Sunday, January 27, 2013

ចោរ

By Tararith

មានចោរនៅក្នុងស្រុក           រុលសម្រុកផ្ដុំកម្លាំង
លួចទ្រព្យហើយតតាំង         ម្ចាស់ជាខ្មាំងរបស់ជាតិ។
ចោរមានគ្រប់សណ្ឋាន         ចង់មានបានខ្លាំងក៏ឆ្លៀត
បន្លំលួចថែមទៀត                ម្ចាស់រត់ព្រាតចែកផ្លូវគ្នា។
មិនថាថ្ងៃឬយប់                   លួចមិនឈប់ទ្រព្យប្រជា
ច្បាប់មានមិនធានា              អ្នកការពារក៏មិនស្មោះ។
ទ្រព្យធនដែលរកបាន          មិននឹកស្មានគេរឹបអស់
អំពាវនាវស្ទើរខ្សោះ              មិនដែលសោះជួយសង្រ្គោះ។
មានតែដាក់បន្ទុក                 ម្ចាស់ជាប់គុកកម្មរងគ្រោះ
ឯចោរបានរួចរស់                 កេរ្ដិ៍ឈ្មោះខ្ពស់កម្រិតជាតិ។
ចោរកាន់តែព្រហើន             កាន់តែផ្កើនបន្ថែមស្នៀត
ដីធ្លីព្រៃកាប់វាត                   ម្ចាស់ទៅបៀតបាញ់ប្រហារ។
ចោរប្លន់ល្បីសាយសុះ          គ្មានកំហុសទោសឡើយណា
ឬសង្គមនេះផ្ដាច់ការ            មានចេតនាបំផ្លាញរាស្រ្ត។
ស្ទើរគ្រប់ទីកន្លែង                 ផ្ទះសម្បែងឈូសវិនាស
គ្មានអ្វីអាចបញ្ចៀស             ទុក្ខនិរាសរឹតខ្លោចផ្សា។
ចោរម្ហាមានអំណាច             គ្រប់គ្នាខ្លាចឬយ៉ាងណា
ឬរួមគ្នាតវ៉ា                         សហការការពារធន។
បើនៅតែបណ្ដោយ              ខ្លាចមុខក្រោយបថុជន
បន្ថែមទុក្ខទារុណ                គ្រប់គ្នាធ្ងន់ធ្ងរថែមទៀត៕

No comments:

Post a Comment