by Noreyutt
លើស្ពានកោះពេជ ខ្មែរចាំជានិច្ច នូវសោកនាថកម្ម
ស្លាប់រាប់រយនាក់ បញ្ជាក់ចំណាំ កម្រងផ្កាដាំ
រោយស្រពោនស្វិត។
ផ្ការីកផ្ការោយ ពីមុខដល់ក្រោយ តំណាងជីវិត
ដែលរលត់ទៅ ដូចនៅពិតៗ ផ្កាចូលរួមគិត
អាណិតដល់ខ្មែរ។
ផ្ការាប់មិនអស់ ត្រូវគេបង់បោះ ដូចមនុស្សយើងដែរ
មនុស្សស្លាប់ផ្ការោយ ចិត្តអើយមិនល្ហែ ខ្វះអ្នកថួនថែ
រក្សាឲ្យល្អ។
ពេលដែលកាន់ទុក្ខ អ្នកធំសម្រុក ចូលរួមឈូឆរ
តែមិនទទួល ថាខ្លួនបង្ក ដើរតួបានល្អ
បង្ហាញប្រជា។
ការពិតគឺផ្ទុយ ពួកនេះសំអុយ ឲ្យខ្មែរវេទនា
បើចេះអាណិត មិនមែនពួកវា ដេញរាស្រ្ដគ្រប់គ្រា
ដណ្ដើមយកដី។
ពួកនេះពិសពុល មិនព្រមចង្អុល ដកពួកមន្រ្ដី
ដែលមានអំណាច អង្គុយធ្វើហី ឲ្យរាស្រ្ដប្រុសស្រី
ស្លាប់អសារបង់៕
No comments:
Post a Comment