Tuesday, December 14, 2010

ព្រាត់ស្នេហា

by C write

ព្រះច័ន្ទរះធំម៉ុមអូនអើយ                រាត្រីនេះហើយបុណ្យចុងក្រោយ
ដូចដែលសន្យាមិនឲ្យធ្លោយ           បងនាំអូនឲ្យបានសប្បាយ។
ទីក្រុងមានអ្វីៗច្រើណាស់              បងប្រឹងបម្រះដោយមិនណាយ
ខិតខំរៀនសូត្រកុំឲ្យស្ដាយ             ជីវិតវែងឆ្ងាយពិតជាមាន។            
កោះពេជរំលេចភាពមោទនៈ          បង្ហាញឋានៈទ្រព្យធនធាន
ភ្នំពេញកោះពេជទីអ្នកមាន             ចង់ឃើញទីលានកម្សាន្តចិត្ត។
សង្សារបងអើយបងនាំពៅ            ដឹកដៃតាមផ្លូវឪវមិត្រ
ឃើញទេភ្នំពេញដូចតុសិត             ភ្លើងពណ៌រួមរិតលម្អរផ្លូវ។
មនុស្សមន្នាកុះកររាប់លាននាក់       ពពូនពពាក់យប់យន់ជ្រៅ
បងកាន់ដៃស្រីត្រសងទៅ              សង្ឃឹមពាលពៅបានសប្បាយ។
អូនសើចញញឹមរីករាយក្រៃ           ដួងចិត្តដួងចៃបងមិនណាយ
ទ្រូងសែនរញ្ជួយមកពីឆ្ងាយ            ចងចិត្តចងកាយអូនស្ម័គ្រស្មោះ។
សម្ដេចជួនណាតដ៏គោរព              យើងឈប់បែរបន់សុំទាំងអស់
សុំសុខសួរស្តីជារបស់                  សុំលោកជួយប្រោះព្រំស្នេហា។
ជាលើកទីមួយមកភ្នំពេញ              តាមច្រកចូលចេញជិតណាកា
ខ្មែរអរសប្បាយយ៉ាងក្លៀវក្លា          បុណ្យអុំទូកម្ហារីករាយក្រៃ។
អូនទិញរបស់ផ្ញើទៅក្មេងៗ             ទុកឲ្យប្អូនលេងសប្បាយដៃ
អូនទិញស្កគ្រាប់នំផ្អែមប្រៃ           ទិញតាមតម្លៃផ្ញើទៅញាតិ។
បន្ដទៅលេងឯកោះពេជ                 អូនមិនដែលភ្លេចមិនចង់ឃ្លាត
មកភ្នំពេញម្ដងទោះចង្អៀត             បងនាំអូនច្រៀតទៅគោលដៅ។
ពិសីអូនចង់ឃើញតារា                  ល្បីៗត្រៀបត្រាច្រៀងរាំនៅ
លើឆាកសម្ដែងយើងសំដៅ           ឆ្លងកាត់ច្រើនផ្លូវជូនអូនស្រី។
រស្មីកោះពេជរំលេចផ្លេក                ភ្លៀងរន្ទាលជ្រែកភក្រ្តចរណៃ
បងគន់បងគិតចង់ស្រដី                 ចង់សុំអូនស្រីចូលដណ្ដឹង។
ពាក្យពេជក្នុងចិត្តប្រឌិតហើយ        ឪទ្រូងខ្ញុំអើយតឹងសែនតឹង
នឹងប្រាប់ដោយស្មោះតែមាត់រឹង       ហាវឹងស្ដីវាងពាក្យផ្សេងៗ។
ចិត្តបងចិត្តអូនយល់គ្នាហើយ          អូនក៏នឹងឆ្លើយបើបងលែង
ប្រលូយពាក្យពិតប្រាកដតែង         ស្នេហ៍យូរអង្វែងចិត្តនិងចិត្ត។
ចូលដល់កោះពេជរំលេចពណ៌        ឆើតឆាយគូល័រដូចប្រឌិត
សុំកាន់ដៃអូនឲ្យរឹតស្និទ                 បន្ថែមលើចិត្តត្របាញ់ចង។
អនុស្សាវរីយ៍លើកោះពេជ             រំលេចសម្ភស្សនេត្រាផង
ថតរូបពីរនាក់នឹងនួនល្អង               ចិត្តបងលែងព្រួយកង្វល់អី។
អូនថាមុនពេលបងរៀនចប់            ត្រលប់ទៅភូមិនឹកអ្វីៗ
ពិសេសអនុស្សារាត្រី                   អូនស្រីរង់ចាំគ្មានថ្ងៃភ្លេច។
អូនអៀនអូនអន់ទន់សម្ដី                ឆ្លើយសំណួរថ្មីស្រីរំលេច
គ្រប់ស្នាមញញឹមពព្រាយព្រិច       រំភើបមិនតិចទេដួងចិត្ត។
បងសូមប្ដេជ្ញាស្នេហាស្មោះ            បេះដូងទាំងអស់ជាប្រុសពិត
សច្ចាក្នុងចិត្តរួមជីវិត                     បងគ្មានភ័យភិតរស់ជុំអូន។
ភ្នំពេញសប្បាយក្រៃណាស់ណា     រាត្រីប្រាថ្នាស្មោះលុះសូន្យ
រៀនចប់កាលណាដណ្ដឹងអូន          រស់នៅតាមក្បូនសាងជីវិត។
