោះ នាងមិនបានធ្វើ អ្វីទេ ក្រៅពីអង្គុយសម្លឹង​តាមពីក្រោយប្តីទាំងចិត្តហ្មងសៅ។​

បងអើយអ្នកភូមិនាំគ្នាមករករឿងអូន ថាអូនជាស្រីឧត្បាត ព្រោះតែខ្យល់គួចយក ផ្ទះ​ របស់​ពួកគេ ឯមេភូមិគាត់មិនបានសម្រូល ឬដោះស្រាយអ្វីទេ គាត់រិតតែអរ ពេល ឃើញអូនទ័លច្រក គាត់​រិតតែសប្បាយពេលអូន អង្វរអ្នកស្រុកមិនស្តាប់ គាត់រិតតែ មានកម្លាំង ពេលបងមិននៅ។ ប្តីសម្លាញ់ ចាស់ទាំងនេះសុទ្ធតែមើលងាយ អូន និង បង គាត់មិនគិតអាល័យដល់អូន ដែលមានសញ្ជាតិដូច​គាត់ឡើយ។ អូនបានជម្រាប ពួកគាត់ថា យើងគួរចេះរក្សាគ្នា ជាតិយើងមានតិចនាក់ណាស់ បើយើងគិត​តែពី ឈ្លោះគ្នា កាប់ចាក់គ្នាបែបនេះ ជាតិកួយពិតជាសាបសូន្យឆាប់ៗ មិនចាំបាច់ជាតិ​ ណាផ្សេងធ្វើ​ទុក្ខបុកម្នេញទេ គឺយើងខ្លួនឯងនេះហើយ ដែលបំផ្លាញខ្លួនឯង តែពួក គាត់នៅតែមិន​យល់ គាត់តបមក​ខ្ញុំវិញ ដោយសម្តីធ្ងន់ៗថា៖ “ហងមិនមែនមាន ឈាមជ័រ ដូចពួកអញទេ នាងក៏មិនមែនជាខ្មែរដែរ អញនឹងឲ្យសញ្ជាតិទៅនាង មិន បាន ព្រោះមនុស្សដូចងែងនេះ មិនស្គាល់ទំនៀមទំលាប់ប្រពៃណី​ជាតិ​សាស្រ្ត យើង សោះ ហ៊ានលបលួចស្រឡាញ់គ្នាក្រៅតម្រា ដូចនាងឃើញស្រាប់ហើយ អារក្សអ្នក តានៅ​ជ្រលងនេះ ខឹងសម្បានឹងនាងតែម្នាក់ លោកមកធ្វើបាបពួកយើង រាប់សិបភូមិ នាងឃើញទេ មនុស្សច្រើននាក់​ណាស់រងគ្រោះព្រោះនាង”។​

ស្តាប់ពាក្យដំនៀលហើយ នាងអត់ធ្មត់មិនបានក៏តបវិញ៖

ឱ អ្នកតាម្ចាស់ព្រឹក្សព្រៃអើយ! ខ្ញុំក៏គោរពលោកណាស់ដែរ ខ្ញុំសែនថ្វាយជូនលោក រាល់​ពេលមិន​ដែលខាន មានផ្លែឈើ សាច់សត្វស្រស់ឆ្អិន។ តែខ្ញុំមិនដែលឮ លោក ទូន្មានថា មិនឲ្យខ្ញុំនេះ​យករបស់ ​ដែលខ្លួនស្រឡាញ់ មិនឲ្យខ្ញុំរស់នៅ​ជា​មួយមនុស្ស ដែលខ្ញុំស្រឡាញ់ គ្រាន់តែមានប្តីជាខ្មែរ ជាបុរស​មានសមត្ថភាពពេញជាប្រុស បែរ ជាមានគេផ្តន្ទាខ្ញុំ ហើយទម្លាក់កំហុសលើទំនៀមទំលាប់ទម្លាក់​កំហុស លើបុព្វបុរស មិនសមរម្យ​ទាល់​តែសោះ មិនទទួលខុសត្រូវទាល់តែសោះ។

