Thursday, June 4, 2015

សង្វេគ

By Tararith



សង្វេគម្ល៉េះណា                ប្រជាតវ៉ា
ការពារទឹកដី                     ឯបញ្ញាជន
ឧត្ដមមន្រ្ដី                        សប្បាយស្រាស្រី
ធ្វើហីតាមចិត្ត។
សង្វេគថែមទៀត              មន្រ្ដីខ្លះឆ្លៀត
វាតមិនអាណិត                 ដីស្រែភូមិដ្ឋាន
រុញច្រានមិនគិត               អ្នកច្បាប់ឃុបឃិត
ងងឹតសង្គម។
សង្វេគហួសស្មាន             អ្នកឆ្លាតគេបាន
ប្រាណរស់សុខដុម            ឯអ្នកបាត់បង់
ជួបនឹងទុក្ខធំ                    ទឹកភ្នែកយែកយំ
សង្គមនេះណា។
បើបាត់ទឹកដី                    អ្នកក្រ សេដ្ឋី
សូម្បីទេវតា                      បានអីនឹងរស់
ឈ្មោះជាខេមរា                 ពិតបាត់សាវតា
ជាខ្មែរគ្រប់គ្នា។
សង្វេគព្រោះជាតិ              ជាតិខ្មែរជាញាតិ
ខ្លះឆ្លៀតចងពារ                អំណាចស័ក្កយស
មានឈ្មោះជាល្វា              ចេញមុខការពារ
សត្រូវឈ្លានពាន។
ប្រជាធម្មតា                      បូជារក្សា
ហានក្លារកគ្មាន                 ប្រឈមសត្រូវ
គ្រប់ផ្លូវរុករាន                   ជាតិឯងព្រមាន
អ្នកឈ្លានរីករាយ។
ដីគោកដីកោះ                   ដុះស្លាបហើរហោះ
សោះសឹងរលាយ              បង្គោលព្រំដែន
បត់បែនយ៉ាងងាយ            អ្នកឈ្នះពេបជ្រាយ
មើលងាយសាវតា៕

No comments:

Post a Comment