Wednesday, September 28, 2011

ដល់ពេល

by Tararith


ឃើញច្បាស់នឹងភ្នែកគេយកដី          ឮច្បាស់សម្ដីស្រែកគម្រាម
ទ្រូងឈឺចុកចាប់សាច់ហូរឈាម        អ្នកមានអង្កៀមវាយបង្រ្កាប។
ដឹងជាក់ថាគេរំលោភសិទ្ធិ               ប្រមាថជីវិតឲ្យដុនដាប
បង្ខំបណ្ដេញវាយធ្វើបាប                ទឹកភ្នែកហូរច្រាបក្នុងបឹងកក់។
មិនខ្វល់នឹងទុក្ខសោកប្រជា             ថែមទាំងផ្ដន្ទាច្បាមចាប់ឆក់
ផ្ដាច់ការកកូរសង្គមល្អក់                     បោកបក់កញ្ឆក់យកតាមចិត្ត។
អ្នកដឹកនាំគួរជាទីពឹង                   បែរធ្វើមិនដឹងមិនអាណិត
តាមគាបសង្កត់រឹតរួតត្បិត               ហើយថែមប្រឌិតទោសជោរជន់
គេចោទថែមថាពួកប្រឆាំង              ប្រឆាំងនឹងរដ្ឋជាប់ទារុណ
ការពារដីខ្លួនទោសមានធ្ងន់           អាសូរពេកពន់ខ្មែរស្លូតត្រង់។
បើទុកឲ្យពេលវេលានេះ                 រំលោភជាន់ជិះអស់ត្រចង់
សេរីភាពពិតនឹងបាត់បង់                សុខដុមផូរផង់រលាយដែរ។
ទឹកដីដែនខ្មែរ ខ្មែរជាម្ចាស់              រាល់ថ្ងៃឃើញច្បាស់ទុក្ខហូហែ
អ្នកមានចិនយួនឧកញ៉ាដែរ             គេចកែគាំទ្រពុករលួយ ។
ដល់ពេលខ្មែររួមកម្លាំងគ្នា               តតាំងពុះពាររួមជ្រោងជួយ
គ្រប់ទីកន្លែងប្រើសិទ្ធិស្ទួយ              រដ្ឋពុករលួយប្ដូរមុខមាត់៕

No comments:

Post a Comment