Sunday, January 16, 2011

រឿង ឃើញក្នុងFacebook

by Tararith

នៅឆ្នាំ១៩៩៤ ណារ័ត្នបានចេញទៅនៅប្រទេសអូស្រ្តាលី។ ខ្ញុំនឹកនាង
ណាស់ ព្រោះខ្ញុំបានលួចស្រឡាញ់នាង តាំងពីជួបនាងដំបូងម្ល៉េះ កាល
នោះ ប្អូនជីដូនមួយរបស់ខ្ញុំបានណែនាំខ្ញុំឲ្យស្គាល់នាង និងបងប្រុស
របស់នាង នៅផ្ទះល្វែងមួយតាមដងវិថីព្រះមុនីវង្ស។

ណារ័ត្ន នាងមិនបានរៀនសូត្រច្រើនទេ ព្រោះភូមិស្រុករបស់នាងវឹកវរ 
ដោយសង្រ្គាម។ នាងមានសម្រស់ស្រស់ស្អាតតាម របៀបជានារីជន
បទ សក់វែងធ្លាក់គ្របខ្នង មុខមាត់នាងល្អគន់ សប្បុរសណ្ដែកបាយ។

ពេលជួបនាងម្ដងៗ ក្នុងចិត្តខ្ញុំទប់មិនស្រឡាញ់នាងមិនបានឡើយ។ ពេល
ខ្លះ ខ្ញុំ កុហកខ្លួនឯងចំពោះមុខនាងរាល់តែលើក ខ្ញុំប្រឹងសម្ដែងជាធម្មតា 
តែកាពិត ខ្ញុំប្រចណ្ឌនាង ពេលឃើញនាងនិយាយស្និទស្នាលជាមួយអ្នក
ផ្សេង។ ពេលខ្លះ ខ្ញុំចង់តែនៅជាមួយនាង ចង់សារភាពប្រាប់នាង ថាខ្ញុំ 
ស្រឡាញ់នាង តែហាមាត់និយាយមិនរួចសោះ។ មុនការចាកចេញរបស់
នាង ខ្ញុំនិយាយទៅនាងថា “ណារ័ត្ន ជិតទៅប្រទេសអូស្រ្តាលីហើយ 
បន្ដិចទៀត ខ្ញុំលែងបានជួបមុខហើយ មិនដឹងថាពេលណាបានជួប
វិញទេ”។

ខ្ញុំនិយាយបែបនេះ ចង់ឲ្យនាងយល់ពីជម្រៅចិត្តខ្ញុំ ដែលលួចបេតី ចាប់
ចិត្តលើនាង។ ណារ័ត្នបានតបមកខ្ញុំវិញថា “ខ្ញុំមិនភ្លេចពូសុវណ្ណឯងទេ 
ពិសេសពូមកលេងខ្ញុំរាល់ថ្ងៃ។ ពូដឹងទេ ថ្ងៃមួយខ្ញុំមានអារម្មណ៍អផ្សុក 
តែឃើញពូមកលែង ខ្ញុំអរណាស់ មិនតែប៉ុណ្ណោះ ពូបាននិយាយកំប្លែង 
ឲ្យខ្ញុំសើចទៀត ធ្វើឲ្យថ្ងៃដែលខ្ញុំតប់ប្រមល់នឹកផ្ទះបំផុតនោះ ទៅជាថ្ងៃ
រីករាយបំភ្លេចមិនបានទៅវិញ រឿងអីខ្ញុំត្រូវភ្លេចពូងាយៗនោះ

បានឮណារ័ត្ននិយាយបែបនេះ ខ្ញុំក៏រីករាយក្នុងចិត្តណាស់ដែរ ខ្ញុំសួរទៅ
នាងទៀតថា៖ មិនភ្លេចខ្ញុំមែនឬ? ហើយនឹកខ្ញុំប៉ុនណាដែរ?

ណារ័ត្នមិនឆ្លើយនឹងសំណួរខ្ញុំទេ នាងអៀន នាងចូលទៅក្នុងបន្ទប់ មួយ
ស្របក់ ហើយចេញមកជួបខ្ញុំវិញ មុខនាងឡើងក្រហម នេះជាសភាព
អៀនប្រៀនរបស់ស្រ្ដីខ្មែរ។ ដើម្បីបន្លប់កុំឲ្យនាងខ្មាសអៀនតទៅទៀត
ខ្ញុំក៏ឆ្លើយនឹងសំណួរខ្លួនឯង ខ្ញុំដឹង គ្មាននរណាម្នាក់មិននឹកនោះទេ។ 
គ្រាន់តែបែកពីស្រុកភូមិមួយរយៈនេះ ខ្ញុំនឹកផ្ទះអើយនឹក។ ណារ័ត្ន 
ចំអកឲ្យខ្ញុំវិញ“ប្រហែលនឹកអ្នកផ្សេងទេដឹង”។ ខ្ញុំបែរជាខ្មាសសម្ដី
នាងវិញ ឯមីងម្ចាស់ផ្ទះក៏បន្ទរចំអកឲ្យខ្ញុំដែរ។


