by C write
នៅសង្កាត់លេខដប់បី នៃក្រុងប៉ារីស សំបូរអ្នកជំនួញ ចិន ខ្មែរជាច្រើន រស់នៅរកទទួលទានទីនេះ។ អ្នករត់តាក់ស៊ីក៏ច្រើនណាស់ដែរ។ នៅហាងកាហ្វេតាបាក់ ខ្ញុំញៀន ដោយត្រូវមកញ៉ាំកាហ្វេទីនេះស្ទើតែរាល់ល្ងាច ហើយទីនេះ ខ្ញុំអាចនិយាយ ភាសាខ្មែរជាមួយអ្នកលក់ និងអ្នកញ៉ាំកាហ្វេដូចគ្នា មកទីនេះ ខ្ញុំក៏បានដឹងរឿងរ៉ាវច្រើនពីប្រទេស កំណើតរបស់ឧពុកម្តាយខ្ញុំដែរ។
ខ្ញុំកើតនៅលើយន្តហោះ គឺពេលដែលម្តាយខ្ញុំជិះយន្ដហោះមកបារាំង ដូច្នេះ មិនដឹងថាទីកំណើតរបស់ខ្ញុំទីណាទេ តែខ្ញុំស្រឡាញ់ប្រទេសកម្ពុជា តាមដែលឪពុកម្តាយខ្ញុំ ធ្លាប់មាន អនុស្សាវរីយ៍តាំងពីកុមារភាពរបស់ពួកគាត់។
ឪពុកខ្ញុំ ជាមិត្តដ៏ស្និទស្នាលបំផុតជាមយយលោកគ្រូរបស់ខ្ញុំ តែម្នាក់ៗរវល់ នឹងការងារគ្មាន ទំនេរ ទើបមិនសូវបានជួបគ្នា។ រាល់ដងដែលខ្ញុំជួបលោកគ្រូ ឪពុកខ្ញុំតែងតែផ្ញើក្តីរលឹកតាមខ្ញុំរហូត។
ខ្ញុំចេះភាសាខ្មែរច្រើនដូចភាសាបារាំងដែរ ទោះបីឈប់រៀនយូរដែរហើយក្តី ព្រោះបានអនុវត្ត នៅហាងកាហ្វេនេះ។ ខ្ញុំអាចសរសេររឿង កំណាព្យ ចម្រៀង បង្ហោះ តាមវែបសាយបានរហូតលោក គ្រូដឹង ក៏ណាត់ជួបខ្ញុំ ដើម្បីពិភាក្សាគ្នាលេង។
ស្រុកបារាំង ដែលធ្លាប់ជាម្ចាស់ខ្មែរជិតមួយរយឆ្នាំ គេពិតជាពូកែមែន សូម្បី រថភ្លើងដែលយើងជិះរាល់ថ្ងៃ អាចរត់បានចម្ងាយ៣៥០គីឡូម៉ែតក្នុងមួយម៉ោង។ នៅក្រោមដី លើដី និងលើអាកាស បារាំងមិនទុកឲ្យទំនេរឡើយ ទីណា ប្រទេសណាដែលបារាំង យល់ថាមានផលចំណេញគេទៅវិនិយោគភ្លាម ហើយគេបង្រៀនកូនចៅគេឲ្យមានសមត្ថភាព គេផ្ដល់ឧកាសឲ្យជាតិសាសន៍គេរៀនសូត្រយ៉ាងល្អ។
