by Tararith
ថ្ងៃច័ន្ទថ្មី តែមិនមែនជាថ្ងៃដែលនិស្សិត ទើបបញ្ចប់បរិញ្ញា ត្រូវចូល
ទៅសាកលវិទ្យាល័យវិញឡើយ។ ក្រោយពីផ្លាស់សម្លៀកបំពាក់ជា
និស្សិតចេញ ដាលីនចំណាយពេលយ៉ាងច្រើន សម្លឹងទៅគ្រប់ច្រក
ល្ហកដើម្បីរកការងារធ្វើ។ នាងអានកាសែត ទស្សនាវដ្ដីច្រើនជាងមុន
ទូរស័ព្ទសួរនាំទៅ អតីតមិត្ដរួមថ្នាក់ផង ជាងនេះទៀត នាងចំណាយ
ពេលឆែកវ៉ែបសាយរកការងារ ដើម្បីអាប់ផ្លាយ និងខ្នះខ្នែងរៀបចំស៊ីវី
យ៉ាងសស្រាក់សស្រាំ។ ប្រវត្តិរូបរបស់នាង មានសរសេរជាភាសាកូរ៉េ
ភាសាអង់គ្លេស និងភាសាសៀម តែនាងអាចនិយាយភាសាកូរ៉េបាន
ល្អជាងគេ។
តើនឹងត្រូវរស់ជាមនុស្សដោយរបៀបណា? នេះជាសំណួររបស់លោក
សាស្រ្ដាចារ្យអក្សរសាស្រ្ដ ដែលដាលីននៅចាំ និងទើបតែរម្លឹកឡើង
វិញ ស្របពេលដែលនាងកំពុងរៀបចំខ្លួន ទៅរកទីផ្សារការងារ។ គ្មាន
ចម្លើយចំពោះសំណួរនេះទេ ដាលីនគិតហើយគិតទៀត រកច្រកចេញ ពី
ជីវភាពដ៏ខ្វះខាតនៅក្រុងភ្នំពេញ។
ក្រោមសំយ៉ាបផ្ទះជួល ក្បែរផ្លូវរថភ្លើង នៅក្រោយម្ដុំសាលាតិចណូ ដា
លីន យោលអង្រឹង ភ្នែកសម្លឹងពិនិត្យស៊ីវី ចៀសវាងមានកំហុស ព្រោះ
ត្រូវទៅអាប់ផ្លាយនៅថ្ងៃស្អែក។ កែវភ្នែកខ្មៅដូចនិល សម្លឹងទៅ
ក្រដាសម្ដងមួយសន្លឹកៗ អារម្មណ៍គិតដល់ចម្លើយនានា ដែលពុំទាន់
មានសំណួរនៅឡើយ មាត់នាងច្រៀងរហ៊ឹមតិចៗ ចប់ពីមួយបទចូល
មួយបទទៀតបន្លប់ភាពធុញថប់ “អូនស្រឡាញ់តែបង មួយ...”
តាមស្ដាប់សំឡេងឯងពិតជាច្រៀងបាន ហើយពិរោះទៀតណា ដាលីន!
