រាត្រីទីមួយ ដាលីនស្លៀកសម្លៀកបំពាក់សិចស៊ី មានឌិនចាំងផ្លេកៗ
មុខមាត់ផាត់ដោយប្រេងម្សៅ នាងមានអារម្មណ៍ខ្មាសនិស្សិត ដែល
នៅបន្ទប់ជួលជាប់ៗនាងណាស់ ពួកគេ អើតមើលនាងទាំងប្រុស ទាំង
ស្រី។ គេឆ្ងល់។ ចំណែកដាលីនវិញ ម្ដងៗនាងចង់ខ្លាចខ្លួនឯង ដែលតុប
តែងកាយបែបនេះ។ រៀបចំខ្លួនហើយ រង់ចាំគេមកទទួល។ នាងអង្គុយ
ចាំមនុស្ស ដែលនាងមិនស្គាល់ស្ទើរតែលែងចង់។ ចាំយូរដែរ បុរស
ម្នាក់មកដល់ សួរនាំនាង បន្ទាប់មក នាងនាំគេចូលក្នុងបន្ទប់ដើម្បី
និយាយគ្នាជាការគួរសម ព្រោះត្រូវរង់ចាំនាងប្រាថ្នា ម្នាក់ទៀត។ នៅ
ក្នុងបន្ទប់ ដែលមានតាំងសញ្ញាប័ត្រ និងរូបថតអនុស្សាវរីយ៍ កាល
នៅមហាវិទ្យាល័យ ធ្វើឲ្យភ្ញៀវម្នាក់ ដែលទើបតែជួបគ្នា ទាក់ចិត្តសួរនាំ
“ប្រហែលជាខំរៀនណាស់ ទើបមានសញ្ញាប័ត្រច្រើនដល់ម្លឹង។ កញ្ញា
រៀនចប់ផ្នែកអ្វីដែរ?” នាងឆ្លើយនឹង សំណួររបស់គេដោយមិនបានតាំង
ចិត្ត “ចាស! ផ្នែកអក្សរសាស្រ្ត ”។ អ្នកសួរតបទៅនាងវិញ ដូចចាក់នឹង
កាំបិតអីចឹង “សំណាងហើយ ដែលចេះច្រៀងដោយមិនចាំបាច់រៀន”។
បុរសសម្បុរ ស រាងខ្ពស់ស្រឡះ ឡែបខាយបែបចំអកឲ្យម្ចាស់ផ្ទះ។
ពាក្យសម្តីរបស់គេ ធ្វើឲ្យដាលីននារីដែលធ្លាប់គិតថា ខ្លួនឯងទើបតែ
ចាប់ផ្តើមរឹងមាំកាលពីប៉ុន្មានថ្ងៃមុននេះ ចុះខ្សោយថាមពលវិញ។
ដាលីនអត់ធ្មត់ស្គាល់ស្ថានការណ៍ មិនតបនឹងគេវិញឡើយ នាងទុកមុខ
ឲ្យជននេះ ព្រោះគេជាមេការ ជាអ្នកសម្រេចយកនាងទៅច្រៀង ក្នុង
រង្គសាលរបស់គេ ឬមិនយក។ គេជាអ្នកមានអំណាចក្នុង ចំណោមជន
កំសោយៗទាំងឡាយ។ គេមិនអង្គុយតាមការអញ្ជើញ របស់ម្ចាស់ផ្ទះ
គេមិនញ៉ាំទឹក ដែលម្ចាស់ផ្ទះដាក់ទទួល ហើយថែមទាំងមិនដោះស្បែក
ជើង ពេលដើរក្នុងបន្ទប់ដាលីនទៀតផង គេមានចរឹតជំលើយឆ្មើងឆ្មៃ
ណាស់។ “លោកមេការ! អឺ... ដាលីនមាន សំឡេងល្អណាស់ ដូចខ្ញុំ
