Saturday, March 19, 2011

វិលវិញ

by Tararith

ការរស់នៅក្នុងជំរំជនភៀសខ្លួនរយៈពេលប៉ុន្មានឆ្នាំនេះ ឃើញតែរឿង 
អពមង្គល។ បងប្រុស និងឪពុកខ្ញុំរាប់ខែបានជួបពួកគាត់ម្ដង គាត់ជា 
ទាហាប៉ារា។ ម៉ែខ្ញុំនៅក្នុងជំរំ មិនបានធ្វើអ្វីទេ រាល់សប្ដាហ៍ គាត់ទៅបើក 
របបអង្ករ ត្រីខ ពេលខ្លះ ជួញដូររបស់របស់តិចតួច ក្រៅក្រសែភ្នែកពួក 
ទាហានសៀម។

ជីវិតរស់នៅក្នុងជំរំ ខ្ញុំតែងតែសួរខ្លួនឯងថា តើខ្ញុំជានរណា? គ្រួសារខ្ញុំ 
មកពីណា? ហេតុអ្វីបានយើងពុំមានឥស្សរភាពដូចជាជនជាតិសៀម? 
ហេតុអ្វីក៏យើងជាខ្មែរ ជាខ្មែរដែលរស់ក្នុងចម្បាំង?

ខ្ញុំកើត និងដឹងក្តីនៅជំរំ តែមិនបានរៀនសូត្រច្រើនទេ គឺភាសាសៀម
ដែលខ្ញុំអាចនិយាយបាន ព្រោះតែជួពួកនេះរាល់ថ្ងៃ និយាយ​ សរសេរ​ 
រាល់ថ្ងៃ មិត្តភក្តិខ្ញុំខ្លះ គេចេញទៅនៅបរទេស មានអាមេរិក កាណាដា 
អូស្រ្តាលី តែចំពោះក្រុមគ្រួសារខ្ញុំវិញ ឪពុកខ្ញុំ មិនចង់ទៅណាទេ គាត់ 
ស្រឡាញ់ស្រុកខ្មែរ គាត់ជានាទាហានមានសក្តិ មានកូនទាហានច្រើន 
នាក់ស្ដាប់បង្គាប់។ ឪពុកខ្ញុំតែងតែធានា ឬស៊ីញ៉េទទួលស្គាល់ជនភៀស 
ខ្លួន ដែលចូលមករស់នៅក្នុងជំរំ និងបន្ទាប់មក​រ៉ាប់រង បញ្ជូនពួកគេ 
រាប់សិបនាក់ទៅនៅបរទេស។

ខ្មែរច្បាំងខ្មែរ អ្នកខាងក្នុងពឹងយួន អ្នកខាងក្រៅពឹងបរទេសដូចគ្នា 
ហើយបរទេសទាំងសង្ខាងចំណេញពីខ្មែរ ខ្មែរសម្លាប់ខ្មែរ ចុងក្រោយ 
យើងនៅតែព្រាត់ប្រាសគ្នាដដែល។ ឆ្នាំ១៩៨៩ ម្ដាយខ្ញុំឆ្លង​ទន្លេបានប្អូន 
ស្រីពៅ យើងទាំងអស់គ្នារីករាយស្រឡាញ់ប្អូនណាស់ ពុកមិនទាន់បាន 
ឃើញមុខកូនស្រីពៅរបស់គាត់ទេ គាត់នៅឯ​សមរភូមិនៅឡើយ។ អ្នក 
នៅក្នុងផ្ទះរវល់ ពិសេសបងស្រី និងខ្ញុំ រត់ចុះរត់ឡើង ដាំថ្នាំខ្មែរឲ្យម៉ែ 
ដុតភ្លើងឲ្យម៉ែឆ្អើរ។ ជនជាតិសៀម និងជនស្បែកសបួនប្រាំនាក់ ចុះមក 
ពិនិត្យសុខភាពប្រជាជន និងជួយចាក់ថ្នាំបង្ការដល់ក្មេងៗដល់ផ្ទះ។ 
ពេទ្យមកដល់ផ្ទះខ្ញុំ គេឆ្ងល់ថា ហើយសួរថា “ហេតុអ្វីដុតភ្លើងឆ្អើរ? មិន 
ខ្លាចផ្សែងភ្លើងចូលសួត ទារកទើបនឹងគើតទេឬ? ហេតុអ្វីត្រូវញ៉ាំស្រា 
ព្រោះស្រាអាចធ្វើឲ្យទារកស្រវឹងបាន...”។  ម៉ែឆ្លើយនឹងសំណួររបស់ 
គេហូរហែ។ ចុងក្រោយមានស្រ្ដីជនជាតិសៀមម្នាក់និយាយប្រាប់ម៉ែថា 
“សម័យនេះទៅហើយ ជនជាតិខ្មែរនៅល្ងង់ខ្លៅដល់ម្លឹង”។

