by Prasat
សំលេងយន្ដហោះចុះឡើងគ្មានដាច់ ប្រទេស កម្ពុជារីក
ចម្រើនគួរឲ្យគត់សម្គាល់។ តែនៅពីក្រោយភាពស៊ីវិល័យនេះ
មានមនុស្សរាប់លាននាក់ កំពុងរងទុក្ខ រងទុក្ខព្រោះបាត់ បង់ដីធ្លី
ទុក្ខព្រោះជំងឺអេដស៍ ទុក្ខព្រោះការលែងលះបែកបាក់ ក្រុម
គ្រួសារ ហើយអ្នកខ្លះខ្វញការងារធ្វើ ក៏ទៅជានារីលក់ខ្លួន
ដើម្បីរស់។
នៅតាមកញ្ចក់ទូរទស្សន៍បង្ហាញតែភាពត្រចះត្រចង់តាមវិទ្យុ
កាសែតក៏ដូចគ្នាដែរ ដណ្ដើមគ្នា ផ្សព្វផ្សាយតែរឿងល្អប៉ុណ្ណោះ។
នឹកឃើញជីវិត ដែលបានឆ្លងកាត់កន្លងមក មិនគួរណាខ្ញុំ បានរួច
ផុតពីសភាពខ្មៅងងឹតនេះឡើយ។
កាលពីជាងដប់ឆ្នាំមុន ខ្ញុំជាកុមារ រស់នៅក្នុងស្ថានភាព
លំបាកទុរគត ដែលនឹកស្មានមិនដល់ជា មួយម្តាយមេម៉ាយ
និងបងប្អូនបីនាក់ផ្សេងទៀត។
អ្នកម៉ែដ៏ស្គម ខំចិញ្ចឹមកូនៗទាំងត្រដាបត្រដួល ទាំងញញឹម
លាយនឹងទុក្ខក្រៀមក្រំរាល់យប់ថ្ងៃ។ ម៉ែមិនអាចអានអក្សរបាន
ព្រោះម៉ែមិនធ្លាប់បាន ចូលសាលារៀនម្ដងណាឡើយ។ ពេល
កូនៗមកពី រៀន ម៉ែមិនដែលសួរនាំ ម៉ែមិនដឹងថាកូនម៉ែរៀន
ចេះ ឬមិនចេះ តែម៉ែតែងតែសម្លឹងមើលទៅថាសនំ ដើម្បី
ដឹងថា នំនៅសល់ច្រើន ឬតិច គឺម៉ែបារម្ភពីចំណូល
ចំណាយ ព្រោះក្នុងផ្ទះខ្វះខាត។
ល្ងាចមួយ ពេលយើងជួបជុំគ្នាហូបបាយ នៅលើគ្រែឫស្សី
ដែលពុកបាក់រនាបខ្លះទៅហើយ បងប្អូនខ្ញុំឈ្លោះ ដណ្ដើមម្ហូបគ្នា។
អ្នកម៉ែឃើញដូច្នេះ ប្រហែលជាទើសភ្នែកពេក ម៉ែបានកាច់
រនាបគ្រែគម្រាម សម្លឹងមុខ និងជេរខ្លាំងៗ ទៅកូនណាដែល
មិនស្ដាប់ដំបូន្មាន បន្ទាប់មក ម៉ែវាយកូនៗ ញ៉ាប់ដៃស្មេរ។
ម៉ែហត់។ កូនៗរបស់ម៉ែ យំទាំងអស់គ្នា ម្នាក់ៗ មានស្នាម
បន្ទះរនាបជាំជាប់ខ្លួន។ មិនយូរប៉ុន្មាន ខ្ញុំឃើញម៉ែពួនយំ
ម្នាក់ឯងនៅក្បែរគុម្ពចេក ម៉ែសម្រក់ទឹកភ្នែក។ ខ្ញុំមិនបាន
ទៅលួងលោមម៉ែទេ ទឹកភ្នែកខ្ញុំក៏ហូរមកដែរ តែម៉ែ មិនដឹង
ថាខ្ញុំហូរទឹក ភ្នែកអាណិតម៉ែឡើយ អ្នកម៉ែ ម៉ែមិនបានធ្វើអ្វី
ខុសទេ នេះមកតែពីភាពក្រីក្រប៉ុណ្ណោះ។
ជីវិតកើតមកមានកម្ម ដូចព្រះពុទ្ធលោកមានពុទ្ធដីការ អីចឹង។
ភាពក្រីក្របានទាញយកមនោ សញ្ចេតនាម៉ែកូន ទៅទុកមួយ
កន្លែង។បងប្អូនខ្ញុំ ដែលធ្លាប់ទទួលការថ្នាក់ថ្នម ការលួងលោម
ច្រៀងបំពេរ ហៅកូនៗពេញមាត់របស់ម៉ែ ស្រាប់តែរលាយ
អស់ ម៉ែហៅពួកយើងមីនេះ អានេះ ជាភាសាដ៏គំរោះគំរើយ។
ម៉ែកូនជួបគ្នាម្ដងៗ ដូចអ្នកផ្សេង គ្មានពាក្យផ្អែមល្ហែម មានតែ
ជេរប្រទេច សូម្បីបាត់នំ ក៏ម៉ែខឹងដែរ ម៉ែមិនដែលគិតថា កូន
នៅក្មេងខ្ចីឡើយ។
ពេលបាយក្រោយៗទៀត ខ្ញុំមិនភ្លេចលៃម្ហូប ដែលមាន
តិចស្រាប់ទុកសម្រាប់ម៉ែ បងស្រី ឬប្អូនណាដែលមិនទាន់ញ៉ាំ
ពេញមួយអាទិត្យហើយ ខ្ញុំញ៉ាំតែទឹកត្រី ឬអំបិលបុកលាយ
ម្ទេសដ៏ហិរ ក្រហល់ក្រហាយជាមួយបាយ អ្នកម៉ែចម្លែកក្នុងចិត្ត
គាត់ សម្លឹងមកខ្ញុំ រួចរំលែកសម្លរម្ជូរកូនត្រី ដែលគ្របទុក
ដាក់ក្នុងចានខ្ញុំ។ ម៉ែថា ˝យកសម្លរនេះញ៉ាំខ្លះទៅកូន មួយរយៈ
នេះ កូនស្គមខ្លាំងណាស់˝។ នេះជាជីវិតរបស់គ្រួសារខ្ញុំ។
ការងារដែលខ្ញុំអាចធ្វើបានគឺលក់នំ។ ខ្ញុំទូលនំ លក់ក្នុងភូមិ
ក្នុងវត្តអារាម និងនៅសាលារៀន។ ខ្ញុំ មិនទៅលក់នំនៅឯផ្សារ
និងចំណតឡាននៅទីប្រជុំជនទេ ព្រោះទីនោះ មានគេហាមឃាត់
