កើតជាភ្នំគុម្ពកម្ម យំប្រចាំអាណិតខ្លួន
មនុស្សគាស់កាយផ្ទួនៗ ជាតិចិនយួនអង្រួនរាន។
កើតជាភ្នំធំតូច កាយប្រែខូចគេទន្រ្ទាន
ម្ចាស់ភ្នំក្រទ្រព្យគ្មាន ជាតិផ្សេងហ៊ានចូលលុយលុក។
កើតជាភ្នំងំបញ្ហា អ្នករក្សាអស់ទំនុក
គេបំផ្លាញនឹងមុខ ទុក្ខអើយទុក្ខពេញអង្គប្រាណ។
កើតជាភ្នំជុំព្រៃ ជាតិដទៃតាមរំខាន
កាប់លក់ធ្វើមានបាន ម្ចាស់ភូមិដ្ឋានបានត្រឹមក្រ។
កើតជាភ្នំយំណាស់ ព្រោះម្ចាស់ខ្លះមិនស្មោះស
ស្បថកាត់សូម្បីក រួចត្រដរលេបសម្ដី។
ប្រឹងលេបទាំងអាម៉ាស់ មោទនណាស់អស់ព្រឹក្សព្រៃ
កាយភ្នំកាត់ទឹកដី ឥតប្រណីឲ្យបរទេស៕
No comments:
Post a Comment