By Tararith
ចំការអំពៅ រីកធំៗទៅ នៅក្បែរភូមិដ្ឋាន
ដុះរាលរាតត្បាត សង្វាតរុញច្រាន មិនយូរប៉ុន្មាន
រំខានខេមរា។
ដីភូមិដីព្រៃ លានហិតាផ្ទៃ គៃរានកាប់ឆ្ការ
ប្រមាថម្ចាស់ទ្រព្យ ខ្នោះជាប់ហត្ថា ឡើងតុលាការ
គ្មានវាចារថ្លែង។
ឱដីបាតផ្ទះ អំពៅដុះពាស ឃើញហើយចម្បែង
រើភូមិរុះព្រៃ ពិន័យជាតិឯង រស់ដាច់សង្វែង
ថ្លែងប្រាប់អ្នកណា។
ធ្លាប់ពោលឲ្យស្ដាប់ រិតត្អូញរិតចាប់ ប្រាប់អស់ភាសា
សរសើរលន់តួ មិនគួរចេតនា ដាច់អហង្កា
កាប់ឆ្កាលុយលុក។
ដុតផ្ទះសម្បែង ឲ្យម្ចាស់ចម្បែង ស្ដែងឃើញនឹងមុខ
ទឹកភ្នែកហូរស្រក់ ភ្លើងឆក់ឲ្យទុក្ខ អំពៅដុះលុក
បាតផ្ទះអ្នកក្រ៕
No comments:
Post a Comment