និយាយបានត្រឹមនេះ មេភូមិ និងកូនគាត់សសៀរខ្លួនថយចេញពីទីនោះទៅ អ្នកភូមិ ដែលមកជាមួយ បានឮសម្តីនាង ឃើញថាសមរម្យ ក៏ទន់ចិត្តដកឃ្លាទៅផ្ទះរៀងៗខ្លួន ដែរ ដោយកាន់ជាប់ដៃនូវកាំបិត​ពូថៅ ដែលបម្រុងរំលាយផ្ទះនាងទៅជាមួយដែរ។

បុរសជាប្តីខំស្រូតរូតរះ ត្រឡប់ទៅផ្ទះវិញ នាយបានគ្រាប់ពូជជាច្រើន មានល្ពៅ ស្ពៃ សាឡាត់ ខាត់ណា ជី ខ្ទឹម។ល។ ថែម​ពីលើនេះ នាយបានទិញម្ហូបអាហារ ប្លែកៗផ្ញើ ប្រពន្ធ ដូចជានំប៉័ង ត្រីខ​កំប៉ុង​ទឹកដោះគោ... ទុកពេលនាងឆ្លងទន្លេ។ បុរសធ្វើដំណើរ​ ដោយប្រញាប់បំផុត នាយដើរតាមផ្លូវកាត់ ពេលខ្លះត្រូវហែលទឹកអូរក៏មាន។ នាយ ដើរបណ្តើរ​គិតបណ្តើរ៖

ឱ អញអើយ! ព្រាត់បែកពីស្រុកកំណើត ពីម្តាយយូរឆ្នាំហើយ ពេលនេះ ស្រុកទេស ចប់​សង្រ្គាមហើយដែរ គួរតែអញត្រឡប់ទៅរកផ្ទះ។ តែចាំពេលប្រពន្ធឆ្លងទន្លេ រឹងដៃ រឹងជើងសិន ចាំនាំ​កូន​ប្រពន្ធ​ទៅលេងស្រុកកំណើតក៏ម្យ៉ាងដែរ។

សំឡេងរណាកាត់ឈើ សំឡេងឡានដឹកឈើ នៅតែលាន់ឮ ពេលដែលនាយដើរ ឆ្លងព្រៃស្តុក នាយមានអារម្មណ៍ខ្លាចរអា ដោយព្រៃនេះឯងហើយ ដែលនាយធ្លាប់​រត់ គេចពីសត្រូវអស់ជាច្រើនយប់ច្រើនថ្ងៃ ព្រៃនេះហើយដែលជីវិតវិះតែមរណា។ ការ ឆ្លង​កាត់ទីនេះ ធ្វើឲ្យគេរម្លឹកអនុស្សាវរីយ៍ ដែលគេចាំក្នុងគ្រានោះ៖

ស្នូរកាំភ្លើងលាន់ដូចរន្ទះបាញ់ខែប្រាំង ជាច្រើនម៉ោង ក្នុងព្រៃនេះឮតែសំឡេង ស្រែក​បញ្ជាថា៖ 

ចាប់​វាឲ្យបាន ចាប់ពួកអាបង្កហេតុឲ្យបាន។ ខ្ញុំ និងអ្នកកាសែតម្នាក់ ត្រូវឆ្មាំការពារ អ្នកកាប់ព្រៃតាមប្រហារ។ អកុសលអី​ គ្រាប់កាំភ្លើងរត់ចំទ្រូងខ្ញុំ ខ្ញុំដួលសន្លប់ មិនដឹង ខ្លួន មិនដឹងថាខ្ញុំនៅទីណាឡើយ ឯអ្នកកាសែតបាត់ដំណឹង។ ពេលដឹងខ្លួនឡើង ឃើញស្រ្តីកួយ​ម្នាក់កំពុង​បន្តក់​ទឹក​ចូលមាត់ខ្ញុំ នាងបានយកក្រមាចងរឹតស្នាមរបួស ហើយដាក់ថ្នាំឫសឈើ មានក្លិនទឹកឃ្មុំផង​ បន្ទាប់មក​ខ្ញុំលែងដឹងខ្លួន។

