By Tararith
គើមៗអង្វរទៅមនុស្សមន្នា ជាខ្មែរដូចគ្នាសុំលោកជួយ
ជួយផងជីវិតជួបទុក្ខព្រួយ សុំរស់ជាមួយទានសប្បុរស។
ពិការអស់ភ្នែកនឹងដៃពីរ អង្វរវក់វីចិត្តក្រៀមក្រោះ
សុំដើម្បីរស់តែប៉ុណ្ណោះ សុំត្រឹមរបស់ចំអែតកាយ។
អាឌិតទាហានកាលពីមុន លះបង់រែកពុនលុះអន្តរាយ
ច្បាំងដើម្បីជាតិស្លាប់មិនស្ដាយ ឥឡូវឃ្លាតឆ្ងាយពីសង្គម។
ស្មូមអើយគេឲ្យក្រដាសប្រាក់ ដៃជាប់ច្រវ៉ាក់ឬជាប់ឃុំ
ពិការទាំងពីរទានតូចធំ គ្មានដៃចាប់នំនែកទាំងអស់។
មានអំណោយហើយយកមិនបាន អត់ដៃរំខានម្ចាស់របស់
រំខានចិត្តគេសោកស្រណោះ ម្ចាស់ទានខ្លះបោះឲ្យរសាត់។
អំណោយរសាត់ទៅតាមខ្យល់ គេឲ្យមិនដល់ខ្យល់ផាយផាត់
សែនស្ដាយទឹកចិត្តគេស្ងាត់ៗ ទ្រាំរស់កប់បាត់ទុក្ខទារុណ៕
No comments:
Post a Comment