Friday, December 27, 2019

កម្មករ


By Tararith

ខំរើបម្រះទៅស្រុកគេ                            លំបាកម្ល៉េះទេពៅព្រលឹង
ម្ដងណាក៏គេចាប់មកញឹង                      វាយតាមកំហឹងលើរូបបង។
អូនអើយបងទ្រាំទ្រមទាំងខ្លួន                 កាយស្គមមិនធួននឹងដំបង
ខ្នងឈឺខ្លោចផ្សាតែរាល់ដង                    បងប្រឹងហែលឆ្លងព្រោះតែប្រាក់។
ស្រុកសៀមស្រុកឈាមខ្មែរហូរចេញ        គេចាប់បណ្ដេញខ្នោះច្រវ៉ាក់
ទាំងហ្វូងដូចសត្វក្រោលគេចាក់             ទាំងឡានដឹកដាក់ដល់ព្រំដី។
បើអូនបានឃើញនឹងអាណិត                 សង្សារអូនពិតណាពិសី
បងលូនបងរត់ទៅជាថ្មី                          មេខ្យល់លកលៃសណ្ដោងទៅ។
ប្រាក់បាតដែលផ្ញើអូនរាល់ខែ                 ញើសហូរឥតល្ហែគ្មានរដូវ
តាមសំយាបផ្ទះក៏បងនៅ                       ជួនរត់អស់ផ្លូវប៉ូលីសចាប់។
ជួនគ្មានអាហារបាយនិងទឹក                  រត់គេចវវឹកគេចពីច្បាប់
មានម្ដងសក់បងគេកោរប្រាប់                 ម្ដងទៀតគេចាប់ដាក់គុកធំ។
ប្រសិនរឿងនេះអូននាងដឹង                   លំបាកយ៉ាងហ្នឹងណាមាសមុំ
អូនស្អប់ឬខឹងឬអូនគុំ                            ឬព្រួយអូនយំអាណិតបង។
អូនអើយបើបងអាចធ្វើបាន                   មិនប្រថុយប្រាណសូម្បីម្ដង
តែនេះបងទ័លទើបខំផ្សង                     សន្សំប្រាក់សងបំណុលម៉ែ។
ដូចអូនដឹងស្រាប់ច្បាប់ស្រុកយើង           ផ្ទះបងរលើងដីផងដែរ
គេរឹបគេរុះយកហូរហែ                          ពៅអើយមានតែចាកចោលស្រុក៕

No comments:

Post a Comment