និយាយពីស្នេហាបាននាំចិត្តឲ្យរំភើប តែបើនិយាយច្រើនពេកពិតជាតាប៉ែ
ខ្ញុំចាប់និយាយពីស្រុកកំណើត ដែលខានទៅលែងច្រើនឆ្នាំហើយ ណារ័ត្ន
រ៉ាយរ៉ាប់ប្រាប់ខ្ញុំពីអ្វីដែលនាងដឹង នាងរៀបរាប់ពីភូមិស្រុកដែលនាងរត់
ភៀសខ្លួន កាលស្រុកមានសង្រ្គាម នាងធំពេញវ័យនៅក្នុងសង្រ្គាម ដែល 
កាលនោះ ពួកសេរីការបំរុងតែបង្ខំចាប់នាងធ្វើប្រពន្ធ។ តែម៉ែរបស់ណារ័ត្ន 
ដឹងសភាពការណ៍មុន បាននាំនាងមកនៅក្នុងទីប្រជុំជននៅសំរោង។

គោកមន ជាភូមិមួយក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាភូមិ
ដ្ឋានមួយដែលសម្បូរណ៍ទៅដោយអ្នកសិក្សា ណារ័ត្ន នាងមកពីភូមិជន
បទមួយនេះ តែនាងមិនបានរៀនសូត្រច្រើនទេ បងប្រុសរបស់នាងក៏
ដូចគ្នាដែរ ក្រុមគ្រួសារនាង ជាគ្រួសារមួយមានមុខមានមាត់ក្នុងទីប្រជុំ 
ជនគោកមនដែរ ព្រោះតែគ្រួសារនេះ តែងតែធ្វើបុណ្យទាន ធ្វើសាលា
រៀន ជីកអណ្ដូងទឹក ធ្វើសាលាឆទាន សាលាឆាន់ និងជាវពុទ្ធបដិមា ដាក់ 
វត្តជាដើម។ ម៉ែរបស់នាង បានទទួលការទំនុកបំរុងពីបងប្អូននៅឯបរទេស 
ដែលអ្នកស្រុកអ្នកភូមិនោះនិយាយជាសាមញថា បានដុល្លារ។

ខ្ញុំធ្លាប់ទៅគោកមនម្ដង គួរឲ្យចាប់ចិត្តណាស់ នៅតាមផ្លូវ វាលស្រែពណ៌
លឿង លាតសន្ធឹងកាត់ព្រៃរបោះ ពិសេសនៅម្ដុំទន្លេ ស មានភាពរមនា
ក្រៃលែង។

កាលណាខ្ញុំនិយាយពីទេសភាពនៅទន្លេស ណារ័ត្ន តែងតែសរសើរខ្ញុំ 
នាងថា៖ និយាយឲ្យតែគេនឹកផ្ទះ។ ល្មមធ្វើជាអ្នកនិពន្ធហើយ។ ប្រសិន ជាពូជាអ្នកនិពន្ធ កុំភ្លេចសរសេរពីខ្ញុំផង គឺសរសេរពីអ្វីដែលពូបានដឹង
ពីខ្ញុំ។ ខ្ញុំតាំងចិត្តសរសេរពីនាង សរសេរពីសេចក្ដីស្រឡាញ់ដែលខ្ញុំ
មានចំពោះនាង តែសរសេរមិនមានល្អ សរសេរមិនត្រូវ មិនដឹងថានឹង
សរសេរពីអ្វី រកពាក្យអ្វីមកដាក់ មកបរិយាយឲ្យសមនឹងទំហំចិត្ត ដែល 
ខ្ញុំមានចំពោះនាង។ តែសំណេររបស់ខ្ញុំដូចជាគ្មានពាក្យណាពិសេស
ជាងពាក្យថា ស្រឡាញ់ ស្មោះត្រង់ ចង់បានជាគូទៅអនាគត គឺខ្ញុំមានតែ 
ប៉ុណ្ណឹង។ ប្រសិនជាខ្ញុំបង្ហាញនាងពេលនោះ មិនដឹងថានាងអត់ឪនឲ្យខ្ញុំ
ឬក៏ខឹងនឹងខ្ញុំ ស្អប់ខ្ញុំ ឬយ៉ាងណា។