ពេលដឹងខ្លួនម្តងទៀត ខ្ញុំនៅលើផ្ទះមេភូមិកួយ អ្នកភូមិបានប្រាប់ខ្ញុំពី​វីរៈភាព​របស់ យុវនារីកួយ ដែលពេលនេះ នាងជាប្រពន្ធរបស់ខ្ញុំ នាងជាអ្នកជួយ​សង្រ្គោះខ្ញុំ ខ្ញុំមាន ចិត្តស្រឡាញ់​នាង តែមិនមែន​ដោយសារតែនាងជួយខ្ញុំទេ ផ្ទុយទៅវិញនាងជានារី​ ម្នាក់ដ៏ក្លាហាន ស្អាតបាត ពីធម្មជាតិ ដែលខ្ញុំធ្លាប់ស្រម៉ៃ ធ្លាប់ប៉ង ធ្លាប់គិត និង​ប្រាថ្នា ពីមុនមក​។ ខ្ញុំមិនប្រកាន់ថានាងជាកួយ ឬជាតិសាស្រ្តអ្វីទេ ខ្ញុំមិន​ខ្លាចពាក្យចំអក របស់នរណា​ទាំងអស់ ខ្ញុំទទួលខុសត្រូវលើជីវិត និងអនាគត​ខ្លួនឯង។

បន្ទាប់ពីសែនព្រេនបានគ្នាជាប្តីប្រពន្ធ យ៉ាឌីនប្រាប់ខ្ញុំថា៖ ប្រហែលបងជាគូនឹងអូន ហើយ បានជាលោកតា ម្ចាស់ទឹកដីទំរីងនេះ ឲ្យអូនជួបបង និងជួយបង។ បងដឹងទេ កាលនោះ ពេលឃើញរបួសបង​ភ្លាម​នរណាៗ ក៏ថាបងស្លាប់ដែរ តែអូនមិនអស់ចិត្ត ទៅស្ទាបជីពចរ មើលទើបដឹងថា បងនៅមានជីវិត។ ខ្ញុំ​លើកបងមិនរួចទេ។ អ្នកជីក ក្តួច បេះផ្សិតជាមួយគ្នា ពេលឃើញបងគេ មិនសូវអើពើទេ ខ្ញុំបានអង្វរគេឲ្យជួយបង  ពិសេស អង្វរកូនលោកមេភូមិឲ្យជួយ គាត់ជួយទាំងទើសទាល់ តែយ៉ាងណាក្តី បង មានជីវិតហើយ បងជាប្តីអូនទៀត បង​ត្រូវរក្សាអូនផង...

បងក៏ឃើញ ស្រុកយើង ដោយសារអំពើពុករលួយ ដោយសារភាពផ្ដាច់ការរបស់ អ្នក មានអំណាចខ្លះ បានធ្វើឲ្យព្រៃឈើ ដីធ្លី របស់អ្នកក្រីក្រនៅតាមទាំងទីក្រុង និងទីជន បទ  ត្រូវអ្នកមានទ្រព្យ ជនបរទេស និងអ្នកមានសក្តិយសដណ្ដើមកាន់កាប់ទាំង ងងើល។ អ្នកមាន មានប្រាក់វាល់លាន អ្នកក្រ ក្ររហូតរកអ្វីបរិភោគគ្មាន គ្មានផ្ទះ សម្រាប់ជ្រក ព្រោះតែការអភិវឌ្ឍន៍ដ៏កំរោល ឥឡូវដល់ទីទំរីងហើយ ពួកយើងនឹង បាត់បង់ព្រៃនេះ ពួកយើងនឹងទៅជាអ្នកទោស ព្រោះការពារទឹកដីនេះ តែយើងត្រូវ តែធ្វើ សូមបងជួយគិតគូរជួយសហគមន៍អូនផង។