(មិត្តភក្ដិជាអ្នកនៅក្បែរបន្ទប់ ដែលមានអាជីពជាអ្នកចម្រៀង សរសើរ
បន្ទាប់ពីឮដាលីនច្រៀង)។
ដាលីនភ្ញាក់ព្រឺត រៀងអៀនបន្ដិច នាងមិនទាន់ទាំងឆ្លើយផង អ្នកសួរក៏
បន្ដ “បងឃើញឯងខំរៀនណាស់រាល់ថ្ងៃ។ អ្នកនៅផ្ទះជួលម្ដុំនេះ នរណា
ក៏ សរសើរឯងដែរ ពិសេសមីងម្លិះម្ចាស់ផ្ទះ”។ ដាលីនញញឹមតប ទៅ
អ្នកដែលកំពុងសរសើរនាង។ នាងក្រោកអង្គុយលើអង្រឹងដដែល
ហើយមើលមុខគេដោយញញឹមផង គេជាអ្នកណា គេអ្នកមានវោហា
គួរសម គេក៏សួរទៅនាងជាថ្មី ដោយសំណួរផ្សេងមួយទៀត “ប្រហែល
ប្រឹងទន្ទេញមេរៀនហើយមែនទេ?” ដាលីនតបដោយស្មោះត្រង តាម
ចរឹតអ្និស្សិតខ្វះការពិសោធ “អត់ទេបង ខ្ញុំពិនិត្យប្រវត្តិរូបរកការងារធ្វើ
ហ្នឹងណា អផ្សុកក៏ច្រៀងលេងទៅ”។
ការងារឥឡូវពិបាករកធ្វើណាស់ ដូចបង បងចាប់យកអាជីពជាអ្នក
ចម្រៀង បានប្រាក់ខែល្អជាងប្រាក់ខែការងារផ្សេងៗ បើសង្ឃឹម ប្រាក់
ខែរាជការរបស់ប្ដី ប្រហែលរកតែអំបិលហូប ក៏លំបាកដែរ។ ប្ដីបងធ្វើ
ជាប៉ូលិសផង រត់ម៉ូតូឌុបផង ដូចប្អូនឃើញស្រាប់ បើបងឈឺ មិនបាន
ទៅច្រៀងក្នុងផ្ទះសោះកក្រោះណាស់។ នេះអូនទុកនំញ៉ាំខ្លះទៅ (គេឲ្យ
ភីហ្សាទៅដាលីន)។ ដាលីនទទួល ហើយតប៖ “អរគុណបង។ ខ្ញុំចូល
ចិត្តញ៉ាំភីហ្សាណាស់”។ គេនិយាយ ហើយឆ្លៀតសួរនាំផង “អូនជានារី
ទាន់សម័យ ទើបចូលចិត្តម្ហូបនេះ ក្មេងៗកូនបង ក៏ចូលចិត្តណាស់ដែរ។
និយាយអីចឹង អូនចង់បានការងារបែបណាទៅ?។ ដាលីននៅអឹមអៀន
ព្រោះមិនច្បាស់ពីសមត្ថភាពរបស់ខ្លួន តែគេឆ្លើយ “អីក៏បានដែរ តាម
ដែលខ្ញុំអាចធ្វើបាន។ បើរកការងារតាមជំនាញ ដែលរៀនពីមហាវិទ្យា
ល័យ ប្រហែលជាពិបាករកណាស់”។ អ្នកសួរយល់ចម្លើយ នាងក៏
បន្ថែម “និស្សិតដែលមកស្នាក់នៅផ្ទះនេះ រៀនចប់ច្រើននាក់ហើយ
ម្នាក់ណាក៏រអ៊ូរពីរឿងពិបាករកការងារធ្វើ និងធ្វើការមិនបានតាម
ជំនាញដែរ។ ដូចបង បងជាអ្នកចម្រៀង ឯអ្នករៀននៅភូមិន្ទវិចិត្រ
សិល្បៈខ្លះ រកតែកន្លែង ច្រៀងក៏មិនបានផង។ បងវិញមិនបានចំណាយ
ពេលរៀននៅមហាវិទ្យាល័យឡើយ។ តែបើបានរៀនដូចឯង ក៏ល្អ
