by Tararith
១ រស់ក្នុងដីខ្មែរថែជាយដែន
ទទួលសំណែនជាតិដ៏ទៃ
ព្រោះតែព្រាត់បាត់កូនប្រុសស្រី
ធ្លាប់ថ្វាយចំណីឆ្ងាញ់គួរគាប់។
២ ខ្ញុំជាអ្នកតារក្សាថែ
ទឹកដីដែនខ្មែរឲ្យជួបភ័ព្វ
តែកូនចៅខ្លះបោះបង់ទ្រព្យ
រត់ចោលដីធ្លាប់ជួបសប្បាយ។
៣ កាលមុនម្ហូបខ្មែរសំដីខ្មែរ
ឥឡូវនេះបែប្រែអន្តរាយ
ខ្ញុំជាអ្នកតាសែនខ្វល់ខ្វាយ
ឃើញចោរជិតឆ្ងាយថ្វាយសែនឲ្យ។
៤ ខ្មែរអើយអត់ទោសឲ្យខ្ញុំផង
សុំហែករបងយកអំណោយ
ព្រោះខ្ញុំចង់រស់ទៅថ្ងៃក្រោយ
កុំឲ្យជួបក្រតទៅទៀត៕
No comments:
Post a Comment