ឬហូតភាស៊ី របរលក់នំកង នំក្រូច ឬនំបត់ បានត្រឹមតែប្រាក់ទិញ
អង្ករសម្រាប់មួយថ្ងៃៗប៉ុណ្ណោះ។ រវល់តែលក់នំ ខ្ញុំរៀនមិនចូល
ព្រោះម្ង៉ៃៗខ្វាយខ្វល់ តែរឿងជីវភាពដ៏ខ្វះមុខខ្វះក្រោយ។
គ្រប់ដង្ហើមចេញចូល មិនបានគិត អ្វីក្រៅពីខាតចំណេញឡើយ។
លេខអក្សររៀន មិនចេះចាំ និងលោកគ្រូ ដ៏កាច ដែលវាយវាត់
សិស្ស រាល់ថ្ងៃ ខ្ញុំ ធ្លាប់ត្រូវរំពាត់លោក គ្រូ ព្រោះរៀនមិនចេះ
រាប់លេខអក្សរមិនត្រូវ ឬទៅសាលា មិនទាន់ម៉ោង ក៏
សម្រេចចិត្តឈប់រៀននៅថ្នាក់ទីបី។
ខ្ញុំដឹងរឿងក្នុងផ្ទះច្រើន ព្រោះខ្ញុំនៅជាប់នឹងអ្នក ម៉ែជាងគេ។
ខ្ញុំដឹងច្បាស់ណាស់ គឺដើមទុន ដែលខ្ចី បុលគេសម្រាប់ធ្វើនំ
លក់នោះ ជិតអស់ហើយ ឯដីស្រែចម្ការក៏គ្មានដែរ គឺម៉ែលក់
សងបំណុលគេកាល ពុកឈឺ ចុងក្រោយម៉ែយកដីបាតផ្ទះទៅ
បញ្ចាំនឹង ធនាគារ។ ជម្ងឺពុក បានប្រមូលស្រូវ គោ និងដីស្រែ
អស់រលីង ឲ្យទៅគ្រូថ្នាំខ្មែរ និងគ្រូពេទ្យ ដែលអ្នកស្រុកតែង
តែផ្ដល់កិត្តិយសទៅគាត់ និងទៅរកគាត់ ឲ្យជួយរាល់ពេល
មានទុក្ខអាសន្ត។
រាល់ៗថ្ងៃ ជួនម៉ែ ជួនខ្ញុំ ឬបងស្រី ទៅខ្ចីអង្ករពីអ្នកជិតខាង
មកដាំបបរ។ ល្ងាចមួយ មេឃភ្លៀងខ្លាំង ពួកយើងអង្គុយចាំ
ផ្លូវម៉ែរហង់ គ្មាននរណាម្នាក់ឃ្លានអាហារពេល ល្ងាចដ៏រាវ
ឡើយ។ ពួកយើងបារម្ភពីម៉ែ គ្រប់ៗគ្នា។ បន្តិចក្រោយមក ម៉ែ
មកដល់ទាំងប្រាណទទឹកជោក ម៉ែទទូរស្លឹកចេកមួយឆាង
ទូលនំដែលលក់មិនអស់ និងមានយូរអង្ករមកជាមួយផង។
ម៉ែនិយាយញ័រៗ ប្រាប់ទៅបងស្រីដាំទឹកក្ដៅ។ ម៉ែឆ្លៀតសួរ
ដើម្បីឲ្យដឹងថា កូនៗញ៉ាំបាយរួច គ្រប់គ្នាហើយឬនៅ។ បង
ស្រីប្រាប់ម៉ែថា ˝កូនរង់ចាំញ៉ាំបបរជាមួយម៉ែ ព្រោះបបរមាន
តិចពេក˝ ភ្លាមនោះ ម៉ែតឿនឲ្យកូនៗរបស់ម៉ែឆាប់ញ៉ាំបបរ និង
ឆាប់ចូលគេង។ យើងញ៉ាំបបរបណ្ដើរ អូសចានរត់ គេច
ទឹកភ្លៀង ដែលបាចសាចតាមដំបូលធ្លុះធ្លាយបណ្ដើរ ម្ដង
ទៅក្បែរចង្ក្រាន ម្ដងចូលទៅក្នុងកន្លែងដេក ឬគេចទៅក្បែរ
ជង្រុកក៏មាន។ ផ្ទះទាំងមូលធ្លុះ លិចទឹក មិនអាចទប់ទឹកភ្លៀង
បានទេ។ ខ្លួនម៉ែញ័រៗ ម៉ែសម្ងំសំរាន្តឱបដៃ ក្រោមថ្នើព្រះពុទ្ធរូប
រង់ចាំទឹកក្ដៅកំដៅខ្លួន។ ទិដ្ឋភាពក្នុងផ្ទះ ដែលមានតែអាគុយ
ជិតអស់ភ្លើង ធ្វើឲ្យពន្លឺស្រអាប់មើលពុំយល់។ ពួក
យើងហុតបបរទាំងពពីមពពើម ស្ដាប់សំឡេងហ៊ីង កង្កែប
និងសូរឆ្កែព្រុសក្រៅផ្ទះគួរឲ្យខ្លាច។
ម៉ែអន់ញាក់បន្តិច ខ្ញុំដួសបបរមួយចាន លាយទឹកស៊ីអ៊ីវ
តិចៗជូនម៉ែ ម៉ែប្រឹងងើបហុតបបរគ្រូកៗ ដែលមានលាយទឹក
ភ្លៀងស្រក់ចូលចាន ដោយស្ដីមួយៗម៉ាត់ៗប្រាប់កូនៗថា៖
កូន! ស្អែកយើងទៅនៅភ្នំពេញ។
ប្អូនប្រុសទាំងពីរ ដែលររៀបចូលគេងទៅហើយ អរ លោត
លេងសប្បាយ ពេលឮថាស្អែក នឹងបានទៅក្រុង ភ្នំពេញ។
ឯបងស្រី និងខ្ញុំ គេងនឹកស្រុកភូមិ យើងហូរទឹកភ្នែកជំនួសទឹក
ភ្លៀង ដែលទើបតែរាំង ខ្ញុំគិតរវើរវាយស្ដាយប្រាក់ ដែលអ្នក
លេងល្បែងជំពាក់ថ្លៃនំរហូតលង់លក់។
ព្រលឹមស្រាងៗ ខ្ញុំក្រោកដាំបបរ ម៉ែ និងបងស្រីម្នីម្នា
រៀបចំឥវ៉ាន់បង្ហើយ។ ចានឆ្នាំង ខោអាវ ច្រកស្បោងច្រក ការ៉ុង
ចងរិតយ៉ាងតឹង។ នេះគឺជារបស់របរ របស់អ្នកផ្លាស់
ប្ដូរលំនៅដ៏ក្រីក្រ។ ប្អូន ប្រុសទាំងពីរ មិនខ្វល់ខ្វាយអ្វីបន្ដិច
ពួកគេគិតតែពី ចង់បានម្ហូបឆ្ងាញ់ៗញ៉ាំ គេនៅតែចង់ញ៉ាំភីហ្សា