ម្យ៉ាង”។ ការដាក់ខ្លួនរបស់អ្នសួរ ធ្វើឲ្យអ្នកឆ្លើយកាន់តែបានចិត្ត ដាលីន
ឆ្លើយទៀត “មាន ការងារទើបអាចរស់បាន មិនអីចឹងបង? តែខ្ញុំមិនដឹង
ថា អាចធ្វើអីបានខ្លះទេ ព្រោះរៀនដូចជាមិនចេះអីសោះ”។ គេចាប់ផ្ដើម
បង្ហើប ពេលដឹងថាគូសន្ទនាជិតដល់ជញ្ជាំង “បើមិនរើសអើងការងារ
ទេ បងនឹងព្យាយាមជួយឯង ឲ្យចូលច្រៀងនៅកន្លែងបង”។ ឮគេបង្ហើប
ដូច្នេះ ដាលីនអេះអុញដូចជាក្នុងបំពង់ក មានអ្វីមួយស្ទះ ធ្វើឲ្យនាង
ពិបាកតបមកគេវិញ មានការទាក់ទើក្នុងចិត្ត ព្រោះមិនដែលគិត មិន
ដែលប្រាថ្នា ថានឹងចាប់មុខរបរជាអ្នកចម្រៀងម្ដងណាឡើយ។ នាងក៏
ឆ្លើយ “ខ្ញុំពិបាកសម្រេចចិត្តណាស់ ព្រោះ...” តែអ្នកសួរគ្មានរារែក ម្ដង
ណាឡើយ គេមានពិសោធណាស់ ក៏ជម្រុលសំណួរបន្ថែមមួយទៀត
“បើឯងអនុញ្ញាត បងនឹងជួយ។ ធ្វើជាអ្នកចម្រៀងមានអីមិនល្អ។ ឯង
កុំបារម្ភ រូបស្អាត ឆ្លាតដូចអូនឯង ហាត់រៀនតែពីរបីថ្ងៃទៅ ពិតជាទៅរួច
ហើយ”។ គេកាន់តែបើកចំហរ ដាលីនកាន់តែមានភាព អល់ឯងក្នុង
ចិត្ត។ នាងតបដោយខ្វះភាពច្បាស់លាស់ដដែល និងមានភាពទោរទន់
ទៅតាមសម្ដីគូសន្ទនា “តែខ្ញុំគ្មានសង្ឃឹមសោះ ថានឹងអាចទៅរួចដូច
បង”។ នារីវ័យម្ភៃឆ្នាំប្លាយ មានរូបឆោមស្រស់ស្អាតឆើតឆាយតាមបែប
សិប្បនិម្មិតតបយ៉ាងរហ័ស៖ “គ្មានបញ្ហាទេ... បើឯងចង់ច្រៀង បងជួយ
បានមែនណា៎!”។ ដាលីនហាក់ភ្លេចខ្លួន នាងតបទៅវិញ “មានបងនៅចាំ
ជួយជ្រោមជ្រែង ខ្ញុំខំប្រឹងប្រែង”។
ពិតហើយ... បងនឹងនាំឯងទៅច្រៀងជាមួយបង នៅឯក្លឹបរាត្រីប្រាំពីរ
ពណ៌ក៏បាន នៅកន្លែងនោះ មានអ្នកមកកម្សាន្ដច្រើនជាតិសាសន៍ ឯង
ចេះភាសាបរទេសអីចឹង ងាយឆាប់បានការងារធ្វើណាស់ ព្រោះហាង
នោះ សម្បូរជនទៅដោយបរទេសចូល ពិសេសជនជាតិកូរ៉េ។ ពីប៉ុន្មាន
ខែមុន បងឮមីងម្ចាស់ផ្ទះថា ឯងដាក់ពាក្យបម្រុងចេញទៅធ្វើជាកម្មករ
នៅកូរ៉េមែនទេ? ឥឡូវយ៉ាងម៉េចហើយ?
គេទារប្រាក់ច្រើនពាន់ដុល្លារពេក ខ្ញុំទៅរកឯណាបាន។ តែបើមានប្រាក់
សូកគេច្រើនដល់ម្លឹង ចាំបាច់ទៅធ្វើជាកម្មករធ្វើអី មិនអីចឹង បង?