យើងបានជួបគ្នាច្រើនដង ខ្ញុំឃើញនាងមិនសូវជានិយាយច្រើនទេ តែ 
នាងសើចច្រើន នាងចូលចិត្តសប្បាយ មុខរបស់នាងញញឹមរហូត 
ដែលពេលបានជួបម្ដងៗ ពិបាកនឹងបំភ្លេចណាស់។ នេះជាមូលហេតុ
មួយ ដែលនាំឲ្យខ្ញុំស្រឡាញ់នាងផងដែរ។

អ្នកស្គាល់ខ្ញុំទាំងឡាយ ព្រមទាំងម្ចាស់ផ្ទះដែលណារ័ត្នស្នាក់អាស្រ័យផង 
តែងតែយល់ថា ខ្ញុំ និងណារ័ត្នស្រឡាញ់គ្នា។ ពេលខ្លះ អ្នកស្រុកអ្នកភូមិ 
ដែលមករស់នៅភ្នំពេញសួរថា ពេលណាទើបឯងរៀបការ?” សំណួរ
របស់ពួកគេ បានលើកទឹកចិត្តខ្ញុំ ឲ្យរិតតែស្រឡាញ់នាងទ្វេឡើង។ មានថ្ងៃ
ខ្លះ ណារ័ត្នបដិសេធមិនចេញមកទទួលខ្ញុំ ឬជជែកលេងជាមួយទេ យ៉ានី 
ក្មួយស្រីរបស់មីងម្ចាស់ផ្ទះ តែងតែកុហកតាមការណែនាំរបស់ណារ័ត្ន ថា 
“ពូ! បងណារ័ត្នមិននៅផ្ទះទេថ្ងៃនេះ” ឬគេថា “បងណារ័ត្នអស់កម្លាំងគេង 
លក់ហើយ” ជាដើម តែខ្ញុំដឹងថា នាងកំពុងកុហកខ្ញុំ។ គេតែងតែលលេង
បែបនេះ ដើម្បីបានដឹងច្បាស់ពីជម្រៅស្នេហាដ៏អាថ៌កំបាំងរបស់ខ្ញុំក៏មិន
ដឹង។ ពេលខ្លះ ពួកគេលួចសើចឲ្យខ្ញុំឮក៏មាន។ គ្រប់សំណួរ និងការ
សង្ស័យរបស់អ្នកដទៃចំពោះបេះដូងខ្ញុំ ខ្ញុំគ្មានសេចក្តីក្លាហានសារភាព 
ប្រាប់ពួកគេទេ។ នេះជាសេចក្តីស្រឡាញ់លើកដំបូងរបស់ខ្ញុំ ចំពោះនារី
ម្នាក់។

យើងខានជួបគ្នាប្រហែលមួយខែ ខ្ញុំរសាប់រសល់ណាស់នាង ទៅភូមិកំណើត 
ដើម្បីរកឯកសារបន្ថែម ខ្ញុំគ្មានអ្វីទាក់ទងជាមួយនាងទេ ក្រៅពីសួរនាំអ្នកស្រុក 
ដែលចេញចូលភ្នំពេញ ឬពេលខ្លះ ខ្ញុំទៅអង្គុយម្នាក់ឯងនៅផ្ទះ ដែលនាងស្នាក់ 
នៅដើម្បីបានដឹងថា នាងសុខសប្បាយឬអត់ ថ្ងៃណានាងនឹងត្រលប់មកវិញ។ ខ្ញុំស្រឡាញ់ណារ័ត្នកាន់តែជ្រាលជ្រៅទៅៗ តែខ្ញុំមិនបានធ្វើអ្វីទាល់តែសោះ 
ដើម្បីបញ្ជាក់ថាខ្ញុំស្រឡាញ់នាង មិនយូរប៉ុន្មាន នាងបានចាកចេញទៅប្រទេស 
អូស្រ្តាលី បងប្រុសរបស់នាងក៏ទៅដែរ។

