By Tararith
បើប្រៀបសម័យខ្មែរក្រហម សល់តែក្រញ៉មសង្គមជាតិ
គ្មានសាលារៀនស្ពានផ្លូវទៀត ព្រាត់ប្រាសផៅញាតិហួសនឹងថ្លែង។
ឥឡូវអ្វីៗត្រូវសង់សាង កសាងគ្រប់យ៉ាងឃើញជាក់ស្ដែង
ទូរទស្សន៍វិទ្យុគ្រប់កន្លែង ភ្លើងផ្លូវខ្វាត់ខ្វែងសាងមិនឈប់។
មានមន្ទីរពេទ្យជួយសង្រ្គោះ ព្យាបាលឲ្យរស់ទោះថ្ងៃយប់
ប្រជាធ្វើស្រែទឹកទំនប់ បឹងបួរខ្លះលុបសង់អគារ។
ខ្មែរអភិវឌ្ឍន៍គ្រប់វិស័យ នេះជាស្នាដៃអ្នកការពារ
មិនយកប្រជាមកផ្ដន្ទា គ្រប់កាលវេលាជួយឲ្យរស់។
គ្មានខ្មែរណាម្នាក់ស្លាប់នឹងអត់ ក្រខ្សត់កម្សត់ដោយដាច់ពោះ
គ្មានទ្រនំជ្រកមិនសង្រ្គោះ ច្រៀងឲ្យពីរោះដូចបក្សី។
បឹងកក់និងបុរីកីឡា រាប់ឆ្នាំតវ៉ាសុំសេរី
សុំដីលំនៅដ្ឋានសង់ថ្មី ត្រូវពួកមន្រ្តីដាក់ទោសថែម៕
No comments:
Post a Comment