ដាលីនអើយ ស្រុកយើងក្រទេ តែធ្វើអីក៏ចាយប្រាក់ដែរ សូម្បីធ្វើអត្ត
សញ្ញាណប័ណ្ណ ពាក្យសុំរៀបការ ធ្វើលិខិតថ្កោលទោសជាដើម ទាល់
តែចាយលុយឲ្យគេទើបបាន។ ចំណែកបង បងនាំឯងចូលធ្វើការនេះ
បងមិនទាមទារអ្វីពីឯងទេ ស្រេចតែទៅលើទឹកចិត្តប្អូនទៅចុះ។
ដាលីននៅទ្រឹងមួយស្របក់ នាងប្រាថ្នាប្រញាប់រលាស់លាងសម្ដី មក
វិញ៖ “បងថាអីចឹង មិនមែនជាការទាមទារសគុណអីពីឯងទេ កុំគិត
ច្រើនណា”។
អត់ទេបង។ តែខ្ញុំបារម្ភពីការងារនេះណាស់ ព្រោះអ្នកចម្រៀងជាច្រើន
ច្រើនតែទទួលការព្យាបាទពីជនមិនស្គាល់មុខ បើមិនអីចឹងទេ ត្រូវ
ទទួលការរិះគន់ ថាជាប្រពន្ធចុងឯកឧត្ដម ជាស្រ្តីកំណាន់របស់ ឧកញ៉ា
ឬអ្នកមានអំណាច ដែលស្ដាប់ទៅ ស្រ្តីខ្មែរយើងខ្លះកើតមក រស់
សម្រាប់តែគេមើលងាយ មើលរំលង ដូចជាពុំមានតម្លៃជាមនុស្ស ក្នុង
សង្គមទាល់តែសោះ។
បងក៏មើលឃើញបញ្ហានេះដែរ តែផ្លូវទៅរកសេរីភាព មិនដឹងនៅឯ
ណា។ ការជិះជាន់គ្នាមានតាំងពីដើមទីម្ល៉េះ ដូចជាក្នុងគ្រួសាររបស់បង
មានតែប្អូនប្រុសពៅម្នាក់ប៉ុណ្ណោះ ដែលបានរៀនដល់មហាវិទ្យាល័យ
យើងជាបង ជាស្រី ត្រូវចេញធ្វើការ រកប្រាក់ទៅផ្គត់ផ្គង់ប្អូន តាមតែការ
ណែនាំរបស់ម៉ែឪ។ ឯប្អូនវិញ មានសំណាងណាស់ ដែលបានរៀនចប់
មហាវិទ្យាល័យ។
តែខ្ញុំជម្នះណាស់បងអើយ។ បើតាមម៉ែ ខ្ញុំមានប្តីដូចគេឯង តាំងពីអាយុ
១៦ឆ្នាំម្ល៉េះ។ អឺ និយាយពីការងារជាអ្នកចម្រៀង ខ្ញុំនៅតែបារម្ភ ដដែល
ព្រោះឃើញគេបាញ់សម្លាប់ ឬជះទឹកអាស៊ីតស្រស់ៗពេក។
ប្អូនអើយ បងក៏បារម្ភដូចប្អូនដែរ តែចេះតែបន់ស្រន់ឲ្យជីវិត ជួបនឹង
សុខរហូតទៅ។ ម្យ៉ាង! យើងខំការពារខ្លួនឯងជាមុនជាការល្អ ព្រោះ
ប៉ូលីសរវល់ណាស់ ម្យ៉ាងយើងជាជនសាមញ្ញ គ្មាននរណាមកអើពើ
នឹងយើងឡើយ។
ខ្ញុំអាណិត ពិសិដ្ឋ ពិលីកា តាត ម៉ារីណា ទូច ស្រីនិច ពៅ បញ្ញា ពេជ្រ
ណាស់ ពួកតារារៀមច្បងទាំងនេះ គ្មានកំហុសទេ តែពួកគេ បែរជារង
គ្រោះ ឯអ្នកប្រព្រឹតរស់នៅដោយមានសេរីភាព គ្មានទោសពៃ នេះក៏
ព្រោះតែគេមានអំណាច មានប្រាក់ មិនអីចឹងឬបង?
ថាអីចឹងក៏ត្រូវដែរ មិនដែលអាណាសម្លាប់គេ ហើយរួចខ្លួនទេ ព្រោះ ភ្នំ
ពេញឥឡូវ សូម្បីចោរកំប៉ិកកំប៉ុកលួចអេតចាយ ក៏ប៉ូលិសចាប់បានដែរ
បើគេចង់ចាប់។ តែនេះប្រហែលជាមនុស្សរបស់គេ គេចាប់មិនកើត។
បានជជែកជាមួយបង មានពន្លឺច្រើនពីដំណើរជីវិត និងការងារ ខ្ញុំសន្យា
ធ្វើឲ្យបានល្អ។
