សម័យសព្វថ្ងៃ គុណធំពេកក្រៃ សម្ដេចហ៊ុនសែន
លោកធ្វើសព្វគ្រប់ ទប់ទល់បត់បែន ទោះគេច្រណែន
ផ្ដួលលោកមិនបាន។
សម័យតេជោ មានឡានម៉ូតូ ទំនើបគ្រប់ប្រាណ
គ្មានទេអ្នកក្រ សុំទានរំខាន សង្គមថ្កើងថ្កាន
ផុតឋានលោកីយ៍។
សម្ដេចគិតត្រូវ លោកបង្ហាញផ្លូវ ដល់ខ្មែរប្រុសស្រី
កម្ទេចផ្ទះខ្ទម សង់វិមានថ្មី សម្បទានដី
រាប់ម៉ឺនហិកតា។
គុណសម្ដេចខ្ពស់ លោកឲ្យយើងរស់ មានបានហ៊ឺហា
ទ្រព្យធនប្រាក់រៀល ប្រាក់ដុងដុល្លារ ឲ្យតាមត្រូវការ
សាងសាលាវត្ត។
សម្ដេចឧត្តម លោកថាចំៗ ខ្មែរអភិវឌ្ឍន៍
សាងស្ពានសាងផ្លូវ លោកមិនដែលឃាត់ ព្រៃស្ដុកលោកវាត់
វាតរាបដល់ដី។
រកប្រដូចគ្មាន សម្ដេចលោកហ៊ាន ថាគ្មានប្រណី
សម្ដីដូចទិព្វ ទុំលោកថាខ្ចី អ្នកផងយល់ន័យ
ខ្ចីតាមគ្រប់គ្នា។
ទោះតុលាការ យុត្តិធម៌យ៉ាងណា ក៏ក្រោមបញ្ជា
បើលោកថ្កោលទោស ជននោះរងារ សម្ដេចផ្ដន្ទា
គុកអស់ជីវិត។
ខ្មែរសរសើរលោក ពីជនទាបថោក ពីទីងងឹត
ជាវីរជន តំណាងខ្មែរពិត លោកជាបណ្ឌិត
មិនចូលសាលា។
សម្ដេចមានយស គុណបុណ្យលោកខ្ពស់ ប្រសើរអស្ចារ្យ
គ្រប់គ្នាតាំងរូប ក្នុងនាឡិការ គ្រប់ផ្ទះទីណា
ក៏ឃើញលោកដែរ។
សម្ដេចពិតខ្លាំង លោកថាម៉ាំងៗ ដៀលត្មិះដូចឆ្កែ
អ្នកប្រឆាំងលោក ចោលស្រុកហូហែ រាប់រយឆ្នាំខែ
លោកក្រាញអំណាច។
រដ្ឋពុករលួយ លោកមិនដែលព្រួយ ឲ្យថែមបើអាច
លោកធ្វើព្យុះភ្លៀង លើសពួកបិសាច ឈ្មោះលោកបាចសាច
ត្រចះត្រចង់។
ខ្មែរស្រឡាញ់លោក ទោះទឹកភ្នែកជោក ជាំមិនបោះបង់
គាំទ្ររហូត តាមសម្ដេចចង់ ផ្ទះដីបាត់បង់
ក៏សុខចិត្តដែរ៕
No comments:
Post a Comment