Sunday, December 26, 2010

ឋានសួគ៌ប៉ារីស

by Prasat

ជិតពីរឆ្នាំហើយ ដែលខ្ញុំមករស់នៅប្រទេសបារាំង។ ជីវិតនៅស្រុកនេះ បានសប្បាយតិចណាស់ ព្រលឹម ទល់ព្រលប់ធ្វើការងាររហូត បា្រក់ខែបានគួរសមដែរ ជិតជាង១,០០០អឺរ៉ូ។ ខ្ញុំសន្សំទុកខ្លះ ចាយវាយសម្រាប់ ផ្គត់ផ្គង់ក្នុងផ្ទះខ្លះ និងមួយចំណែកទៀតផ្ញើទៅបងប្អូន នៅស្រុកខ្មែរ។

ការងារនៅប៉ារីស ដំបូងខ្ញុំមើលកូនឲ្យគេ បន្ទាប់មកជា អ្នកបម្រើនៅភោជនីយ ដ្ឋាន ផឡូវជាកម្មករនៅរោង ចក្រផលិតសូកូឡា មិនដឹងថាថ្ងៃក្រោយទៅជាអ្វីទេ ព្រោះខ្ញុំមិនទាន់មានសញ្ជតិបារាំងនៅឡើយទេ។

ហេតុអ្វីបានជាខ្ញុំមកប្រទេសបារាំង? គឺខ្ញុំចង់មានចង់ បាន ចង់មានតម្លៃជាមនុស្សដូចពួកអណិកជនខ្មែរឯទៀត។ បងប្អូនខ្មែរ នៅប្រទេសកម្ពុជាដឹងស្រាប់ហើយ ឲ្យតែ អ្នកទៅពីបរទេសសុទ្ធតែជាអ្នកមាន លុយកាក់ចាយមិន 
អស់ ពេលគេទៅម្ដងៗ គេទិញផ្ទះ ទិញម៉ូតូ ទិញដីស្រែ ឲ្យអ្នកនៅស្រុកខ្មែរ តាមដែលអ្នកនៅទីនោះចង់បាន។ គ្រាន់តែឃើញភាពមានបានរបស់គេ ខ្ញុំក៏សប្បាយតាម គេដែរ ហើយខ្ញុំតាំងចិត្តត្រូវតែចេញពី ស្រុកខ្មែរទៅ ប្រទេសណាក៏បានដូចជាអូស្រ្តាលី បារាំង អាមេរិក ឬ កាណាដា។

ខ្ញុំប្រើពេលយូរណាស់ ដើម្បីបានចេញមកប្រទេសបារាំង ហើយចំណាយប្រាក់ កាសក៏ច្រើនគួរសមដែរ។ លំបាក គ្រប់យ៉ាង ព្រោះនៅកម្ពុជាយើងពុករលួយ ពេលរត់ ក្រដាសស្នាមជាមួយអជ្ញាធរ ខ្ញុំត្រូវបំពេញបែបបទ
ដោយយកប្រាក់កាស ឬអំពើពុរលួយនាំមុខ។

ពេលដែលមានបុរសខ្មែរវ័យកណ្តាលម្នាក់ ចូលស្ដី
ដណ្ដឹងខ្ញុំតាមរយៈមេខ្យល់ ម៉ែមិនបដិសេធគេទេ ម៉ែមិន សួរនាំខ្ញុំទាល់តែសោះ ក្នុងផ្ទះពេញទៅដោយភាពរីក រាយដូចត្រូវរង្វាន់ ឬត្រូវឆ្នោតអីចឹង ម្នាក់ៗសរសើរ សំណាងខ្ញុំ ព្រោះតែខ្ញុំកើតមកស្អាត មោទនភាពរបស់ ខ្ញុំបានផ្សព្វផ្សាយពេញ ភូមិស្វាយ ខ្ញុំដែលកំពុងតែ សិក្សានៅមហាវិទ្យាល័យ ក៏ស្រាប់តែខ្ចិលរៀនសូត្រ មួយរំពេចដែរ ព្រោះរំពឹងទៅលើប្ដីនៅបរទេស។ ឪពុកខ្ញុំតែម្នាក់គត់ ដែលមិពេញ ចិត្តនឹងអ្វីៗ ដែលពួក យើងកំពុងអបអរ មីងមេអណ្ដើកបារម្មណ៍ ក្រែងឪពុកខ្ញុំ ជំទាស់ខ្លាំង គាត់ប្រាប់ពួកយើងថា “បើពិធីរៀបការ ធ្វើ ទៅមិនបានទេ មីងត្រូវសងបណ្ដាការទៅគេវិញទ្វេរមួយ ជាពីរ”។ ម៉ែគោះខ្នងមីងមេខ្យល់ថ្នមៗ កុំឲ្យគេបារម្មណ៍ គាត់ថា "ទៅបារម្មណ៍អីរឿងប៉ុណ្ណឹង។ ឪវា! ខ្ញុំនិយាយតែ មួយម៉ាត់ទៅចប់បាត់ទៅហើយ"។

