Monday, September 2, 2013

ខូចពូជ

 by Tararith

១.មានពូជមានពង្សវង្សត្រកូល               មានប្រាក់ចំណូលតាមសមា

កសាងកិត្តិស័ព្ទបានថ្លៃថ្លា                        លើដែនខេមរាល្បីសាយសព្វ។

២.ជាអ្នកការពារជាតិដែនខ្មែរ                 ខ្លាំងហើយពូកែនិងប្រសប់

គ្មានទេជាតិនេះគ្មានអ្នកស្អប់                   រហូតជិតចប់ចុងជីវិត។

៣.កូនៗមានពូជតពីឪ                              កូនចៅមានផ្លូវមិនងងឹត

មានមុខរបរជួញឆ្ងាយជិត                         គ្មានអ្វីត្រូវគិតរស់ស្រួលសុខ។

៤.សង្ឃឹមកំណើតកូនទាំងឡាយ             យើងបានសប្បាយចាកផុតទុក្ខ

តែខុសបំណងដែលគ្រោងទុក                 មានស្អុយចូលគុកមួយៗដែរ។

៥កូនខ្លះដើរប៉ះពួកអ្នកលេង                    បែរឆ្កួតវង្វែងអាវ៉ាសែ

កូនខ្លះនិយាយស្ដីតែវែ                               មាយាទដូចឆ្កែគ្មានលំនៅ។

៦.មិនគួរណាខ្វះបុណ្យកុសល                  កេរឈ្មោះតម្កល់ពាលពេញផ្លូវ

អារាមសាលាក៏ឈ្មោះឪ                            តែត្រូវផ្លាស់ប្តូរដោយសារកូន។

៧.ខូចអស់ពូជពង្សដែលបានសាង         ខូចខាតគ្រប់យ៉ាងឈ្មោះក៏សូន្យ

ឪរស់រសាត់ប្រៀបនឹងក្បូន                        កូនៗគ្រប់គ្នាអស់ដីនៅ៕

No comments:

Post a Comment