ដែលគេធ្លាប់បានឃើញតាមទូរទស្សន៍ម្ដងម្កាល។
ថ្ងៃរះពេញពន្លឺ ម៉ែកូនយើងទាំងប្រាំនាក់ ដើរកាត់វាលស្រែ
ជាច្រើន ដើម្បីទៅចាំឡាន។ ចេញពី ផ្ទះផុតបានបន្តិច ម៉ែងាក
មើលទៅក្រោយ ខ្ញុំឃើញ ម៉ែមុខក្រហម និងមានទឹកភ្នែក
តិចៗផង។ ម៉ែតឿនឲ្យយើងដើរឲ្យលឿន ព្រោះក្រែងទៅមិន
ទាន់ឡាន។
ថ្ងៃណាយើងមកផ្ទះវិញ?(បងស្រីសួរទៅម៉ែ)។
កូនម៉ែ! ម៉ែមិនចង់ចេញពីដីកេរ្តិ៍នេះទេ។ តែមិន ទៅមិនបាន
ព្រោះដី និងផ្ទះត្រូវធនាគាររឹបអូសយក ដោយម៉ែរកប្រាក់
សងបំណុលមិនបាន។ ម៉ែដឹងថា កូនៗរបស់ម៉ែច្បាស់ជានឹក ផ្ទះ
នឹកស្រុក ម៉ែក៍ស្ដាយ ណាស់ដែរ តែធ្វើម៉េចបើយើងក្រ។
ម៉ែនិយាយផង ទូល និងយួរការ៉ុងឥវ៉ាន់ផង។ ម៉ែតឿនកូន
ប្រុសទាំងពីរឲ្យស្រូតដំណើរ។ នេះជាទង្វើរបស់ម្ដាយអ្នក
ស្រុកស្រែ។
ក្រោមដើមក្រសាំង ក្បែរទីទួលបូជាសពឪពុក ម៉ែកូន
យើងឈរចាំឡានរហង់។ ម៉ែបានដុតធូបជា ច្រើនសរសៃរួច
ហើយនៅទីនោះ ម៉ែបួងសួងខ្សិបៗម្នាក់ឯង និងក្រាបសំពះ
ទៅលើដី ដែលនៅសើមដោយសារភ្លៀងពីយប់នៅឡើយ៖
ពុកវា ខ្ញុំនាំកូនៗទៅភ្នំពេញហើយ សូមឯងតាមថែរក្សា
កូនផង។ ខ្ញុំទៅលើកនេះ ប្រហែលជាយូរបន្តិចទើបបាន
មកស្រុកវិញ យ៉ាងណាៗកុំប្រកែ ប្រកាន់នឹងខ្ញុំអី។
ឡានបើកកាត់យើងពីរហើយ គេមិនឈប់ឲ្យជិះទេ។ ម៉ែ
បារម្ភក្រែងមិនបានទៅភ្នំពេញ គាត់លើកដៃហៅឡានបន្ទាប់
ជាឡានទូរីស៍ផ្សែងខ្មៅខ្មួល ខ្មាញ់ងងឹតពេញផ្លូវ មកឈប់
ហួសយើងបន្ដិច។ យើងនាំគ្នារត់ឡើង មើលទៅអ៊ុំតៃកុង
ឡានមិនសូវសប្បាយ ចិត្តឡើយ ព្រោះតែអ្នកជិះដូចពួក
យើង មានឥវ៉ាន់ច្រើនសំពីងសំពោងច្រើនពេក។ ប្អូនប្រុសទាំង
ពីរអរសប្បាយ ដោយបានជិះឡានជា លើកទីមួយ ក្នុងជីវិត
របស់ពួកវា។ ទាំងពីរនាក់ ឡើងជិះលើដំបូល យ៉ាងរីករាយ
តែត្រូវពូៗនៅខាង លើដេញចុះមកខាងក្រោមវិញ ព្រោះ
គេខ្លាចធ្លាក់។
ឡានបើកកាត់ភូមិ ដែលខ្ញុំស្គាល់ពីរបី ខ្ញុំឃើញក្មេងៗអ្នក
ភូមិដំណាលៗខ្ញុំ ដើរត្រសងទៅសាលា និងលោកគ្រូដ៏កាច
ជិះកង់ឌុបកូនចូលសាលាដែរ។
ឡានបើកយូរទៅៗ ឈប់ដោយកន្លែង មនុស្សមនាចុះ
បរិភោគអាហារតាមចំណតនិមួយៗ តែម៉ែកូនយើងលាបាយ
ខ្ចប់ស្លឹកចេក ជាមួយត្រីកំភ្លាញចៀនចែកគ្នា។ ក្លិនមាន់អាំង
ឆួលឈ្ងុយគួរឲ្យចង់ ញ៉ាំណាស់។ ប្អូនខ្ញុំសុំប្រាក់ម៉ែទៅទិញ
តែម៉ែប្រាប់ ថា ˝ចាំពេលក្រោយ យើងរកប្រាក់បានច្រើន ចាំ
ទិញញ៉ាំណាកូន។ ពេលនេះ ម៉ែមិនមានប្រាក់គ្រប់ ទេប្រាក់តិច
តួច ម៉ែទុកឲ្យថ្លៃឡានគេណាកូន˝។
ឡានស៊ីភ្លេហៅអ្នកជិះឲ្យឡើង។ ប្អូនប្រុសពៅប្រាប់ម៉ែថា
ចង់បត់ជើង។ ម៉ែសុំម្ចាស់ឡានឲ្យចាំព្រោះកូនឈឺពោះ។ ទាំង
តៃកុងឡាន និងអ្នកជិះខ្លះ មុខមិនរីក ខ្វះអធ្យាស្រ័យ ពួកគេ
មិនសប្បាយចិត្ត បែរមកសម្លក់សម្លឹងពួកយើង។ តែបានពូ
ម្នាក់ គាត់គួរសមណាស់ ប្រាប់ទៅតៃកុងឡានឲ្យចាំ ទើបតៃ
កុងឡានអន់ស្ដីបន្ទោសឲ្យម៉ែ។
ខ្ញុំសម្លឹងមុខពូចិត្តល្អ ចង់អរគុណគាត់ តែមិនហ៊ាន និយាយ។
ឡានបន្តដំណើរទាំងកណ្ដាលថ្ងៃត្រង់ចាំងចែស មិនដឹងថាដល់
ណាទេ ម៉ែក៏ពុំស្គាល់ យើងឃើញផ្លាកយីហោ តាំងពីផ្លូវដីហុយ
រហូត ដល់ផ្លូវក្រាលកៅស៊ូ តែមិនដឹងថា គេសរសេរពីអីឡើយ
ព្រោះអានអក្សរមិនដាច់ ហើយក៏មិនហ៊ានសួរគេដែរ។
ពូចិត្តល្អ ដឹងថាខ្ញុំមើលគាត់ក៏សួរ៖
ប្អូនទៅណាដែរ?