ឪពុកខ្ញុំស្រវឹងស្រាប៉ុន្មានថ្ងៃជាប់ៗគ្នា ព្រោះតែបញ្ហា 
មង្គលការរបស់ខ្ញុំ ចុងក្រោយគាត់ព្រមតាមពួកយើង 
តែពុកផ្តាំថា “សុភមង្គលទោះនៅទីណា ក៏មានដែរ ពុក 
មិនចង់ឲ្យកូនរៀបការជាមួយមនុស្ស ដែលយើងមិន 
ដឹងថាគេ ជានរណានោះទេ មិនត្រឹមតែប៉ុណ្ណោះ យើង 
មិនដឹងថា សុខភាពគេល្អជា ឬក៏អត់ មិនដឹងសាវតាគេ 
គឺពុកបារម្មណ៍នឹងកូន ក្រែងកូនរស់នៅជាមួយគេទៅ 
ជាលំបាកដល់ខ្លួនឯង តែបើយើងបានគិតគូរជាមុន 
នោះការលំបាកនឹងនៅតិច។ ម៉ែក្អូន! ពេលណាបង 
និយាយអូនតែងសម្ដែងភាពមិនសប្បាយចិត្ត បងក៏ 
មិនស្រួលក្នុងចិត្តដូចគ្នាដែរ ប្រសិនកូនយ៉ាងម៉េចៗ
ទៅ ហើយនៅឆ្ងាយពីភ្នែក ពីច្រមុះយើងនោះ”។

ស្ដាប់ពុកនិយាយ ម៉ែគ្មានអ្វីនិយាយតទេ គាត់គ្រាន់តែ និយាយសម្រួលវិញថា មិនដឹងធ្វើយ៉ាងណា បើមីក្អូន កូនយើងវាព្រម ហើយឥឡូវអ្វីៗរៀបចំគ្រប់អស់ ហើយ រង់ចាំតែខាងប្រុសគេមកនឹងរៀបការតែប៉ុណ្ណោះ។ តែ ខ្ញុំទុកចិត្តលើបង ឆាតហើយ ព្រោះក្មេងៗស្រុកនេះស្ទើរ តែទាំងអស់ ដែលគាត់ធានាណែនាំឲ្យមានប្ដីទៅនៅ បរទេស។ បងក៏ឃើញស្រាប់ ឥឡូវសូម្បីជនជាតិកូរ៉េ ជនជាតិចិន ក៏បងឆាត គាត់ចាត់ចែងឲ្យដែរ។ រួមទាំង អ្នកចង់បានការងារនៅម៉ាឡេស៊ី កូរ៉េ តៃវ៉ាន់ មិនដែល ឃើញនរណាម្នាក់ មកវិញហើយប្ដឹងប្ដល់គាត់ឡើយ។
បើល្អ បងក៏ជួយអរ តែបើមិនល្អកុំបន្ទោសគ្នា។

ខ្ញុំស្ដាប់ការជជែកគ្នារបស់ពុក និងម៉ែ មិនចូលទេ ខ្ញុំត្រូវ តាំងចិត្តទៅរស់នៅបរទេស ហើយធ្វើឲ្យសម្រេចរឿងនេះ។

ប្ដីខ្ញុំមានអាយុលើសខ្ញុំ២០ឆ្នាំ គាត់រួសរាយរាក់ទាក់ 
ណាស់។ អាពាណ៍ពីពាណ៍ របស់ខ្ញុំធំអធឹកអធម អ្នក 
ស្រុកអ្នកភូមិសរសើរសំណាងរបស់ខ្ញុំ ដែលមានប្ដីនៅ 
ប្រទេសបារាំង។

ខ្ញុំរៀបការហើយ ខ្ញុំជាប្រពន្ធអាណិកជនខ្មែរនៅបារាំង គាត់ធ្លាប់មានប្រពន្ធម្ដង ហើយ តែលែងលះគ្នា ទើប គាត់មករៀបការជាមួយខ្ញុំ ឯខ្ញុំក៏មានសង្សារហើយ ដែរ តែខ្ញុំមិនដែលភ្លេចបំណងទៅរស់បរទេសឡើយ។ សង្សារខ្ញុំមិនថាអីទេ គាត់ធ្លាប់និយាយប្រាប់ខ្ញុំថា “បើ អូនឃើញបុរសណាល្អជាងបង អូនអាចចេញពីបងបាន” គាត់ថាអីចឹងមែន តែខ្ញុំឃើញគាត់សម្រក់ទឹកភ្នែក ពេល ដែលខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងរៀបការទៅនៅស្រុកបារាំង។

