Friday, April 12, 2024

រក្សាខ្មែរ

 By Tararith

១. បានកើតជាខ្មែរសូមថែជាតិ

     រក្សាផៅញាតិមាយាទយើង

     គោរពសំពះចៀសងើយពើង

     អង្គុយលើកជើងហួសសិរសា។


២. អបអររក្សាប្រពៃណី

     ស្រលាញ់ទឹកដីជាតិខេមរា

     ទម្លាប់បុរាណរួមរក្សា

     កុំភ្លេចវត្តវ៉ាសាវតាខ្មែរ។


៣. បើយើងរាល់គ្នាមិនរវល់

     មិនខ្វល់អំពល់នាំគ្នាថែ

     នឹងរសាត់បាត់ទៅផងដែរ

     សូមបែរមកជ្រោងជួយជាតិផង។


៤. កូនចៅយើងនេះជំនាន់ថ្មី

     ថ្ងៃមុខដឹងក្ដីជារបង

     រស់មានព្រលឹង និងបំណង

     បុណ្យទានតបស្នងដល់ដូនតា។


៥. យើងជាខ្មែរថែសម្បត្តិជាតិ

     មិនអោយឃ្លាតឆ្ងាយពីកាយា

     ជាខ្មែរទោះរស់នៅទីណា

     ខំថែរក្សាអោយខ្ពង់ខ្ពស់។


៦. អក្សរភាសាសាស្រ្តយើងមាន

     បន្តសូត្ររៀនទ្រជាតិរស់

     ជំនាន់ថ្មីឃ្មាតខ្មីសាបព្រោះ

     កេរ្តិឈ្មោះពីរោះដល់ខេមរា។


៧. ទីនេះថ្ងៃនេះយើងជួបគ្នា

     អបអរវេលាមានទេវតា

     ឆ្នាំថ្មីសិរីប្រសើរថ្លា

     ខ្មែរស្គាស់សាវតាខ្មែរតែមួយ។




No comments:

Post a Comment