ខ្ញុំសម្លឹងទៅម៉ែ និងបងស្រី ព្រោះមិនហ៊ានឆ្លើយ ម៉ែក៏តប
ជំនួស៖
ទៅភ្នំពេញក្មួយ។
អ្នកមីងទៅលេងបងប្អូនឬ?
អឺ... អត់ទេ មីងទៅរកការងារធ្វើ។
មីងអត់មានបងប្អូននៅភ្នំពេញទេឬ?
គ្មានទេ។ តែមានស្គាល់អ្នកស្រុកជាមួយគ្នា គេទៅនៅមុន
ឮថានៅស្ទឹងមានជ័យ។
នៅស្ទឹងមានជ័យ។ ខ្ញុំក៏ធ្វើការនៅម្ដុំនោះដែរ។ សុំទោស
អ្នកមីង ខ្ញុំសុំលាទៅមុនហើយ។ ពូតៃកុងអែបបន្តិច ខ្ញុំចុះសិន។
មុនចុះពីឡានពូចិត្តល្អបានអង្អែលក្បាលខ្ញុំ។ ខ្ញុំសង្កេត
ឃើញម៉ែ ដូចជាចង់សួរទៅពូចិត្តល្អទៀត តែគាត់ចុះពីឡាន
ទៅហើយ។ ប្អូនៗរបស់ខ្ញុំគេងលក់ ក្បែរជើងប៉ូលីសម្នាក់ ឯ
បងស្រីវិញ មុខស្រងូត ជាងសព្វដង គាត់ទ្រឹងស្ងៀម
ប្រហែលជានឹកស្រុកណាស់ហើយមើលទៅ។
ឡានឈប់ង៉ក់ ក្រោមពន្លឺចេញពីសសរដងគោម។ អ្នក
រត់ម៉ូតូឌុបស្ទុះស្រ មកទាញដៃអ្នកជិះក្នុងឡាន។ ខ្ញុំខ្លាចទិដ្ឋភាព
នេះណាស់ ម៉ែក៏ភ័យដែរ។ ម៉ែខ្លាចបាត់ឥវ៉ាន់ ប្រាប់ឲ្យបង ស្រី
និងខ្ញុំមើលថែ ថង់ការ៉ុង ដែលគ្មាននរណាម្នាក់ចាប់អារម្មណ៍
កាន់សោះឡើយ។
ចុះៗ ម៉េចក៏មិនចុះ(ព្រូឡានស្រែកដាក់ម៉ែ)។
ម៉ែសួរទៅព្រូឡានវិញ˝ទីនេះជាកន្លែងណាក្មួយ ដល់ ភ្នំពេញហើយឬនៅ?˝
ទីនេះគឺបេនឡាន។ នោះគឺផ្សារថ្មី គឺភ្នំពេញនេះឯង។ ពុទ្ធោ!
អត់ស្គាល់អំពេញ មកពីស្រែ ស្រែមែន!
ម៉ែនាំកូនៗចុះពីឡាន ទាំងចម្លែកក្នុងចិត្ត ហើយសួរទៅ
ពូៗព្រូឡាន៖
ក្មួយ! ស្ទឹងមានជ័យនៅឯណា?
មីងអើយ មីងឯងប្រាប់តែពួកអាម៉ូតូឌុបទៅ មីងឯងចង់
ទៅណាក៏បានដែរ។
ម៉ែមិនសួរនាំព្រូឡានទៀតទេ ម៉ែសួរទៅម៉ូតូ អ្នករត់ឌុប ម្ដង៖
កន្លែងដែលមីងចង់ទៅ ជាកន្លែងចាក់សំរាមស្អុយណាស់
មីងអើយ កុំទៅល្អជាងអាណិតក្មេងៗ។
អ្នកម៉ែគិតចុះគិតឡើងម្នាក់ឯង។ ឯខ្ញុំ មិនខ្វល់ នឹងអ្វីទាំងអស់
ព្រោះខ្ញុំស្រឡាញ់ក្រុងភ្នំពេញ ដែលពីមុន ធ្លាប់តែឃើញ
តាមទូរទស្សន៍ និងមិត្ដភក្ដិខ្លះ និយាយប្រាប់។ ភ្នំពេញមាន
មនុស្សអូអរ មានផ្លូវក្រាលកៅស៊ូស្អាត ឡាន ម៉ូតូទំនើប ផ្ទះថ្ម
ខ្ពស់ៗ មានភ្លើងភ្លឺរន្ទាល គួរឲ្យចង់រស់នៅមែនទែន ឯអ្នកនៅ
ទីក្រុងវិញ ស្អាតៗ សម្បុរ ស ស្លៀកពាក់ស្អាតបាត គ្រាន់តែ
គេជិះម៉ូតូកាត់ ក្លិនទឹកអប់ក្រអូបឈ្ងុយ ជាប់ច្រមុះខ្ញុំ បើប្រៀប
នឹងភូមិ និងមនុស្សអ្នកភូមិ ខ្ញុំវិញ ខុសគ្នាឆ្ងាយណាស់។
ម៉ូតូឌុបបត់ចូលច្រកផ្លូវតូចមួយ មិនដឹងថាជាកន្លែងណា
ឡើយ។ យប់យន់កាន់តែជ្រៅ ប្អូនៗទារបាយញ៉ាំ ម៉ែទិញនំឲ្យ
ពួកយើងញ៉ាំជំនួសបាយ។ យើងសម្រាកក្រោម សំយាបរោង
មួយក្រោមដើម ក្រខុបក្បែរផ្លូវលំ។ ជម្រកនេះ ម្ដងម្កាលម៉ូតូ
បើកបរលឿន ខ្ចាយទឹកជ្រាំចូលដល់កន្លែងកេងក៏មាន។
ជិតពីរសប្ដាហ៍ហើយ ដែលខ្ញុំជ្រកនៅប្លុក សំបុកចាប។
ម៉ែចេញពីផ្ទះរាល់ៗយប់។ ពេលអ្នកម៉ែមកវិញ ម៉ែមានបង្អែម
ពងទាកូន ឬទឹកក្រឡុក ផ្ញើកូនៗ ហើយម៉ែប្រាប់ថា ˝នាំគ្នាញ៉ាំទៅ
កូន កុំឡូឡាថ្លង់អ្នកជិតខាង˝ ថាហើយ ម៉ែក៏ចូលសម្រាន