ទឹកភ្នែកបុរសម្នាក់នេះ ទាក់ទាញចិត្តខ្ញុំរហូត ព្រោះតាំង ពីតូចដល់ធំ ខ្ញុំមិនដែលធ្វើឲ្យនរណាម្នាក់យំឡើយ។ ក្នុងចិត្តខ្ញុំនៅតែនឹកដល់គាត់ ក្នុងទ្រូងខ្ញុំនៅតែមានគាត់ នៅឡើយ តែខ្ញុំព្យាយាមកាត់ចិត្ត បំពេញករណីយកិច្ច ជាប្រពន្ធរបស់ប្ដីខ្ញុំ ដោយពេញលេញ។

សង្សារខ្ញុំ ឧពុកខ្ញុំពេញចិត្តគាត់ជាប្ដីរបស់ខ្ញុំ ព្រោះគាត់ ជាអ្នករៀនសូត្រ ពុកថា “ម្នាក់នេះសុភាពរាបសារ និយាយដឹងខុសត្រូវណាស់ ក្រមានពុកមិនថាទេ តែបើ គេមិនចូលដណ្ដឹងកូន ពុកលើកកូនឲ្យគេត្រង់ៗមិនកើត។ មាលា! យើងជាអ្នកស្រុកស្រែ កូនស្រឡាញ់នរណា ពុកមិនថាទេ។ តែកូនត្រូវដឹងខ្លួនឯង ថាអ្នកភូមិយើង គេ នឹងមើលងាយ ប្រសិនបើកូនថ្លោះធ្លោយ គេថាកូន ឈ្លក់ទឹកម៉ាស៊ីន។ ពុកប្រាប់បែបនេះ ដើម្បីឲ្យកូនចេះ ការពារខ្លួន កុំទុំមុនស្រគាល។ សង្គមខ្មែរយើង មិនមែន ជាសង្គមរបស់បរទេសទេ ប្រពៃណីសំខាន់ណាស់”។

បងផាណាចង់ឲ្យឪពុកម្ដាយគាត់ចូលដណ្ដឹងកូនឆាប់ៗដែរ តែកូនឃាត់ ព្រោះតែចង់រៀន និងចង់ឲ្យស្គាល់គ្នាឲ្យបាន យូរជាងនេះ។

ពុកមិនថាអីទេ។ រឿងអីក៏ដោយ កូនត្រូវចេះទទួលខុស ត្រូវខ្លួនឯង។ បើពុកតឹងតែងនឹងកូន ពុកមិនឲ្យកូនទៅ រៀននៅភ្នំពេញទេ។

ពេលនឹកឃើញអនុស្សាវរីយ៍ទាំងឡាយកាលនៅស្រុក
ខ្មែរ ខ្ញុំនឹកអាណិតខ្លួនឯង អាណិតស្រ្ដីខ្មែរ ដែលភាគ 
ច្រើនដើរឆ្លងកាត់ដានខ្ញុំ។ តែប្រហែលមានមនុស្សច្រើន 
ជោគជ័យ។ ខ្ញុំកំពុងបរាជ័យបរាជ័យ ព្រោះតែជីវិតមិន 
ចុះសម្រុង បរាជ័យ ព្រោះមកនៅទីនេះ អ្វីៗមិនដូច 
បំណង។ ខុសបំណង ដោយមកនៅប៉ារីស គឺប្ដីខ្ញុំជំពាក់ 
ប្រាក់គេច្រើន គាត់មិនមានការងារល្អធ្វើ យើងជួលផ្ទះ 
គេរស់នៅ។ ខ្ញុំឥឡូវស៊ាំបន្ដិច កាលពីមកដល់ដំបូង 
ស្ទើរតែវិកលចារិក ណាមួយអាកាសធាតុត្រជាក់ ណា 
មួយមិនស្គាល់ភូមិសាស្រ្តទីក្រុង ទៅណាមកណាមិនបាន 
ណាមួយមិនចេះភាសាបារាំង និងមិនមានខ្មែរនៅជិត 
តែពេលបានជួបខ្មែរម្ដងៗ អ្នកខ្លះពេបជ្រាយ អ្នកខ្លះ 
អន្ទងឲ្យខ្ញុំចូលទៅថ្វាយបង្ខំ ព្រះយេស៊ូ អ្នកខ្លះនិយាយ 
មកគឺមើលងាយខ្ញុំតែម្ដង ជួនគេថា ខ្វះប្រុសណាស់ទៅ 
ឬ បានជាយកបុរសម្នាក់នេះធ្វើប្ដី ខ្លះថា រូបរាងស្អាត 
បាតមិនសមមកលំបាកវេទនានៅស្រុកនេះទេ ខ្លះញុះ 
ញង់ឲ្យលែងលះ មានរឿងច្រើណាស់​ដែលខ្ញុំត្រូវ 
ប្រឈមមុខជាមួយ។