ជម្រាបលោកពីថ្ងៃមុនអីចឹង សូមលោក អនុញ្ញាតឲ្យនាងបានច្រៀង
សាកល្បងនៅក្លឹបរបស់លោកផង(ប្រាថ្នាដែលទើបតែមកដល់និយាយ
ទាំងត្រហែបត្រហបយកចិត្តគេ)។ “ឬមួយ យកនាងទៅច្រៀងសាក
នៅហាងខារ៉ាអូខេ?” (លោកមេការនិយាយទាំងកំបុតកំបុយទៅប្រាថ្នា
វិញ)។ “កុំអីលោកមេការ ខ្ញុំសុំឲ្យនាងទៅជាមួយខ្ញុំវិញ”(ប្រាថ្នាការពារ
គំនិតរបស់នាង)។
លោកមេការដែលបាំងកែវភ្នែកដោយវ៉ែនតាខ្មៅ ងាកមុខមកដាលីន ជា
ថ្មី រួចនិយាយទាំងសម្ដីសោះកក្រោះ “ក៏បានដែរ បើនាងមាននាងធានា
ទៅហើយ”។ ដាលីនមិនស្ដីអ្វីឡើយ នាងនឹកតូចចិត្តនឹងខ្លួនឯង ដែល
បុរសម្នាក់នេះ ខ្វះការគួរសមចំពោះនាង កែវភ្នែកដ៏មុតរបស់នាង
សម្លឹងចំវ៉ែនតាខ្មៅនៅ ជាប់នឹងភ្នែកគេ។ បុរសម្នាក់នេះដឹង តែគ្មានអ្វី
ដែលត្រូវរវីរវល់ ឬសួរនាំជាមួយនាងទេ ព្រោះតែគេចាត់ទុក នាងថា
គ្មាសារៈសំខាន់ នាងគ្រាន់តែជាស្រ្តីធម្មតាម្នាក់ ដែលត្រូវការការងារពី
គេធ្វើ ត្រូវការប្រាក់ខែពីគេតែប៉ុណ្ណោះ គេមានការងារច្រើនណាស់
ដែលគេត្រូវធ្វើបន្តទៀត។ គេនិយាយទៅប្រាថ្នា ដោយទាំងមិនយកភ្នែក
មើលដាលីនផង “មិនអីទេ នាងអាចទៅសាកសំឡេងបាន បើរៀបចំ
ខ្លួនហើយ ទៅយប់នេះក៏បាន។ ប្រាថ្នា ជួយបង្ហាត់បង្រៀននាងផង ខ្ញុំទៅ
មុនហើយ”។ ដើម្បីយកចិត្ត យកគាប់គួរ ពីចៅហ្វាយប្រាថ្នានិយាយ
ឃាត់គេ ក្នុងពេលដែលគេកំពុង បើកទ្វារបន្ទប់ចេញទៅ “នៅពិសារទឹក
សិនទៅ បងសម្រេច។ ទៅផ្ទះខ្ញុំក៏បានដែរ នៅជិតនេះទេ”។ គេមិនទាំង
ងាក មើលនាងផង គ្រាន់តែតបថា “អរគុណហើយប្រាថ្នា ចាំជួបគ្នា
នៅហាងវិញ យើងមាន រឿងច្រើនត្រូវពិភាក្សាគ្នាទៀត។ តែកុំភ្លេច
មើលជួយបង្ហាត់បង្ហាញក្មេងនេះផង”។ ថាហើយ លោកមេការចេញ
ពីបន្ទប់របស់ដាលីន ដើរចូលឡានធ្វើងើយ។ មុននេះ ដាលីនមិនបាន
និយាយអ្វីទាំងអស់ នាងទុកឲ្យប្រាថ្នា និងលោកមេការជជេកគ្នា ទោះបី