ទាំងប្រាណហេវហត់។ ខ្ញុំឆ្ងល់ តើម៉ែទៅណារាល់យប់ រហូត
ដល់យប់ជ្រៅទើបមកវិញ? ខ្ញុំលបតាម មើលម៉ែរហូត ដល់
សួនវិមានឯករាជ។ ខ្ញុំឃើញមាន ប្រុសៗឈរ ជជែកជាមួយ ម៉ែ
បន្ទាប់មក... ពុទ្ធោ ម៉ែ! ខ្ញុំឃើញម៉ែ ទៅដេកជាមួយប្រុសៗ
មានកម្មករ លាងឡាន កម្មករសំណង់ ឬអ្នករត់ម៉ូតូឌុប។
ខ្ញុំស្លុតចិត្តណាស់។
នៅសំបុកចាប មនុស្សមនាមានទស្សនៈ មាន ឧត្ដមគតិ
ដោយឡែកៗ តំបន់អានាធិបតេយ្យនេះ ពេលខ្លះមើលទៅ
ដូចឋានរក។ ក្រុមអ្នកលេងទាំងហ្វូងៗ នារីឡង់សេ នារីបម្រើ
ផ្លូវភេទ និងពួកចោរ ក៍ មានចំណែកគ្រប់គ្រងតំបន់នេះដែរ
មិនមែនមានតែ ពួកប៉ូលីស ដែលក្រុមចោរចិញ្ជឹមនោះទេ។
គ្មាននរណាពេបជ្រាយនរណាទេ មានតែការជេរប្រទេច
ផ្ដាសាគ្នា ទារជំពាក់ និងវាយកាប់ចាក់ ព្រោះតែមិនចុះសម្រុង
នឹងរឿងតូចតាច។ អ្នកក្រនៅ សំបុកចាបតញរូវការតែរស់
ប៉ុណ្ណោះ មិនបានគិត ដល់រឿងមានបានឡើយ។ នៅជិតផ្ទះ
ជួលដែលខ្ញុំ ស្នាក់នៅ មានអ្នកស្រវឹងខួប ខ្ញុំខ្លាចពួកគេណាស់
មានពេលខ្លះ គេប្រមាថបងស្រីខ្ញុំ គេចាប់ថើបបងខ្ញុំ កណ្ដាល
ហ្វូងមនុស្ស ដោយគ្មាននរណាជួយឈឺឆ្អាលទេ។
រាត្រីនេះ មេឃនៅតែងងឹតដដែល។ បងស្រីខ្ញុំបាត់ពីខ្ទម
មិនដឹងជាទៅណា ប្អូនទាំងពីរកេងលក់ ទាំងមិនទាន់បានញ៉ាំ
បាយពេលល្ងាច។ ខ្ញុំអង្គុយមើលទឹកហូរពីលើផ្លូវកាត់តាម
កន្លែងដែលប្អូនៗកេងលក់យ៉ាងស្កប់ស្កល់។ ខ្ញុំបំរុងទៅលើក
ប្អូនប្ដូរកន្លែង ស្រាប់តែឃើញម៉ែដើរមកទាំងល្ហិតល្ហៃ ខ្ញុំស្ទុះ
ទៅឪបម៉ែ ខ្ញុំឃើញសម្លៀកបំពាក់ម៉ែប្រលាក់ឈាម ម៉ែ
អង្អែលក្បាលខ្ញុំថ្នមៗ ខ្ញុំដឹងថាម្រាមដៃម៉ែ គ្មានកម្លាំងទេ ខ្ញុំយំ
ឪបម៉ែ តែម៉ែប្រាប់ខ្ញុំ កុំឲ្យបារម្ភពី គាត់ ខ្ញុំមិនអាចធ្វើអ្វីបាន
ទាំងអស់។ ម៉ែហូរឈាមមិនឈប់ ខ្លួនប្រាណម៉ែស្លេកស្លាំង
ម៉ែធ្ងរប្រាប់ខ្ញុំពី ការឈឺចាប់ ឯខ្ញុំបានត្រឹមតែយកកន្សែងជូត
សម្អាតឈាមពីខ្លួនម៉ែ និងយកប្រេងកូឡាលាបរិតកំដៅ ទ្រូង
តាមដែលម៉ែប្រាប់ប៉ុណ្ណោះ។
បងឯងទៅណាហើយកូន? (ម៉ែសួរដោយសំឡេងខ្សាវៗ
ហើយកែវភ្នែកម៉ែឡើងសល្អក់)។
កូនអត់ដឹងទេ(ខ្ញុំឆ្លើយផងយំផង)។
ចុះប្អូនៗញ៉ាំបាយហើយឬនៅ?
នៅទេម៉ែ។ ពួកវាដេកលក់យូរហើយ។
លម្អងកូនម៉ែ! ម៉ែប្រឹងអស់ពីខ្លួនហើយ នៅតែ ចិញ្ចឹមកូន
មិនបានល្អ...
ម៉ែនិយាយបានតែប៉ុណ្ណេះ គាត់ក្អក មានធ្លាក់ឈាមមក
ជាមួយផង។
ខ្ញុំយំ គឺមានតែយំៗប៉ុណ្ណោះ។ អ្នកម៉ែ តាំងពី នៅស្រុក ស្រែ
រហូតដល់ទីក្រុង គឺយើងនៅតែជួប ការលំបាកដដែល ម៉ែរើ
បម្រះគ្រប់ច្រកល្ហកដើម្បីកូន ម៉ែទ្រាំរែកពុនការឈឺចាប់ តែ
ម្នាក់ឯង ព្រោះ មានកូនៗជាសាច់ឈាមម៉ែ រងចាំការជួយទំនុក
បម្រុងនៅក្នុងខ្ទមសំបុកចាប។
សំបុកចាប យើងបីនាក់បងប្អូន ត្រូវចាកចេញទៅរក ជម្រកថ្មី
ដែលមិនដឹងថាត្រូវទៅនៅទីណា យើងកាន់ការ៉ុង មួយម្នាក់
ដង្កៀបមួយម្នាក់ ដើរឆ្លង ផ្លូវតូចធំ គ្រប់ច្រកល្ហក ក្នុងទីក្រុង...