បងដក់ដិតជាប់ភក្រ្តាស្រី                ដិតដាមសម្ដីពិរោះពិត
វាចារចេញពីក្រអៅចិត្ត                 ឲ្យបងអាណិតរឹតស្នេហា។
អូនថាអូនជាអ្នកស្រុកស្រែ            អូនជាស្រីខ្មែរបងពិចារ
ប្រពៃណីយើងរុងរឿងថ្លា               បងអ្នកសិក្សាល្មមបងយល់។
បើបងស្ម័គ្រស្មោះអូនមិនថា           តែមុនរៀបការសែនអំពល់
ដណ្ដឹងចែចូវដល់ឫសគល់             វីវក់រវល់ទើបថ្លៃថ្នូរ។
បងនៅភ្នំពេញយូរដែរហើយ          សូមឆ្លើយកុំឲ្យអូនអាសូរ
បើបងធ្វើបានរៀមអូនប្ដូរ               ទទួលជាគូរមិនខានឡើយ។
និយាយជជែកបែកស្នេហា             ស្រាយចិត្តប្រាថ្នាយល់អស់ហើយ
បងសូមសន្យាមុខត្រាណត្រើយ      មិននៅព្រងើយដណ្ដឹងស្រី។
យើងយល់ចិត្តគ្នាមកជាយូរ            រាត្រីនេះប្ដូរចិត្តជាថ្មី
តាំងចិត្តធ្វើមនុស្សរស់លើដី            តាមដែលសម្ដីស្រីវាចារ។
អូនថាអូនព្រមស្ម័គ្រលើបង           នួនល្អងអូនសុំបងប្ដេជ្ញា
កុំប្រព្រឹត្តល្បែងនឹងស្រីស្រា           ខិតខំសិក្សាសមជាប្រុស។
បងយល់បងដឹងអូនស្ដីថា              កាលមុននេះណាបងពិតខុស
បងព្រមទទួលអូនស្ដីចុះ                បងដឹងកំហុសកែវិញបាន។
អូនអើយបងឃើញអូនញញឹម       ប៉ប្រិមភ័ក្រស្រស់ណាស់កណ្យាណ
បងនាំអូនដើរលំហែរប្រាណ           កំសាន្តស្ពានពេជរំលេចពណ៌។
មនុស្សម្នាកកស្ទុះនៅលើស្ពាន        ទៅមុខមិនបានស្ពានក៏ញ័រ
ចំឡែកពេកណាស់ស្ទើមិនជឿ        មានតែភ្លើងពណ៌ភ្លឺលម្អរ។
អូនឪបបងជាប់ពេញដើមទ្រូង        ប្រមាត់បេះដូងចាប់កករ
ភ័យនឹងព្រឹត្តិការណ៍ដែលមិនល្អ      មនុស្សន្នាឈូឆរត្រដររស់។
អូនប្រាប់បងថាអូនក្ដៅណាស់        បងប្រឹងបម្រះពីទីគ្រោះ
តែចេញមិនរួចពីក្នុងជ្រោះ              មានមនុស្សស្លាប់រស់រំពេចដែរ។
ដៃអូនទាំងទ្វេរឪបកបង                 បងប្រឹងចម្លងពៅមាសស្នេហ៍
ទោះជួយយ៉ាងណាមិនបានដែរ        បងបានត្រឹមតែនឹកអាណិត។
នៅលើស្ពានពេជកាយទាំងទ្វេរ       រូបយើងរូបគេនៅជាប់ស្អិត
អូនអស់កម្លាំងស្លាំងភ័យផិត           មុខក៏ងងឹតក្រោមភ្លើងពណ៌។
អូនប្រាប់បងថាមិនរស់ទេ              មាសមេខ្លួនអូនទាំងអស់ញ័រ
សំឡេងឲ្យជួយរំពងខ្ទ័រ                  ភ្លើងចំរុះពណ៌មិនងងឹត។
សំឡេងអូនកាន់តែខ្សាវខ្សោះ         អូនបងអាឡោះដល់អូនពិត
ទើបតែយល់ចិត្តយល់គំនិត            ជួបហើយប្រឌិតសាងស្នេហា។
មុននេះបងបានរ៉ាយរ់ាប់ប្រាប់          មិនឲ្យឈឺចាប់ដល់រៀមរា
ឆ្នាំក្រោយរៀនចប់ដណ្ដឹងការ          ឥឡូវសង្ខាខ្សោយខ្សោះជន។
អូនអើយអូនរលត់ខន្ដញាណ         រលត់លើស្ពានដ៏ទារុណ
មិនគួរកម្សាន្ដទីល្អគន់                    បែរជួបទុក្ខធ្ងន់ស្លាប់អសារ។
បងមិនអស់ចិត្តនៅទ្រឹងគិត            ស្ពានយកជីវិតគូស្នេហា
យកទាំងដួងចិត្តសញ្ចេតនា             ប្រុសស្រីខេមរារាប់រយនាក់។
មនុស្សជាប់គាំងលើស្ពានពេជ        បងចាំជានិច្ចណាវលក្ខណ៍
ពិសេសរូបអូនបងជំពាក់               ចិត្តនៅស្មោះស្ម័គ្រមិនឃ្លាតឃ្លា។
អាល័យអាឡោះស្រណោះពេក      ទឹកភ្នែកហូរជ្រែកទ្រូងគ្រាំគ្រា
បាត់អូនរូបបងសែនរងារ               តើកម្មពារអ្វីមកពង្រាត់៕

No comments:

Post a Comment