នៅតាមវាលស្រែក្បែរភូមិដ្ឋាន ស្មៅដុះលុបដានទារុណកម្ម
តែការចងចាំនៅតែចាំ ចាំគ្រប់ទណ្ឌកម្មចិត្តរំជួល។
គល់អើយគល់ត្នោតដោតជាប់ដី ឯដើមចាស់ថ្មីរលំដួល
លើដីដែលដុះសែនក្ដុកក្ដួល អ្នកកាប់ផ្តោតផ្ដួលរំលើងឫស។
ឯព្រះវិហារគ្មានសោះសង្ឃ ព្រះធម៌ផូរផង់ទៅជាពិស
ខោអាវពណ៌ខ្មៅបានចាក់គ្រឹះ ផ្លាស់ប្ដូរគ្រប់ទិសកម្ពុជា។
ឆ្អឹងរបស់ខ្មែរនៅរាយប៉ាយ ជួបនឹងអន្តរាយគ្រប់វេលា
ពេជ្ឈឃាតគឺជាតិខ្មែរដូចគ្នា ចិត្តកាយរងាកសាងបក្ស។
ថ្នាក់លើថ្នាក់ក្រោមចោមផ្តន្ទា ពិតជាសត្រូវយ៉ាងប្រត្យក្ស
អ្នកទោសពិតមានរឿងប្រលាក់ យុត្តិធម៌ស្លាក់ស្លាប់រាប់លាន។
ឆ្អឹងនៅតែឆ្អឹងព្រលឹងបាត់ តាមខ្យល់ស្ងាត់ៗផុតសង្វៀន
លុះលង់សព្វថ្ងៃអ្នកបំពាន បន្ដឈ្លានពានគ្មានលោះថ្ងៃ។
No comments:
Post a Comment