ក្រុមចោរលួចជាតិដ៏ក្លាហាន លួចមិនទុកដានឲ្យគេដឹង
ចោរនេះហ៊ានធ្វើរឿងធំម្លឹង ភ្នែករាស្រ្តសម្លឹងមើលព្រោងព្រាត។
លួចជាតិតាមចិត្តឥតគិតសោះ ប្រមូលទាំងអស់ធនធម្មជាតិ
ក្នុងទឹកក្រោមដីទ្រព្យផ្សេងទៀត ស៊ីហើយថែមឆ្លៀតហៅចោរផ្សេង។
ពួកចោរក្រៅស្រុកសម្រុកចូល ជញ្ជាត់ប្រមូលឆ្គួតវង្វេង
ទ្រព្យខ្មែរហូហៀរងាយប្រជែង មិនដែលលើកលែងឲ្យរួចខ្លួន។
សូម្បីដីផ្ទះមានមនុស្សនៅ ព្រួតរឹបយកទៅលក់ផ្ទួនៗ
ពាក្យអភិវឌ្ឍន៍ថ្លែងហំហួន តែជួនអីម្ល៉េះផ្ទះអ្នកក្រ។
ពួកចោរលួចជាតិមានអំណាច ឫកពារកោងកាចស្ដីមិនល្អ
ដូចចិត្តខាងក្នុងមិនស្មោះស លួចជាតិឈូរឆជាប្រព័ន្ធ។
អាណិតអ្នកក្រត្រដរស់ ឃ្លានស្ទើរដាច់ពោះលួចទាមាន់
គេចាប់ដាក់គុកជាបន្ទាន់ ឯពួកជិះជាន់គេគាំពារ។
ពួកនេះទទួលងារស័ក្កយស ឧត្តមខ្ពង់ខ្ពស់មហិមា
ឯបញ្ញាវន្ដខ្មែរដូចគ្នា ពួកចោរផ្ដន្ទារត់ចោលស្រុក។
ពួកចោរលួចជាតិឆ្លៀតប្រមូល ពង្រឹងត្រកូលរកទីសុខ
ឲ្យខ្មែរក្រក្រីរស់ចាប់ចុក ពួកចោរតត្រុកលក់ជាតិខ្មែរ៕
No comments:
Post a Comment