សម្ដីគេ គឺមើលស្រាលនាងខ្លះក្ដី នាងអត់ធ្មត់ គឺមានតែអត់ធ្មត់ប៉ុណ្ណោះ
សម្រាប់អ្នកគ្មានសំឡេង គ្មានធនធាន គ្មានអំណាច។ ឃើញមុខ ដា
លីនមិនសប្បាយចិត្ត ប្រាថ្នាក៏ចូលមកលួងលោមជាថ្មី ព្រោះនាង
បារម្ភក្រែងដាលីនខឹង ប្តូរចិត្ដឈប់ទៅធ្វើជាអ្នកចម្រៀង “លោក
សម្រេចនេះឆេវឆាវបន្ដិច តែចិត្តល្អទេ ប្អូននៅធ្វើការជាមួយ យូរៗទៅ
គង់តែស្គាល់ចិត្ត ហើយចង់បានអ្វីពីគេក៏បានដែរ។ អឺ មេការម្នាក់នេះ
ពូកែចាត់ចែងណាស់ ប្រាក់កាសក៏ច្រើន ខ្នងគេក៏ធំ ដាលីនឯងប្រឹង
ប្រែងធ្វើការងារបន្ដិចទៅ អឺ មានរឿងអីក្ដីខំអត់ធ្មត់ ទុកមុខទុកមាត់ ឲ្យ
បងខ្លះផង”។
ដាលីនមិនទាន់ទាំងចូលប្រឡូកក្នុងសង្គមមែនទែនផង នាងមាន
អារម្មណ៍តានតឹងក្នុងចិត្តពេកណាស់ទៅហើយ ល្ងាចនេះ នាងត្រូវចូល
ច្រៀងសាកល្បងជាលើកទីមួយ នាងបារម្ភខ្លាចធ្វើមិនបានល្អ អាប់មុខ
អាប់មាត់ប្រាថ្នា ដែលជាអ្នកណែនាំ អ្នកចេញមុខធានាអះអាងឲ្យនាង
មានការងារធ្វើ។
ដាលីនចេញពីស្រុកកំណើតយូរដែរហើយ នាងមិនសូវបានទៅលេង
ផ្ទះញឹកញាប់ ដូចនិស្សិតឯទៀតទេ ឪពុកម្ដាយនាងក៏មិនសូវអើពើនឹង
នាងដែរ ពួកគាត់គិតគូចែកទ្រព្យសម្បត្តិដីធ្លីទៅកូនណា ដែលស្ដាប់
បង្គាប់ និងមិនទៅណាឆ្ងាយពីភូមិកំណើតប៉ុណ្ណោះ។ ការរស់នៅទីក្រុង
គឺនាងពឹងលើខ្លួនឯងច្រើន ដើម្បីបានប្រាក់រៀនសូត្រ នាងធ្វើការជាអ្នក
លាងចាន ជាអ្នកលើកភីហ្សា ជាអ្នកបម្រើភ្ញៀវនៅហាងលក់វ៉ែនតា
និងចុងក្រោយជាអ្នកស្ម័គ្រចិត្តនៅកាកបាទក្រហមកម្ពុជា។ នាងខំរើបំរះ
នឹងជីវិតណាស់ ទោះបីក្រុមគ្រួសារនាងមិនសូវអើពើនឹងនាងក្ដី។
ប្រាថ្នានាំដាលីនជិះតុកតុកទៅរង្គសាល។ ប្តីរបស់ប្រាថ្នា នៅចាប់កូន
ស្រីដែលមានអាយុប្រហែលបីឆ្នាំ កុំឲ្យតាមម្តាយគេ។ ដាលីនមិនសូវ
ស្រួលក្នុងចិត្តសោះ តែនាងដាច់ចិត្តសាកល្បង...
