Saturday, January 14, 2012

មៀម

By Tararith

ព្រះចន្ទក្រឡង់រស្មីថ្លា                        ឯព្រៃព្រឹក្សាឆេះសន្ធៅ
ហ្វូងសត្វម្នីម្នារត់ចេញទៅ                   រកផ្លូវរស់នៅទាំងគ្រាំគ្រា។
រាត្រីស្ងាត់លើកំពូលភ្នំ                        សត្វមៀមមួយយំប្រាប់ចន្រ្ទា
ថាឪព្រះអើយម្ដេចវេទនា                    ឯកាកំព្រាអីម្ល៉េះណា។
ពីមុនមានប្រាង្គប្រាសាទថ្ម                  កំពូលជ្រោងល្អគួរចេតនា
ជាលំនៅឋានលាក់អាត្មា                   ការពារកាយាពីសត្រូវ។
ប្រាសាទល្អស្អាតរាប់រយឆ្នាំ                ជួបសុខប្រចាំគ្រប់រដូវ
ដំរីខ្ទីងក្តាន់ច្រើនពេកកូវ                      រស់តាមដងផ្លូវព្រៃព្រឹក្សា។
ក្ដីសុខរបស់ពពួកសត្វ                        កណ្ដាលព្រៃស្ងាត់ជុំសាវតា
ព្រលឹមព្រលប់ដោយអាត្មា                 ចរចេញយាត្រាដោយសុខសាន្ដ។
ចំណែកខ្ញុំម្ចាស់ក៏ដូចគ្នា                     ក្ដីសុខហូហៀដូចសួគ៌ឋាន
មិនដែលសត្វណាមករំខាន                ជីវិតថ្កើងថ្កានខ្ញុំចងចាំ។
សូម្បីភ្លៀងផ្គរខ្យល់អាកាស                ផ្ដល់សុខុមណាស់តាមចំណាំ
ពីតូចដល់ធំរស់រាប់ឆ្នាំ                        អកុសលកម្មកើតមានម្ដង។
ក៏ព្រោះតែមនុស្សឈ្លោះដណ្ដើម          ប្រាសាទស្អាតឆ្នើមពេកកន្លង
បាញ់បាក់ទាំងថ្មប្រាសាទផង              សត្វច្រើនរត់ឆ្លងរកទីជ្រក។
សត្វខ្លះក៏ស្លាប់ក្នុងសង្រ្គាម                 ជម្លោះដែលសៀមខំច្បាំងយក
ប្រាង្គព្រះវិហារដែនជម្រក                   សត្វព្រៃគគោកឥតគណនា។
ព្រះចន្ទ្រាអើយឮសូរទេ                      ពួកគេប្រយុទ្ធគ្មានរួញរា
ទាំងសត្វទាំងមនុស្សស្លាប់ដូចគ្នា         ថែមទាំងផ្ដន្ទាអង្គសិលា។
គ្រាប់កាំភ្លើងធំជ្រុំមិនឈប់                  ទាហានប្រឹងទប់ប្ដូរសង្ខារ
សត្វភ័យហើរហោះបង់វាសនា            ខ្លះបាត់អាត្មានិរាស្រ្តទៅ។
កូនសត្វតូចៗក្នុងសំបុក                     ប្រឹងវារសម្រុករត់រកផ្លូវ
បាត់ភាពកក់ក្តៅពីលំនៅ                    ខ្លះត្រូវរងគ្រាប់ស្លាប់ភ្លាមៗ។
ដួងចន្រ្ទាអើយបើឮហើយ                   សូមកុំកន្តើយចូលជួយភ្លាម
បញ្ឈប់ឆាប់ទៅភ្លើងសង្រ្គាម               កុំឲ្យហូរឈាមមនុស្សសត្វទៀត៕



No comments:

Post a Comment