ម៉ែបានយកសម្ដីពេទ្យប្រាប់ទៅឪពុកខ្ញុំ ពុកខឹង ហើយនិយាយទៅមិត្ត 
របស់គាត់ទាំងស្រវឹងស្រឿងៗថា “អញមិនមែនខ្មែរទេ មើលសាច់ 
ឈាមអញឲ្យច្បាស់ ឪពុកអញមកពីស្រុកចិន តែអញការពារខ្មែរ គ្រប់ 
គ្នា រួមទាំងវប្បធម៌ និងដីខ្មែរផង​ តែអាពួកខ្មែរវាឈ្លោះគ្នា ឲ្យយួន ឲ្យ 
សៀម ឲ្យបរទេសត្រួតក្បាល មើលងាយសមមុខហើយ។ ម៉ែវាកុំខឹង 
គេ គេថាយើងល្ងង់ គឺត្រូវ យើងត្រូវរៀន។ ខ្ញុំប្រាប់ម៉ែវាឯងតាំងពីកូន 
ដំបូងមកហើយតើ ថាកុំផឹកស្រាពេលមានផ្ទៃពោះ ពេលឆ្លងទន្លេ ម៉េច 
មិនតាម”។ មិត្តរបស់ពុកម្នាក់ៗស្ងប់ស្ងាត់ មើលមុខគ្នាឡឹងឡង់ ហើយ 
លាគាត់ទៅផ្ទះគេវិញម្ដងម្នាក់ៗ។

ពេលណាក៏ដូចពេលណាដែរ ពេលពុកត្រលប់មកដល់ជំរំវិញម្ដងៗ 
ក្នុងផ្ទះអ៊ូរអរណាស់ គាត់តែងតែហៅញាតិមិត្តជិតខាង និងកូនទាហាន 
មកស៊ីផឹក ជប់លៀង ហើយនិយាយពីចម្បាំងរវាងទាហានរបស់គាត់ 
និងទាហានខាងហេង សំរិន ឬទាហានយួន ឬគាត់ប្រពាក្យថា ពួកក្បាល 
យួនខ្លួនខ្មែរ។ ពេលបានជ័យជម្នះពីសមរភូមិម្ដងៗ ពិធីជប់លៀងមាន 
មនុស្សច្រើនចូលរួម ពេលខ្លះបានទទួលអំណោយពីប្រធានជំរំផងដែរ

ថ្ងៃខ្លះ ខ្ញុំឃើញពួកគាត់ដឹកជញ្ជូនអ្នករបួសចូលជំរំក៏មាន។ ទិដ្ឋភាពទាំង 
នេះ មានស្ទើតែរាល់ថ្ងៃ ឃើញយូរៗទៅ ទៅជាធម្មតា រហូតដល់ពេល 
ខ្លះគិតថា ការស្លាប់របស់មនុស្សលែងសំខាន់ទៀតហើយ មិនដូចពីមុន 
គ្រាន់តែដឹងថាពុកត្រូវរបួស បងប្អូនក្នុងផ្ទះ ពិសេសម៉ែ បាយមិនបាន 
សម្រានមិនលក់ គាត់ទៅជាមានជម្ងឺទាស់ក៏មាន។ បងប្រុសខ្ញុំស្លាប់នៅ 
សមរភូមិ សូម្បីខ្មោចគាត់ក៏យកមិនបានផង ពុកត្រលប់មកជំរំវិញ 
ដោយក្តុកក្ដួលក្នុងចិត្ត ម៉ែយំច្រើនជាងគេ តែអ្នកជិតខាងផ្ទះខ្ញុំ ពេល 
គ្រួសារខ្ញុំមានទុក្ខ មានអ្នកស្លាប់ ម្នាក់ៗមិនសូវចាប់អារម្មណ៍នឹងជីវិតដ៏ 
និរាសព្រាត់ប្រាស់ប៉ុន្មានទេ ម្នាក់ៗ ពិសេសចាស់ៗគាត់ឆ្អែតនឹងជំនាន់ 
ខ្មែរក្រហម គាត់ឆ្អែតនឹងទារុណកម្ម ដែលពួកសៀមប្ដល់ឲ្យ។ ម្នាក់ៗ 
ត្រូវការរស់ រស់យករួចជីវិត តែខ្លួនឯងប៉ុណ្ណោះ អ្នកដទៃលែងសំខាន់ 
អ្នកឯទៀត មិនបានដក់ ជាប់ក្នុងមនោសញ្ចេតនារបស់យើងឡើយ 
ម្នាក់ៗត្រូវការរស់ ត្រូវការអាហារ និងចង់ចេញទៅប្រទេសទីបី ឲ្យ
ផុត ពីដែនដីខ្មែរ ដ៏ទារុណនេះតែប៉ុណ្ណោះ។

មុនមានកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ ម៉ែទទូចចង់ ទៅ 
ព្រោះគាត់ទទួលសំបុត្រពីបងប្អូនដែល រស់នៅឯក្រុងឡូវែលថា “នៅ 
អាមេរិកស្រួល ជាប្រទេសមានសន្ដិសុខ និងមាន ច្បាប់ទម្លាប់ត្រឹមត្រូវ 
មិនដូចនៅជំរំ ឬនៅស្រុកខ្មែរឡើយ”។ គាត់បន្ថែមថា “ស្រុកអាមេរិក 
ល្អជាងស្រុកសៀមទៅទៀត និងរីកចម្រើនជាងសៀមរាប់សិបដង”។ 
នៅក្នុងសំបុត្រ អ៊ុំផន បានផ្ញើរូប ថតអ៊ុំ និងកូនៗ មកភ្ជាប់ជាមួយផង។ 
រូបតពួកគាត់ស្អាត តជាប់ជាមួយទេសភាព ទឹកកក និងឡានថ្មី ផ្ទះ
ថ្មី។ ខ្ញុំឃើញបងៗដែលខ្ញុំស្គាល់ ពួកគាត់ស្អាតបាតជាងកាលនៅជំរំ 
ម្នាក់ៗ មានសម្បុរជ្រះ ដែលកាលនៅជំរំជាមួយគ្នា ពួកគាត់ខ្មៅ សក់
ក្បាលកន្រ្ទីងកន្រ្ទឿងដូចខ្ញុំដែរ។ ក្រុមគ្រួសារអ៊ុំផន ស្រឡាញ់រាប់អាន 
ឪពុកម្ដាយខ្ញុំណាស់ គាត់ទទូចហើយទទូចទៀត ឲ្យពុកសម្រេចចិត្ត
ទៅនៅអាមេរិកជាមួយពួកគាត់។ 


ក្រោមគំនាបពីអន្ដរជាតិ នយោបាយស្រុកខ្មែរបានប្រែប្រួល ហើយ
មេដឹកនាំចលនាតស៊ូខ្មែរទាំអស់ព្រំស្រុះស្រួលគ្នា រកសន្ដិភាពជា
មួយរបបកុម្មុយនីសក្រុងភ្នំពេញ ដែលពីមុនលើបន្ទុបដោយរបប 
គ្រប់គ្រងយួនក្រុងហាណូយ ចំណុចចាប់ផ្ដើមនៃសន្ដិភាពនេះ បាន
រារាំងមិនឲ្យជនភៀសខ្លួនខ្មែរ ចាកចេញពីស្រុកខ្មែរទៀតដែរ។ ជន
ភៀសខ្លួនខ្មែរ ដែលនៅសេសសល់ក្នុងជំរំតាមព្រំដែនខ្មែរ សៀម
ទាំងអស់ត្រូវធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ ក្នុងអំឡុង
ប្រតិបត្តិការរបស់កងកម្លាំងរក្សាសន្ដិសុខអង្គការសហប្រជាជាតិ
ក្នុងឆ្នាំ១៩៩២ និងឆ្នាំ១៩៩៣។ ឪពុកខ្ញុំចង់ឲ្យមានថ្ងៃនេះណាស់ គាត់
បានប្រាប់ទៅម៉ែថាតាំងពីកូនប្រុសស្លាប់ទៅ ខ្ញុំលែងចង់កាន់អាវុធ
ហើយម្ង៉ៃៗឃើញតែខ្មែរបាញ់សម្លាប់គ្នា បើអន្ដរជាតិមិនឆាប់ចូល
មកជួយទេ តែពីរបីឆ្នាំទៀតងាប់អស់ហើយខ្មែរ”។

