Thursday, July 4, 2019

ចោលស្រុក

by Tararith

នៅក្រោមដើមពោធិ៍មានដំបូក         ធំជាជម្រកបោះអ្នកតា
ដើមពោធិ៍នោះបែកមែកសាខា        មនុស្សមន្នារអាពេលឆ្លងកាត់។
នៅចំពីមុខមានទន្លេ                      ទឹកធំម្ល៉េះទេហូររសាត់
ជន់ជោរតាមផ្លូវគួចយកបាត់           កាត់ព្រៃសម្ងាត់ពិបាកឆ្លង។
អ្នកតាមាននាមថាតានុង                មានខ្ទមចង្រ្គុងមើលអ្នកផង
ដែលជួបលំបាកឆ្លងម្ដងៗ               ខ្លះលើកដៃផ្សងសុំតាជួយ។
អ្នកខ្លះទឹកភ្នែកហូរជោរជន់             លំបាកពេកពន់ព្រួយសែនព្រួយ
ហែលឆ្លងទឹកអូរហូររញ្ជួយ             សុំតានុងជួយឲ្យបានផុត។
រដូវវស្សាទឹកធំណាស់                    តាមផ្លូវស្រឡះឃើញស្រយ៉ុត
ហែលឆ្លងម្ដងៗចិត្តសែនស្លុត          មិនដឹងឆ្លងផុតស្លាប់ឬរស់។
ណាមួយចោរព្រៃនៅកៀកក្បែរ        ពួកចោរចាំតែរុញចូលជ្រោះ
ប្លន់យករបស់ហើយឲ្យគ្រោះ           គ្មានអ្នកសង្រ្គោះពេលអាសន្ន។
មានតែអ្នកតាគឺតានុង                    អ្នកតាកំពុងស្ដាប់គេបន់
គេសែនយ៉ាងម៉េចក៏មិនស្រន់          ទោះពួកចោរប្លន់ក៏ទទួល។
អ្នកតានៅងើយកណ្ដាលព្រៃ           មានខ្ទមលើដីនៅសុខស្រួល
ឆីម្ហូបអាហារតាមសម្រួល               ប្រជាបបួលគ្នាសែនថ្វាយ។
តានុងមិនដែលស្ដីមួយម៉ាត់            យប់ថ្ងៃក៏ស្ងាត់ខ្មែរទាំងឡាយ
ពិសេសអ្នកភូមិនៅដែនអាយ          តែងតែខ្វល់ខ្វាយខ្លាចលោកណាស់៕
ថ្ងៃមួយមានជ្រូកខ្វៃដ៏ធំ                   មនុស្សម្នាកងជុំម្ហូបក្រៃក្រាស់
ពួកនេះគឺចោរព្រៃវិប្បល្លាស            ចង់កាងធ្វើម្ចាស់លើទឹកដី។
ពួកចោរបែរបន់ស្រន់សុំសុខ           តានុងសំកុកមិនស្រដី
ព្រោះតាមិនយល់ភាសាអ្វី              គិតតែពីឆីម្ហូបអាហារ។
ផ្សេងធូបក្រអូបក្លិនឈ្ងុយឆួល         តាហិតស្ទើរដួលប៉ើងដាច់ផ្ងា
ពួកចោរបែរបន់សុំតាថា                 បើបានត្រួតត្រាតាកុំព្រួយ។
តាណុងមិនតបមិនតវិញ                ក្នុងពោះតាពេញម្ហូបសារសួយ
ភ្លើងធូបភ្លើងទៀនបាយសីត្រួយ       រៀបលំដាប់ជួយយកចិត្តតា។
បង្អែបចំអាបតាមទំនៀម                បែបបទពួកសៀមមានហោរា
ចង់បានដីខ្មែរធ្វើអាណា                 ចក្រសៀមត្រូវការតាជួយផង។
ចោរសៀមតែងតែមកប្រយុទ្ធ          ឲ្យខ្មែរយើងស្លុតរុះរបង
ដូរផ្ទះសម្បែងនឹងភូមិផង                ស្រួលពួកវាឆ្លងចូលរុកគួន។
ពួកចោរទៅវិញតាពេញចិត្ត            មិនហាស្ដីពិតតែចិត្តថួន
ចង់ផ្ដាំឲ្យមកទៀតផ្ទួនៗ                  រៀបជាកងក្បួនជ្រូកខ្វៃថ្វាយ។
ឯប្រជាជននៅក្បាលស                 រត់មកឈូឆពីខាងអាយ
ប្ដឹងតានុងថាខ្មែរទាំងឡាយ            ពិតនឹងអន្តរាយដោយសារសៀម។
តានុងបានឮពាក្យអង្វរ                  ពីកសិករខ្មែរក្រំក្រៀម
រត់ចូលក្នុងរូបមនុស្សយ៉ាងស្ងៀម     ហើយតាស្រែកភ្លាមថាកុំខ្លាច។
តាថាពួកសៀមទាំងអស់នោះ         វាបង្កគ្រោះដ៏កំណាច
បើហ៊ានចូលមកតាបន្លាច               ឲ្យពួកបីសាចសៀមខ្លបម្ដង។
ថាហើយតានុងក៏បញ្ជាក់                ឯអ្នកភូមិញាក់ពេកកន្លង
តាសុំទាទឹមជ្រូកខ្វៃផង                  អ្នកស្រុកត្រសងធ្វើឈូឆ។
អ្នកតាបានម្ហូបអាហារឆ្អែត              កំទេចពួកប្រេតសៀមបង្ក
ធ្វើទុកបុកម្នេញច្រើនតំណ              អ្នកភូមិក្បាលសបានសុខសាន្ដ។
រាប់សិបឆ្នាំហើយអ្នកតានុង            ក្រំក្រៀមនៅក្នុងចិត្តនឹងប្រាណ
ខ្មែរសម័យនេះដែលមិនបាន           ខកខានសែនសោយដល់លោកតា។
ម្ដងៗតាចង់តែទៅសៀម                ស្រុកខ្មែរសង្រ្គាមយូរហើយណា
ឫទ្ធិអំណាចខ្លាំងដ៏អស្ចារ្យ               ពូកែដូចតាធុញលំបាក។
ហេតុម្ដេចក៏ខ្មែរប្រយុទ្ធគ្នា               ឲ្យរាស្រ្តរងារក្រតោកយ៉ាក
មនុស្សក្រឯតាក៏ចេញចាក              ដែនដីលំបាកចោលប្រជា៕


No comments:

Post a Comment