បាត់ណារ័ត្នយូរឆ្នាំដែរ ខ្ញុំស្ទើរតែភ្លេចនាងទៅហើយ តែអ្នកផ្ទះខ្ញុំ ពិសេសម៉ែ 
បងខ្ញុំ និងមិត្តភក្ដិ តែងតែរម្លឹកពីនាង គេថានាងល្អ នាងស្អាត នាងសមនឹងខ្ញុំ 
ខ្ញុំក៏មិនតបតនឹងពួកគាត់វិញដែរ ចុងក្រោយខ្ញុំព្រមតាមម៉ែ ព្រោះមិនអាច 
កុហកខ្លួនឯងតទៅទៀតបាន។ ម៉ែខ្ញុំ បានទាក់ទងនឹងបងជីដូនមួយរបស់ខ្ញុំ 
ដែលរស់នៅប្រទេសស្វីស សុំឲ្យគាត់ជួយទាក់ទងទៅណារ័ត្ន ដើម្បីស្ដី
ដណ្ដឹងនាងឲ្យខ្ញុំ។ ខ្ញុំភ័យផង អរផង ពិសេសមានការខ្មាសអៀនមែនទែន 
ដែលបង្ហាញឥរិយាបទបែបនេះចំពោះនាង។ ម៉ែខ្ញុំពុះពាររកអាសយដ្ឋាន 
និង លេខទូរស័ព្ទរបស់នាង។

យើងទាំងអស់គ្នាធ្វើការងារចែចូវណារ័ត្នតាមវិធីរៀងៗខ្លួន។ បងជីដូនមួយ
របស់ខ្ញុំ បានសរសេរសំបុត្រទៅណារ័ត្ន និងមីងរបស់នាង សុំស្ដីដណ្ដឹងនាង
ឲ្យខ្ញុំពីប្រទេសស្វីស។ ម៉ែរបស់ខ្ញុំ ជួបជាមួយម៉ែរបស់ណារ័ត្ន និងបងប្អូន
របស់នាង នៅឯភូមិរបស់នាង ឯខ្ញុំវិញ បានទាក់ទងជាមួយនាងដោយផ្ទាល់ 
គឺយើងបានសរសេរលិខិតឆ្លើយឆ្លងគ្នា និងមានទូរស័ព្ទនិយាយគ្នាម្ដងម្កាល
ដែរ។ សំបុត្រដែលខ្ញុំផ្ញើទៅនាង ខ្ញុំសរសេរខ្លីៗ ជាភាសាធម្មតា មិនបានសុំ ស្នេហាពីនាង ឬធ្វើឲ្យនាងមានមន្ទិលនឹងខ្ញុំឡើយ ព្រោះរឿងចែចូវទុកឲ្យ
ចាស់ៗ ចាត់ចែងជាការល្អ។ រាល់ដងខ្ញុំតេងតែទទួលបានលិខិតវែងៗពីណា
រ័ត្ន ក្នុងលិខិត មានក្លិនក្រអូប មានបិទរូបបេះដូង និងមានសរសេរជាភាសា អង់គ្លេសថែមថយខ្លះថា “I miss you so much” ផងដែរ។ នេះជាភាសា អង់គ្លេសដំបូងរបស់នាង ព្រោះនៅស្រុកខ្មែរ នាងមិនដែលបានរៀនអង់
គ្លេសម្ដងណាឡើយ។

សំបុត្រជាងដប់ ដែលខ្ញុំបានទទួលពីនាង មានសំបុត្រខ្លះ ខ្ញុំមិនបានតបទៅ 
នាងវិញទេ បន្ទាប់មក ខ្ញុំទទួលសំបុត្រមួយថ្មីទៀត សួរនាំពីមូលហេតុដែល
ខ្ញុំមិនឆ្លើយតបនាង។ ការដែលមិនបានឆ្លើយតបទៅនាង ព្រោះខ្ញុំរវល់ពេក 
មានការងារធ្វើ ហើយចេញទៅតាមខេត្តទៀតញឹកញាប់ផង។ សំបុត្រខ្លះ ខ្ញុំ
សរសេរយូរណាស់ ព្រោះខ្ញុំព្យាយាមរកពាក្យណា ដែលស្រដៀងៗនឹងទឹក
ចិត្តខ្ញុំ បេះដូងខ្ញុំបង្ហាញទៅនាង ថាខ្ញុំនឹកនាងណាស់ ខ្ញុំមិនចង់ឃ្លាតពីនាងទេ។ 
ខ្ញុំព្យាយាមឲ្យនាងយល់ពីទឹកចិត្តរបស់ខ្ញុំ តែខ្ញុំពិតជាខ្វះភាពក្លាហានប្រាប់
នាង ថាខ្ញុំស្រឡាញ់នាង គឺខ្ញុំខ្សោយមែនទែន។