ពេលខ្លះត្រូវរងការប្រមាថពីម្ចាស់សម្រាមក៏មាន។
ខ្ញុំសុំសំបកដបទឹកសុទ្ធបានទេពូ?
នែ៎! ពួកអាក្មេងអេតចាយ អញរកមុខពួកឯងយូរហើយ
ឥឡូវអញប្រាប់ បើអាណាហ៊ានកកាយ សម្រាមក្នុងថង់មុខ
ផ្ទះអញ បើអញឃើញ អញនឹងកាត់ម្រាមដៃពួកឯងចោល ឮទេ?
គ្រាន់តែឮម្ចាស់ផ្ទះស្រែកគម្រាម ខ្ញុំប្រញាប់នាំប្អូនៗ គេច
ពីមុខផ្ទះគេយ៉ាងលឿន ព្រោះខ្លាចម្ចាស់ផ្ទះធ្វើបាបប្អូនៗ។
អកុសល ប្អូនប្រុសម្នាក់ ត្រូវហ្វូងមនុស្សព្រួតវាយរហូតស្លាប់
ព្រោះគេចោទថាលួចកាច់កញ្ចក់ឡានគេ។ ប្អូនប្រុស ខ្ញុំស្លាប់
គ្មាននរណាជួយរកខុសត្រូវឡើយ ទោះបីប្អូនខ្ញុំមិនមែនជា
ចោរក៏ដោយ។
ដោយប្រឈមមុខនឹងការគម្រាមផ្ទួនៗច្រើន ដងពេក ខ្ញុំ
សម្រេចនាំប្អូនប្រុសពៅទៅរើសអេតចាយ នៅគំនរសម្រាម
ស្ទឹងមានជ័យវិញ។
នៅគំនរសម្រាមស្ទឹងមានជ័យ ខ្ញុំ និងប្អូន រត់រើសសំណល់ ដូចអ្នកក្រឯទៀតៗដែរ។ ខ្ញុំមិនដែលស្រម៉ៃចង់ បានជីវិតបែប
នេះឡើយ ខ្ញុំចង់រត់គេចណាស់ តែនឹងគេចទៅណាទៀត។ ខ្ញុំ
និងប្អូន ថ្ងៃណាក៏ញ៉ាំសំណល់ផ្អូមរលួយ។ យើងឈឺទាំងពីរ
នាក់។ ប្អូនប្រុស ពេលដែលប្អូនឈឺយំរកម៉ែ ធ្វើឲ្យ បងកាន់
តែមានទុក្ខលំបាក ពេលដែលប្អូនឃ្លានចំណី ធ្វើឲ្យបងកាន់
តែសោកសៅក្នុងទ្រូង។ ខ្ញុំព្យាយាមលួងប្អូន ជាមួយហ្វូងរុយ
ក្នុងគំនរសម្រាម ដ៏ស្អុយរលួយ។
ជិតពីរឆ្នាំហើយ ដែលបងប្អូនយើងមករស់នៅក្នុងគំនរ
សំណល់ស្ទឹងមានជ័យ។ សម្រាមជាគំនរប្រាក់កាស បាន
គុណសម្រាម ទើបប្អូនខ្ញុំមានរបស់ របរគ្រាន់នឹងលេង និង
មានម្ហូមញ៉ាំខ្លះ។
គំនរសម្រាម ដែលលម្អរដោយហ្វូងអ្នកក្រីក្រ ផ្សែងភ្លើង
និងក្លិនមិនល្អភាយទាំងយប់ទាំងថ្ងៃ ពេលណាក៏ខ្ញុំចេញរើស
ថង់ផ្លាស្ទិក ជ័រ សំបកដប សំបកកំប៉ុង និងអាហារ ផ្លែឈើ
រលួយស្អុយ ដែលគេបោះចោលដែរ។ ជីវិតមិនជាកម្សត់អីទេ
ព្រោះមនុស្សរាប់រយ រាប់ពាន់នាក់រស់បែបនេះដូចខ្ញុំដែរ។
ប្អូនស្រី មកនេះ! (បុរសម្នាក់ស្លៀកពាក់ស្អាតបាត បក់ដៃ
ហៅខ្ញុំ)។
ចាស! មានការអីពូ?(ខ្ញុំសួរបណ្ដើរ ដើរសំដៅបុរស
នោះបណ្តើរ)។
ប្អូនស្រី! គ្រូដូចជាប្រហែលមុខ។ តែមិនដឹងថាជួបនៅ ទីណា?
ពូធ្លាប់មានបងប្អូនរើសអេតចាយដែរឬ?
អត់ទេ! តែខ្ញុំមានសិស្សជាអ្នករើសអេតចាយ ច្រើន ណាស់។
ប្អូនរើសបានច្រើនទេថ្ងៃនេះ?
អត់សោះ ព្រោះមានអ្នករើសច្រើនជាងមុន។
ហើយប្អូនមកនៅទីនេះយូរហើយឬនៅ?
ជិតពីរឆ្នាំហើយ។
ឯណាឪពុកម្ដាយប្អូន?
ខ្ញុំ ខ្ញុំមានតែប្អូនប្រុសម្នាក់ប៉ុណ្ណោះ។
ខ្ញុំនិយាយប្រាប់លោកគ្រូ ដែលខ្ញុំមិនស្គាល់អត្តសញ្ញាណ
គួរឲ្យធុញ ព្រោះសំណួររបស់គាត់រំខាន ការរើសអេតចាយ
របស់ខ្ញុំមែនទែន។ ខ្ញុំស្រាប់តែយំ យំព្រោះនឹកអ្នកម៉ែ បងស្រី
និងប្អូនប្រុស។ ទឹកភ្នែក ខ្ញុំហូរមកច្រើនណាស់ ប្រហែលមក
ពីខ្ញុំខានយំយូរ ខានយំដោយសារពុំមាននរណាម្នាក់រម្លឹក ឬ
សួរនាំពីម្ដាយខ្ញុំ។
កុំយំប្អូន កុំយំ។ អឺ... ប្អូនធ្លាប់បានចូលសាលាដែរទេ?