សំឡេងភ្លេងញ៉ាក់ខ្លាំងៗ សំឡេងមនុស្សប្រមឹកស្រែកឡូឡា ស្នូរជល់
ទង្គិចកែវនៅឡូក ឡំគ្នានឹងក្លិនស្រា។ ផ្សែងបារីជះចង់ពុលអ្នកដែល
ទើបតែទៅ ហាងនេះថ្មីថ្មោងពិបាកនឹងទ្រាំណាស់។ ដាលីននៅស្ដាប់
អ្នកចម្រៀងមុនៗច្រៀងពីក្រោយឆាក។ នាងហាត់ច្រៀងតាមខ្ចឹបៗ
ដើម្បីឲ្យចាំប៉ារូល ប្រាថ្នាដែលជាអ្នកចាស់ទុំនៅ ក្នុងទីកម្សាននេះស្រាប់
ប្រាប់ទៅដាលីន “ដំបូងអូនមិនបាច់ច្រៀងទេ ឡើងរាំជាមួយគេសិន
ក៏បាន”។
ដាលីន ជិតដល់ពេលនាងបោះចោលមេរៀន នៅមហាវិទ្យាល័យ មែន
ទែនហើយ រាត្រីនេះ នាងប្រឹងទទួលយកមុខរបរមួយ ដែលមនុស្សក្នុង
សង្គមខ្មែរមួយចំនួនបច្ចុប្បន្ន ចំអកឡកឡើយឲ្យ។ នាងមិនដែលឡើង
រាំទេ នាងក៏មិនដែលឡើងច្រៀងដែរ ពិសេសនាង មិនដែលសម្ដែង
បង្ហាញខ្លួនដូច្នេះឡើយ(នាងចំអកឲ្យខ្លួនឯង)។ គិតតែក្នុងចិត្ដសោះ តែ
ខ្លួនប្រាណរញីរញ័រ មិនដឹងថាមកពីអ្វី។ ភ្លើងចម្រុះពណ៌ ធ្វើឲ្យអ្នក
ដែលបម្រុងនឹងចាប់ផ្តើមចេះតែរន្ធត់។ នៅពីក្រោយឆាក មុខនាងឡើង
ស្លេក តែមិនមាននរណាចាប់ភ្លឹកនឹងឥរិយាបទនេះឡើយ។
ក្នុងក្រសែភ្នែកប្រាថ្នា ដាលីនជានារីដែលគួរតែ ជួយទំនុកបម្រុង ជួយ
បង្ហាត់បង្ហាញឲ្យនាងចេះដឹង ឲ្យនាងមានពិសោធ ឲ្យនាងទៅ ជានុយដ៏
ធំ សម្រាប់ស្ទួចយកត្រីធំៗដែរ។ ប្រាថ្នា ឃើញដាលីននៅ អៀនប្រៀន
នាងក៏បន្ធូរបន្ថយខ្លះៗ “បងដឹងថាប្អូននៅមានការខ្មាស អៀនច្រើន បង
ពីដំបូងក៏មិនខុសពីអូនដែរ។ ដាលីន! មិនអីទេ បើអូននៅខ្មាសអៀន ចាំ
បទក្រោយៗទៀតក៏បានដែរ ឬចាំពេលណាអូនហ៊ាន ចាំចូលទៅរាំក៏
មិនអីទេ ចាំបងប្រាប់លោកមេការឲ្យ។
ដាលីនរឹតតែខ្លាចចិត្តនារីម្នាក់នេះ នាងចង់និយាយពន្យល់ហេតុផល ទៅ
ប្រាថ្នា ប្រាថ្នានិយាយកាត់ ដោយសម្ដីកាន់តែផ្អែមល្ហែមថា “អឺ! មិនអី
ទេ កុំខ្លាច កុំបារម្ភអីអូន បងចេះដោះស្រាយជាមួយលោកមេការ
ហើយ”។ ថាហើយ ប្រាថ្នាចុះទៅក្រោមជួបលោកមេការ ដែល កំពុង
តែជល់កែវជាមួយភ្ញៀវ។ ព្រមពេលជាមួយគ្នានោះ អ្នកចម្រៀងម្នាក់
មកជជែកជាមួយដាលីន។ គេសួរ៖ “អូនទើបតែមក ទីនេះមែនទេ?”
ចាស!
មកតាមរយៈនរណា?
ចាស! តាមបងប្រាថ្នា។
គាត់ពូកែណាស់។ អូនច្រៀងនៅបារណាដែរពីមុន?