ខែមុន ប្ដីរបស់ខ្ញុំបានចុះចោលផ្ទះ ព្រោះគេមានស្រីលួច 
លាក់។ ប្រុសខ្លះជាមិត្តរបស់ប្ដីខ្ញុំ ដែលដឹងរឿងនេះ ចង់ 
មកជួយរំលែកទុក្ខ ចង់ជួយប្រសិនបើខ្ញុំត្រូវការគេ តែ 
តាមពិតគេមើលងាយខ្ញុំសោះ។ តែមិនទាស់ខុសអីទេ 
ការដែលគេហ៊ានធ្វើបែបនេះចំពោះខ្ញុំ ក៏ព្រោះតែប្ដីខ្ញុំដែរ។ 
ខ្ញុំត្រូវតែរឹងមាំ ខ្ញុំត្រូវតែក្លាហានជាងមុន ខ្ញុំត្រូវតែធ្វើអ្វីៗ 
គ្រប់យ៉ាងដើម្បីឲ្យរួចផុតពីទុក្ខវេទនានៅប៉ារីស។

ផ្ទះជួលគ្មានប្រាក់បង់ នៅក្នុងផ្ទះក្រៀមក្រោះ ណាមួយ 
បាត់ប្ដីដែលជាទីទុកចិត្ត បាត់ប្ដីដែលជាទីរំពឹង បាត់បង់ 
បង្គោលសម្រាប់ទ្រទ្រង់គ្រួសារ បាត់បង់សុភមង្គលផ្លូវ 

ចិត្ត អ្វីៗដែលខ្ញុំរំពឹង ត្រូវបាត់ព្រោះតែបាត់មនុស្សម្នាក់ 
ជាប្ដីរបស់ខ្ញុំ។ ហេតុអ្វីក៏គេជាមនុស្សសំខាន់ ហេតុអ្វីក៏
ខ្ញុំជាមនុស្សមិនសំខាន់ មិននៅក្នុងក្រសែភ្នែករបស់ប្ដី 
ដែលរៀបការត្រឹមត្រូវ ក្រាបក្បាលដល់កន្ទៀល?

ក្រដាសស្នាមនៅស្រុកបារាំង សម្រាប់អ្នកចំណូលស្រុក 
សំខាន់ណាស់ គេធ្វើការងារហ្មត់ចត់ តែប្ដីខ្ញុំមិន ដែល 
យកចិត្តទុកដាក់រត់ក្រដាសស្នាមទេ ក្រៅពីការងារជា 
អ្នកយាម និងមានការងារលួចលាក់ផ្សេងទៀត ប្ដីខ្ញុំ និង 
មិត្តភក្តិរបស់គាត់នាំគ្នាទៅកំសាន្ត ដោយទិញសំបុត្រ

ថ្លៃៗ ពេលមានអ្នកចម្រៀងមកពីស្រុកខ្មែរមកសម្ដែង។  
គាត់ម្ដងម្កាលប្រាប់ខ្ញុំថា គាត់គួរតែបានប្រពន្ធរូបស្ងាត 
ជាតារាសម្ដែង។

ខ្ញុំមិនដែលតបតនឹងគាត់ទេ ទុកឲ្យពេលវេលាសម្រេច 
ទៅចុះ។ តែច្រើនឆ្នាំ មកនេះ ខ្ញុំមានតែរងនូវការគ្រាំគ្រា 
ផ្លូវចិត្ត។ ពេលខ្លះ គេចោទខ្ញុំថា ពេលណាខ្ញុំបានសញ្ចាតិ 
បារាំងហើយ ខ្ញុំពិតជារត់ចោលគេទៅរកប្រុសក្មេងជាង 
គាត់មិនខាន។ ខ្ញុំមិនតបវិញទេ តែក្នុងចិត្តគិត ថាអាចពិត 
ដែរ ប្រសិនបើខ្ញុំទ្រាំជាមួយគាត់លែងបាន ឬឆ្អែតនឹងអ្វី 
ដែលគេធ្វើលើខ្ញុំ។

