By Tararith
គ្រប់គ្នាបានដឹងឃើញ និងឮ ច្បាស់ពិតគិតឈឺចាប់ពេកក្រៃ
ឃើញទឹកភ្នែកខ្មែរហូររាល់ថ្ងៃ ឃើញគេក្រឡៃសជាខ្មៅ។
ឃើញជាក់នឹងភ្នែកផ្ទះរលំ ម្ចាស់ននៀលយំដង្ហោយហៅ
អង្វរលន់តួទាំងកូនចៅ ដាក់ខ្លួនស្មើស្មៅសុំមេត្តា។
ទាំងយើងទាំងគេក៏បានដឹង ដាក់ញត្តិបណ្ដឹងសុំតវ៉ា
រីឯចៅក្រមចេញដីការ ចាប់ម្ចាស់ ហានក្លាយកគួរគាប់។
យើងដឹងថាគេប្រព្រឹតខុស រាស្រ្តដូចជាឧសច្បាប់មិនរាប់
អ្នករកខុសត្រូវសម្លឹងទ្រព្យ កាត់តាមបង្គាប់អំណាចប្រាក់។
ប្រជាម្ចាស់ដីម្ចាស់លំនៅ រកខុសរកត្រូវគុកច្រវ៉ាក់
បែកព្រាត់កូនចៅផ្ទះក៏បាក់ ក្នុងអាណាចក្រដ៏ផ្ដាច់ការ។
ពាក្យអភិវឌ្ឍន៍មកបំភាន់ មានតែជិះជាន់ប្រើហិង្សា
បង្រ្កាបមិនឲ្យងើបតវ៉ា បិទខ្ទប់សង្ខារខ្មែរសោះសូន្យ។
យុត្តិធម៌នឹងលេចចេញច្បាស់ គ្រប់គ្នាបម្រះញាតិបងប្អូន
បើសម្ងំស្ងៀមគេនឹងសូន ខ្មែរទៅជាក្បូនរសាត់ឆ្ងាយ។
រសាត់ឆ្ងាយបាត់ពីទ្វីបលោក នគរគោកធ្លកធ្លាប់សប្បាយ
ជាតិដើមជាខ្មែររស់រាយប៉ាយ ប្រវត្តិខ្ចាត់ខ្ចាយមានមានរៀងមក៕
No comments:
Post a Comment