មិនដែលទេ។
ប្អូនប្រហែលច្រៀងបានពិរោះហើយ ទើបបងប្រាថ្នាជួយទំនុកបម្រុង មែនទេ?
មិនដឹងដែរបង ព្រោះខ្ញុំមិនដែលបានសាកច្រៀងបៀបនេះទាល់ទេ។
ប្អូនទើបតែមកពីខេត្តឬ?
អត់ទេ! តែខ្ញុំទើបតែរៀនចប់ពីមហាវិទ្យល័យ។
ពុទ្ធោ! រៀនដល់មហាវិទ្យាល័យ មកធ្វើការងារដូច្នេះធ្វើអី? តែណ្ហើយ
បើជាចំណូលចិត្តប្អូន ប្អូនខំហាត់រៀនទៅគង់តែច្រៀងពិរោះ មិនខាន។
ទីនេះ មនុស្សមានប្រាក់ច្រើន គេមកស្ដាប់ចម្រៀង គេមករកការ
សប្បាយ។ បងឃើញអូនមិនមានអាកប្បកិរិយាជាអ្នក ចម្រៀងសោះ
ឬក៏ប្រហែលថ្ងៃទីមួយទេដឹងទើបអីចឹង។
គេនិយាយម្ដងសរសើរម្ដងបន្ទាប ដាលីនទ្រាំមិនបានក៏សួរ “ខ្ញុំគួរធ្វើ
យ៉ាងម៉េចទៅបង ដើម្បីបានដូចជាអ្នកចម្រៀងដូចជាបង?
អ្នកចម្រៀងគឺត្រូវតែច្រៀង។
ដាលីនអត់ធ្មត់យយកម្រិតទៀត នាងក៏បង្វែរសំណួរ ដើម្បីទាញគូ
សន្ទនាមករកភាពធម្មតាវិញ ព្រោះនេះជាថ្ងៃទីមួយ នាងមិនចង់មាន
ទំនាស់ជាមួយគេទេ។ នាងក៏ណែនាំខ្លួនឲ្យគេស្គាល់ “ខ្ញុំឈ្មោះដាលីន។
ចុះចំណែកបងវិញ?
ហៅបងថា ថាវរីទៅបានហើយ បងមិនល្បី ច្រៀងក៏មិនពិរោះ។
បងថាវរី មុននេះបងច្រៀងបទបុរីជូឡុងពិរោះណាស់ ខ្ញុំចូលចិត្ត។
អរគុណ! តែបងប្រាប់អូនទៅចុះ បងមិនដែលចង់មកច្រៀងទីនេះទេ
បងក៏មិនដែលចង់ធ្វើជាអ្នកចម្រៀងដែរ។ បានហើយ!ពេល
ក្រោយនិយាយគ្នាឲ្យបានច្រើនជាងនេះ បងដល់វេនច្រៀងទៀត
ហើយ។
ខ្ញុំទៅរាំកំដរបងដែរ។
ដាលីនឡើងរាំជាមួយអ្នកចម្រៀងឯទៀត ពេលថាវរីឡើងច្រៀង។
នាងរាំមិនចំចង្វាក់ទេ អ្នកចម្រៀងឯទៀត ក៏មិនខុសពីនាងដែរ។ អ្នក
ខ្លះសួរដេញដោលនាង ខ្លះសួរពីការពិសោធរបស់នាង។ គ្រប់ សំណួរ
ដែលអ្នកចម្រៀងដូចគ្នាឯងសួរទៅនាង មិនមានសំណួរណាមួយ
ជួយលើកទឹកចិត្តដាលីនសោះ។ ជាងនេះទៀត កាន់តែធ្វើឲ្យនារីម្នាក់