ឆ្នាំ១៩៩២ ពុកសម្រេចធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសខ្មែរវិញ គ្រួសារ 
ខ្ញុំចុះឈ្មោះមុនគេ និងឡើងឡានមកស្រុកខ្មែរមុនគេដែរ។ ពុក​ប្រាប់ 
ពួកយើងថាគ្មានទីណាល្អជាងស្រុកកំណើតយើងទេ ទោះបីមាន 
សង្រ្គាម ក៏ទឹកដីនេះនៅតែស្រស់បំព្រងដែរ ពុកតស៊ូនៅក្នុងព្រៃ មិន 
មែនដើម្បីបានឈ្មោះជាឧត្តមសេនីយ៍ ជាមេទ័ពឡើយ គឺពុកមាន 
បំណងដេញយួនចេញពីប្រទេសតែម្យ៉ាងប៉ុណ្ណោះ។ ឥឡូវយើងមាន 
ឧកាសចូលស្រុក ហេតុអ្វីបានជាចង់នាំគ្នារត់ទៅជ្រកនៅប្រទេសគេ 
ឬទុកឲ្យប្រទេសដែលយើងទាំងអស់គ្នាប្រឹងប្រែងតស៊ូ ការពារបូរណ 
ភាពទឹកដីនេះ ឲ្យជាតិសាសន៍ដទៃមករស់នៅ?” ពុកបញ្ជាក់ទៅម៉ែ 
ទៀតថា “បើម៉ែវាឯងចង់ទៅនៅឯណាក៏បាន តែខ្ញុំ ស៊ូស្លាប់រស់មិន
ទៅណាចោលស្រុកខ្មែរទេ”។ ម៉ែមិននិយាយ ម៉ែមិនតវ៉ា គាត់នៅ
បំបៅប្អូនពៅ។

ដំណើរមាតុភូមិនិវត្តន៍មកប្រទេសខ្មែរ មានសភាពហួតហែងណាស់
ចម្រៀងទីមួយដែលខ្ញុំបានឮ តាមមេក្រូ ពេលចូលដល់ដីខ្មែរ គឺគេ 
ច្រៀងថា ឪផ្ទៃស្រុកខ្មែរយប់ខែភ្លឺថ្លា...” ខ្ញុំចូលចិត្តបទចម្រៀងនេះ 
ណាស់តែអ្វីៗ មិនដូចការរំពឹងទុកទេ ការលំបាករបស់គ្រួសារខ្ញុំ និង 
បងប្អូនខ្មែរឯទៀតមានដូចគ្នា គឺលំបាកជាងនៅក្នុងជំរំទៅទៀត។ ខ្ញុំ 
តែងស្រមៃឃើញសភាពស្រស់ល្អរបស់ប្រទេសកំណើតឪពុកម្ដាយ 
ខ្ញុំធ្លាប់ឃើញរូចថតសខ្មៅ ដែលពួកគាត់ថតនៅប្រាសាទអង្គរវត្ត គឺ 
ស្អាតណាស់ខ្ញុំធ្លាប់ឃើញក្រុងបាងកកពីមុន ខ្ញុំស្មានថា ស្រុកខ្មែរ 
ស្រស់ស្អាតដូចនៅបាងកកដែរ។

ការវិលត្រលប់មកមាតុភូមិវិញ មានសភាពយ៉ាប់យ៉ឺនណាស់ នៅជំរំ 
យើងគ្មានជំនាញ រស់ដោយអង្គការអន្ដរជាតិជួយចិញ្ចឹម ផ្ដល់អង្ករ ត្រី 
សាច់ឲ្យ ទោះគ្រប់មិនគ្រប់ ឆ្ងាញ់មិនឆ្ងាញ់ ក៏យើងមានហូបចុកដែរ 
និយាយឲ្យចំទៅគឺបានហូបចុកដោយងាយៗពេក។ នៅប្រទេសខ្មែរ 
ប្រទេសដែលពុកស្រឡាញ់នឹករលឹកបំផុត ទោះពុកមានឈាមជ័រជា 
ចិន គ្រាប់ភ្នែកទាំងពីរតូចៗក្តី ពុកមិនចង់ទៅណា ចោលមាតុភូមិរបស់ 
ពុកនោះ យើងទាំងអស់គ្នា ត្រូវអង្គការជនភៀសខ្លួនដឹកបញ្ជូនឲ្យរស់ 
នៅស៊ីសុផុន ដូចផ្លុងមនុស្សចោលអីចឹង។


