Sunday, September 25, 2011

តុលាការ

by C write

តុលាការខ្មែរ               កាត់ទោសហូរហែ        ឲ្យរាស្រ្តប្រជា
ជនដែលត្រូវការ          ដាក់ពាក្យទាមទារ        ស្រស្ទុះនាំគ្នា
រកយុត្តិធម៌។
តុលាការយើង             លើកញញួរឡើង         សំពងឲ្យខ្ទ័រ
បំបែករឿងក្ដី               ចាស់ថ្មីចេញពណ៌        ជញ្ជីងក៏ញ័រ
កាត់ក្ដីមិនស្មោះ។
សម័យហេងពៅ          តុលាការនៅ               ខ្លបខ្លាចគាត់សោះ
សំអឿនសំណាង         កុំកាងបាញ់បោះ           ចាប់បានទាំងអស់
សិប្បនិម្មិត។
ឯសព្វថ្ងៃវិញ              តុលាការពេញ             ដោយរឿងប្រឌិត
អ្នកមានប្រាក់កាស       អ្នកធំជុំជិត                  តុលាការគិត
ឈ្នះចាញ់ធូរៗ។
អ្នកមានអ្នកធំ              ពេលប្ដឹងគេផ្លុំ              រៀបឫកគិតគូរ
ចាយប្រាក់ដុល្លារ         ដើម្បីបន្ធូរ                   តុលាការស៊ូ
បិទភ្នែកទទួល។
អ្នកក្រអស់ដី               តុលាការហី                 ជាន់ច្បាប់ឲ្យដួល
ស៊ីហើយកាត់ឲ្យ          ចាញ់ឈ្នះយ៉ាងស្រួល   ឬមួយសម្រួល
ស៊ីទាំងសង្ខាង។
ក្រហើយចាញ់ក្ដី          ចាញ់ហើយអស់ដី        ព្រោះគ្មានសំអាង
ខ្វះទាំងប្រាក់កាស        គ្មានស័ក្កអាងយ៉ាង       ទ្រាំទៅនៅម្ខាង
ខឹងនឹងសង្គម។
ខឹងមិនបានអ្វី               ខឹងនឹងចាញ់ក្ដី              មានតែស្រែកយំ
ប្រាប់ទៅទេវតា           ថាគេចាប់ឃុំ               រង់ចាំជំនុំ
ជម្រះជាថ្មី។
ជម្រះច្រើនដង             ជាប់គុកកោងខ្នង          ព្រោះទ្រព្យគឺដី
ដីពីដូនតា                    ត្រូវពួកសេដ្ឋី               បំភាន់ក្រឡៃ
ចាប់ម្ចាស់ដាក់គុក។
តុលាការអើយ            តើថ្ងៃណាឡើយ          ឲ្យខ្មែរបានសុខ
ពេលមានបណ្ដឹង         យកច្បាប់ត្រីមុខ          ល្មមឈប់សម្រុក
ពុករលួយហើយ៕

No comments:

Post a Comment