ប្រទេសខ្មែរវិញឮតែរឿងមិនល្អ ឃើញតែជិះជាន់គ្នា ខ្ញុំអាណិតអាសូរបងប្អូនខ្មែរ ដែលពុំមានអំណាច ហើយត្រូវអ្នកមានអំណាចគំរាម ធ្វើបាប រំលោភសិទ្ធិ យកដីធ្លី បណ្ដេញចេញពីលំនៅដ្ឋាន... អាណិតជាតិយើងណាស់ ធ្វើអាក្រក់ដាក់គ្នាឯង ជាងបារាំងធ្វើទៅលើខ្មែរកាលជំនាន់១០០ឆ្នាំមុនទៅទៀត ក្នុងកាលៈទេសៈ ដែលពិភពលោកមានច្បាប់ទម្លាប់ល្អយ៉ាងដូច្នេះ។
លោកគ្រូមកដល់ ខ្ញុំហៅកាហ្វេខ្មៅជូនលោកគ្រូ។ យើងជជែកគ្នា សួរសុខទុក្ខគ្នា បន្ទាប់មកលោកគ្រូក៏និយាយ៖
គ្រូបានអានអត្ថបទរបស់ប្អូនជាច្រើនតាមវែបសាយ ជាភាសាបារាំងផង និងភាសាខ្មែរផង គ្រូដឹងថាប្អូនជាអ្នកនិពន្ធ ទាំងកំណាព្យ ទាំងរឿង និងអត្ថបទវិភាគផ្សេងទៀត សុទ្ធសឹងតែសរសេរអំពីសង្គមបច្ចុប្បន្ន ដោយរិះគន់ត្រង់ទៅសង្គមខ្មែរសព្វថ្ងៃ ថាសង្គមពុករលួយ សង្គមបំបិទសេរីភាពក្នុងការបញ្ចេញមតិ សង្គមនេះអយុត្តិធម៌ អ្នកមានអំណាចក្នុងសង្គម ប្រើអំណាចផ្ដេសផ្ដាស ជិះជាន់គាបសង្កត់រាស្រ្ដ រំលោភយកដីប្រជាជន អ្នកមានអំណាច កាប់ព្រៃឈើ ធ្វើសម្បទានដីឲ្យបរទេស ដោយមានកុងត្រាយូរៗ។ ប្អូនរិះគន់បែបនេះ ប្អូនមិន ខ្លាចទេឬអី? ម៉ែឪឯង និងខ្ញុំ មកនៅស្រុកនេះក៏ព្រោះតែខ្មែរ គឺខ្មែរក្រហម ដែលគេកំពុងកាត់ទោសសព្វថ្ងៃនេះឯង។
សំណួររបស់លោកគ្រូច្រើពេក តែខ្ញុំសុំសួរលោកគ្រូវិញថា តើមន្រ្តីរដ្ឋាភិបាលខ្មែរមួយចំនួន សព្វថ្ងៃធ្វើអីចឹងមែន ឬក៏អត់?
អើ! គ្រូក៏ឃើញអីចឹងដែរសព្វថ្ងៃ។
លោកគ្រូឃើញយ៉ាងម៉េចខ្លះ?
ឃើញពួកអ្នកធំមួយចំនួនធំ កាប់ព្រៃឈើលក់ អ្នកខ្លះទន្រ្ទានយកដីគេត្រង់ៗដូចនៅបឹងកក់ នៅកំពង់ស្ពឺ និងទីកន្លែងផ្សេងទៀត ហើយឯកឧត្តមខ្លះទៀតសប្បាយតែនឹងជាមួយស្រីក្មេងៗ។ កូនរបស់គ្រូ នៅស្រុកខ្មែរស្រាប់ រឿងអីមិនដឹងរឿងប៉ុណ្ណឹង។
លោកគ្រូឃើញ លោកគ្រូដឹង ម៉េចក៏មិនសរសេរទៅ?