ពុកឈប់ធ្វើទាហានទៀតហើយ ទោះបីអ្នកធំមកពីព្រៃដូចគ្នាអន្ទងហៅ 
គេសន្យាឲ្យតំណែងអ្វីក៏ដោយ គាត់ប្រកបរបររត់ពន្ធ យកទំនិញពី 
ស្រុកសៀមមកលក់ ពុកសម្រេចមិនទៅនៅស្រុកកំណើត ឡើយ 
ព្រោះបំណងគាត់ត្រូវនាំកូនៗទៅនៅក្រុងភ្នំពេញ ចង់ឲ្យកូនបានរៀន 
សូត្រចេះដឹង។ តែបំណងរបស់ពុកមិនបានសម្រេចឡើយ ព្រោះបង 
ស្រីខ្ញុំរៀបការ ហើយយើងមានជីវភាបមិនសូវល្អ បន្ទាប់ពីមានចោរ 
ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះមក។


របររកទទួលទានជួបនឹងការខ្វះខាត ប្រាក់បំណុលកាន់តែកើនឡើង 
ឧត្តមគតិស្រឡាញ់ជាតិក៏រលាយទៅដែរ។ ពុកធ្លាក់ខ្លួនទៅជាអ្នករត់ 
ម៉ូតូឌុប គាត់តុកសិចស្រវឹងរាល់ថ្ងៃ ផ្ទះដំបូលតង់ ដែលផ្ដល់ដោយ 
អង្គការជនភៀសខ្លួនក៏ដាច់ដោចទៅដែរ បងស្រីខ្ញុំត្រូវលែងលះពីប្ដី 
របស់គាត់ ព្រោះតែគ្រួសារយើងធ្លាក់ខ្លួនក្រ ប្អូនពៅរបស់ខ្ញុំមានជម្ងឺ 
ក្អកមាន់ ឯខ្ញុំវិញ មានរូបរាងកាន់តែពេញវ័យ តែមិនដឹងថាខ្លួនឯង 
ជានរណា ពីមួយថ្ងៃទៅមួយថ្ងៃ ទូលតែនំលក់តាមភូមិ មិនបានរៀន 
សូត្រអីទេ។ ដីស្រែក៏គ្មាន ការងារក៏គ្មាន ផ្ទះក៏គ្មាន ញាតិមិត្តក៏គ្មាន 
និយាយរួម អ្វីៗដែលពោរពេញដោយមោទនភាពកាលនៅជំរំ ត្រូវ 
បាត់បង់ព្រមគ្នានឹងដំណើរមាតុភូមិនិវត្តន៍មកស្រុកខ្មែរដែរ ព្រោះតែ 
ពុកមិនចូលរួមក្នុងសង្គមដូចមុន។ 


ហេតុផលដែលពុកឈប់កាន់កាំភ្លើង ព្រោះពុកធ្លាប់បាញ់សម្លាប់ចោរ ម្នាក់នៅក្នុងជំរំ ដែលគាត់ស្គាល់ច្បាស់ គាត់មានវិប្បដិសារីយ៉ាងខ្លាំង គាត់បន្ទោសខ្លួនឯងជាញុយៗថា “ពុកមិនគួរបាញ់សម្លាប់មនុស្សទេ យើងជាខ្មែរដូចគ្នា។ ហេតុអីក៏ខ្ញុំសម្លាប់គេ? ហេតុអី?” ពុកតែងបន្ទោស 
ខ្លួនឯងរហូត ហើយសម្រេចចិត្តឈប់ធ្វើការងារ។