សំបុត្រមួយដែលខ្ញុំទទួលពីនាង បញ្ជាក់ពីការខិតខំរបស់បងជីដូនមួយ 
ណារ័ត្នប្រាប់ខ្ញុំថា បងរបស់ពូ ដែលនៅប្រទេសស្វីស បានសរសេរ
សំបុត្រមកខ្ញុំ ហើយគាត់បានទូរស័ព្ទសួរខ្ញុំដែរ គឺគាត់ចង់ស្ដីដណ្ដឹងខ្ញុំឲ្យពូ។ 
តែមីងបានប្រាប់គាត់រួចហើយ ថាខ្ញុំមិនទាន់រឹងដៃរឹងជើង ខ្ញុំនៅជាមួយមីង
នៅឡើយ ហើយមិនទាន់មានការងារធ្វើផង។ សំបុត្រនេះ ខ្ញុំមិនបានតប
ទៅណារ័ត្នវិញឡើយ តែខ្ញុំបានសរសេររួចហើយ ហើយសម្រេចចិត្តហែក 
ចោល ព្រោះមិនចង់រំខានចិត្តនាង។ ការដែលខ្ញុំនៅស្ងៀមក្នុងរឿងនេះ 
ព្រោះខ្ញុំគិតថា មិនចង់ឲ្យនាងយល់ថា នាងទៅរស់នៅប្រទេសអូស្រ្តាលី 
ទើបខ្ញុំស្រឡាញ់នាង ឬខ្ញុំចង់ទៅនៅអូស្រ្តាលី ម្យ៉ាងក៏មានចិត្តគិតដែរថា 
បើជាគូព្រេងគង់នឹងជួបមិនខាន។

យើងខានទាក់ទងគ្នាយូរដែរ បន្ទាបប់មកខ្ញុំបានទូរស័ព្ទទៅ លេងណារ័ត្ន 
រំពេចនោះខ្ញុំអរមែនទែន ដែលណារ័ត្នប្រាប់ខ្ញុំថា នាងនឹងមកស្រុកខ្មែរ
ឆាប់ៗ។ ខ្ញុំបានប្រាប់រឿងរ៉ាវទាំងនេះទៅម៉ែ ម៉ែថា គិតគូរខ្លួនឯងទៅ 
ព្រោះពួកឯង ស្គាល់គ្នាស្រាប់ហើយ បើកូនត្រូវរ៉ូវគ្នា ម៉ែចាំតែតាមទេ 
ព្រោះម៉ែមិនចង់បង្ខំកូន

ពីមុនម៉ែបានជួយចូកជួយចែវសម្បើមណាស់ តែពេលនេះ ម៉ែ និយាយ 
ផ្សេងទៅវិញ ម៉ែហាក់លាក់បាំងអ្វីមួយ។ ខ្ញុំនឹកក្នុងចិត្តម្នាក់ឯង តើនឹងនាំ 
នាងទៅណាខ្លះ ទៅណាក៏មិនបានព្រោះរវល់ធ្វើការងារ មិនអាចឈប់ 
ផ្ដេសផ្ដាសបានទេ។ គិតអ្វីក៏មិនចេញ បានត្រឹមតែរង់ចាំតែថ្ងៃណារ័ត្នចុះពី 
យន្តហោះប៉ុណ្ណោះ។ រាល់យប់ ខ្ញុំយកសំបុត្រដែលនាងផ្ញើមក មកអានម្ដង 
ហើយម្ដងទៀត លិខិតទាំងឡាយ គួរតែអាចបញ្ជាក់បានថា យើងយល់ចិត្ត
គ្នាបានហើយ។ ខ្ញុំមានសង្ឃឹមខ្លះ មិនមានសង្ឃឹមខ្លះ តែអ្វីដែលខ្ញុំចាំជាងគេ 
នៅក្នុងសំបុត្ររបស់ណារ័ត្ន គឺនាងបានប្រាប់ខ្ញុំថា កន្សែងបង់ក ដែលពូផ្ញើ មកខ្ញុំបានកក់ក្ដៅណាស់ បានកន្សែងនេះហើយ ដែលអាចការពារត្រជាក់
បាន ពិសេសពេលធ្លាក់ស្នូ។ គ្រប់ពេលដែលខ្ញុំប្រើ ខ្ញុំតែងនឹកឃើញពូជានិច្ច 
ពិសេស ពូចេះនិយាយកំប្លែងស្ងួត ខ្ញុំចូលចិត្ត និងនឹកពូខ្លាំងមែនទែន។ ពីមុន 
ពាក្យទាំងនេះមិនសូវមានន័យប៉ុន្មានទេ តែពេលដែលជិតដល់ ថ្ងៃត្រូវជួប
ណារត័្ន ពាក្យក្នុងសំបុត្រទាំងប៉ុន្មាន ខ្ញុំអានដូចពិនិត្យអក្សរអីចឹង នាងបាន 
សរសេរមកខ្ញុំទៀតថា សូមពូសរសេរសំបុត្រមកខ្ញុំឲ្យវែងជាងនេះបានទេ 
ខ្ញុំអានសំបុត្រពូឆាប់ចប់ពេក សំបុត្រខ្លីៗបែបនេះ ខ្ញុំអានច្រើនដងណាស់