អឺ! មកពីពូខ្លាចគេស្គាល់ គេតាមចាប់ដាក់គុក ឬសម្លាប់។ និយាយឲ្យចំគឺលោកគ្រូខ្លាច ស្លាប់ព្រោះធ្លាប់គេសម្លាប់ តែមិនស្លាប់កាលពីជំនាន់អាពត តែសព្វថ្ងៃ គ្រូឃើញគេចាប់អ្នករិះគន់ដាក់គុកឃើញអ្នករិះគន់សង្គម ត្រូវគេសម្លាប់ជាបន្ដបន្ទាប់។ អីចឹងហើយបានជាគ្រូសួរឯង។
គ្រូមិនសរសេរ អ្នកផ្សេងទៀតមិនសរសេរ ព្រោះខ្លាចអ្នកធំនៅភ្នំពេញស្គាល់មុខគេចាប់ដាក់គុក។ ខ្ញុំជូនយោបល់លោកមួយ គឺពួកចោរជញ្ជក់ឈាមខ្មែរអស់នេះ បើយើងមិនសរសេរប្រាប់ឲ្យដឹងខ្លះ ពួកនេះគិតថាយើងជាខ្មែរដូចគេឯងដែរនោះមិនដឹង ខ្យល់អីទាំងអស់។ មួយទៀត ពួកពុករលួយមានអំណាចទាំងនោះ ធ្វើបានប្រជាជនត្រង់ៗ គេមិនខ្លាចផង យើងគ្រាន់តែសរសេរប្រឌិត បែរជាមានទោស បែរជាត្រូវរដ្ឋខ្មែរថ្កោលទោស បើអីចឹងមែន មានតែរដ្ឋនេះទាំងមូល មានសុទ្ធតែមនុស្សពុករលួយ មានសុទ្ធតែឥស្សរជនមិនមែនជាខ្មែរ?
តែប្អូនគួរសរសេរសរសើរគេខ្លះទៅ កុំសរសេររិះគន់សង្គមខ្មែរខ្លួនឯងខ្លាំងពេក នាំឲ្យបរទេសមើលងាយប្រទេសយើង។
ខ្ញុំជាអ្នកនិពន្ធ ខ្ញុំគ្មានអាវុធសម្រាប់ច្បាំងទេ ខ្ញុំក៏មិនស៊ីប្រាក់ខែនៅស្រុកខ្មែរដែរ។ តែបើអ្នកឯងខ្លាចគេរិះគន់ ធ្វើឲ្យត្រឹមត្រូវទៅ ធ្វើតាមច្បាប់ទម្លាប់ទៅ។ លោកគ្រូមើល! អ្នកនៅបឹងកក់ ពួកគេជាខ្មែរ ជាមនុស្សកំពុងមានជីវិត ត្រូវក្រុមហ៊ុនរបស់ឈ្មួញ ដែលកំពុងមាន អំណាចក្នុងព្រឹទ្ធសភាបូមដីចាក់ពន្លិច តើឲ្យគេសប្បាយរីករាយនឹងទង្វើនេះយ៉ាងម៉េច? ខ្លួនឯងមានអំណាច មានលុយហើយ តែខ្វះមនសិការ ទាំងប្ដី ទាំងប្រពន្ធ ឮតែប្រជាជនខ្មែរ ធ្វើបាតុកម្មប្រឆាំង។ ដីខ្មែរទំនេរឲ្យគគោក មកទន្ទ្រានអីដីបឹងកក់? មើលគំរូ Camko City គេធ្វើម៉េចក៏មិនមានទំនាស់ នឹងអ្នកណា។
ប្អូនមានផ្ទះ ឬមានសាច់ញាតិនៅបឹងកក់ដែរទេ បានជាមានកំហឹងយ៉ាងនេះ?
ខ្ញុំគ្មានផ្ទះ គ្មានសាច់ញាតិ ហើយក៏គ្មានដីនៅស្រុកខ្មេរទេ។ ខ្ញុំនៅអ៊ឺរ៉ុបដូចលោកគ្រូដឹងស្រាប់ តែខ្ញុំមិនស្ងប់ចិត្តដូចអ្នកមានអំណាចនៅក្នុងស្រុក ដែលធ្វើយ៉ាងអាក្រក់ដាក់ប្រជាជនខ្មែរ។ អ្នកនៅភ្នំពេញ នរណាខ្លះដែលមិនដឹង នរណាខ្លះដែលមិនឃើញ សូម្បីនាយករដ្ឋមន្រ្ដី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាល តុលាការ និងអជ្ញាធរឯទៀតក៏ជ្រាបរឿងនេះដែរ តែម៉េចក៏ទុកឲ្យមនុស្សវេទនា មិនព្រមរកដំណោះស្រាយ។ បើយួនយកដីនៅតាមព្រំដែនគគោក ប្រជាជននាំគ្នាតវ៉ា បែរជានាំគ្នាគគ្រឹកគគ្រេងចាប់គ្នាដាក់គុក ប្រជាជននាំគ្នាការពារដីខ្មែរយើងសោះហ្នឹងណា៎។
តែស្រុកយើងល្អច្រើនហើយ ថ្ងៃមុនពូឃើញចិនលុបបំណុលអស់ច្រើនណាស់ ប្រសិនបើទប់ស្កាត់ការរំលោភបំពានបានទៀតគឺល្អមែនទែន មិនអីចឹងប្អូន?
