by Tararith
សំឡេងល្វើយៗពីចុងអម្ពិលហៅឈ្មោះខ្ញុំ៖
បងរ័ត្ន... អើបងរ័ត្ន ទៅណាបង ឈប់សិន អូនចង់ជូបបង អូននឹកបងណាស់ បងដឹងទេ?
ខ្ញុំមិនងាកក្រោយទេព្រោះសំឡេងនេះខ្ញុំស្គាល់ច្បាស់ណាស់គឺជាសំឡេង របស់អូនសេដា សង្សាខ្ញុំ ដែលស្លាប់កាលពីប្រាំពីរថ្ងៃមុន ខ្ញុំចាំចាស់ៗតែងនិយាយថាកាលណាខ្មោច ហៅចំឈ្មោះយើង យើងងាកក្រោយខ្មោចនឹងវាវាយ បំបាក់ក។
ខ្ញុំស្រៀវខ្លួនខ្ញាកៗ ស្បែកឡើងសម្បុរគីង្គក់ ព្រោះសំឡេងហៅនោះ ឮកាន់តែជិតឡើងៗ... អូយតើខ្ញុំត្រូវធ្វើដូចម្តេចទៅ?
បងរ័ត្ន ម៉េចមិនឆ្លើយអូនអីចឹង? ម៉េចបងដាច់ចិត្តដើរធ្វើងើយយ៉ាងនេះទៅវិញ។
ខ្ញុំមិនតបតអ្វីឡើយ។ រំពេចនោះ ស្រមោលខ្មៅមួយធំស្ទុងៗធ្លាក់ឆ្តុបនៅពីមុខខ្ញុំ សំឡេងស្រាលនៃស្រមោលនោះសួរ ខ្ញុំទៀត៖
បងមិនឮអូនហៅបងមែនឬ?
ដោយទ្រាំមិនបាន ខ្ញុំក៏តបទៅសំឡេងនោះវិញ៖
យើងអស់កម្មពារនឹងគ្នាហើយ អូនដោះលេងបងទៅ កុំឲ្យបងបងអី បើអូននៅ ស្រឡាញ់ បងដូចមុន សូមកុំលងបន្លាច បង... ព្រោះយើងមិនអាចរស់នៅជាមួយគ្នាបានទេ។
មិនបានទេ អ្នកណាថាយើងមិនអាចរស់នៅជាមួយគ្នាបាន។ បងមើលនេះ អូននៅតែ ជាអូន ដដែលទេតើ អូននៅតែជា សេដារបស់បងដដែលហ្នឹង។
តែអូនមិនមែនជាមនស្សទេ...
ខ្មោចក៏អាចរស់នៅជាមួយមនុស្សបានដែរ តែមកពីបងមិនមានសេចក្តីស្មោះត្រង់ ទើបទុកឲ្យអូននៅម្នាក់ឯងបែបនេះ។
បងមិនដែលមានចិត្តក្បត់អូនម្តងណាទេ សូម្បីពេលនេះក៏ខ្ញុំនៅតែនឹករលឹក នៅតែស្រឡាញ់អូនដែរ។ អូនមិនដឹងទេ ពេលបងដឹងថាអូនស្លាប់ ក្នុងទ្រូងបងសែនក្តុក ក្តួលខ្លាំងណាស់។
បងនៅតែព្យាយាមកុហកខ្ញុំ បើបងស្រឡាញ់ខ្ញុំមែន ផ្ទះបងមិនចាំបាច់ព័ទ្ធសីមា មិនឲ្យខ្ញុំចូលនោះទេ។
រឿងព័ទ្ធសីមាអីនោះបងមិនដឹងទេ ប្រហែលជាចាស់ៗជាអ្នកធ្វើ។
ម៉ែបងអាក្រក់ណាស់ គាត់កាន់សីល ធ្វើបុណ្យទានម្តងៗអស់ប្រាក់រាប់ម៉ឺនដុល្លារ សង់វិហាររាប់មិនអស់ តែចិត្តសាហាវ បំបែកបំបាក់ស្នហាយើង។
អូនកុំថាឲ្យគាត់បែបនេះអី។
បងមិនដឹងទេថាខ្ញុំស្លាប់ដោយសារអី។
អូនប្រាប់បងផងបានទេ តើអូនស្លាប់ដោយមូលហេតុអី?
បងសម្លឹងមកអូនមក អូននឹងប្រាប់បង។
បងមិនហ៊ានមើលទេ ព្រោះអូន...
