Sunday, May 22, 2011

ស្ងៀម

by Tararith

នៅស្ងៀមមិនចេញស្ដី                 រស់លើដីមិនធ្វើការ
ជាឈើឬនរណា                        ប្រាប់មកថាអ្នកជាអ្វី?
ប្រសិនបើជាមនុស្ស                   រស់ដឹងខុសមានសម្ដី
ឬភ្នែកឥតប្រស្រី                        ទើបធ្វើហីសុខម្នាក់ឯង។
ជាសត្វចតុបាទ                          គេប្រមាថតបខែងរែង
វ័ធជល់ខំទប់ជ្រែង                      បើនឹងលេងដឹងចាញ់ឈ្នះ។
ចុះលោកជាអ្នកធំ                       ដឹកនាំខ្ញុំមិនជម្នះ
ឃើញគេយកដីផ្ទះ                      ទុកឲ្យរាស្រ្តរងវេទនា។
លោកឃើញយើងទឹកភ្នែក           ស្រែកយំយែកទាំងអស់គ្នា
ឃើញជាក់គេផ្ដន្ទា                      មិនធានាជួយដោះស្រាយ។
តំណាងយើងគឺលោក                 រាស្រ្តគគោកចេញប្រញាយ
តតាំងនឹងអន្តរាយ                      យើងខ្វល់ខ្វាយចេញការពារ។
មេដឹកនាំយើងស្ងាត់                    មិនទប់ស្កាត់សាសន៍នានា
គេលុកដេញប្រជា                      លុបអ្វីជារបស់ខ្មែរ។
គេទិញសព្វសម្បត្តិ                    បំផ្លាញបាត់មកហូរហែ
សក្កិធំចូលរួមដែរ                       រាស្រ្តខ្មែរគ្មានថ្ងៃរុងរឿងឡើយ៕

No comments:

Post a Comment