ខ្ញុំយល់ស្រប។ តែលោកគ្រូចាំមើល បន្ដិចទៀត អ្នកមានលំនៅ នៅប៊ូឌីងនឹងជួបរឿង វេទនាដូចសហគមន៍បឹងកក់មិនខាន។ គំរូមានមកហើយ ដូចជាប្រជាជននៅសម្បុកចាប ដីក្រហមបឹងឈូក ហើយនៅកំពង់ស្ពឺក៏ដូចគ្នាដែរ ម៉េចក៏រដ្ឋាភិបាលមិនព្រម ប្រើមនុស្ស មានសមត្ថភាពឲ្យចាត់ការរឿងទាំងនេះ ឬក៏សុទ្ធតែអ្នកអត់សមត្ថភាព ក្នុងសង្គមទើបស្រុក ទេសច្របូកច្របល់ដល់ម្លឹង។
សង្គមមនុស្សតែងតែអីចឹងហើយ។
មិនមែនទេលោកគ្រូ។ សង្គមគេ អ្នកធ្វើឲ្យសង្គមច្របូកច្របល់គឺពួកមនុស្សក្រៅសង្គម ឬក៏ពួកឯកឧត្តមទាំងនោះជាជនក្រៅសង្គមដែរ ទើបគ្មានសីលធម៌ទាល់តែសោះ។
កុំថាគេធ្ងន់ៗពេក គេជាអ្នចេះដឹងហើយ ទើបប្រជាជនខ្មែរ រដ្ឋាភិបាលខ្មែរទទួលស្គាល់ ផ្ដល់តួនាទីឲ្យធ្វើឯកឧត្តម ធ្វើឧកញ្ញាណាប្អូន។
ក្រែងកូនលោកគ្រូលោកចប់បណ្ឌិតនៅអ៊ឺរ៉ុប ម៉េចក៏ធ្វើជាស្មៀនរបស់ឯកឧត្តម?
មកពីយើងមិនមានបក្ខពួកណាប្អូន។
អាហ្នឹងហើយ ដែលខ្ញុំថា អ្នកឲ្យងារទៅពួកមនុស្សជំលើយ អមនុស្សធម៌អស់នោះ មិនដឹងថាគាត់ជាជនប្រភេទណាទេ។
ពួកគេមិនមែនជាមនុស្សបាតសង្គមទេ ពួកគេជាអ្នកការពារជាតិខ្មែរយើងណាប្អូន។
ខ្ញុំមិនបានថាអ្នកធំជាជនបាតសង្គមទេលោកគ្រូ តែខ្ញុំមើលងាយនរណាដែលធ្វើបាប ខ្មែរ ខ្ញុំមើលរលងនរណាដែលកំពុងជញ្ជក់ឈាមខ្មែរ នរណាដែលរំលោភច្បាប់ខ្មែរ និងខ្មែរណាដែលជាអាយ៉ង។ ចុះលោកគ្រូវិញ?
ចំពោះគ្រូ គ្រូទើបតែត្រលប់ពីភ្នំពេញបានមួយអាទិត្យប៉ុណ្ណោះ ក្នុងក្បាលគ្រូស្មុគស្មាញ ណាស់។ គ្រាន់តែទៅឈរមើលគេបង្រ្គាបអ្នកភូមិបឹងកក់ គ្រូចង់ខ្សោយបេះដូង។ គ្រូ យល់ថា ពួកនេះគួរតែយើងមើលងាយមែន គ្មានមនុស្សធម៌ក្នុងខ្លួន។ គ្រូទៅឃើញគេបូមខ្សាច់ដាក់បឹងកក់ហើយ ប្អូនអើយអាសូរគ្នាណាស់។
ម៉េចក៏លោកគ្រូមិនសរសេរ អំពីព្រឹត្តិការណ៍ទាំងនោះ?