មិនអីទេ។
ខ្ញុំបើកភ្នែកសម្លឹងនាង។ សេដានាងស្អាតជាងកាលនៅជាមនុស្សទៅទៀត។ ខ្ញុំភ្លឹកគន់សម្រស់ ខ្មោចសង្សារខ្ញុំ ទាំង កណ្តាលយប់ស្ងាត់ម្នាក់ឯង...។
បងអើយ ដូចអូនធ្លាប់បារម្ភពីមុនអីចឹង អូនធ្លាប់ប្រាប់បងហើយ ថាស្នេហាយើង នឹងមាន ឧបសគ្គ តែបងមិនដោះលេង អូន បងនៅតែតាមស្រឡាញ់អូន បងនៅតែមានៈ ចង់ឈ្នះចិត្តម្តាយបង ទើបអូនក្លាយទៅជាបែបនេះ។ បងរ័ត្ន... អូនស្លាប់ ដោយស្នាដៃ របស់ម្តាយបង គាត់បានជួលពួក អ្នកលេង ឲ្យមកសម្លាប់អូន ដើម្បីបំបែកអូនពីបង។ អ្នកលេងទាំងនោះ សាហាវណាស់ ពួកវារំលោភ អូន ហើយសម្លាប់។ ការពិតអូនខឹងនឹង បងណាស់ ដែលមិនមានសមត្ថភាពឃុំគ្រងអូន បងយក បេះដូងអូនហើយ ផ្តល់ទុកសោក មកឲ្យអូន និងក្រុមគ្រួសារទៀត អូនចង់តែសម្លាប់បង តែអូនមិនចង់សងសឹកបែបនេះទេ។ បងត្រូវចាំ ម្តាយបងជាអ្នកធ្វើឲ្យអូនស្លាប់ អូនត្រូវទារជីវីតពីគាត់វិញ។
សេដាអូន បងតានតឹងក្នុងចិត្តពន់ពេក។ យប់នេះបងសុខចិត្តរស់នៅជាមួយអូន តែសូមអូនឈប់ផ្តន្ទាម្តាយបងបានទេ?
មិនបានទេ បើបានជាបែបនេះទៅហើយ បងត្រូវដឹង អូនសម្រេចចិត្តយកបង មកនៅជាមួយ អូនចាប់ពីពេលនេះទៅ ហើយម្តាយបងត្រូវសងជីវិតអូនមកវិញ។
ខ្ញុំទ័លច្រកនឹងរកអ្វីមកដោះស្រាយជាមួយនាងមិនបាន រំពេចនោះសក់ដ៏វែងអន្លាយ របស់នាង បានរសាត់ទាំងដុំៗមក គ្របលើមុខខ្ញុំទៀត ខ្ញុំមិនបម្រះចេញពីរង្វង់សក់ដ៏ ក្រអូបក្រអួននេះទេ។ ក្លិន ក្រអូបដូចក្លិនផ្ការំដួល បានភាយចេញពីសក់ ដ៏ខ្មៅក្រិបរបស់ សេដានេះ ធ្វើឲ្យអារម្មណ៍ខ្ញុំអណ្តែត អណ្តូង ឯកម្លាំងរបស់ខ្ញុំក៏កាន់តែខ្សោយទៅៗដែរ។ តែប៉ុន្មានវិនាទីប៉ុណ្ណោះ សក់នាងសេដាហាក់ ក្រសោបពេញខ្លួនប្រាណខ្ញុំទាំងមូល ។
បងសម្លាញ់អូនបានសម្រេចបំណងហើយ អូនអស់ប្រាថ្នាហើយ។ បងអើយ! ទោះយើងរស់នៅ បែបណាក្តី ក្នុងស្ថាន ភាពយ៉ាងណាក៏ដោយ អូននៅតែពេញចិត្ត ឲ្យបងឃុំគ្រងជានិច្ច ម៉េចក៏បងមិននិយាយជាមួយអូនសោះអីចឹង។
រំពេចនោះសំឡេងមួយស្រែកពីម្ខាងដំបូកមកថា៖
ល្មមៗបានហើយនាងសេដា បើនាងចង់ឆាប់បានទៅចាប់ជាតិ ឈប់ចងកម្មពារ នឹងមនុស្ស លោកទៀតទៅ។
សេដាពេលឮសំឡេងអាចារ្យបៃ នាងស្រាប់តែស្រែកយំហ៊ូៗ... ស្រែករកខ្ញុំឲ្យជួយ៖
បងរ័ត្នៗជួយអូនផងតាបៃមករំខានក្តីសុខសានរបស់យើងហើយ បើបងមិន រវល់ជាមួយអូនទេ យើងពិតជាមិនមានផ្លូវ បាននៅជាមួយគ្នាទេ។ តាបៃៗ... ខ្ញុំខ្លាចតាហើយ សូមតាកុំយកទោសពៃខ្ញុំអី។