យ៉ឌីន! បងជាអ្នកអភិរក្សធនធានធម្មជាតិ បងស្រឡាញ់ធម្មជាតិ បងមិននៅស្ងៀមទេ បងប្រឹងប្រែងជួយអូន និងសហគមន៍នេះ ដើម្បីការពារធនធានធម្មជាតិរបស់ កួយ និងខ្មែរ។ តែបងអាណិតលោកពូមេភូមិត្រូវគេចាប់ខ្លួនគាត់បាត់ហើយ មិនដឹងថា វាសនារបស់គាត់នឹងទៅជាយ៉ាងណាទេ។

អូនក៏អាណិតពូមេភូមិដែរ គាត់ដឹងខ្លួនថាចាញ់កលគេ គាត់កំពុងតែរៀបចំឯកសារ ដើម្បីទទួលកំហុស ដើម្បីមកស្រាយប្រាប់ប្រជាជន និងអ្នកនៅខាងលើ តែមិនគួរ ណា គាត់ត្រូវគេចាប់យកទៅបាត់សោះ។ ពូមេភូមិមានចំណុចខ្លាំង និងខ្សោយទោះ យ៉ាងណាក្ដី គាត់ជាអ្នកចាស់ស្រុកចាស់ស្រែលើទឹកដីនេះ។ តែអូនសង្ឃឹមថា ពូមេ ភូមិនឹងត្រលប់មកវិញ។

គិតទៅប្រពន្ធខ្ញុំបានសមតាមបំណងមែន ខ្ញុំបានយ៉ាឌីនជា​ប្រពន្ធ មានសុភមង្គល ណាស់ក្នុងជីវិត​នេះ។ ព្រោះ​នាងមានសម្បជ្ជញៈគួរឲ្យគោរព មានជីវិតសុខសានមិន រំខានអ្នកដ៏ទៃ ជីវិតនាងនាងស្ងប់ស្ងាត់ រស់នៅជាមួយភាព​សាមញ្ញៗរាល់ៗថ្ងៃ។ ខ្ញុំ នឹងបរិយាយពី​សេចក្តីសុខ ដែលខ្ញុំមានមិនអស់ទេ ដូចលម្អង​ផ្កាដែលមានតែ​សត្វឃ្មុំ ទេ ដែលក្រេបយករសនេះបាន។

ឱ ក្លិនរំដួល ក្លិនឆួលមាននៅក្នុងព្រឹក្សព្រៃ តើមានមនុស្សប៉ុន្មាននាក់ ដែលយល់ពី រសជាតិ​នេះ ហើយស្មោះត្រង់ចង់ណែបនិត្យ ក្នុងទីដ៏ស្ងាត់ជ្រងំបែបនេះ។

គេសញ្ជឹងគិតដល់អនុស្សវរីយ៍របស់គេ ដែលមានក្នុងព្រៃឡង់ ព្រៃទំរីងនេះរហូត ទោះជាហេវហត់អស់ កម្លាំងយ៉ាងណាក្តី នាយមិនហ៊ាន បង្អែបង្អង់​យូរឡើយ ព្រោះ នៅឯផ្ទះមានប្រពន្ធជាទីស្រឡាញ់រង់ចាំ។ ដំណើរញាប់ស្អេក និងប្រយ័ត្នបំផុត ភ្លាម នោះបុរសទុចងក់វិញ ដោយនៅពីមុខមានទាហានប្រាំនាក់កំពុងតម្រង់កាំភ្លើង មក រកខ្លួន។ ខ្មាន់កាំភ្លើងម្នាក់និយាយ៖

មិននឹកស្មានថាបានជួបឯងម្ដងទៀតសោះ កាលមុនឯងមិនស្លាប់ តែសំណាងមិន ដែលមានចំពោះតែឯងម្នាក់ គ្រប់ៗពេលឡើយ។

ថាតែប៉ន្មានម៉ាត់ប៉ុណ្ណោះ គេគាល់កៃកាំភ្លើង។ សូរគ្រាប់ផ្ទុះ និងឈាមហូរចេញពីខ្លួន របស់នាយ... ដង្ហើមនៅមាន តែនាយខ្សោយកម្លាំង នាយបើកភ្នែកស្ដាប់ការគម្រាម របស់គេទៀតថា៖

