by Noreyutt
ផ្សែងហុយខ្មាញ់ខ្មួល បាចសាចរំជួល ចិត្តឆួលពេកពន់
ផ្សែងទីបច្ឆា ទ្រូងអើយទារុណ បូជាជីពជន
ជីវិតថ្មីៗ។
ប្រជាជនខ្មែរ ស្លាប់ទៅហូរហែរ នៅនារាត្រី
កណ្ដាលធានី ទីឋានប្រពៃ ឲ្យរឹតអាល័យ
អាឡោះកន្លង។
ម្សិលមិញជជែក រ៉ាយរ៉ាប់ផ្លែក រឿងទឹកដីផង
រឿងពុករលួយ រឿងគេចាប់ចង មិត្តលើកដៃផ្សង
ឲ្យជាតិបានសុខ។
យើងអ្នកសិក្សា ឈាមជ័រខេមរា គិតដល់ភូមិស្រុក
ឃើញគេយកដី ចិត្តយើងបៀមទុក្ខ សង្ឃឹមថ្ងៃមុខ
ចេញសាងសង្គម។
ខ្ញុំនៅចងចាំ ខ្ញុំនៅចំណាំ ពាក្យពេជអប់រំ
ឲ្យចេះរួបរួម ធ្វើការជាក្រុម ចេះប្រមូលផ្តុំ
ទើបខ្មែរបានជ័យ។
ថ្ងៃនេះទឹកភ្នែក ស្រក់មកអនែក ស្ពានពេជប្រល័យ
ខ្មែរស្នេហាជាតិ ដូចរូបមិត្តថ្លៃ ធ្នាប់មានស្នាដៃ
សាងធនធានខ្មែរ។
ផ្សែងបូជាសព ផ្សែងគួរឲ្យស្អប់ បញ្ចប់ទៅដែរ
រូបអ្នកនឹងខ្ញុំ ដែលធ្លាប់ស្និទ្ធស្នេហ៍ គិតដល់ជាតិខ្មែរ
មកយូរដែរហើយ។
បាត់រូបបាត់រាង សង្ខាមិនទៀង ឮសៀងល្វើយៗ
ឲ្យខ្មែរប្រយ័ត្ន កុំនៅព្រងើយ គេយកទៀតហើយ
ដីព្រំដែនខ្មែរ។
មិត្តទៅជាអ្វី ខ្ញុំរស់លើដី ពិតនៅថួនថែ
រក្សាដែនដី វប្បធម៌ផងដែរ សត្រូវមកក្បែរ
ខ្ញុំចេញតស៊ូ៕
No comments:
Post a Comment