មិនបានទេ បើនាងមិនចេញពីអារ័ត្ន អញនៅតែចងឯងរហូត ឯងចាំឲ្យច្បាស់ណា... នេះបើអញមិនយល់ដល់យាយ ណែនម៉ែឯងទេ អញនឹងដាក់ទ័ណ្ឌកម្មឲ្យខ្លាំងជាងនេះ មិនខាន។
ចិត្តខ្ញុំអន្ទះអន្ទែងចង់ជួយសេដាណាស់ ខ្ញុំអាណិតនាង ខ្ញុំប្រឹងស្រែកឃាត់តាបៃ កុំឲ្យធ្វើបាប នាង តែខ្ញុំស្រែកមិនរួចទាល់តែសោះ។
បានៗ តាបានហើយ ខ្ញុំព្រមហើយ(ណយនិយាយទៅតាប៉ៃទាំងយំសសិត)។ តែតាឯងត្រូវចាំ ថា តាផ្តល់មកខ្ញុំមិនយុត្តិធម៌សោះ ខ្ញុំមិនទាន់បានសងសឹកជាមួយឃាតក ដែលសម្លាប់ខ្ញុំផង ខ្ញុំមិន ទាន់បានរួមរស់ជាមួយអ្នកដែលខ្ញុំស្រឡាញ់ផង តាបែរជាមក បំបែកបំបាក់ខ្ញុំ ខ្ញុំស្លាប់ជាខ្មោចហើយ នៅតែមានអ្នកឈ្លានីសផ្តន្ទាខ្ញុំទៀត លោកនេះ អយុត្តិធម៌ណាស់ៗ។
រឿងទាំងនេះ សូមនាងទុកឲ្យព្រះដោះស្រាយទៅបានហើយ ព្រះលោកពោលទុកថា ធ្វើល្អបានល្អ ធ្វើអាក្រក់នឹងទទួលកម្មពារ។ នាងបន្ទោសខ្ញុំក៏បាន តែនាងត្រូវចាំថា ខ្ញុំមានភារៈជាអ្នកចាប់ខ្មោច បីសាច។
តាខ្លាំងណាស់ ខ្លាំងបានតែជាមួយខ្មោចអត់រូប តែជាមួយពួកមន្រ្តីពុករលួយ ដែលរឹមយកដីរបស់តា និងអ្នកភូមិនេះ ម៉េចមិនទៅចាប់ចងទៅកំចាត់ពួកវាទៅ។
ខ្ញុំឮសេដានិយាយជាមួយតាបៃទាំងអស់ តែពេលខ្ញុំដឹងខ្លួនឡើងវិញ ស្រាប់តែខ្ញុំ នៅក្នុងវាល ស្រែម្នាក់ឯង កណ្តាលអាធ្រាតស្ងាត់សូន្យឈឹង។ ខ្ញុំអាណិតសេដាណាស់។ ខ្ញុំស្រែកហៅ នាង ស្រែកប្រាប់នាង ថាខ្ញុំស្រឡាញ់នាង ទាំង អារម្មណ៍វង្វេងវង្វាន់។ ខ្ញុំព្យាយាមហៅនាង តែតាបៃ ស្រែកគំហកដាក់ខ្ញុំពីម្ខាងដើមអំពិលមកថា៖
អាអន្ទិត មកស្នេហ៍ស្នូកអីជាមួយស្រីខ្មោច អាមិនខ្លាចងាប់តែអី! ទៅផ្ទះឲ្យឆាប់ទៅ។
សំឡេងតាបៃ ពញាក់ខ្ញុំឲ្យស្វាងស្មារតី។ ខ្ញុំដើរទាំងញាប់ញ័រក្នុងចិត្ត គិតដល់សង្សា...
សេដា នាងទៅហើយ រាត្រីនេះទោះបីខ្ញុំខំស្រែកបែកអាកាសក៏ដោយ នាងមិនវិលមករកខ្ញុំ វិញឡើយ។ សេដា បងពិតជាស្រឡាញ់អូន... បងសុំទោសដែលធ្វើឲ្យអូនលំបាក បងសុំទោស ដែលមិនបានរក្សាអូនមិនបាន រស់នៅជាមួយអូនក្នុង ជាតិនេះ...
អតីតកាលមិនវិលវិញទេ ជីវិតមនុស្សដែលស្លាប់ទៅហើយ នឹងយកអ្វីមកជំនួសបាន អនុស្សវរីយ៍ស្នេហារបស់ខ្ញុំ និងសេដា បានត្រឹមតែសោកសៅ បានត្រឹមតែរំលឹកឡើងវិញ និងស្ដាយអតីតកាលតែប៉ុណ្ណោះ៕
No comments:
Post a Comment