រសៀលមួយនៃខែវិច្ឆិកា​ ឆ្នាំ១៩៩៩ ខ្ញុំបានជួបណារ័ត្ន មីងរបស់នាង និង
បងប្រុសរបស់នាង។ ណារ័ត្នសប្បាយចិត្តណាស់ នាងបានណែនាំខ្ញុំឲ្យ
មីងរបស់នាងស្គាល់ខ្ញុំបាននាំនាង និងបងប្រុសរបស់នាងមកលេងផ្ទះ 
ម៉ែរបស់ខ្ញុំសួរសុខទុក្ខតាមធម្មតា តែដប់នាទីប៉ុណ្ណោះ ណារ័ត្ននឹងបង
របស់នាងបានលាពួកយើងត្រឡប់ទៅវិញ។

បុរសស្រករខ្ញុំម្នាក់មកពីអូស្រ្តាលី គេឈ្មោះបែនដា ស្គាល់ណារ័ត្នយូរ
ហើយដែរ ហើយគេក៏មានការទាក់ទងស្រឡាញ់នាងដែរ ណារ័ត្នតែង 
តែទៅណាមកណាជាមួយគេ។ បែនដា គេមានបងប្អូនជាអ្នកធំនៅភ្នំពេញ 
ហើយគេមកបម្រើការងារ ជាមន្រ្ដីរាជការនៅភ្នំពេញ។ ការពិតគេសាក
សមនឹងណារ័ត្នជាងខ្ញុំ គឺពិតជាអីចឹងមែន ព្រោះគេមានការងារធ្វើល្អ គេមក 
ពីបរទេស គេមានសញ្ញាបត្រអនុបណ្ឌិត គេមានអ្វីៗច្រើនជាងខ្ញុំ ឯខ្ញុំវិញ
ជានិស្សិតបរិញ្ញា ដែលម្ង៉ៃៗមមាញឹកតែនឹងរៀបចំបាតុកម្ម ប្រឆាំងនឹងការ 
ជ្រៀតជ្រែកបង្ខិតព្រំដែនរបស់យួន និងសៀម ខ្ញុំចូលរួមធ្វើបាតុកម្មដើម្បី 
ទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិសេសការគៃបន្លំសន្លឹកឆ្នោត 
រាស់ពេលមានការបោះឆ្នោតម្ដងៗ គឺខ្ញុំមានតែចិត្តស្រឡាញ់ចំពោះណារ័ត្ន 
តែប៉ុណ្ណោះ។ ការដែលខ្ញុំចូលរួមក្នុងចលនាយុវជន ព្រោះខ្ញុំយល់ថា ជីវិត
ខ្ញុំកើតមក ទីមួយគឺខ្ញុំត្រូវការពារប្រទេសជាតិរបស់ខ្ញុំ ការជ្រៀតជ្រែក
របស់បរទេស ពិសេសយួន និងសៀម ដែលតែងតែមានមហិច្ឆិតាលេប 
ទឹកដីខ្មែរ ខ្ញុំត្រូវតែចូលរួមសម្ដែងមតិ ដើម្បីបង្ហាញទៅរដ្ឋាភិបាលថា 
ប្រទេសជាតិមួយនេះ កំពុងមានគេរំលោភបំពាន។ ខ្ញុំមិនមែនរស់ជាខ្មែរ
ដើម្បីតែរស់ប៉ុណ្ណោះទេ។ 

ណារ័ត្ន ពេលណាក៏ឃាត់ខ្ញុំមិនឲ្យចូលរួមធ្វើបាតុកម្មដែរ នាងខ្លាចគេ
បាញ់សម្លាប់ខ្ញុំ នាងបារម្ភខ្លាចគេចាប់ខ្ញុំដាក់គុក។ ខ្ញុំអរគុណណារ័ត្ន
ណាស់ ដែលតែងតែរម្លឹកដាស់តឿនខ្ញុំជាញយៗក្នុងរឿងនេះ។ ថ្ងៃមួយ
នៅឆ្នាំ១៩៩៣ យើងនាំគ្នាទៅចូលរួមពិធីបុណ្យសព មិត្តរបស់ខ្ញុំ ដែល
ស្លាប់ដោយសារគ្រប់កាំភ្លើងរបស់ជនមិនស្គាល់មុខ។ ក្នុងព្រឹត្តិការណ៍
បោកគ្រាប់បែកនៅមុខរដ្ឋសភា នាងផ្ញើសំបុត្រពីរផ្ទួនៗមកសួរខ្ញុំ ក្នុង
សំបុត្រណារ័ត្នតែងតែហាមខ្ញុំមិនឲ្យចូលរួមធ្វើបាតុកម្ម នាងថា មិន
បានការអីទេ នាងថា "ខ្ញុំដឹងថាពូស្រឡាញ់ជាតិ នរណាក៏ស្រឡាញ់ 
ជាតិដែរ តែខ្ញុំមិនចង់ឲ្យបាត់បង់ពូទេ ឬមួយពូចាត់ទុកថា អ្នកមិនបាន
រៀនសូត្រដូចខ្ញុំ និយាយជាមួយពូ ពូស្ដាប់មិនបាន គ្មានន័យ"។ 