ប្រាថ្នាអរភើត នាងជម្រុញទឹកចិត្តដាលីនបន្ថែម “បងសង្ឃឹមអីចឹង ដែរ
ស្រ្ដីឆ្លាតដូចឯង មានអីត្រូវបរាជ័យ”។
រាត្រីកាលព្រះច័ន្ទរះមិនពេញពន្លឺទេ ពន្លឺភ្លើងអំពូលក្នុងបន្ទប់ ជះព្រាល
ស្រអាប់ ធ្វើឲ្យដាលីន កាន់តែប្រមល់ក្នុងចិត្ត។ នាងឆ្លើយប្រាប់គេកាល
ពីប៉ុន្មានថ្ងៃមុន ថាព្រមមែន ក្នុងចិត្តនាងនៅតែរារែក នឹងចាប់របរជាអ្នក
ចម្រៀងនេះនៅឡើយ ទោះបីនាងបានសន្យាជាមួយប្រាថ្នាហើយក្ដី។
ក្នុងចិត្តនៅតែចង់គិតឲ្យបានច្បាស់ និងឆាប់ ព្រោះប្រាថ្នាចេញចូលជួប
មុខរម្លឹកច្រើនដងដែរហើយ គឺខាងបារ គេកំពុងត្រូវការអ្នកចម្រៀង
ប្រសិនជាគេរើសអ្នកថ្មីបាន នោះគួរឲ្យស្ដាយ។ ដាលីនរម្លឹកខ្លួនឯង
នាងជ្រប់មុខនឹងតុចាស់ ដែលនាងធ្លាប់សរសេរអក្សរអស់សៀវភៅ
រាប់សិបក្បាល កាលរៀននៅមហាវិទ្យាល័យ។ ទឹកមុខនាងដូចនឹង
មនុស្សគ្មានវិញាណ ស្លេកស្លាំង កែវភ្នែកសល្អក់ ដែលនេះជាសក្ខី
ភាព នៃភាពក្រខ្សត់ ខ្វះខាត។ ដាលីន រអ៊ូៗម្នាក់ឯង “ទូរស័ព្ទគ្មានលុយ
ម៉ូតូត្រូវការសាំង ប្រាក់ថ្លៃឈ្នួលបន្ទប់ តែប៉ុន្មានថ្ងៃទៀតក៏ដល់ពេល
ត្រូវបង់ដែរ។ ម្ហូបអាហារញ៉ាំរាល់ពេល អ្វីៗក៏ត្រូវចំណាយដោយ
ប្រាក់កាសដែរ តើនឹងទៅរកប្រាក់ទាំងនេះពីណា? ធ្វើការអីបាន សមត្ថ
ភាពប្រហែលខ្ញុំនេះ? បំណងរៀនយកថ្នាក់អនុបណ្ឌិតរបស់ខ្ញុំ ត្រូវចប់
ត្រឹមនេះឬ?”។ នាងសួរខ្លួនឯង នាងនៅអង្គុយទម្រន់រកចម្លើយ នាង
គូសវាសតាម ចិត្ត។ រាត្រីនេះ ដាលីនរៀបចំខ្លួនដើម្បីធ្វើជាមនុស្សពេញ
លេញ ព្រោះមុននេះ នាងរស់ដោយសារការងារកំប៉ិកកំប៉ុក ដោយសារ
ម្ដាយ ញាតិមិត្តនៅឯស្រុក ជួយជ្រោមជ្រែងប្រាក់កាសខ្លះៗ នាងមិន
បានគិតដល់ការលំបាក នឹងការងាររកប្រាក់កាស ដែលត្រូវប្រយុទ្ធ
ដើម្បីរស់ ក្នុងជីវភាពធូរធារឡើយ។ នាងលាន់មាត់ម្នាក់ឯង “កាលពី
មុន បើខ្ញុំអាចសួរ និងឆ្លើយដោយខ្លួនឯងដូចពេលនេះ ពិតជាគ្មានអ្វី
ដែលដោះស្រាយមិនបាននោះឡើយ”។
ផ្ទៃមេឃប្រែពណ៌ទៅជាខៀវ ទីក្រុងភ្នំពេញ នៅតែខ្វះភាពកក់ក្ដៅ
ដដែល ចំពោះប្រជាជនសាមញ្ញ ចំពោះអ្នកសិក្សា និងបញ្ញាវន្ដ ដែល
គិតគូពីរឿងស្រុកទេស។ តែមនុស្សដែលស្រើបស្រាលនឹងភាពហ៊ឺហា
មានអំនួតបង្អូតបង្ហាញពីបុណ្យស័ក្ក ពីទ្រព្យធន ឬពួកបងធំ ពួកគេ
ចេញប្រសាច ទៅរកការសប្បាយ គេចាយប្រាក់ដូចក្រដាស ព្រោះគេ
រកដុល្លារបានងាយៗពេក។
No comments:
Post a Comment