ចាស! ធ្លាប់រៀនត្រឹមថ្នាក់ទីបី កាលនៅស្រុកកំណើត។
ប្អូនគួរតែរៀនបន្តទៀត។
ខ្ញុំក្រណាស់ ដូចលោកគ្រូឃើញស្រាប់។
នៅគំនរសម្រាមក៏អាចរៀនបានដែរ។ គ្រូអាចជួយប្អូនបាន។
ខ្ញុំអល់ឯកនឹងអ្វីដែលបុរសម្នាក់នេះណែនាំណាស់។ ខ្ញុំមិន ឆ្លើយតបគាត់វិញឡើយ ហើយបន្តរើសអេតចាយ ព្រោះមាន
ឡានដឹកសម្រាមចូលមកថ្មីទៀតហើយ។
ព្រះអាទិត្យថ្មីរះលើគំនរសម្រាមដដែល វាសនាខ្ញុំ ប្រហែល
ជាមិនខុសពីក្មេងឯទៀតៗឡើយ។ ខ្ញុំស្រាប់តែនឹកឃើញ កាល
ដែលប្អូនប្រុសពៅស្លាប់ ព្រោះឡានសម្រាមកិន បាក់ភ្លៅទាំងពីរ
ខ្ញុំមិនហ៊ានទៅជិតឡាន ឬត្រាក់ទ័រឈូស ឆាយគំនរសម្រាម
ឡើយ។ មុនពេលស្លាប់ ប្អូនប្រុសស្រែកយំ ខ្លាំងណាស់ ខ្ញុំសុំ
ឲ្យគេជួយនាំប្អូនទៅពេទ្យ តែម្នាក់ៗបានត្រឹមអាណិត បានត្រឹម
ជួយលើកចេញ ពីកន្លែងគ្រោះថ្នាក់តែប៉ុណ្ណោះ។
សំឡេងស្មូតបរាភាវសូត្រ ល្បើកប្រេត បុណ្យ និងបាប
លាន់ឮរងំចេញពីវត្តអារាម ដែលនៅជិតៗ គំនរសម្រាម នាំ
ចិត្តខ្ញុំរលឹកដល់ញាតិ ដែលបាន ចែកឋានទៅហើយ។ រដូវ
ភ្លៀងខែភ្ជំប៉ុន្មានដងហើយ ខ្ញុំពុំ ដែលបានទៅវត្តម្ដងណាសោះ។
ព្រឹកមួយខ្ញុំសម្រេច ទៅឧទ្ទិសកុសលជួនម៉ែ បងស្រី និងប្អូន
ប្រុសទាំងពីរ។ ខ្ញុំទិញទៀនធូបនឹងបច្ច័យខ្លះប្រគេន ព្រះសង្ឃ។
ក្នុងវត្តអារាមដដែល ខ្ញុំឆ្លៀតយាមស្បែកជើងឲ្យ ពុទ្ធបរិស័ទ
បានប្រាក់កាសបន្តិច បន្ដួចដែរ តែត្រូវបងធំ គម្រាមយកគ្មាន
សល់។
រដូវភ្លៀងជិតផុតរលត់ទៅហើយ តែទឹកដក់នៅ ក្នុងគំនរ
សម្រាមមិនដែលរីងស្ងួតឡើយ ហើយក្លិនស្អុយ ក៏មិនរសាត់
បាត់ពីទីនេះដែរតាមកម្លាំងខ្យល់ នៃដើមរដូវរំហើយដែរ។ នៅ
ទីរើសសម្រាម មាន អ្នកទេសចរបរទេសចេញចូលទៅមើល
ពួកអ្នក រស់ដោយសារសំណល់រាល់ៗថ្ងៃ អ្នកយកព៌ត័មាន ក៏បានសម្ភាសន៍អ្នកក្រនៅទីនេះជារៀងរាល់ថ្ងៃដែរតើពេល
ណាទៅ ទើបពួកយើងផ្លាស់ប្ដូរឈប់រស់ ដោយសារសំណល់
ដ៏ស្អុយរលួយនេះ? ខ្ញុំសួរខ្លួនឯង។ ខ្ញុំចង់ដឹងថា តើរដ្ឋាភិបាល
គិតយ៉ាងណា តែខ្ញុំមិនចេះអានអក្សរ មិនអាចអាចអាន
កាសែតបាន មិនដឹងថា រដ្ឋគេមានផែនការបែបណាឡើយ។
នៅរសៀលមួយ លោកគ្រូមកជួបខ្ញុំជាថ្មី ជាមួយនឹង ជន បរទេសមួយក្រុម លោកគ្រូមកដល់កន្លែងខ្ញុំ ស្នាក់នៅ ចំពេល
ដែលកំពុងគិតពីវាសនា អនាគតខ្លួនឯង រកផ្លូវចេញពីទីសំអុយ
នេះមិនបាន។ ខ្ញុំយំ យំព្រោះតែឃើញ គំនរសម្រាមដ៏ធំធេង
តែពិបាក រកសំណល់អេតចាយ ទៅលក់ចិញ្ចឹមខ្លួន ពីមួយថ្ងៃ
ទៅមួយថ្ងៃ។ ជីវិត គួរ អនិច្ចាណាស់ មនុស្សបួននាក់ស្លាប់
ព្រោះតែក្រ...។
ប្អូនស្រី! យំរឿងអី? មានគេធ្វើបាបប្អូនឬ?
ខ្ញុំមិនឆ្លើយតបទៅលោកគ្រូវិញទេ ព្រោះទុក្ខវេទនា ដែល
មានណែនពេញក្នុងទ្រូងពេក។
មិនអីទេ។ យំទៀតទៅ បើយំហើយប្អូនធ្វើឲ្យ ប្អូនបានធូរ
ចិត្តខ្លះ។ តែបើមានអ្វីលំបាក ដោះស្រាយពុំបាន ប្រាប់គ្រូមក
គ្រូនឹងជួយ...