នេះ មានចិត្តក្នក់ប្រកាន់ នាងប្រឹងតាំងចិត្តឲ្យខ្ពស់ឡើង នាងគិតបណ្ដើរ
រាំបណ្ដើរ “មិនខុសទេ ពាក្យដែលគេថាសង្គមមនុស្សជាសង្គមឆ្កែចចក
ទីនេះក្រៅពីបងប្រាថ្នា ពុំមាននរណាអើពើជួយខ្ញុំសោះ ទីនេះ ម្នាក់ៗ
បើកភ្នែកសម្លឹងទៅក្រដាសប្រាក់ដោយខុសទំនង។ គួរឲ្យញញើត
ណាស់ ដែលទីនេះគេបង្កើតឡើងសម្រាប់ឲ្យប្រុសៗមើលងាយស្រីៗ
ហើយថៅកែ គេអង្គុយកើបប្រាក់ ដែលបានដោយសារញើសឈាម
នារីខ្មែរ។ ទីនេះដែរក្រៅពីលុយកាក់ ខ្ញុំមិនអាចរកមុខមាត់ កិត្តិយស
ជាមនុស្សបានពិតមែនឬ?”។
ទើបតែយប់ទីមួយសោះ ដាលីនមានអារម្មណ៍ អស់កម្លាំង នាងត្រូវបាន
ភ្ញៀវហៅឲ្យអង្គុយកំដរ ដូចនារីអ្នកចម្រៀងឯទៀតដែរ។ នាងត្រូវគេ
បង្ខំឲ្យញ៉ាំស្រាបៀរ។ តែប្រាថ្នា ដែលមានពិសោធ ដែលតាំងខ្លួនជាអ្នក
មើលថែនាង បានសុំទោសភ្ញៀវ ហើយអូសដៃដាលីនចេញពីតុ ដែល
នាងមិនស្គាល់។ នាងប្រញាប់អរគុណប្រាថ្នា ដែលបានជួយនាងចេញ
ពីការប្រមាថ របស់ភ្ញៀវ ដែលអួតថាគេជាស្នងការប៉ូលីសខេត្ត។
ប្រាថ្នានិយាយដោយមុខមាំថា “អូនឯងត្រូវចាំ! ពេលក្រោយដើរតាម
បង បើមិនអីចឹងទេ ប្រយ័ត្នគេឆក់ទៅបាត់”។
មានន័យថាម៉េចបង?
សំណួររបស់ដាលីន ធ្វើឲ្យប្រាថ្នាប្រយ័ត្នសម្ដីជាងមុន នាងតបដោយ
ទន់ភ្លន់មកវិញ “បងចង់រម្លឹកឯងឲ្យប្រយ័ត្ន ព្រោះភ្ញៀវដែលយើង
អង្គុយកំដរគេ ជួនកាលមិនមែនជាមនុស្សល្អទេ បងខ្លាចគេធ្វើបាបអូន
ឯង”។ ក្នុងភោជនីយដ្ឋានថ្លៃថ្នូរ មានសុទ្ធតែមន្រ្តីធំ និងអ្នកមានមក
កម្សាន្ដអីចឹង មានមនុស្សមិនល្អលូកលាន់ស្រីៗដែរ?(ដាលីនសួរ)។
ទីណាក៏មានដែរ។ ពួកមន្រ្ដី ក៏មានមន្រ្ដីខូចដែរ។ បងប្រាប់ឯងប៉ុណ្ណឹងចុះ
ហើយឯងត្រូវគិត សង្កេត និងស្វែងយល់ខ្លួនឯងខ្លះផង បើមានរឿងអី
ថ្លោះធ្លោយ កុំបន្ទោសបង...
