ទ្រព្យធនដែលមាន មានគេទន្រ្ទាន ឈ្លានពានរឹបយក
ដីព្រៃនិងប្រេង កិបកេងសៀតសូក យកអស់គគោក
សម្បត្ដិបស់ខ្មែរ។
ដីសម្បទាន រកហេតុផលគ្មាន រុករានហូរហែ
លេសអភិវឌ្ឍន៍ ប្រវត្តិលេបខ្មែរ ល្បួងលួងបំបែរ
បំបែកយកដី។
ថាយកដីដាំ កាប់គាស់ប្រចាំ ដាំជនជាតិថ្មី
មិនមែនជាខ្មែរ ធ្លាប់ថែបុរី ជាតិគេប្រុសស្រី
ក្រឡៃយ៉ាងច្បាស់។
ព្រៃធ្លាប់មនោរម្យ ត្រជាក់ត្រជុំ រំលំអស់ខ្លះ
រណាអារកាប់ ច្បាប់ប្រែក្រឡាស់ ព្រៃរិចស្រឡះ
សត្វខ្វះជម្រក។
ទាំងមនុស្សទាំងសត្វ ជួបតែវិបត្តិ ប្រយ័ត្នគេយក
យកអស់ហើយឈើ ល្ងីល្ងឺថ្ងាសពក ដីបាត់គគោក
បូកដកមិនចេញ។
ប្រេងជិតមកដល់ ប្រជែងយកផល កលយកចំណេញ
ប្រេងរបស់ខ្មែរ ពូកែដូរដេញ បញ្ចូលបញ្ចេញ
ក្រនៅតែក្រ។
ប្រេងសម្បត្តិជាតិ ឈ្មួញជួញព្រោងព្រាត ឆ្លៀតថាឲ្យល្អ
ថាពេលបានផល ដល់កសិករ ចាំទាំងត្រដរ
ឈូរឆអត់ឃ្លាន។
រង់ចាំគេចែក គ្មានសោះចំណែក មានតែឈ្លានពាន
រំលោភយកដី កាប់ព្រៃដែលមាន រឹបអស់ធនធាន
ទន្រ្ទានកំទេច។
ដីព្រៃនិងប្រេង ម្ចាស់រស់វង្វេង កាប់បូបពន្លិច
ព្រោះតែលោភលន់ ពេកពន់ក៏ក្ដិច ទ្រព្យធនរិលរិច
ភ្លេចកសាងជាតិ៕
No comments:
Post a Comment