លោកគ្រូលួងលោមខ្ញុំ ដូចឪពុកណែនាំឲ្យកូន ឈប់យំ
រួចនាំខ្ញុំទៅនៅក្នុងមណ្ឌល។ ខ្ញុំព្រមទៅតាម ដោយមិនបាន
គិតគូអ្វីទាំងអស់ ព្រោះខ្ញុំកំពុងតែមានវិបត្តិ ដែលស្ទើរតែឆ្កួត
វង្វេងទៅហើយ។
ជាសំណាង ខ្ញុំបានរស់នៅក្នុងមណ្ឌលយុវនារី ជំនាន់ថ្មី
ដែលឧបត្ថម្ភជំនួយពីលោកអេឡេន និងសប្បុរសជនអាមេ
រិកាំងជាច្រើនទៀត។ ខ្ញុំបានរៀន សូត្រ មានបាយញ៉ាំ មាន
កន្លែងស្នាក់នៅស្អាតបាត មានថ្នាំព្យាបាល។ ខ្ញុំប្រឹងរៀន។
លេខមួយជារបស់ ខ្ញុំ រង្វាន់លើកទឹកចិត្ត ក៏ខ្ញុំបានទទួល
រាល់ៗឆ្នាំដែរ ធ្វើ ឲ្យលោកស្រីនាយិកាវិទ្យាល័យ និងម៉ាក់
ចិញ្ចឹមរីក រាយសប្បាយចិត្តពន់ពេក។ លោកគ្រូ និងអ្នកគ្រប់
គ្រងមណ្ឌល មានការពេញចិត្ដយ៉ាងខ្លាំង។
លម្អង! កញ្ញាដឹងទេ ថាកញ្ញាបានផ្លាស់ប្ដូរ ច្រើនណាស់ ជាការផ្លាស់ប្ដូរដែលស្មានមិនដល់។
លោកគ្រូ! ខ្ញុំអរគុណលោកគ្រូណាស់ ដែល បានផ្ដល់
ឧកាសឲ្យខ្ញុំមកនៅទីនេះ។ ខ្ញុំនៅចាំ គឺខ្ញុំ បានជួបលោកគ្រូ ដំបូង
នៅក្នុងឡានទូរីស៍ កាលនោះប្អូនខ្ញុំឈឺពោះ... និង
បន្ទាប់មកខ្ញុំបានជួបលោក គ្រូជាថ្មីនៅនឹងគំនរសម្រាម។
អូមែន! ខ្ញុំចាំបានហើយ!
កាលនោះ គ្រួសារខ្ញុំមកដល់ភ្នំពេញទាំងប្រាំ នាក់ តែ
អកុសល នៅតែខ្ញុំម្នាក់ឯងប៉ុណ្ណោះ។ អ្នក ម៉ែស្លាប់កាល
យើងស្នាក់នៅតំបន់សំបុកចាប។ បងស្រីបាត់ខ្លួនរហូត មិន
ដឹងថាទៅទីណា ប្អូនប្រុសបន្ទាប់ខ្ញុំ ត្រូវហ្វូងមនុស្សសម្លាប់
ដោយគេចោទថា ជាចោរលួចកាច់កញ្ចក់ឡាន ឯប្អូនប្រុស
ពៅស្លាប់ លើគំនរសម្រាម មុនខ្ញុំមកនៅមណ្ឌល។ នេះជារឿង
រ៉ាវ ដែលកើតឡើងចំពោះគ្រួសារខ្ញុំ។
ប្អូនអើយ! មានជីវិត យើងមិនចង់ឲ្យមានការ បែកបាក់ទេ
មនុស្សយើងមានរូបរាង តែវាសនា អនាគតមើលមិនឃើញ។
បរាជ័យទាំងឡាយ ចាត់ ទុកជាមេរៀន សូមប្អូនខំពង្រឹងខ្លួន ឯង
តទៅទៀត ជាមួយនឹងជោគជ័យ ដែលប្អូនកំពុងទទួលបាន។
តែខ្ញុំនៅខ្សោយច្រើន។
ក្នុងក្រសែភ្នែកគ្រូ គ្រូមើលឃើញប្អូនអភិវឌ្ឍន៍លឿន
ណាស់។ នេះលទ្ធផល(លោកគ្រូបង្ហាញក្រដាស ដែល
ជាលទ្ធផលប្រឡងយកអាហារូប ករណ៍ទៅបន្ដការសិក្សា
នៅញូយ៉ក) ប្អូនប្រឡង ប្រជែងយកអាហារូបករណ៍ទៅ
អាមេរិកបាននិទ្ទេស ល្អមែនទែន។ ខ្ញុំសូមសរសើរ ហើយ
អ្នកស្រីអេលីន ម្តាយចិញ្ចឹមរបស់ប្អូន បានអ៊ីម៉ែលមកគណៈ
គ្រប់គ្រងថា អ្នកស្រីពេញចិត្តនឹងបន្តឧបត្ថម្ភកូនធម៌អ្នកស្រី
រហូត ពិសេសពេលកញ្ញាទៅបន្តសិក្សាផ្នែកគ្រប់គ្រង
ពាណិជ្ជកម្មនៅទីនោះ។
លោកគ្រូបានសរសើរខ្ញុំ ដែលមុននេះ ទឹកភ្នែកបានហូរ
កាត់ផ្ទៃមុខខ្ញុំរួចទៅហើយ គឺជាទឹកភ្នែកនៃជោគជ័យ និង
ការព្រាត់ប្រាសដ៏សោកសៅ ដែលកើតមានរយៈ ពេលជាង
១០ឆ្នាំកន្លងមកនេះ។ នៅ ពេលណាដែលខ្ញុំនឹកម៉ែ នឹកបង
និងប្អូនប្រុសទាំង ពីរ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីយំ យំបង្ហូរ
សេចក្តី និរាសចេញពីទ្រូង។
ម៉ែ! ជោគជ័យដែលខ្ញុំបានទាំងអស់ ក៏ព្រោះតែខ្ញុំជាកូន
របស់ម៉ែ កូនចង់ឲ្យម៉ែឃើញ កូនចង់ឲ្យម៉ែសប្បាយចិត្ត...
រាត្រីនេះ ទីក្រុងភ្នំពេញងងឹតដូចរាល់ដងដែរ។
យន្តហោះនាំខ្ញុំចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះ
ទៅក្រុងញូវយ៉ក ដើម្បីបន្ដការសិក្សា។ នៅលើយន្តហោះ ខ្ញុំតាំង
ចិត្តវិលមកមាតុភូមិវិញ ជាមួយចំណេះដឹងដែលខ្ញុំមាន
ចូលរួមកសាងជាតិខ្មែរ ឲ្យរួចផុតពីភាពក្រីក្រ។
ខ្ញុំនៅចាំការព្រាត់ប្រាស និងបំភ្លេចមិនបានសោះ គំនរ
សម្រាមស្ទឹងមានជ័យ ខ្ញុំមិនចង់ឲ្យអ្នកស្រករក្រោយ
រស់នៅ ដោយសារសំណល់ដូចរូបខ្ញុំឡើយ៕
No comments:
Post a Comment