Wednesday, January 20, 2016

ភៀសខ្លួន

By Prasat

កាលរត់ចោលស្រុក     ពួកយួនសម្រុក           វាយលុកចូលខ្មែរ
ប្រជាគ្រប់គ្នា               រងារឥតល្ហែ                គ្មានអ្នកមើលថែ
សង្រ្គោះជីវិត។
កាលនោះឯងណា        សែនកម្មខ្លោចផ្សា        មហាងងឹត
ឮតែកាំភ្លើង                ខាងជើងរោលរឹត         កម្មទាញបង្ខិត
ជាតិពិតថយក្រោយ។
សំឡេងទួញសោក       ស្លាប់ដេកដួលក្រោក    ខ្លះប្រឹងដង្ហោយ
ឲ្យជួយសង្រ្គោះ           ពីគ្រោះមុខក្រោយ        ខ្លះក៏បណ្ដោយ
តាមតែវាសនា។
ជីវិតព្រាត់ប្រាស          បានឃើញជាក់ច្បាស់   ដូចអនាថា
រត់ចោលប្រទេស         ត្រូវគេប្រហារ             គួរឲ្យខ្លោចផ្សា
សាវតាសង្រ្គាម។
អាណិតរាស្រ្ដខ្មែរ         ទីក្រុងស្រុកស្រែ          មិនបានស្ងប់ស្ងៀម
ឆ្លងដែនរហូត               របូតស្រុកសៀម          ក្នុងទ្រូងមានបៀម
ទុក្ខព្រួយចម្បែង។
ប្រឹងស៊ូបម្រះ              ប្រជាក្មេងចាស់           ដឹងច្បាស់ខ្លួនឯង
ជាតិគេទន្រ្ទាន             ឈ្លានពានឥតក្រែង      លុះយូរអង្វែង
ស្ដែងជាប្រវត្តិ។
ទុក្ខហួសបរិយាយ        គ្មានឡើយសប្បាយ     កាយគេវាយវាត់
គេចយួនជួបសៀម       នៅត្រៀមជញ្ជាត់         ខ្មែរយើងខ្ចាត់ព្រាត់
សៀមទាត់ញាត់គុក។
ខ្លោចផ្សាពេកក្រៃ         ចូលដល់ដីថៃ              ជួបមហាទុក្ខ
សៀមបាញ់ប្រហារ      ខ្មែរណាចោលស្រុក     គ្មានឡើយក្ដីសុខ
តត្រុករត់ទៅ។
នឹកឃើញរឿងនេះ        រឿងគេជាន់ជិះ             ខ្មែរស្ទើរអស់ផ្លូវ
សម្លាប់រង្គាល              គ្រប់កាលរដូវ             ជាខ្មែរគឺត្រូវ
រងនូវទោសឬ?
ភៀសខ្លួនរករស់          បែរជាជួបគ្រោះ           ចិត្តកាយចាប់ឈឺ
កាយគេវាយដំ             ចិត្តក្រំជម្ងឺ                   រស់ខ្វះពន្លឺ
ជាមនុស្សជាតិពិត។
ជនជាតិតែមួយ            ខ្លះមហាព្រួយ              ជួបតែងងឹត
អកុសលកម្ម               រាប់ឆ្នាំភ័យភិត             សង្រ្គាមមិនគិត
ប្រជាព្រាត់ប្រាស៕



No comments:

Post a Comment