ណារ័ត្ន ខ្ញុំស្រឡាញ់ជីវិតរបស់ខ្លួនឯងជាងអ្នកដទៃ ខ្ញុំស្រឡាញ់ខ្មែរ 
ជាងជាតិដទៃ ខ្ញុំនៅទីនេះ ទ្រាំមិនបានពេលដឹងថាជាតិសាសន៍ជុំវិញ
ហ៊ានលួចបង្ខិតព្រំដែនខ្មែរ ទាំងដែនទឹក ទាំងដែនគោក។ ខ្ញុំមិនមែន
ជាអ្នកជាតិនិយមទេ គ្រាន់តែខ្ញុំបង្ហាញទៅប្រទេសជាតិរបស់ខ្ញុំតែ
ប៉ុណ្ណោះ។ នាងបានប្រាប់ខ្ញុំថា "ខ្ញុំឃើញការសម្លាប់មនុស្សនៅស្រុក
យើងផុយៗពេក"។ ខ្ញុំក៏ឃើញដូចនាងដែរ ព្រោះតែបែបនេះហើយ 
ទើបពួកយុវជនយើង ពុះពារទាមទារឲ្យមានការកែទម្រង់។

ខ្ញុំមិនបានជួបនាងយូរថ្ងៃដែរ ព្រោះនាងមមាញឹកជួបបងប្អូន និងទៅលេង
ស្រុកកំណើតផង។ ខ្ញុំមានអារម្មណ៍ថា កាលនៅឆ្ងាយគ្នា អារម្មណ៍យើង 
ហាក់នៅជិតគ្នា តែពេលនៅជិតគ្នា យើងបែរជានៅឆ្ងាយពីគ្នាទៅវិញ។ 
ពេលមួយ ខ្ញុំដឹងថានាង បានមកពីគោកមនវិញហើយ ខ្ញុំបានបបួលនាង 
ដើរលេងនៅភ្នំពេញ ខ្ញុំនាំនាងទៅមាត់ទន្លេ បានថតរូបជាមួយនាងទុកជា 
អនុស្សវរីយ៍ ព្រោះនាងនឹងត្រលប់ទៅអូស្រ្តាលីវិញឆាប់ៗ។ នៅឯមាត់ 
ទន្លេមុខព្រះបរមរាជវាំង ណារ័ត្នបានប្រាប់ខ្ញុំថា នៅអូស្រ្តាលីពិបាក
ណាស់ ប្រសិនបើខ្ញុំធានាទៅត្រូវប្រើពេល​យូរទៀត ទាំងរៀនភាសាអង់
គ្លេស ទាំងការងារ និងការវិជ្ជាអប់រំផ្សេងៗ។ ប្រទេសអូស្រ្តាលីមិនដូចខ្មែរ
ទេ។ ខ្ញុំធ្លាប់លំបាកនៅស្រុកគេ ខ្ញុំមិនចង់លំបាកទៀតឡើយ

ខ្ញុំមិនចាប់អារម្មណ៍នឹងអ្វី ដែលនាងបានធ្លោយប្រឡូយនិយាយ ជាមួយ
ខ្ញុំឡើយ។ ថ្ងៃចុងក្រោយនៅភ្នំពេញរបស់នាង ខ្ញុំបានជួបនាងទៀត យករូប
ថត ដែលយើងថតជាមួយគ្នាទៅឲ្យនាងតែនាងថា ពូទុកមើលទៅមិនដឹង
ថា ថ្ងៃណាទើបខ្ញុំត្រលប់មកជាថ្មីទេ

នាងចេញទៅហើយ។ តាំងពីថ្ងៃនោះមក ខ្ញុំមិនដែលបានទទួលដំណឹងពី
នាងសោះឡើយ។

នេះជាការបែកគ្នាចុងក្រោយ ដូចម្នាក់នៅឋានលើ ម្នាក់ទៀតនៅឋាន
ក្រោមអីចឹងដែរ។ ខ្ញុំព្យាយាមសួរនាំពីបងប្អូននាង តែពួកគេមិនចង់
ឲ្យខ្ញុំដឹងពីណារ័ត្នឡើយ។