គ្មាននរណាម្នាក់ចង់រស់ជាមួយមនុស្សគ្មានសីលធម៌ 
មិនទទួលខុសត្រូវ ខ្វះភាពម្ចាស់ការនោះទេ។ ខ្ញុំមានការ 
អប់ខ្លះដែរ ខ្ញុំដឹងថា ប្ដីរបស់ខ្ញុំកំពុងតែមើលងាយខ្ញុំ ខ្ញុំ 
ដឹងថា គេខ្វះភាពស្មោះត្រង់នឹងខ្ញុំ។ គេអាក្រក់ណាស់ 
អកុសលអីទើបខ្ញុំបានប្ដី ដែលខ្វះភាពស្មោះត្រង់យ៉ាង 
នេះ។ ខ្ញុំនឹកឃើញពាក្យឪពុកខ្ញុំប្រាប់គ្រប់ពេល ខ្ញុំនឹក 
គាត់ណាស់ ខ្ញុំកាន់តែនឹកគាត់ ខ្លាំងឡើងរហូតដល់ 
ស្រក់ទឹកភ្នែក។ ការពិតពុកគិតវែងឆ្ងាយជាងម៉ែ ពុក 
និយាយត្រូវ។ ពេលនេះ ប្រសិនជាពុកដឹងថាកូនលំបាក 
ដឹងថាប្ដីកូនចុះចោលកូន ដឹងថា កូនប្រសារពុកក្បត់កូន 
ដឹងថាគេឈប់ស្រឡាញ់កូន ពុកពិតជាផ្ដល់គំនិតជួយ 
ដោះស្រាយ ពុកពិតជាអាណិតកូនខ្លោចចិត្ត ឬពុកឲ្យ 
កូនរបស់ពុកត្រលប់ទៅស្រុកខ្មែរវិញមិនខាន។

ពុក ពុកមិនដឹងទេ ពេលខ្លះកូនវង្វេងផ្លូវក្នុងរូងមេត្រូ 
ពេលខ្លះកូនពិបាកធននឹងធាតុត្រជាក់ ពេលខ្លះកូនឈឺ 
គ្មាននរណាជួយមើល គ្មានអ្នកពិភាក្សាជាមួយ ពិបាក 
ណាស់។ ដូចពុកប្រាប់អីចឹង ប៉ារីសមិនមែនជាឋានសួគ៌ 
ទេ ប្រសិនបើយើងមិនចេះ មិនឆ្លាត ខ្វះការទាក់ទង និង 
ពិសេសគឺគ្មានវិជ្ជាជំនាញក្នុងខ្លួន។

កាលនៅស្រុកខ្មែរ ពុកតែងដាស់តឿនកូនឲ្យខំរៀន ពុក 
ថាកំរំពឹងលើប្ដី កុះរំពឹងលើញើសឈាមគេ តែបើយើង 
រៀនចេះ មានការងារធ្វើល្អ យើងចង់ជួយនរណាពេល 
ណាក៏បាន។ ពុកតែងតែលើហេតុផល ប្រៀបធៀបពីនេះ 
ពីនោះពន្យល់កូន ពុកចង់ឲ្យកូនល្អ តែកូនខ្លួនឯងស្ដាប់ 
មិនចូល ដែលសូម្បីចង់មកនៅប៉ារីសក៏កូនជំទាស់នឹង 
ពុកដែរ។

ខ្ញុំនៅចាំទាំងអស់ អ្វីៗដែលពុកប្រៀនប្រដៅ។ ពេលកូន 
ឡើងយន្ដហោះ ពុកម៉ែ បងប្អូន និងមិត្តរបស់កូនជូន 
ដំណើរគគ្រឹកគគ្រេង អ្នកទាំងអស់គ្នាយំនឹកកូន ពិសេស 
ពុក កូនចាំពាក្យចុងក្រោយដែលពុកថា “ពុកជូនពរ សុំ 
ឲ្យកូនបានក្តីសុខរហូត ហើយឆាប់ត្រលប់មកលេងពុក 
ម៉ែផង”។ ពុក! មិនដឹងថាថ្ងៃណាទេ ដែលកូនបានទៅ 
ជួបពុកវិញ។ ពុក! កូនពិតជានឹងទៅរស់នៅស្រុកខ្មែរ 
ជាមួយពុកវិញ តែកូនសុំពេលបន្ដិច គឺកូនចង់រៀនយក 
ចំណេះដឹងពីប៉ារីសទៅធ្វើការងារនៅប្រទេសខ្មែរយើង 
វិញ៕



No comments:

Post a Comment