រាត្រីនេះ លោកមេការចង់ឃើញដាលីនច្រៀង ព្រោះថៅកែធំ មកពី
កូរ៉េទើបតែមកដល់ នាយចង់បង្ហាញទៅលោកថៅកែ នូវសម្រស់ដ៏ផូរ
ផង់របស់ដាលីន។ ដាលីនបានហាត់មួយសប្តាហ៍មកហើយ នាងស៊ាំ
នឹងបរិស្ថានក្នុងរង្គសាលគួរសមដែរ តែមិនទាន់ស៊ាំនឹងបទចម្រៀងទេ។
បទចម្រៀងកូរ៉េ មានចំណងជើងថា ប្ដូរបេះដូង និងបទនឹកសង្សារ ដា
លីនច្រៀងយ៉ាងយកចិត្តទុកដាក់ នាងដាក់ចិត្ត ដាក់អារម្មណ៍ច្រៀងបទ
ទាំងពីរនេះយ៉ាងពិរោះ បទចម្រៀងនេះដែរ បាននាំចិត្តភ្ញៀវ ពិសេស
ភ្ញៀវជនកូរ៉េសរសើរដាលីនមិនដាច់ពីមាត់ “សួស្តី! អ្នកនាងច្រៀង
ចម្រៀងកូរ៉េបានពិរោះ ដូចជនជាតិយើង អីចឹង”។ នាងតបទៅគេវិញ
“អរគុណលោក ដែលបានសរសើរ”។ គេសួរនាងទៀត “នាងនិយាយ
ភាសាកូរ៉េក៏បានល្អទៀត តើនាងរៀនពីណា? នាងឆ្លើយសំណួររបស់
ជនបរទេសទៀត “ចាស!ខ្ញុំរៀននៅ មហាវិទ្យាល័យភាសា បរទេស
នៅភ្នំពេញនេះឯង”។ អ្នកសួរញញឹម គេក្រេបស្រាមួយក្អឹក ហើយ
និយាយទៅនាងជាថ្មី“ខ្ញុំសង្ឃឹមថា នឹងបានស្តាប់ចម្រៀងដ៏ពិរោះរបស់
អ្នកនាងទៀត ពេលក្រោយ។ “ខ្ញុំក៏សង្ឃឹមថាបានជួបលោកទៀតដែរ”។
បន្ទាប់ពីជជែកជាមួយភ្ញៀវ នាងលាគូសន្ទនាឡើងលើឆាកជាថ្មី។
ច្រៀងបណ្ដើរនាងរេភ្នែកមើលទៅតុរបស់ភ្ញៀវបណ្ដើរ ដាលីនឃើញ
ភ្ញៀវកូរ៉េ ដែលជជែកជាមួយនាង ក្រោកចេញទៅ គេលើកដៃបាយ
បាយនាង ដាលីនក៏លើកដៃលាគេវិញដែរ។
រាត្រីទីមួយដែលដាលីនឡើងច្រៀង នាងទទួលបានការគាំទ្រច្រើន
ពីភ្ញៀវ មានភ្ញៀវជាជនជាតិសៀម កូរ៉េ និងចិន បានឲ្យធីបនាងច្រើន
ដែលធ្វើឲ្យអ្នកចម្រៀងផ្សេងទៀតមានចិត្តច្រណែន។ តែចំពោះ
ប្រាថ្នាវិញ នាងជួយត្រេកអរ និងសរសើរដាលីនជានិច្ច ព្រោះដាលីន
មិនធ្វើឲ្យនាងខកចិត្ត ហើយនាងទទួលបានការសរសើ ពីលោកមេការ
មិនដាច់ ថានាងចេះមើលមនុស្ស នាំដាលីនមកច្រៀងនៅក្លិបរបស់គេ
មិនយូរទេ នឹងធ្វើឲ្យក្លឹបរាត្រីមួយនេះកាន់តែល្បី និងមានភ្ញៀវមកកាន់
តែច្រើនមិនខាន។ លោកមេការបង្ហើបប្រាប់ប្រាថ្នាថា “ខ្ញុំនឹងដំឡើង
ឋានៈឲ្យនាង ហើយតំឡើងប្រាក់ខែនាងផងដែរ តែធ្វើម៉េចយកចិត្តទុក
ដាក់នឹងការងារឲ្យមែនទែនណា៎” ប្រាថ្នាប្រញាប់អរគុណលោកមេការ
និងប្ដេជ្ញា សុខចិត្តធ្វើការងារឲ្យអស់ពីចិត្តពីថ្លើម មិនខ្លាចនឿយហត់ ឲ្យ
សមតាមការទុកចិត្តរបស់លោកមេការធំ។
(នៅមានត)
No comments:
Post a Comment