អញស្អប់អ្នកប្រឆាំងណាស់ អញស្អប់ពួកឯងណាស់ ពួកឯងនេះហើយ ដែលរាយ ការណ៍ពីការកាប់ឈើ របស់ក្រុមហ៊ុនយើងទៅពួកបរទេស ឯងដឹងទេ ថៅកែយើង ទទួលបានសិទ្ធិស្របច្បាប់ធ្វើវិនិយោគលើទឹកដីនេះហើយណា៎។ ឯងនេះម៉េច ក៏មាន ក្បាលជាពួកបស្ចឹមប្រទេស។ ស្លាប់ទៅ...

គេបាញ់អ្នកកំពុងតែរបួសថែមពីរបីគ្រាប់ថែមទៀត មុននឹងចាកចេញទៅ។ បុរស យើង មិនអាចធ្វើអ្វីបាន ព្រោះស្នាមរបួសមានច្រើនកន្លែង ឈាមក៏ហូរមកច្រើនដែរ នាយបានត្រឹមតែគិតដល់ប្រពន្ធ ដែលទន្ទឹងរង់ចាំផ្លូវ៖

ប្រពន្ធសម្លាញ់ អូនប្រហែលទន្ទឹងផ្លូវបងស្លាប់ហើយ តែអូនមិនដឹងថាបង កំពុងជួប គ្រោះទេ។ អូនអើយ ពេលនេះបងមិនមានកម្លាំងគ្រប់គ្រាន់នឹងទៅជួបអូនឲ្យបាន ឆាប់ទេ ខ្លួនប្រាណបងបងរបួសសុះ ធ្ងន់​ធ្ងរណាស់ ឈាមហូរមិនឈប់សោះ...

ថ្ងៃគងជើងព្រៃ កួយស្រីនៅអង្គុយទន្ទឹងផ្លូវប្តី ដោយក្តីព្រួយបំផុត៖“ប្តីអើយ! ឬមួយបង ត្រូវពួកចិត្ត អាក្រក់ធ្វើបាប ឬមួយបងវង្វេងព្រៃ បើមិនអីចឹងទេ ឬមួយ​បង​អស់ ចិត្តពី អូន។​ បងអើយ! ក្នុងប្រការណាក៏ដោយ អូនមិនចង់ព្រាត់បែកពីបងទេ”។

ផ្ទៃមេឃក្រហមឆ្អិនឆ្អៅនៅបស្ចឹមទិស សំឡេងទោចភ្នំយំ ឆ្លងឆ្លើយពីចុងព្រឹក្សា សូរ ល្វើយៗ​រសាត់មកប៉ះនឹងអារម្មណ៍ស្រីកំពុងរង់ចាំប្តី បាននាំចិត្តដែលកំពុង កណ្តោច កណ្តែងស្រាប់ ឲ្យកាន់តែ​រសាប់រសល់ប្រមល់ពេញប្រាណ សំឡេងទោច ធ្វើឲ្យនាង គិតអាណិតខ្លួនពន់ពេក៖ ឱ!ទោចអើយ សំឡេងយំដូចជាប្រាប់ពីប្រថ្នូល នៃសេចក្តី ព្រាត់ប្រាស អ្នកយំប្លែកសព្វមួយដង  សំឡេងអ្នកនាំចិត្តខ្ញុំឲ្យសង្វេគខ្លោចផ្សា ធ្វើឲ្យ ទ្រូងខ្ញុំរងា កំព្រាឯកា ឬមួយក៏ទោចដឹងថា ប្តីខ្ញុំមិន​ត្រលប់មកវិញទេ? ប្តីខ្ញុំទៅចោលខ្ញុំ ហើយឬ? តើប្តីសម្លាញ់ទៅណា ម្តេចគ្មានមេត្តាដល់ចិត្ត​ស្នេហា​របស់អូន?