ណារ័ត្ន! ខ្ញុំមិនខឹងនឹងនាងទេ។ ខ្ញុំជួយអរដែលនាងបានជោគជ័យក្នុងជីវិត 
ខ្ញុំជួយអរ ដែលនាងបានសមតាមក្តីប្រាថ្នា។ ខ្ញុំបានឃើញនាងនៅលើគេហ
ទំព័រ Facebook នាងប្រកាសជាសាធារណថ្ងៃអាពាហ៍ពិពាហ៍របស់នាង
តែនាងមិនបានប្រាប់ខ្ញុំឲ្យដឹងផងទេ ក្នុងនាមជាមិត្ត ដែលខ្ញុំតែងតែគោរព
និងស្រឡាញ់នាង ខ្ញុំព្យាយាមអែតនាងជាមិត្ត តែមិនដែលបានទទួលការ 
យល់ព្រមពីនាងម្ដងណាឡើយ។ ខ្ញុំមិនច្រឡំទេ ខ្ញុំឃើញរូបនាង និងកូន 
ពីរនាក់របស់នាង កូនរបស់នាងស្អាតៗណាស់ គឺស្អាតដូចនាងអីចឹង
ដែរ។ សូមជូនពរនាងឲ្យមានក្ដីសុខ​រហូតតទៅ។

ណារ័ត្ន! ខ្ញុំគ្រាន់តែចង់ប្រាប់នាងថា ខ្ញុំយល់ពីក្រសែភ្នែករបស់ នាងខ្ញុំយល់ 
ពីជម្រៅចិត្ត និងអត្ថប្រយោជន៍ ដែលនាងបានបែងចែករួចហើយរវាង ភាព 
ល្ងង់ខ្លៅរបស់ខ្ញុំ និងភាពវ័យឆ្លាតរបស់នាង នាងមិនចង់លំបាក ទើបនាង
បញ្ចប់ការទាក់ទងរវាងយើង។ អរគុណចំពោះភាពមិនស្មោះត្រង់របស់នាង 
ដែលមានមកលើខ្ញុំ។ សព្វថ្ងៃ ខ្ញុំកំពុងបន្ដការសិក្សានៅកាណាដា កំពុងរក 
នារីម្នាក់ដែលគិតគូវែងឆ្ងាយ និងស្មោះត្រង់។ ចុងក្រោយខ្ញុំចង់ប្រាប់នាងដែរ
ថា ការបែកបាក់រវាងខ្ញុំនឹងនាង មិនមែនមកពីខ្ញុំទេ ហើយនាងក៏បានដឹង 
ខ្លួនឯងច្បាស់ដែរ រាល់អ្វីៗកាលពីអតីតកាល ដែលនាងបានធ្វើចំពោះខ្ញុំ៕



10 comments:

  1. ជម្រាបសួរ បងTararith,

    រឿងមួយនេះពិតជាពិរោះមែន!

    បងប្រើFacebook ដែរឬ?
    តើខ្ញុំអាចទំនាក់ទំនងបងបានដែរឬទេ!

    ជំនោរ

    ReplyDelete
  2. Chumnor!Please email to Tararith: khmerlite@gmail.com
    I know that he not use Facebook.
    C write.

    ReplyDelete
  3. Thanks,

    Some time I don't want to disturb his time...

    សូមសួរបន្តិច បង!

    តើប្លង់នេះ បងយកthemp បែបណាទៅ ទើបបងអាចដាក់មាតិការបានល្អម្លេះ
    បើអាចពន្យល់បាន មេត្តាបងជួយពន្យល់ផង។
    សូមអរគុណ!

    ReplyDelete
  4. Perhaps you mean Theme, right?
    Write your article in the Label.
    As Label fiction, Label poetry, or label...
    Ifv not answer to your question pls let me know.
    C write.

    ReplyDelete
  5. Yes...

    Thank you for your help.

    I will try to do more.


    Chumnor

    ReplyDelete
  6. After change the article in the label doen't show. so how caould I do?

    I wnat to change the post topic on the label as your blog... I mean មាតិកា​ .

    Thanks for your help...

    Chumnor

    ReplyDelete
  7. Go to Configer Labels:
    Title មាតិកា

    Show All Labels
    Sorting Alphabetically
    Display List
    Show number of posts per label.

    ReplyDelete
  8. i wonder is it a real story of you ?

    ReplyDelete