Saturday, August 4, 2018

ប្រេងអណ្ដែត

by Tararith

ពួកអ្នកស្មោះត្រង់         មិនដែលបោះបង់       ចិត្តភក្តីភាព
តែងតែបង្ហាញ             គំនិតរបៀប              ដើម្បីយកប្រៀប
កសាងសង្គម។
បញ្ចេញគំនិត              និយាយការពិត          ពីពួកនិគម
ជាតិគេដទៃ                 កាន់កាប់ភូមិឃុំ          រៀបរាប់ហើយយំ
អាណិតដល់ជាតិ។
គំនិតរិះគន់                  មិនដែលទោរទន់        ស្ដាប់ឮចង្អៀត
តែតាមការពិត             គិតរឿងខ្លះទៀត         បញ្ចេញអស់ស្នៀត
ជួយជាតិខេមរា។
អ្នកយកគួរគាប់           ទាក់ទងយើងជាប់       ក៏តាំងនាំសារ
នាំជាតិនិយម              ឲ្យចូលទ្រុងខ្លា           ហើយវាប្រហារ
បំបាក់ស្មារតី។
ខ្មែរស្នេហាជាតិ            ខ្មែរខ្លះភ្លាត់ស្នៀត       ជួបមិត្តអប្រីយ
ឈ្មួញនយោបាយ        កំចាយរាល់ថ្ងៃ           ឲ្យខ្មែរភិតភ័យ
លែងទុកចិត្តគ្នា៕

No comments:

Post a Comment