សេចក្តីខ្សឹកខ្សួលអួលពេញឱរ៉ា ពើតផ្សាព្រោះព្រាត់ពីស្វាមី ទឹកភ្នែករាប់សិបដំណក់ ហូរ​ស្រក់​ជោគផែនថ្ពាល់​ស្រី ក្រោមស្នូរផ្គររន្ទះខ្ទរដីគួរឲ្យព្រឺខ្លាច។

កួយទួញសោកា ដោយបាត់ស្នេហាសំណព្វ ទួញយំរាល់ថ្ងៃយប់ យំមិនឈប់ឡើយ ណា។ កួយស្រីនៅជើងភ្នំ ស្រីអើយស្រីយំប្រាថ្នា ពន្លត់ទុក្ខា ព្រោះតែស្នេហាប្រុស ថ្លៃ។ បាត់ឈឹងដំណឹងបង រៀមបងអូនផ្សងនិស្ស័យ ទ្រូងរែងអាល័យ អាលោះ ស្ទើ ក្ស័យសង្ខា។ សព្វដងបងអើយ បងមិន​កន្តើយ​ឡើយណា ដឹកដៃរៀមរា គយគន់ ព្រឹក្សាផ្កាព្រៃ។ អូនចាំទាំងអស់ ចិន្តាស្រណោះសំដី វាចារ​មានន័យ ស្រីអើយ អើយ ស្រីបងស្មោះ។ អូនឮពាក្យនេះ ពាក្យចេញពីបេះដូងបងសោះ អស់ន័យ​ទាំងអស់ ពេល​បានសម្ភស្សអូនស្រី។

ឯបុរស ដែលកំពុងឈឺត្រដាបត្រដួស គិតអាល័យដល់ប្រពន្ធ និងកូនដែលនៅក្នុង ផ្ទៃជានិច្ច។ ជីវិតបានឆ្លង ផុតពីការតាមសម្លាប់របស់ជនខិលខូចម្តងហើយ មិនគួរ ណាមកក្ស័យដោយពួកចោរ អ្នកបំផ្លាញជាតិសោះ៖ “អូនអើយបងកំពុង​មាន​ទុក្ខ។ បងមិនមែនគេចកែដោះ ដៃពីអូន និងកូនទេ អូនប្រហែល​មិនម៉ៃ គិតថាបងជាប្រុស​គំរក់បែបនេះឡើយ។ បើអូនគិតបែបនេះមែន គឺអូន កំពុងដាក់ទណ្ឌកម្ម​ដល់បងថែម ទៀតហើយ។

នាងកួយនៅមិនសុខមិនសាប់ ឲ្យតែឮសំឡេងអ្វីបន្តិច នាងលបលួចមើលទៅខាង ក្រៅ ក្រែងប្តី​លោនាងវិលវិញ៖ “អូនស្នេហ៍បង ប្រុសបង បងដឹងហើយ  ដូងចិត្ត អើយ បងអើយ អើយចិត្តបង ម្តេចដាច់ចិត្ត កាត់ចិត្ត ចិត្តអូនផ្សង ប្រុសបងចង បងចង ចង ចិត្តស្រី។ ពាក្យបងថា ពោលថា ថាលាទៅ ឆ្ងាយលំនៅ ធ្លាប់នៅ នៅមេត្រីស្រឡាញ់ ពិត ស្នេហ៍ពិត ពិតឥតន័យ ឲ្យរូបស្រី ចិត្តស្រី ស្រីសោកា។ អូនទុក្ខធំ រិត ធំ ធំជាងភ្នំ អង្គុយយំ គេងយំ យំខ្លោចផ្សា ដោយនឹក បងឱបង បងទៅណា ប្រាប់ ផង ណាបង ណា ណាអ្នកថ្លៃ។ ម្តេចមិនឮ មិនឮ សោះសំឡេង អូនវង្វេង ម្នាក់ឯង ក្នុងរាត្រី មិន បានជួប មិនជួប មុខចរណៃ ប្រាណអាល័យ អាឡោះ សោះចិន្តា៕

No comments:

Post a Comment