បីដូចបក្សីឥតបង្គង ហោះហើរទាំងហ្វូងគ្រប់ច្រកផ្លូវ
ខ្លះទៅសុំរស់ផ្ទះសត្រូវ រងទុក្ខដូចត្រូវបណ្ដាសារ។
កូរ៉េម៉ាឡេ និងស្រុកសៀម ខ្មែរប្ដូរញើសឈាមខ្សោះកាយា
កូរ៉េម៉ាឡេ និងស្រុកសៀម ខ្មែរប្ដូរញើសឈាមខ្សោះកាយា
ចេញចោលទឹកដីស្រែចម្ការ ខ្លះបង់សង្ខារមហាទុក្ខ។
ម៉ែបង្កើតកូនមកជាមនុស្ស ចង់ឲ្យកូនលុះលូតទៅមុខ
សាងខ្លួនសាងជាតិគ្រប់កាលយុគ ប្រយុទ្ធលុយលុកដើម្បីខ្មែរ។
កូនអើយនេះហើយក្ដីប្រាថ្នា ទ្រូងម៉ែឈឺផ្សារមកហូរហែ
បាត់កូនមិនឃើញរាប់ឆ្នាំខែ មាសស្នេហ៍បែរធ្វើជាកម្មករ។
កូនជាកម្មករនៅស្រុកក្រៅ ត្រជាក់ឬក្ដៅកូនបវរ
កូននៅប្រឹងធ្វើការបន្ដ ប្រឹងទាំងត្រដរដើម្បីប្រាក់។
កូនខ្លះចេញទៅឯកូរ៉េ ខ្លះទៅម៉ាឡេគេបង្អាក់
កូនខ្លះនៅសៀមគុកច្រវ៉ាក់ រករស់បណ្ដាក់ដូចជាខ្យង។
កូនកើតពីផ្ទៃម៉ែតែមួយ ម៉ែគិតម៉ែព្រួយចិត្តសៅហ្មង
កូនកើតពីផ្ទៃម៉ែតែមួយ ម៉ែគិតម៉ែព្រួយចិត្តសៅហ្មង
ព្រំដីផ្ទះយើងបាក់របង កូនប្រឹងហែលឆ្លងដាច់សង្វែង។
កូនម៉ែជាខ្មែរណាកូនថ្លៃ ទន្ទឹងរាល់ថ្ងៃទាំងចម្បែង
កូនគេកូនខ្ញុំហួសនឹងថ្លែង កើតធំខែងរែងជាកម្មករ។
ប្រសិនបើជាតិយើងថ្លៃថ្លា មិនមានបញ្ហាល្អក់កករ
មានគ្រឹះរឹងមាំដឹកនាំល្អ កូនពិតចៀសក្រមិនចរឆ្ងាយ។
បើគេដឹកនាំតាមផ្លូវត្រូវ រហូតឥឡូវយើងសប្បាយ
មានផ្ទះមានដីឆ្នាំងមានបាយ កូនមិននឿយណាយម្ដាយថ្នមថ្នាក់។
កូនម៉ែទាំងឡាយឆ្ងាយអនែក សាច់ឈាមម៉ែចែកបែកប្រឡាក់
ភ្លាត់ធ្លាក់ក៏ព្រោះតែច្រាំងបាក់ ពពើមដូចខ្វាក់រាវរករស់។
កូនខ្ញុំកូនគេរេរត់រក ការងារសៀតសូករកសង្រ្គោះ
គ្មានសោះប្រាថ្នាយសកេរ្តិ៍ឈ្មោះ ជាមនុស្សបានរស់ចិត្តស្កប់ស្កល់។
ប្រទេសជាតិយើងនឹងយ៉ាងណា កូនត្រូវពិចារយល់ឲ្យដល់
ម្នាក់ៗគេចជ្រោះគ្រោះមិនខ្វល់ ជាតិអកុសលដល់ឥឡូវ។
កូនៗទាំងឡាយឆ្ងាយពីផ្ទះ កូនអើយជម្នះស្វែងរកផ្លូវ
ទោះឆ្ងាយដល់ណាក៏កូនទៅ រស់ឆ្ងាយលំនៅផុតផ្ទៃម្ដាយ។
មានតែចិត្តនឹកៗអាល័យ រឮករាល់ថ្ងៃកូនទាំងឡាយ
សុខទុក្ខម្ដេចម្ដាមាសឆោមឆាយ កូនបានសុខកាយម្ដាយត្រឹមអរ។
ឱះឱ!ម្ដាយខ្មែរថែបុត្រភ្ញា ចៀសផុតវេទនាដោយកម្រ
កូនចៀសមិនផុតពីកម្មករ អាជីពល្អៗគ្មានវាសនា។
កំហុសដែលកើតមកទាំងឡាយ ដូចកម្មជាប់កាយគួររអារ
បើគ្រោះដល់កូនម៉ែរឹតផ្សា កូនទៅដល់ណាក៏មិនល្អ។
ម៉ែនៅប្រាថ្នានៅតែប៉ង កូនជារបងជាសសរ
សម្រាប់ប្រទេសជាតិបន្ដ ដឹកនាំផុតក្រផុតអន្តរាយ៕
No comments:
Post a Comment