ការលំបាកមានកាន់តែច្រើនឡើង ជួនពេលនោះ ក្នុងភូមិដែលយើង 
រស់នៅមានទំនាស់ដីធ្លី ពុកត្រូវគេបាញ់ឲ្យរបួស ពិការមិនអាចធ្វើអ្វី 
បានទៀត។ យុវវ័យរបស់ខ្ញុំ ត្រូវកប់បាត់នៅក្នុងដែនដីនេះ ពុកធ្លាប់
ប្រាប់ខ្ញុំថា “រាត្រីកូន! ពុកឃើញកូន និងបងស្រីឯងឆ្លាតណាស់ អ្នក
ដែលពុកស្កាល់ទាំងប៉ុន្មាននរណាក៏ចង់យកកូនទៅនៅជាមួយ ធ្វើជា 
កូនចិញ្ចឹមដែរ តែពុកមិនព្រម ពិសេសអ៊ុំរបស់ឯង ដែលនៅអាមេ
រិក គាត់ស្រឡាញ់កូនជាងគេ។ គាត់រហូតប្រាប់ពុកថា សុំកូនមួយទុក
ធ្វើដន្ដងជាមួយគាត់ទៀតផង។ អ្វីដែលពុកចង់និយាយជាមួយកូន
ពេលនេះគឺ ពុកនៅតែមិនអស់ចិត្ត ហេតុអ្វីកូនដ៏ឆ្លាតវាងវៃ របស់ពុក 
ត្រូវរស់នៅលំបាកវេទនាបែបនេះ?” ខ្ញុំតបទៅពុកវិញ“កូនមិនខឹងនឹង
ពុកទេ បើទីនេះមានសេចក្តីសុខសម្រាប់ពុកហើយ យើងមិនគួរទៅ
ប្ដូរទៅណាឡើយ”។ ពុកតបមកវិញ “តែពុកចង់ទៅនៅភ្នំពេញ ពុក
ចង់ឲ្យកូនបានរៀន។ តែដូចកូនឃើញស្រាប់ ពុកពិការហើយ។”

មនុស្សម្នាក់ធ្លាក់ខ្លួនពិការ បង្គោលក្នុងគ្រួសារក៏រលំទៅដែរ យើងទាំង 
អស់គ្នាត្រូវរងារជាងមុន។ បងស្រី បានទៅបម្រើគេនៅភោជនីយដ្ឋាន 
ពុកម៉ែ និងប្អូនៗទាំងពីរនៅផ្ទះ ខ្ញុំរកការងារធ្វើមិនបាន បានត្រឹមស៊ី 
ឈ្នួសដកស្ទួង ច្រូតកាត់ឲ្យអ្នកស្រុក និងអូសរទេះដឹកទំនិញនៅប៉ោយ 
ប៉ែត បានប្រាក់តិចតួចសម្រាប់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ ចុងក្រោយ ពុក 
និយាយទាំងទឹកភ្នែកប្រាប់ម៉ែថា “ម៉ែក្អូន កាលនោះ បើខ្ញុំមិនស្រឡាញ់ 
ស្រុកពេក កាលនោះ បើពួកយើងចេញទៅនៅប្រទេសទីបី ប្រហែល 
យើងមិនដុនដាបដល់ថ្នាក់នេះទេ។ ពេលនេះ ទើបខ្ញុំដឹងថា ខ្ញុំម្នាក់ឯងមិន 
អាចដេញយួនចេញពីស្រុកបាន ខ្ញុំម្នាក់ឯងមិនអាចការពារទឹកដីខ្មែរ 
បាន ខ្ញុំម្នាក់ឯងមិនអាចផ្លាស់ប្ដូរសង្គមបាន ខ្ញុំម្នាក់ឯងនាំទុក្ខដល់ប្រពន្ធ 
កូន។ គឺខ្ញុំ...។” ម៉ែតបទៅពុកវិញយ៉ាងខ្លីថា “រឿងពីមុនកប់វាទៅ” ពុក 
តបទៅម៉ែវិញ “តែខ្ញុំអាណិតកូនៗណាស់ កូនៗលំបាកពុំមែនដោយ 
សារសង្រ្គាមទេ តែព្រោះតែភាពក្រីក្រប៉ុណ្ណោះ។ ការវិលត្រលប់របស់ 
ពួកយើងមិនបានផលអីទេ ថែមទាំងនាំឲ្យជីវិតជួបតែទុក្ខលំបាកទៀត” 
ម៉ែមិនឆ្លើយនឹងពុកទេ គាត់ដកដង្ហើមធំ ដកដង្កៀបអាគុយពន្លត់ភ្លើង 
អំពូល ហើយចូលមុងសម្ងំគេង គិតទៅដល់អតីតកាលរបស់យើង៕

No comments:

Post a Comment