By Tararith
ហួសនឹងថ្លាថ្លែង សម្លាប់ជាតិឯង ជាក់ស្ដែងយ៉ាងណា
លោកឈុតវុទ្ធី ពលីដោយសារ ការពាររុក្ខា
សម្បត្តិជាតិខ្មែរ។
ហួសនឹងបរិយាយ ធនធានទាំងឡាយ បាត់បង់ហូរហែ
ដីព្រៃព្រឹក្សា កាប់ឆ្ការឥតល្ហែ បរទេសខាងក្បែរ
ចាំតែទាញផល។
គេអរសប្បាយ ឃើញខ្មែរអន្តរាយ សម្បត្តិភោគផល
ក្រតជំនាន់ ជិះជាន់លុះដល់ ព្រៃឈើនៅសល់
វាលរហោដ្ឋាន។
ដីរបស់ជាតិ ពួកគេឈ្លបឆ្លៀត វាតយកលុះបាន
បានឈើទាំងព្រៃ បំភ័យរំខាន កាប់ឆ្ការគ្មានស្រាន
ថ្កានមួយគ្រួសារ។
រាស្រ្តក្រពេញស្រុក មួយក្រុមបានសុខ មិនលប់ទុក្ខា
រាល់ថ្ងៃឃើញស្រាប់ ឈឺចាប់ខ្លោចផ្សា រត់ទៅទិសណា
គេប្រហារដែរ។
រត់ទៅស្រុកសៀម ជាតិគេសមត្រៀម បាញ់សម្លាប់ខ្មែរ
ទៅម៉ាឡេស៊ី ជាន់ឈ្លីឥតល្ហែ ខ្មែរខ្វះអ្នកថែ
សមសម័យថ្មី។
សង្ឃឹមមានថ្ងៃ ផុតកម្មចង្រៃ ឆ្ងាយអវចី
សង្គមផ្លាស់ប្ដូរ លេចធ្លោសេរី ប្រជាធិបតេយ្យ
ច្នៃនីតិរដ្ឋ។
គំរូរាប់ភ្លេច លេចដុះគេច្បិច កម្ទេចខ្ចាត់ព្រាត់
គេបាញ់គេចាប់ សម្លាប់វាយវាត់ ជួនក៏គេឃាត់
បង្ខំចូលបក្ស។
មនុស្សល្អគេដៅ សទៅជាខ្មៅ ជាប់ខ្នោះច្រវ៉ាក់
លោកឈុតវុទ្ធី ហួសពីប្រក្សត្រ ជនល្មោភមាសប្រាក់
បុណ្យសក្ដិប្រមាថ។
បើលោកនៅរស់ ពួកជនទុយស យល់ថាបង់ខាត
ក្រុមបំផ្លាញជាតិ ឈ្លបឆ្លៀតរាតត្បាត តែជនស្អាតបាត
កើតច្រើនជំនាន់។
ដឹងឮគ្រប់គ្នា សូមរួមការពារ ចៀសគេជិះជាន់
ឫសចោររល៉ើង បើយើងរូសរាន់ ជាតិខ្មែរដើរទាន់
ប្រទេសនានា៕
No comments:
Post a Comment