by C write
លើកដៃគងថ្ងាសឲ្យស្រឡះចិត្ត តែបែរជាគិតដល់ជាតិខេមរា
មិនដឹងថានឹងទៅជាយ៉ាងណា? ចិត្តគិតប្រាថ្នាឲ្យជាតិថ្កើងថ្កាន។
គិតហើយគិតទៀតអធ្រាតយន់ជ្រៅ គងថ្ងាសរកផ្លូវត្រូវធ្វើឲ្យបាន
ផ្លាស់ប្ដូរសង្គមរលួយសាមាន រុងរឿងមិនខាននាអនាគត។
គងគិតកេងគិតគិតពីជាតិខ្មែរ រងទុក្ខឥតល្ហែស្ទើរតែរលត់
រលីងស្ទើរផុតគួរឲ្យរន្ធត់ សៀមយួនបំផ្លាញដុតគ្រប់សម័យ។
គិតអើយគិតដល់អនាគតខ្មែរ ដែលធ្លាប់ពូកែហើយមានស្នាដៃ
សាងប្រាសាទអង្គរវត្តល្បាញល្បី សព្វថ្ងៃបានអីទុកជាប្រវត្តិ។
គិតទៅឃើញផ្លូវកសាងជាតិសាសន៍ ឃើញយ៉ាងជាក់ច្បាស់មិនភ្លាំងភ្លាត់
បើអនុវត្តច្បាប់កុំថាតែមាត់ កុំអាងវាយទាត់ចាប់រាស្រ្តដាក់គុក។
បើយករាស្រ្ដជាធំត្រូវស្តាប់តាម ឃើញរាស្រ្ដរហាមត្រូវតែសម្រុក
លើកតម្កើងគ្នាតាមភូមិស្រុក ឈ្មុសឈ្មុលរកសុខឲ្យគេផង៕
No comments:
Post a Comment