គ្រូខ្លាចចេញពីស្រុកខ្មែរមិនរួច ខ្លាចមិនបានជិះយន្តហោះមកជួបកូនប្រពន្ធវិញ។ នេះគេហៅថា ចាស់ខ្លាចស្លាប់ណាប្អូន។
ឥឡូវលោកគ្រូមកដល់ផ្ទះវិញហើយ ខ្ញុំសង្ឃឹមថាបានអានអត្ថបទរបស់លោកគ្រូឆាប់មិនខាន។ តើលោកគ្រូនឹងសរសេរអំពីអ្វីមុនគេ?
ប្អូនអើយ គ្រូប្រហែលមិនសរសេររិះគន់សង្គមខ្មែរទេ កាលមុនចូលរួមធ្វើបាតុកម្មនឹងគេ ឲ្យរដ្ឋាភិបាលខ្មែរគោរពតាមសន្ធិសញ្ញាក្រុងប៉ារីស ពួកភ្នំពេញគេថតរូបជាប់ភ័យមិនស្ទើរទេ ឥឡូវលែងហ៊ានតវ៉ា សរសេរអីទៀតហើយ ព្រោះចង់ឲ្យកូនបានធ្វើឯកឧត្តមនឹងគេ។ សុំទោសផងណាប្អូន។
លោកគ្រូ! នេះជាសេរីភាពរបស់លោកគ្រូទេ ខ្ញុំមានបង្ខមលោកគ្រូឯណា។
ប្អូនអើយ! ព្រោះតែអាកូនវាចង់ធ្វើធំនៅស្រុកខ្មែរ ខ្ញុំលះបង់ការសរសេរចោលហើយ។ តែគ្រូចង់ឲ្យឯងឈប់ដែរ ព្រោះស្ដាយបើប្អូនត្រូវគេចាប់ដាក់គុកដាក់ច្រវ៉ាក់ទៅ។
មិនអីទេ! លោកគ្រូកុំបារម្ភ ខ្ញុំគ្រាន់តែសរសេររិះគន់ដើម្បីស្ថាបនា ខ្ញុំក៏ចង់ឃើញសង្កមខ្មែរ មានលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សដូចប្រទេសផ្សេងៗទៀតដែរ ព្រោះខ្មែរយើងផ្ដាច់ ការមកតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ ល្មមអ្នកជំនាន់ថ្មីដឹកនាំ រកពន្លឺ រកកិត្តិយសឲ្យខ្មែរបានហើយ តែបើដល់ពេលនោះ ខ្ញុំទោលែងស្រុកខ្មែរ ហើយត្រូវគេចាប់ ព្រោះតែសរសេរប្រឌិតអំពី ប្រទេសខ្មែរមែននោះគឺប្រាកដណាស់ សង្គមខ្មែរនៅតែផ្ដាច់ការដដែល ដែលត្រូវអំពាវនាវ ទៅពិភពលោក ឲ្យចូលជួយកែទម្រង់ទើបបាន៕
បើយើងមិនបង្ហាញអត្តសញ្ញាណក្នុងប្លុក តើម៉េចនឹងគេអាចដឹងថាយើងជានរណាទៅ? បង្កើត អ៊ីមែលថ្មី ប្លុកថ្មី មិនបង្ហាញពត៌មានផ្ទាល់ខ្លួន ។ល។ ខ្ញុំយល់ថា បើធ្វើដូចនេះ ប្រហែលលោកគ្រូ និង ម្ចាស់សំណេរអាចសរសេរដោយសប្បាយចិត្ត ហើយខ្ញុំនឹងរង់ចាំអាន :)
ReplyDeleteនេះជាសិទ្ធិបញ្ចេញមតិនៅកម្ពុជា!
ReplyDeleteC write